អានតួអត្ថបទ
ចិន-សេដ្ឋកិច្ច

ប្រទេសចិនប្រកាសពីទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់ត្រដែតនៅត្រីមាសទី១ ឆ្នាំ ២០២១

នៅ​ថ្ងៃ​សុក្រ ទី១៦​មេសា ប្រទេស​ចិន​បាន​ប្រកាស​ពី​ការ​មាន​អត្រា​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ត្រដែត​សម្រាប់​ត្រីមាសទី១ ឆ្នាំ ២០២១ ពោល​មាន ១៨,៣%។ លោកស្រី​លីយូ អាយហួរ អ្នកនាំពាក្យ​របស់​នាយកដ្ឋាន​ស្ថិតិជាតិ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកកាសែត​ថា ការ​ងើប​ឡើង​វិញ​នឹង​បន្ត​មាន​ពេញ​មួយ​ត្រីមាសទីមួយ។ តែ​លោកស្រី​បាន​បញ្ជាក់​បន្ថែម​ថា គេ​ត្រូវ​ពង្រឹង​បន្ថែម​លើ​មូលដ្ឋានគ្រឹះ​ដែល​បាន​អនុញ្ញាត​ឲ្យ​មាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ឡើង​វិញ និង​បាន​លើក​ឡើង​ពី​ភាព​ស្រពិចស្រពិល​ដែល​កំពុង​បន្ត​គ្របដណ្តប់​ពិភពលោក​ដោយ​ជំងឺ​ឆ្លង​កូវីដ១៩។

ប្រទេសចិនប្រកាសពីទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់ត្រដែតនៅត្រីមាសទី១ ឆ្នាំ ២០២១
ប្រទេសចិនប្រកាសពីទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់ត្រដែតនៅត្រីមាសទី១ ឆ្នាំ ២០២១ AP - Ng Han Guan
ផ្សាយពាណិជ្ជកម្ម

១៨,៣% ជា​អត្រា​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ដែល​ចិន​មិន​ធ្លាប់​ទទួល​បាន​ប្រចាំ​ត្រីមាស និង​ជា​សន្ទុះ​ដែល​មាន​ល្បឿន​លឿន​មិន​ធ្លាប់​មាន​​គិត​តាំង​ពី​ចិន​បាន​ចាប់​ផ្តើម​ផ្សព្វផ្សាយ​នូវ​តួលេខ​ផលិតផល​សរុប​ក្នុង​ស្រុក​ប្រចាំ​ត្រីមាស​កាល​ពី​ឆ្នាំ ១៩៩២។ នេះ​ពិត​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​ចិន ខណៈ​ដែល​ស្ថានភាព​សេដ្ឋកិច្ច​សកល​កំពុង​បន្ត​ត្រដាបត្រដួស​ដោយ​វិបត្តិ​កូវីដ១៩។ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ ២០២០ កំណើន​សេដ្ឋកិច្ច​ចិន​បាន​ដាំ​ក្បាល​ចុះ ៦,៨% ក្រោម​សូន្យ ឬ​និយាយ​ឲ្យ​ស្រួល​យល់ ចិន​មាន​កំណើន​សេដ្ឋកិច្ច​អវិជ្ជមាន ៦,៨% នៅ​ត្រីមាសទី១ ឆ្នាំ ២០២០ ដែល​ជា​អត្រា​អាក្រក់​ខ្លាំង​គិត​តាំង​ពី ៤៤ឆ្នាំ​កន្លង​ទៅ។

គឺ​ទើប​តែ​លក្ខខណ្ឌ​សុខភាព​ចាប់​ផ្តើម​មាន​ភាព​ចម្រើន​នា​និទាឃរដូវ​ឆ្នាំ ២០២០ ដែល​បាន​អនុញ្ញាត​ឲ្យ​សេដ្ឋកិច្ច​ចិន​ងើប​ឡើង​វិញ​បន្តិច​ម្តងៗ​រហូត​មាន​កម្រិត​ដូច​មុន​ផ្ទុះ​កូវីដ១៩ នា​ដំណាច់​ឆ្នាំ ២០២០។ បើ​គិត​សរុប​ពេញ​មួយ​ឆ្នាំ ២០២០ ចិន​មាន​អត្រា​កំណើន​សេដ្ឋកិច្ច​វិជ្ជមាន​ចំនួន ២,៣% ខណៈ​ដែល​មាន​ប្រទេស​ជា​ច្រើន​ក្នុង​លោក​មាន​អត្រា​កំណើន​សេដ្ឋកិច្ច​អវិជ្ជមាន។ ដោយឡែក ផលិតកម្ម​ឧស្សាហកម្ម​បាន​កើន​ឡើង​ចំនួន ១៤,១% ក្នុង​ខែ​មីនា ទល់​នឹង ៣៥,១% ក្នុង​ខែ​មករា និង​ខែ​កុម្ភៈ​បូកបញ្ចូល​គ្នា។ ចំណែក​ការ​លក់​រាយ​ដែល​ជា​កត្តា​សំខាន់​នៃ​ការ​ចាយវាយ​របស់​ប្រជាជន​មាន​ការ​កើន​ឡើង​ចំនួន ៣៤,២% ក្នុង​ខែ​មីនា​ទល់​នឹង ៣៣,៨% ក្នុង​ខែ​មករា និង​ខែ​កុម្ភៈ​បូកបញ្ចូល​គ្នា។

បច្ចុប្បន្ន និង​ក្នុង​ពេល​ដែល​ចិន​ហាក់​កំពុង​ងើប​ផុត​ពី​រណ្តៅ​កូវីដ១៩ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​កំណត់​ទិសដៅ​កំណើន​សេដ្ឋកិច្ច​យ៉ាង​តិច ៦% ក្នុង​ឆ្នាំ ២០២១ នេះ។ គឺ​ជា​អត្រា​មួយ​ដែល​នៅ​ទាប បើ​ធៀប​នឹង​ការ​ព្យាករ​របស់​ក្រុម​សេដ្ឋវិទូ​មួយ​ចំនួន។ សម្រាប់​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី២ ក្នុង​លោក​មួយ​នេះ​អាច​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ចំនួន ៨,៤% សម្រាប់​ឆ្នាំ ២០២១៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ