អានតួអត្ថបទ

លោក សម រង្ស៊ីថា ធ្លាប់មានអ្នកជំនួញសន្យាឲ្យលុយ២០លានដុល្លា ជាថ្នូរនឹងការឈប់ធ្វើនយោបាយ

លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិបានលើកឡើង នៅថ្ងៃទី២៦ មេសា ថា ធ្លាប់មានអ្នកជំនួញម្នាក់ឱ្យលុយលោក ២០លានដុល្លា និងថា លោក ហ៊ុន សែន ធ្លាប់ឱ្យលោក កាន់តំណែងជាឧបនាយករដ្ឋមន្ដ្រី បើលោកចុះចូលជាមួយរដ្ឋាភិបាល។ តែអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានប្រាប់វិទ្យុបារាំងអន្ដរជាតិថា ភាសាអ្នកនយោបាយរូបនេះ គ្មានអ្នកសា្ដប់ទៀតទេ ព្រោះគ្មានអ្វីក្រៅពីបំផ្លាញកិត្តិយសអ្នកដទៃ និងប្រឆាំងគ្រប់រឿង។

លោក សម រង្ស៊ីថា ធ្លាប់មានអ្នកជំនួញសន្យាឲ្យលុយ២០លានដុល្លា ជាថ្នូរនឹងការឈប់ធ្វើនយោបាយ
លោក សម រង្ស៊ីថា ធ្លាប់មានអ្នកជំនួញសន្យាឲ្យលុយ២០លានដុល្លា ជាថ្នូរនឹងការឈប់ធ្វើនយោបាយ © សហការី
ផ្សាយពាណិជ្ជកម្ម

បទសម្ភាសជាមួយវិទ្យុអាស៊ីសេរី នៅថ្ងៃទី២៦ ខែមេសា អ្នកនយោបាយចាស់វស្សា លោក សម រង្ស៊ី និងជាប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ បាននិយាយថា ធ្លាប់អ្នកជំនួញម្នាក់សន្យាឱ្យលុយលោកចំនួន ២០លានដុល្លា ជាថ្នូរនឹងការឈប់ធ្វើនយោបាយតទៅទៀត។

អ្នកនយោបាយដែលលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា ចាត់ទុកជាជនក្បត់ជាតិ៣ជំនាន់ មិនភ្លេចបញ្ជាក់ទេថា លោក ហ៊ុន សែន ក៏ធ្លាប់បានសួរនាំលោកពីអ្វីដែលលោកចង់បាន និងអាចឱ្យលោកកាន់តំណែងជាឧបនាយករដ្ឋមន្ដ្រី បើសិនជាលោកចុះចូលក្នុងរដ្ឋាភិបាល។

ប្រតិកម្មនឹងការលើកឡើងរបស់ប្រធាន អតីតគណបក្សសង្រ្គោះជាតិ ប្រធានក្រុមអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានប្រាប់វិទ្យុបារាំងអន្ដរជាតិ RFI នៅថ្ងៃទី២៧ ខែមេសានេះថា ភាសារបស់អ្នកនយោបាយរូបនេះ គ្មានអ្នកសា្ដប់ទៀតទេ។ គ្មានអ្នកសា្ដប់ព្រោះ អត្តសញ្ញាណរបស់លោក សម រង្ស៊ី គ្មានអ្វីក្រៅពីបំផ្លិចបំផ្លាញកិត្តិយសអ្នកដទៃ តាមរយៈការនិយាយព័ត៌មានមិនពិត លាបពណ៌ មួលបង្កាច់ និងប្រឆាំងគ្រប់រឿងសូម្បីតែប្រយោជន៍ជាតិ។ នេះបើតាមការបញ្ជាក់ពីលោក ប៉ែន បូណា។

ពាក់ព័ន្ធនឹងបញ្ហាលុយកាក់ លោក ហ៊ុន សែន ថ្មីៗនេះ ទើបតែប្រតិកម្មទៅនឹងការលើកឡើងរបស់អតីតអ្នកចម្រៀងសាពូន មីដាដា ដែលថា លោកហ៊ុន សែនធ្លាប់ឱ្យលុយទៅអ្នកចម្រៀងរូបនេះ ប្រមាណជាង៦លាន៧សែនដុល្លា។ នៅក្រោយពីលោកហ៊ុន សែនបង្ហោះសារបដិសេធ អតីតអ្នកចម្រៀងរូបនេះ ក្រោយមកបានបកស្រាយថា លោក ហ៊ុន សែន និងគ្រួសារបានជួយលោកជាង៤០ម៉ឺនប៉ុណ្ណោះ មិនមែនជាង៦លានដុល្លារឡើយ។ 

នៅប្រទេសកម្ពុជា បុគ្គលល្បីៗមួយចំនួនត្រូវគេវាយតម្លៃថា បានទទួលលុយ យសសក្តិពីអ្នកមានអំណាច ដើម្បីចេញមុខទៅវាយប្រហាររិះគន់គណបក្សប្រឆាំង និងសកម្មជនសង្គម។

ទាក់ទងនឹងជីវិតនយោបាយរបស់លោកសម រង្ស៊ីវិញ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២២ លោក ហ៊ុន ម៉ាណែត កាលនៅជាបេក្ខភាពនាយករដ្ឋមន្ដ្រីរបស់គណបក្សប្រជាជនកម្ពុជាធ្លាប់បានបបួលលោក សម រង្ស៊ីភ្នាល់គ្នាម្ដងជាពីរដងរួចមកហើយ ។ គ្រានោះ លោក សម រង្ស៊ីបានចោទ លោក ហ៊ុន ម៉ាណែត ថានាំលុយចំនួន ៥លានដុល្លាចូលទឹកដីបារាំងនិងទ្វីបអឺរ៉ុប ដើម្បីទិញទឹកចិត្តពលរដ្ឋឱ្យចុះចូលគណបក្សប្រជាជន ប៉ុន្តែត្រូវបរាជ័យ ដោយសារប៉ូលីសបារាំងឃាត់ទុក។ លោក ហ៊ុន ម៉ាណែតកាលណោះ បានប្រកាសក្ដែងៗថា បើរឿងនោះជារឿងពិត លោកនឹងដកខ្លួនចេញពីឆាកនយោបាយ អស់មួយជីវិត តែបើមិនពិត លោកហ៊ុន ម៉ាណែតបានស្នើឱ្យលោក សម រង្ស៊ីឈប់ធ្វើសកម្មភាពនយោបាយមួយជីវិតដូចគ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ