អានតួអត្ថបទ
កម្ពុជា-សង្គម

ព្រែកជីកហ្វូណន៖ លោកហ៊ុន សែនថា គ្មានការចរចាជាមួយវៀតណាម ឬប្រទេសណាដាច់ខាត

នៅល្ងាចថ្ងៃទី២៦ មេសា ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានបញ្ជាក់ច្បាស់ៗរឿងគម្រោងព្រែកជីកហ្វូណនថា កម្ពុជានឹងមិនចរចាជាមួយវៀតណាម ឬប្រទេសជាសមាជិកនៃគណៈកម្មាការទន្លេមេគង្គ។ បើតាមលោក ហ៊ុន សែន កម្ពុជាត្រូវតែធ្វើគម្រោងព្រែកជីកនេះឲ្យបានជាដាច់ខាត ដោយគ្មានការរាថយឡើយ។ ការថ្លែងសារបញ្ជាក់របស់លោក ហ៊ុន សែន ធ្វើឡើង ក្រោយពេលដែលវៀតណាមតែងតែចេញមកប្រតិកម្មប្រឆាំងនឹងគម្រោងព្រែកជីករបស់កម្ពុជាថា វានឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច បរិស្ថាន និងសន្តិសុខក្នុងតំបន់។ 

លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាអញ្ចើញពិសារអាហារសាមគ្គីជាមួយសមាគមឧកញ៉ាកម្ពុជាកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាអញ្ចើញពិសារអាហារសាមគ្គីជាមួយសមាគមឧកញ៉ាកម្ពុជាកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ © SHS
ផ្សាយពាណិជ្ជកម្ម

នៅក្នុងក្នុងពិធីជួបជុំសមាគមឧកញ៉ាកម្ពុជា លោក ហ៊ុន សែនដែលទើបចូលកាន់តំណែងជាប្រធានថ្មីនៃព្រឹទ្ធសភាកម្ពុជា ហាក់ផ្តើមហ៊ាននិយាយចំខ្លាំងៗពីវៀតណាម ជុំវិញរឿងគម្រោងព្រែកជីកហ្វូណន។ បើតាមលោក ហ៊ុន សែន នឹងគ្មានការចរចាអ្វីទាំងអស់ជុំវិញគម្រោងព្រែកជីកហ្វូណនរបស់កម្ពុជា និងថា  គម្រោងនេះនឹងត្រូវអភិវឌ្ឍឱ្យលេចចេញជារូបរាង ជាដាច់ខាត។ យោងតាមលោក ហ៊ុន សែន កម្ពុជាបានជូនដំណឹងទៅកាន់គណៈកម្មាការទន្លេមេគង្គ(MRC) នៅមុនពេលដែលកម្ពុជាបានចាប់ផ្តើមសិក្សាគម្រោងព្រែកជីកនេះមកម្ល៉េះ ដោយមានការពិនិត្យវាយតម្លៃត្រឹមត្រូវពីផលប៉ះពាល់នានា។ 

អតីតនាយករដ្ឋមន្ត្រីចាស់វស្សាកម្ពុជារូបនេះបានបន្តអះអាងថា គម្រោងព្រែកជីកហ្វូណនរបស់កម្ពុជានេះទៀតសោត មិនបានប្រើប្រាស់ទឹកទន្លេមេគង្គទាំងមូលឡើយ។ ផ្ទុយទៅវិញ កម្ពុជាប្រើប្រាស់ត្រឹមតែដៃនៃដៃទន្លេមេគង្គប៉ុណ្ណោះ។ ត្រង់ចំណុចនេះ លោក ហ៊ុន សែនបានលើកយកកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥មកបកស្រាយថា រាល់ការអភិវឌ្ឍន៍គម្រោងសាងសង់អ្វីមួយដែលប្រើប្រាស់ត្រឹមដៃទន្លេមេគង្គ គឺប្រទេសជាសមាជិកហត្ថលេក្ខី ពុំចាំបាច់ស្វែងរកការពិគ្រោះយោបល់ ឬការយល់ព្រមពីប្រទេសជាសមាជិកណាមួយផ្សេងទៀតឡើយ។ 

ជាការថ្លែងដ៏កម្រមិនធ្លាប់មាន ប្រធានព្រឹទ្ធសភាកម្ពុជារូបនេះប្រាប់វៀតណាមថា កម្ពុជាមិនល្ងង់ជាងវៀតណាមទេ។ ដោយអភិវឌ្ឍន៍គម្រោងព្រែកជីកហ្វូណននេះ លោក ហ៊ុន សែនបញ្ជាក់ថា កម្ពុជានឹងចំណេញផលប្រយោជន៍សេដ្ឋកិច្ចបានច្រើនជាងមុន រួមទាំងការកាត់បន្ថយការបង់ពន្ធទៅវៀតណាមតាមរយៈការដឹកជញ្ចូនតាមផ្លូវទឹក។ សម្រាប់លោក ហ៊ុន សែន កម្ពុជាមិនអាចពឹងដង្ហើមដករបស់ប្រទេសជិតខាង បានជារៀងរហូតឡើយ ព្រោះកាលណាពឹងដង្ហើមគេដក ច្បាស់ណាស់កម្ពុជានឹងចាញ់ប្រៀបគេជាមិនខាន។ 

ការចេញមកប្រតិកម្មជាលក្ខណៈចំហបែបនេះរបស់លោកហ៊ុន សែន គឺធ្វើឡើងបន្ទាប់ពីលោកសង្កេតឃើញថា មេដឹកនាំវៀតណាមមិនព្រមប្រាប់ទៅថ្នាក់ក្រោមខ្លួនដែលប្រតិកម្មច្រើនប្រឆាំងនឹងការអភិវឌ្ឍន៍គម្រោងព្រែកជីកហ្វូណនរបស់កម្ពុជា។ 

លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវចាត់ទុកការលើកឡើងរបស់លោក ហ៊ុន សែនចំពោះវៀតណាមនាពេលនេះអាចស្តែងឱ្យឃើញថា កម្ពុជាមិនស្ថិតក្រោមការគ្រប់គ្រង ឬស្តាប់តាមការបង្គាប់បញ្ជាពីប្រទេសណាមួយឡើយ។ លោក សេក សុជាតិយល់ថា ការរក្សាជំហរជារដ្ឋអធិបតេយ្យ នឹងធ្វើឱ្យកម្ពុជាមានភាពម្ចាស់ការ និងអាចធ្វើអ្វីមួយដែលជាផលប្រយោជន៍របស់ជាតិ ដោយគ្មានការរារាំងឬជ្រៀតជ្រែកពីខាងក្រៅ។ អ្នកជំនាញផ្នែកសង្គមរូបនេះចង់ឃើញថ្នាក់ដឹកនាំកម្ពុជាមានភាពម៉ឺងម៉ាត់ និងម៉ត់ចត់ចំពោះការសម្រេចចិត្តនានា។  

សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនដែលត្រៀមបើកការដ្ឋានសាងសង់នាចុងឆ្នាំ២០២៤នេះគឺមានប្រវែងសរុប១៨០គីឡូម៉ែត្រ និងឆ្លងកាត់ខេត្តចំនួន០៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ព្រែកជីកនេះត្រូវការថវិកាសាងសង់សរុប១៧០០លានដុល្លារអាមេរិកដែលជាកម្ចីពីបរទេស។ ផ្លូវទឹកនេះ មានទទឹងមុខកាត់ផ្នែកខាងលើ ប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោម ប្រមាណ៨០ម៉ែត្រ និងមានជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ ( ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ ) មានគន្លងនាវាចរណ៍ ចំនួន២គន្លង អាចចេញ-ចូល និងចៀសគ្នាបានដោយសុវត្ថិភាព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ