អានតួអត្ថបទ
ចិន-សេដ្ឋកិច្ច

ចិន​សន្យា​ពន្លឿន​គំរូ​អភិវឌ្ឍ​សេដ្ឋកិច្ច​ថ្មី​ នៅ​ចំពោះ​មុខ​អង្គការ​ពាណិជ្ជកម្មពិភពលោក

នៅ​ថ្ងៃ​ពុធ​ទី ២០​តុលា ២០២១ នា​ឱកាស​ជួប​បង្ហាញ​ផែនការ​​ពាណិជ្ជកម្ម​នៅ​ចំពោះ​​មុខ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ចិន​បាន​សន្យា​ពន្លឿន​គំរូ​អភិវឌ្ឍ​សេដ្ឋកិច្ច ដោយរំពឹង​លើ​ទីផ្សារ​ក្នុង​ស្រុក តែ​បើក​ចំហ​ទីផ្សា​រនៅ​​អន្តរជាតិ​ឱ្យ​បាន​ធំ​ជាង​មុន​។​ ការ​បង្ហាញ​ផែនការ​ពាណិជ្ជកម្ម​​​នេះ មាន​ទម្រង់​វិញ្ញាសាតេស្ត ដែល​ប្រទេស​ជា​សមាជិក​ត្រូវ​ឆ្លង​កាត់​ម្តង​ម្នាក់ៗ ជា​រឿយៗ ដោយ​បិទ​ទ្វារ ​នៅ​ចំពោះ​មុខ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។

ចិនសន្យាពន្លឿនគំរូអភិវឌ្ឍសេដ្ឋកិច្ចថ្មី នៅចំពោះមុខអង្គការពាណិជ្ជកម្មពិភពលោក
ចិនសន្យាពន្លឿនគំរូអភិវឌ្ឍសេដ្ឋកិច្ចថ្មី នៅចំពោះមុខអង្គការពាណិជ្ជកម្មពិភពលោក © REUTERS - TINGSHU WANG摄影
ផ្សាយពាណិជ្ជកម្ម

ក្នុង​របាយការណ៍​ដែល​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ទទួល​បាន​ និង​បញ្ចេញ​មក​ផ្សព្វផ្សាយ ចិន​បាន​លាត​ត្រដាង​អំពី​ឆន្ទៈ​ពន្លឿន​កិច្ច​ខំ​ប្រឹង​ប្រែង​​តាម​គំរូ​អភិវឌ្ឍ​សេដ្ឋកិច្ច​ថ្មី ដែល​រំពឹង​លើ​ចរាចរណ៍​ទីផ្សារ​ក្នុង​ស្រុក។ ប៉ុន្តែ​មិនមែន​ជាសេដ្ឋកិច្ច​ដែល​វិល​វល់​តែ​ក្នុង​ស្រុក​ គ្មាន​ច្រក​ចេញឡើយ។ ចិន​នឹងប្រើអំណាច​​ទីផ្សារ​និង​សេចក្តី​​ត្រូវ​ការ​ក្នុង​ស្រុក​​ឱ្យ​អស់​លទ្ធភាព​ សម្រាប់​ជា​ស្ពាន​ចង់​ភ្ជាប់​ជាមួយ​ទីផ្សារ​អន្តរជាតិ​។ នៅពេល​ចិន​អាច​ប្រើ​ទីផ្សារ​ក្នុង​ស្រុក​បាន​ប្រសើរ​ឡើង​ នោះ​ធនធាន​ជាតិ​និង​អន្តរជាតិ​ក៏​បាន​ប្រសើរ​ឡើង​ដែរ ហើយ​អាច​ធានា​ការ​អភិវឌ្ឍ​លឿន​ខ្លាំង​និង​ជា​និរន្តរ៍​ទៀត។ នេះ​បើ​តា​មខ្លឹម​សារ​ពន្យល់​ក្នុង​របាយការណ៍។

ប៉េកាំង​បាន​គូស​បញ្ជាក់​អំពី​គម្រោង​ចង់​បើកចំហ​​ទីផ្សារ​ដ៏​ធំ​របស់​ចិន ឱ្យ​បាន​ពេញ​ទំហឹង​ ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​​ដ៏​សម្បើមរបស់​ប្រជាពលរដ្ឋ​​ដល់​ជិត​១៤០០​លាន​នាក់ ជាមួយ​កម្មវត្ថុ​ប្រែក្លាយ​ទីផ្សារ​ចិន ទៅជា​​ទីផ្សារ​​ពិភពលោក ចែក​រំលែក​ជូន​គ្រប់​គ្នា នរណា​ក៏​អាច​ចូល​ នរណា​ក៏​អាច​មក​បាន។ ​ មិន​តែ​ប៉ុណ្ណោះ​ចិន​នឹង​​​ដាក់​ឱ្យ​ដំណើរ​ការ​នយោបាយ​នាំ​ចូល​សកម្ម ទៀត។

ស្តី​ពី​បញ្ហា​អាកាសធាតុ​វិញ របាយការណ៍​មាន​បំពេញ​ទៅ​ដោយ​ពាក្យ​ប្តេជ្ញា​ចិត្ត​​ធ្វើ​អព្យាក្រិត​កាបូន​នៅ​ឆ្នាំ​២០៦០ ដោយ​បញ្ចេញ​ឧស្ម័ន​ពុល​ខ្លាំង​បំផុត​ត្រឹម​ឆ្នាំ​២០៣០។ ហើយ​ក្នុង​នាម​ជា​ប្រទេស​កំពុង​អភិវឌ្ឍ ចិន​នឹង​បន្ត​ពង្រឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រុមប្រទេស​កំពុង​អភិវឌ្ឍ​ដូច​គ្នា និង​ចូល​រួម​ចំណែកលុបបំបាត់​​ភាព​ក្រីក្រ បន្ធូរបន្ថយ​បំណុល និង​ជួយ​ឱ្យ​មានកំណើន​សេដ្ឋកិច្ច​ក្នុង​ប្រទេស​កំពុង​លូតលាស់។

ជា​ចុងក្រោយ​ ចិន​បាន​ការ​ពារ​នយោបាយ​ពាណិជ្ជកម្ម​ពហុជាតិ​ និង​ធានា​បង្រួបបង្រួម​កម្លាំង​ជាមួយ​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ដទៃ​ទៀត ដើម្បីពិភពលោក​​មាន​លក្ខណៈ​​ពហុជាតិ​និយម​ និង​មាន​ទស្សនៈវិស័យ​ដូច​គ្នា​នាពេល​អនាគត​ដើម្បីមនុស្សជាតិទាំងមូល ព្រោះ​ផែនដី​មាន​តែ​មួយទេ អនាគត​រួម​ក៏​មាន​តែ​មួយ​ដែរ។

នៅក្នុង​ជំនួប​បង្ហាញ​ផែនការ​ពាណិជ្ជកម្ម​លើក​មុន កាលពី​ឆ្នាំ​២០១៨ សហរដ្ឋ​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ​ បាន​បន្ទោស​ថា​ចិន​បើកចំហ​ទីផ្សារ​តិច​តួច​មិន​គ្រប់គ្រាន់​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ