អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​ចិន​បញ្ឆេះ​ជម្លោះ​ការ​ទូត​ជាមួយ​នឹង​អូស្រ្តាលី​ដើម្បី​អ្វី?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅមួយរយៈពេល​ចុងក្រោយនេះ​ ចិន​បាន​បង្កើន​វិធានការ​ប្រឆាំង​ទល់​នឹងអូស្ត្រាលី​គួរ​ឲ្យ​កត់​សម្គាល់​។​ ជាក់ស្តែង​ ក្រោយពី​បាន​ប្រកាស​ដំឡើងពន្ធ​លើ​មុខ​ទំនិញ​នាំចូល​ពី​អូស្ត្រាលី​ ក្រុង​ប៉េកាំង​ ទើបតែ​បាន​បង្ហោះ​រូបភាព​លើ​បណ្តាញ​ធ្វីតធ័រ​ ឌឺដង​ផ្លែផ្កា​ឲ្យ​ក្រុង​កង់បេរ៉ា​ទៀតផង​។ ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ធ្លាក់​ដុនដាប​ខ្លាំងបំផុត​ រហូត​ជំរុញ​ក្រុម​អ្នក​ជំនាញ​ឲ្យទាញ​ពិភពលោក​ងាកយក​ចិត្ត​ដាក់ខ្លាំង​ជាងមុន​ចំពោះ​វិធី​ដែលចិន​ដាក់​គំនាប​​លើ​អូស្ត្រាលី​នេះ។ ហេតុអ្វី​ចិន​បង្កើន​គំនាប​ទៅលើ​អូស្ត្រាលីខ្លាំង​ម្ល៉េះ​? តើអ្វី​ដែល​ក្រុង​ប៉េកាំង​ធ្វើនេះ​ជាទង្វើធ្វើ​បាប​មួយ​ដើម្បី​គំរាម​មួយរយ​ឬ​?

​អ្នកនាំពាក្យ​រដ្ឋាភិបាល​ចិនលោកលីជៀន ចាវ (Lijian Zhao)។
​អ្នកនាំពាក្យ​រដ្ឋាភិបាល​ចិនលោកលីជៀន ចាវ (Lijian Zhao)។ AP - Andy Wong
ផ្សាយពាណិជ្ជកម្ម

នៅពេល​ដែល​លោក​លីជៀន​ ចាវ​ (Lijian Zhao)​ អ្នក​នាំពាក្យ​ក្រសួង​ការបរទេសចិន​ បង្ហោះ​រូបភាព​មួយសន្លឹក​នៅលើ​បណ្តាញធ្វីតធ័រ​ពីគណនី​ផ្លូវការ​របស់​រដ្ឋាភិបាល​កាលពី​ថ្ងៃទី ៣០ ខែវិច្ឆិកា​ អូស្ត្រាលី​មាន​ការភ្ញាក់ផ្អើល​និង​ខឹងសម្បា​យ៉ាងខ្លាំង​។ រូបភាពនោះ​ បង្ហាញ​ពី​ទាហាន​អូស្រ្តាលី​ដែល​ញញឹម​ញញែម​ កាន់​កាំបិត​ប្រឡាក់​ដោយ​ឈាម​ដាក់នៅ​ក្បែរ​បំពង់ក​របស់​ក្មេងអាហ្វហ្គានីស្ថាន​ម្នាក់​។

លោកចាវ​ បាន​បង្ហោះ​រូបភាព​ដោយ​អមជាមួយ​សារ​ដែលថា​លោក​មានការ​ភ្ញាក់​ផ្អើល​ចំពោះ​ការ​សម្លាប់​ជនស៊ីវិល​ និង​អ្នកទោស​អាហ្វហ្គានីស្ថាន​ដោយ​ដៃ​ទាហាន​អូស្ត្រាលី​។

ភ្លាមៗនោះ​ នាយករដ្ឋមន្រ្តី​អូស្រ្តាលី​លោក​ស្កុត ម៉ូរីសុន​ បាន​ចេញមុខ​និយាយថា​ រូប​ភាពកាត់​-ត​នេះ​គួរឲ្យ​ស្អប់ខ្ពើម​ខ្លាំង​ណាស់​ ហើយថា​វាគឺជា​ការ​រំលោភបំពាន​មាក់ងាយ​យ៉ាងខ្លាំង​ចំពោះ​ប្រជាជាតិ​អូស្ត្រាលី​ទាំងមូល​។ បន្ថែមលើនេះ​ លោក​ម៉ូរីសុន​ បាន​ទាមទារ​ផងដែរ​ឲ្យ​រដ្ឋាភិបាលចិន​សុំទោស​ជាសាធារណៈ​ តែចិន​បដិសេធ​មិនធ្វើតាម​។

ភាព​តានតឹង​រវាង​អូស្ត្រាលី​និងចិន​កើនឡើងខ្លាំង​មិនធ្លាប់​មាន​ពីមុនមក

ទង្វើ​របស់​ចិន​ថ្មីៗនេះ​ សរបង្ហាញឲ្យឃើញច្បាស់ថា​ ចិន​កំពុងតែ​បង្កើន​វិធានការ​ប្រឆាំង​ទល់​នឹង​អូស្ត្រាលី​ មិនថាតែ​រឿង​ពាណិជ្ជកម្ម​ ឬកិច្ច​ការទូតឡើយ​។ សម្រាប់​អ្នកជំនាញ​ ការ​ផ្សព្វផ្សាយ​រូបភាព​ទាក់ទងនឹង​សកម្មភាព​ទាហាន​អូស្រ្តាលីនៅ​អាហ្វហ្គានីស្ថាន​ ពិតជា​ស្តែង​ឲ្យឃើញអំពី​ចេតនា​របស់ចិន​ក្នុងការ​វាយប្រហារ​ទៅលើ​អូស្ត្រាលី​។

លោកចន​ លី​ (John Lee) អ្នក​វិភាគម្នាក់​នៅវិទ្យាស្ថាន​ Merics របស់​អាល្លឺម៉ង់ បាន​មាន​ប្រសាសន៍ថា​ រូបភាព​ធ្វីតធ័រ​ដែល​ទើប​បង្ហោះ​ដោយ​មន្ត្រីចិន​ តំណាងឲ្យ​ការ​រំលោភបំពាន​ខ្លាំងណាស់​ដល់​ក្រុងកង់បេរ៉ា​ ពីព្រោះថា​រឿងរ៉ាវ​ពាក់ព័ន្ធនឹង​សកម្មភាព​ទាហាន​អូស្ត្រាលី​នៅអាហ្គហ្វានី​ស្ថាននេះ​ គឺជា​ចំណុច​ដែល​កំពុង​រសើបខ្លាំង​បំផុត​មួយ​នៅអូស្ត្រាលី​។

រូបភាពនោះ​ គឺការ​ឌឺដង​បញ្ចើចបញ្ចើ​របស់ចិន​ជុំវិញ​ការ​ទទួលស្គាល់​របស់​អគ្គមេបញ្ជាការ​កងទ័ព​អូស្ត្រាលី​ ដែលថា​ទាហាន​អូស្ត្រាលី​ចំនួន​ ២៥ នាក់​មានជាប់​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​ជនស៊ីវិល​និង​អ្នកទោស​អាហ្វហ្គានីស្ថាន​ហោចណាស់​ ៣៩ នាក់​ ក្នុងចន្លោះ​ឆ្នាំ​ ២០០៩​ និង ២០១៣​។​

ក៏ប៉ុន្តែ​ តើវា​មាន​ប្រយោជន៍​អ្វី​សម្រាប់​ចិន​ក្នុងការ​ដែល​យក​ឈើ​ទៅចាក់ដំបៅ​របស់​អូស្ត្រាលី​? វាគ្មាន​ប្រយោជន៍អ្វី​បន្តិច​ទាល់តែសោះ​។ ក្រៅតែ​ពី​មិន​បាន​ជួយកាត់​បន្ថយ​ភាពតានតឹង​ វា​បែរ​ថែមទាំង​ធ្វើឲ្យ​ប្រទេសទាំងពីរ​ កាន់តែ​មាន​ជម្លោះនឹង​គ្នា​កាន់តែ​ខ្លាំងឡើង​។

អូស្ត្រាលី​ និងចិន​ មិនដែល​មាន​ទំនាក់ទំនង​ដុនដាបខ្លាំង​ដូចនេះ​ពីមុនមកនោះទេ​។ នេះ​ គឺជា​ប្រសាសន៍​របស់​អ្នកជំនាញ​ខាងកិច្ចការ​អូស្ត្រាលី​ និង​ភូមិសាស្ត្រ​នយោបាយ​ លោក​ Heribert​ Dieter​។

ភាពតានតឹង​អូស្ត្រាលី-ចិន បាន​ចាប់​ផ្តើមកើន​ឡើង​នៅដើមឆ្នាំ​ ២០២០​ នៅក្រោយ​ពេល​ដែល​អូស្ត្រាលី​ សហការ​ជាមួយ​អាមេរិក​អំពាវនាវឲ្យ​មានការ​ស៊ើបអង្កេត​ឯករាជ្យ​ ដើម្បី​កំណត់ពី​ប្រភពដើម​ ព្រមទាំង​ចំណាត់ការ​របស់​ចិន​ក្នុងការ​គ្រប់គ្រង​ជំងឺកូវីដ១៩​ កាលគ្រា​ដំបូង​។

ចំណុចនេះ​ បានធ្វើឲ្យចិន​មិនសប្បាយចិត្ត​ ហើយចាប់តាំងពីពេលនោះមក​ប្រទេស​ចិន​បាន​បង្កើន​គំនាប​ដាក់​ប្រទេស​អូស្រា្តលី​ដោយ​បាន​ប្រកាស​ដំឡើង​ពន្ធ​ម្តងហើយ​ម្តងទៀត​ទៅលើ​ទំនិញ​នាំចូលពី​អូស្ត្រាលីមាន​ជាអាទិ៍​ ស្រូវសាឡី​ ស្រា​ សាច់គោ និងគ្រឿងសមុទ្រ​។

ក្រៅពីនេះ មន្ត្រី​រដ្ឋាភិបាលចិន​ ធ្លាប់ទាំង​បាន​និយាយនៅក្នុង​សន្និសីទសារព័ត៌មាន​ នៅទីក្រុង​កង់បេរ៉ា​កាលពីថ្ងៃទី១៨ ខែ​វិច្ឆិកា​ទៀតថា​ ចិនខឹង​ ហើយ​ប្រសិនបើ​អ្នកណា​ចាត់​ទុក​ចិន​ជាសត្រូវ​ នោះ​ប្រទេសចិន​នឹងក្លាយជាសត្រូវ​អ្នកនោះ​ហើយ​។

បារាំង​ ឬ​អាល្លឺម៉ង់ដែល​ជាគោលដៅ​បន្ទាប់​របស់ចិន​?

ឥរិយាបថ​របស់​ចិន​ ចំពោះ​អូស្ត្រាលី​គួរណាស់​តែត្រូវ​ពិភពលោក​ចាត់​វិធានការ​តបត​។ សារព័ត៌មាន​ Financial Times របស់​អង់គ្លេស​ បានចុះផ្សាយ​នៅក្នុងបទ​វិចារណកថា​មួយ​កាល​ពី​ថ្ងៃទី ២៦ ខែ​វិច្ឆិកាថា​ “ទំនាក់ទំនង​ដ៏សោះកក្រោះ​រវាង​ទីក្រុងប៉េកាំង​ និង​កង់បេរ៉ា មិន​មែន​ជា​បញ្ហា​ទ្វេភាគីនោះទេ​ និងថា​ប្រទេស​ប្រជាធិបតេយ្យ​ទាំងអស់​ គួរតែ​ឃ្លាំមើល​ជម្លោះ​នេះ​ឲ្យ​បានជាប់លាប់​និងត្រៀម​គាំទ្រគ្នា​ទៅវិញទៅមក​ក្នុងការ​ចាត់វិធានការ​ប្រឆាំងតបទៅ​នឹងការដាក់​សម្ពាធរបស់​ចិន​។

ទាក់ទង​រឿងនេះ​ លោក Patrick Köllner​ អនុប្រធាន​វិទ្យាស្ថាន​អាល្លឺម៉ង់​ GIGA ដែល​សិក្សា​អំពីបញ្ហា​ពិភពលោក​និងតំបន់​បាន​និយាយ​ប្រាប់បណ្តាញ​ទូរទស្សន៍​បារាំង​ Fracne24 ថា​ ចិន​មានបំណង​យក​ប្រទេស​អូស្ត្រាលី​ដើម្បី​ជា​ឧទាហរណ៍​មួយ​សម្រាប់​ប្រទេស​ដទៃទៀត​ដែល​ចង់ប្រឆាំងឬ​និយាយ​រិះគន់​ចិន​។

ក្រុមអ្នកវិភាគ​បានយលឃើញថា​ យុទ្ធសាស្ត្រ​ប្រឆាំងទល់​នឹងអូស្ត្រាលី​ គឺជា​តឹកតាង​ដំបូង​ដែល​បញ្ជាក់ថា​ ចិន​កំពុងព្យាយាម​គ្រប់គ្រង​ការបញ្ចេញមតិ​របស់អន្តរជាតិ​ស្តីអំពី​ប្រទេស​ចិន​។ មួយវិញទៀត​ បន្ទាប់ពី​អូស្ត្រាលី​ គោលដៅ​របស់ចិន​អាចជា​ប្រទេស​បារាំងឬ​អាល្លឺម៉ង់​ក៏ថាបាន​។

នៅត្រង់ចំណុចនេះ​ គួរគូសបញ្ជាក់ជូនថា​ ប្រទេសជាច្រើន​ជាពិសេស​បណ្តា​ប្រទេស​សហភាពអឺរ៉ុប​ដូចជា​ បារាំង​ អាល្លឺម៉ង់​ មិនមែនជា​ប្រទេស​ដែលងាយ​ទទួលរង​សម្ពាធពី​ចិន​ដូចអូស្ត្រាលីទេ​។ ការ​នាំចេញ​របស់​អូស្រ្តាលី​ទៅកាន់​ប្រទេសចិន​មានជាង​ ៤០ ភាគរយ​ ហើយ​មួយវិញទៀត​អូស្រ្តាលី​ គ្មានទីផ្សារ​ផ្សេងច្រើន​នោះទេ​ដើម្បី​ជំនួសឲ្យ​ទីផ្សារ​នៅចិន​សម្រាប់​ផលិតផល​របស់​ខ្លួនទេ​។

ដោយឡែក​ ចំពោះ​ប្រទេស​ផ្សេងទៀត​ ជាពិសេស​បណ្តា​ប្រទេសអឺរ៉ុប​ មិនសូវ​ពឹងផ្អែក​ខ្លាំង​លើ​ពាណិជ្ជកម្មពី​មហាអំណាច​អាស៊ី​ដូចជា​ចិនឡើយ​។ យ៉ាងណាក៏ដោយ​ ក្រុម​អ្នកជំនាញ​ យល់ស្របថា​ វិធី​ដែលចិនដាក់គំនាប​លើអូស្ត្រាលី​គួរទទួលបាន​ការ​យក​ចិត្ត​ទុកដាក់​ជាងមុន​ពីសហគមន៍​អន្តរជាតិ​។

ជាពិសេស​ សម្រាប់អ្នក​វិភាគ​ទំនាក់ទំនង​អន្តរជាតិ​ ជម្លោះ​ពាណិជ្ជកម្ម​របស់​អូស្រ្តាលី​ជាមួយចិន​ បានធ្វើឲ្យលេចចេញ​យ៉ាងច្បាស់ពី​ជម្រើស​ដែល​មេដឹកនាំ​ពិភពលោក​ត្រូវ​ប្រឈមមុខ​។ ជម្រើសនោះ​ គឺថា​តើគេ​ចង់​បន្ត​ទទួល​បាន​ផលប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​ពី​ពាណិជ្ជកម្មជាមួយចិន​ តែស្ថិតនៅក្នុង​ហានិភ័យ​ដែលត្រូវ​ធ្មេចភ្នែក​ ខ្ទប់ត្រចៀក​ បិទ​មាត់​មិនរិះគន់​ក្រុងប៉េកាំង ឬក៏​នៅបញ្ចេញមតិ​របស់ខ្លួនដោយសេរី​ ឬក៏​ត្រូវចាប់ផ្តើម​ស្វែងរក​ជម្រើស​អ្វីផ្សេង​ក្រៅពីនេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ