អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើអង្គការពាណិជ្ជកម្មពិភពលោកបានផ្លាស់ប្តូរមុខមាត់ចិនអ្វីខ្លះនារយៈពេល ២០ឆ្នាំកន្លងទៅ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី ២០ឆ្នាំ​មុន ពោល​ក្នុង​ថ្ងៃទី១១ ធ្នូ ឆ្នាំ ២០០១ ប្រទេស​ចិន​បាន​ក្លាយ​ជា​សមាជិក​ទី១៤៣ នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក WTO។ នៅ​ក្នុង​ខួប ២០ឆ្នាំ​នៃ​ការ​ចូល​ជា​សមាជិក​អង្គការ​អន្តរជាតិ​មួយ​នេះ ចិន​មិន​បាន​គ្រោង​រៀបចំ​ពិធី​អបអរ​អ្វី​ទេ។ នៅ​ក្នុង​សុន្ទរកថា​ជា​វីដេអូ​ថ្លែង​នា​ឱកាស​ពិធី​តាំង​ពិពណ៌ពាណិជ្ជកម្ម​ក្នុង​ទីក្រុង​សៀងហៃ​កាល​ពី​ដើម​ខែ​វិច្ឆិកា​កន្លង​ទៅ​ថ្មីៗ​នេះ ប្រធានាធិបតី​ចិន​បាន​ត្រឹម​បញ្ជាក់​ថា ចិន​កំពុង​គោរព​តាម​ការ​សន្យា​របស់​ខ្លួន​នៅ​លើ​គ្រប់​វិស័យ និង​ថា ការ​បើក​ចំហរ​របស់​ចិន​កំពុង​ផ្តល់​ផលប្រយោជន៍​ដល់​ពិភពលោក​ទាំង​មូល។ តើ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​បាន​ផ្លាស់ប្តូរ​មុខ​មាត់​ចិន​អ្វី​ខ្លះ​នា​រយៈពេល ២០ឆ្នាំ​កន្លង​ទៅ​នេះ?

ប្រធានាធិបតីចិន​លោក​ស៊ី ជីនពីង។
ប្រធានាធិបតីចិន​លោក​ស៊ី ជីនពីង។ AP - Nicolas Asfouri
ផ្សាយពាណិជ្ជកម្ម

រវាង​ចិន និង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ឬ​ហៅកាត់​ជា​ភាសា​អង់គ្លេស WTO គឺ​ជា​ប្រលោមលោក​នៃ​សកលភាវូបនីយកម្ម។ ជា​ប្រលោមលោក​នៃ​សកលភាវូបនីយកម្ម ព្រោះ​ក្នុង​រយៈពេល ២០ឆ្នាំ​នៃ​ការ​ចូល​ជា​សមាជិក​របស់​អង្គការ​អន្តរជាតិ​មួយ​នេះ​មក ចិន​បាន​ផ្លាស់ប្តូរ​មុខមាត់​ខ្លួន​ឯង​ផង និង​បាន​ផ្លាស់ប្តូរ​មុខមាត់​ពិភពលោក​ផង។ កាល​ពី​ជិត​កន្លះ​សតវត្ស​មុន ចិន​ជា​ប្រទេស​មួយ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ក្រីក្រ​ខ្លាំង​ជាង​គេ​ក្នុង​លោក។ តែ​សព្វថ្ងៃ ចិន​បាន​ក្លាយ​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី២ ក្នុង​លោក និង​អាច​ឈាន​ទៅ​យក​កន្លែង​អាមេរិក​ក្នុង​នាម​ជា​មហាអំណាច​សេដ្ឋកិច្ចទី ១ នា​ពេល​ខាង​មុខ​ផង។

នៅ​ដើម​សតវត្ស​ទី២១ ផលិត​សរុប​ក្នុង​ស្រុក ឬ​ហៅ GDP របស់​ពលរដ្ឋ​ចិន​ម្នាក់ៗ​មាន​មិន​ដល់ ១ ០០០ដុល្លារ​ទេ ពោល​មាន ៣៦ដង​តិច​ជាង GDP របស់​ពលរដ្ឋ​អាមេរិក​ម្នាក់ៗ​ដែល​មាន​ដល់​ទៅ ៣៦ ៣៣៤ដុល្លារ។ តែ​សព្វ​ថ្ងៃ GDP របស់​ពលរដ្ឋ​ចិន​ម្នាក់ៗ​បាន​ឡើង​ដល់ ១០ ៥០០ដុល្លារ ពោល​មាន​គម្លាត​តិច​ជាង​តែ ៦ដង​ប៉ុណ្ណោះ​នៃ GDP របស់​ពលរដ្ឋ​អាមេរិក​ម្នាក់ៗ​ដែល​មាន ៦៣ ០០០ដុល្លារ។ នៅ​ថ្ងៃ​ដំបូង​នៃ​ការ​ចូល​ជា​សមាជិក​របស់ WTO ចិន​មាន​ទម្ងន់​សេដ្ឋកិច្ច​ប្រហាក់ប្រហែល​នឹង​ទម្ងន់​សេដ្ឋកិច្ច​របស់​បារាំង។ តែ​សព្វថ្ងៃ ទម្ងន់​សេដ្ឋកិច្ច​របស់​ចិន​ចង់​ធ្ងន់​ជាង​ទម្ងន់​សេដ្ឋកិច្ច​របស់​ក្រុម​ប្រទេស​ក្នុង​តំបន់​អឺរ៉ូ​បូក​បញ្ចូល​គ្នា និង​អាច​ធ្ងន់​ជាង​អាមេរិក​នៅ​មុន​ដំណាច់​ទសវត្សរ៍។

កាល​ពី ២០ឆ្នាំ​មុន គ្មាន​អ្នក​ណា​ម្នាក់​បាន​ទាយ​ទុក និង​នឹក​ស្មាន​ដល់​សោះ​ឡើយ​ពី​សន្ទុះ​នៃ​ការ​អភិវឌ្ឍន៍​បែប​នេះ​របស់​ចិន។ តើ​នេះ​ជា​លទ្ធផល​ដែល​ចិន​ទាញ​បាន​ពី​ការ​ចូល​ជា​សមាជិក​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ឬ?។ នេះ​ជា​រឿង​ពិត ហើយ​ក៏​ប្រហែល​គ្មាន​នរណា​ម្នាក់​អាច​និយាយ​ផ្ទុយ​ពី​នេះ​បាន​ទេ សូម្បី​តែ​ថ្នាក់ដឹកនាំ​ចិន​សព្វថ្ងៃ។ តែ​គេ​ក៏​ត្រូវ​ហ៊ាន​ទទួល​ស្គាល់​ថា តាំង​ពី​ឆ្នាំ ១៩៧៨ និង​តាំង​ពី​ប្រធានាធិបតី​ចិន​ជំនាន់​នោះ​លោក​តេង សៀវភីង​បាន​បើក​ចំហរ​សេដ្ឋកិច្ច​ប្រទេស​មក ចិន​បាន​ធ្វើ​ការ​អភិវឌ្ឍន៍​ប្រទេស​ក្នុង​ចង្វាក់​ល្អ និង​បាន​ទាក់ទាញ​ក្រុម​អ្នកវិនិយោគ​បរទេស​រួច​ទៅ​ហើយ។ គ្រាន់​តែ​ថា WTO បាន​ជួយ​រុញ​សេដ្ឋកិច្ច​ចិន​ឲ្យ​មាន​ល្បឿន​កាន់​តែ​លឿន ពិសេស​នៅ​ក្នុង​គម្រោង​កំណែទម្រង់​លើ​វិស័យ​សាធារណៈ​ចិន។

គួរ​រម្លឹក​ថា ទំរាំ​បាន​ចូល​ជា​សមាជិក​ទី១៤៣ របស់ WTO ជា​ផ្លូវការ​ក្នុង​ថ្ងៃទី១១ ធ្នូ ឆ្នាំ ២០០១ ចិន​បាន​ចំណាយ​ពេល​ចរចា​អស់​រយៈពេល ១៥ឆ្នាំ។ ទន្ទឹម​គ្នា​នេះ​នៅ​ចិន សំណើ​សុំ​ចូល WTO បាន​បង្ក​ឲ្យ​មាន​ភាព​ចម្រូងចម្រាស និង​ការ​ជជែក​ដេញដោល​យ៉ាង​ខ្លាំង​នៅ​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​នយោបាយ ថ្នាក់ដឹកនាំ​ក្រុមហ៊ុន រោងចក្រ សហគ្រាស បញ្ញវន្ត និង​ប្រជាពលរដ្ឋ​ទូទៅ។ សម្រាប់​អ្នក​ខ្លះ ការ​ចូល​ក្នុង WTO របស់​ចិន​ជា​ការ​នាំ​ចចក​ចូល​ប្រទេស និង​អ្នក​ខ្លះ​ទៀត​ថា ការ​ចូល​ក្នុង WTO ជា​ការ​បោះ​មួយ​ជំហាន​របស់​ចិន​ទៅ​ក្នុង​ចំណី​ចចក​របស់​បស្ចិមលោក។ តែ​នៅ ២០ឆ្នាំ​ក្រោយ​មក ពលរដ្ឋ​ចិន​ភាគ​ច្រើន​ហាក់​លែង​និយាយ​ពី​ចចក ឬ​ចំណី​ស្អី​ទៀត​ឡើយ​ដោយ​ទទួល​ស្គាល់​ថា ការ​ចូល​របស់​ចិន​ទៅ​ក្នុង WTO ជា​ការ​នាំ​ប្រទេស​ចូល​ឆាកអន្តរជាតិ។

លោក​យ៉រ ហ្គូតគើ (Jörg Wuttke) ប្រធាន​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​ប្រទេស​ចិន​បាន​ទទួល​ស្គាល់​ពី​សមិទ្ធិផល​ដែល​ចិន​ទទួល​បាន​ពី​ការ​ចូល​ជា​សមាជិក WTO ក្នុង​រយៈពេល ២០ឆ្នាំ​កន្លង​ទៅ។ « បើ​គ្មាន WTO ចិន​ប្រហែល​មិន​អាច​ធ្វើ​កំណែទម្រង់​ដូច​ខ្លួន​បាន​ធ្វើ​ទេ » នេះ​ជា​ការ​យល់​ឃើញ​របស់​លោក​ហ្គូតគើ។ « លោក​តេង សៀវភីង​បាន​ប្រែ​ក្លាយ​កសិករ​ចិន​ឲ្យ​ទៅ​ជា​កម្មករ ហើយ​លោក​ស៊ី ជីនពីង​បាន​ប្រែ​ក្លាយ​កូន​កម្មករ​ឲ្យ​ទៅ​ជា​វិស្វករ » នេះ​ជា​ការ​កត់សម្គាល់​នៅ​ពេល​ថ្មីៗ​នេះ​របស់​សេដ្ឋវិទូ​លោក​ដេវីដ ហ៊្កុលម៉ាន់​នៅ​ក្នុង​ទស្សនាវដ្តី Asia Times។ លោក​ដេវីដ ហ្កុលម៉ាន់​ចង់​និយាយ​ថា ការ​សម្រេច​របស់​អតីត​ថ្នាក់ដឹកនាំ​ចិន​ក្នុង​ការ​រុញ​ប្រទេស​ឲ្យ​ចូល​ក្នុង WTO ជា​រឿង​ត្រឹមត្រូវ។

ជា​រឿង​ត្រឹមត្រូវ ព្រោះ WTO បាន​ធ្វើ​ឲ្យ​ចិន​ក្លាយ​ជា​រោងចក្រពិភពលោក ជា​បេះដូង និង​ជា​ក្បាលម៉ាស៊ីន​នៃ​សេដ្ឋកិច្ច​ពិភពលោក​នា​ពេល​បច្ចុប្បន្ន។ តែ​ទន្ទឹម​គ្នា​នេះ ចិន​ក៏​បាន​ចាប់​ផ្តើម​ប្រែខ្លួន​ពី​យុទ្ធសាស្រ្ត​ដៃគូ និង​ពី​កិច្ចសហប្រតិបត្តិការ​ជា​លក្ខណៈ​ពហុភាគី​ទៅ​ជា​គូប្រជែង និង​ជា​កិច្ចសហប្រតិបត្តិ​ជា​លក្ខណៈ​ទ្វេភាគី​វិញ។ តាំង​ពី​ការ​ឡើង​កាន់​អំណាច​ប្រធានាធិបតី​របស់​លោក​ស៊ី ជីនពីង​នា​ដំណាច់​ឆ្នាំ ២០១២ ចិន​បាន​ប្រើ​អំណាច​សេដ្ឋកិច្ច​របស់​ខ្លួន​ដើម្បី​ងាក​ទៅ​ចាប់​ដៃ​ជាមួយ​អ្នក​ផ្សេង​ក្នុង​នាម​ជា​ដៃគូ​ពាណិជ្ជកម្មទី១ ឬ​ទី២ និង​ការ​ពង្រីក​ឥទ្ធិពល​នៅ​ក្នុង​តំបន់។ ចក្ខុវិស័យ​មួយ​នេះ​របស់​ចិន​មិន​អាច​បាំង​ភ្នែក​អ្នក​ផ្សេង​បាន​ទេ ពិសេស​អាមេរិក។

អ៊ីចឹង​ហើយ​បាន​ជា​តាំង​ពី​អាមេរិក​ក្នុង​ជំនាន់​ប្រធានាធិបតី​លោក​អូបាម៉ា​រហូត​ដល់​លោក​ត្រាំ និង​រហូត​លោក​បៃដិន​បច្ចុប្បន្ន ចិន​បាន​បន្ត​ជា​ផ្ទាំងស៊ីប​អាទិភាព​ដែល​ត្រូវ​ប្រឈម​ត តាំង​នៅ​ក្នុង​គ្រប់​រូបភាព​ទាំង​អស់។ កាល​ពី ២០ឆ្នាំ​មុន ចិន​បារម្ភ​ខ្លាច​ក្លាយ​ខ្លួន​ជា​ចំណី​របស់​ចចក​បស្ចិមលោក តែ​ថ្ងៃ​នេះ​នៅ ២០ឆ្នាំ​ក្រោយ​មក គឺ​ចិន​ដដែល​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ចចកចម្បាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ