អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​នឹង​មាន​អ្វី​កើត​ឡើង​ប្រសិន​បើ​កិច្ច​ចរចា​នុយ​ក្លេ​អ៊ែរ​អ៊ីរ៉ង់​ទទួល​បរាជ័យ​?

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់ពី​ផ្អាក​ជិត​មួយ​សប្តាហ៍​ គណៈ​ប្រតិភូ​អ៊ីរ៉ង់​បាន​ចាប់​ជួប​ជាថ្មី​ជាមួយ​​សមភាគី​អឺរ៉ុប​ រុស្ស៊ី និង​ចិន​នៅឯ​ទីក្រុង​វីយែន​ប្រទេសអូទ្រីស​នាថ្ងៃទី​៩ ធ្នូ​ក្នុង​គោលដៅ​ស្រោច​ស្រង់​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ២០១៥​។ កិច្ចចរចា​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាស​តានតឹង​ខ្លាំង​ដោយ​សារ​មាន​ការខ្វែងគំនិតគ្នាខ្លាំង​រវាង​អ៊ីរ៉ង់​និង​អឺរ៉ុបដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក​។ តើការ​ចរចា​សង្គ្រោះ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​កំពុង​ប្រឈម​នឹង​​បរាជ័យ​ឬ​? តើ​នឹង​មាន​អ្វី​កើត​ឡើង​ ប្រសិនបើ​គេមិនអាចស្រោចស្រង់​កិច្ច​ព្រមព្រៀង​នេះបាន​?

គណៈប្រតិភូអ៊ីរ៉ង់ជួបចរចាជាមួយសមភាគីអឺរ៉ុប រុស្ស៊ី និងចិន នៅឯទីក្រុងវីយែនប្រទេសអូទ្រីសក្នុងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ ក្នុងគោលដៅស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥។
គណៈប្រតិភូអ៊ីរ៉ង់ជួបចរចាជាមួយសមភាគីអឺរ៉ុប រុស្ស៊ី និងចិន នៅឯទីក្រុងវីយែនប្រទេសអូទ្រីសក្នុងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ ក្នុងគោលដៅស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥។ REUTERS - EU DELEGATION IN VIENNA
ផ្សាយពាណិជ្ជកម្ម

ការ​ចរចា​ដោយ​ប្រយោល​រវាង​ទីក្រុងវ៉ាស៊ីនតោន​ និង​តេហរ៉ង់​ដើម្បី​សង្គ្រោះ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរអ៊ីរ៉ង់​ឆ្នាំ២០១៥​ ប្រព្រឹត្ត​ទៅ​នៅ​រដ្ឋធានី​នៃ​ប្រទេស​អូទ្រីស​។ អ្នក​ការ​ទូត​តំណាង​ប្រទេស​បារាំង​ អង់គ្លេស​ អាល្លឺម៉ង់​ រុស្ស៊ី​ និងចិន​ត្រូវ​ជួបចរចា​ជាមួយ​គណៈប្រតិភូ​អ៊ីរ៉ង់​ ដោយសារភាគី​អ៊ីរ៉ង់​បដិសេធ​ការ​ជួប​ទាក់ទង​ផ្ទាល់ជាមួយ​អាមេរិក។ អាមេរិកដែលបាន​ដកខ្លួន​ដោយ​ឯកតោភាគីចេញពីកិច្ចព្រមព្រៀងនៅឆ្នាំ ២០១៨ កាលក្នុងសម័យដឹកនាំ​របស់​លោក​ ដូណាល់ ត្រាំ។

ក្រោយ​ការ​ចរចា​រយៈពេល៥ថ្ងៃ​បិទ​បញ្ចប់​ទៅ​កាលពី​ថ្ងៃ​ទី​ ៣ធ្នូ​ ​គ្មាន​សម្រេចចេញជា​លទ្ធផល​អ្វីនោះ​ ការ​ពិភាក្សា​រវាង​អ៊ីរ៉ង់​និងប្រទេសមហាអំណាចពិភព​លោកផ្សេងទៀត​ចាប់​ផ្តើម​ជាថ្មី​នៅថ្ងៃទី ៩ ធ្នូ ឆ្នាំ២០២១​។

កិច្ចចរចា​ពិបាក​នឹង​បោះជំហានទៅមុខរួចណាស់​បាន​ក៏ព្រោះតែ​រដ្ឋាភិបាល​អ៊ីរ៉ង់ថ្មី​ដែលជា​អ្នក​អភិរក្ស​និយមជ្រុល ​ទាមទារ​ឲ្យ​អាមេរិក​ដក​ទណ្ឌកម្ម​ទាំងអស់​ចេញ​មុននឹង​ក្រុង​តេហេរ៉ង់​ពិចារណា​កាត់បន្ថយ​ការ​ពង្រឹង​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​។

សហរដ្ឋអាមេរិក​បាន​ចោទ​ប្រកាន់​អ៊ីរ៉ង់​ថា​គ្មានចេតនា​ពិតប្រាកដ​ក្នុងការ​ចរចា​ និង​ធ្វើឲ្យ​កិច្ចពិភាក្សា​នុយក្លេអ៊ែរ​រាំងស្ទះ។ ចំណែក​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់វិញ​និយាយ​បក​ថា​ខ្លួន​មាន​ឆន្ទៈ​មោះមុត​ក្នុង​ការចរចា​ និង​ថា​កិច្ចព្រមព្រៀង​មួយ​អាច​នឹង​ត្រូវ​សម្រេច​បាន​យ៉ាង​ឆាប់រហ័ស​ ប្រសិនបើ​ប្រទេសលោកខាងលិចព្រម​ដក​ទណ្ឌកម្ម​និង​បញ្ឈប់​រាល់​ការ​គំរាម​កំហែង​នានា​មក​លើអ៊ីរ៉ង់​។

ទាក់ទិន​បញ្ហា​នេះ​ ប្រមុខការ​បរទេស​អាមេរិកលោក​ អង់តូនី ប្ល៊ីងកិន​ បាន​និយាយ​ថា​ដំណោះស្រាយ​ការទូត​នៅតែជា​ជម្រើស​ដ៏​ល្អ​បំផុត​ ប៉ុន្តែ​ទន្ទឹមនេះ​ លោក​បាន​ព្រមាន​ដែរ​ថា​អាមេរិក​កំពុងរៀបចំ​គម្រោងការបន្ទាប់​ត្រៀម​ទុក​ក្នុង​ករណី​ដែល​កិច្ចពិភាក្សា​ដើរ​ដល់​ផ្លូវ​ទ័ល​។ កំណត់​សម្គាល់​របស់​លោប្ល៊ីងកិន​នេះ​ ធ្វើឡើង​បន្ទាប់ពី​លោកប្រធានាធិបតីអាមេរិក​ចូ បៃដិន លើក​ឡើងនាពេល​ថ្មីៗនេះថា​ក្រុងវ៉ាស៊ីនតោន​កំពុង​ពិចារណាពី​វិធានការ​បន្ថែម​ដើម្បី​ប្រឆាំង​នឹង​អ៊ីរ៉ង់​។

ដោយ​ក្តី​បារម្ភ​ នៅថ្ងៃ​ចន្ទដើម​សប្តាហ៍នេះ​ អ្នក​ការទូត​ជាន់​ខ្ពស់​អឺរ៉ុប​បាន​ព្រមានថា​ពេលវេលា​ក្នុង​ការ​ចរចារ​កាន់​តែ​ខើចខ្ទី​ណាស់​ និងថា​កិច្ចចរចានុយក្លេអ៊ែរ​អ៊ីរ៉ង់​នឹង​ត្រូវ​ទទួល​បរាជ័យ​ជាមិនខាន ប្រសិន​បើ​កិច្ចពិភាក្សា​នៅតែគ្មាន​ការ​រីក​ចម្រើន​ទៅមុខ​ឆាប់​រហ័ស​នោះ​។

ចំណែករុស្ស៊ី និងចិនវិញបាន​ខំខ្នះខ្នែងណាស់ដែរ​ក្នុងការ​ជំរុញ​ឲ្យ​កិច្ចចរចា​​នុយក្លេអ៊ែរ​អ៊ីរ៉ង់​រីក​ចម្រើន​ទៅមុខ​។ ប៉ុន្តែ​ឯកអគ្គរដ្ឋទូតរុស្ស៊ី​ប្រចាំ​អង្គការ​សហប្រជាជាតិក្នុង​ទីក្រុងវីយែន​ លោក Mikhail Ulyanov បានទទួលស្គាល់​ថា​មាន​ចំណុច​ខ្ទាស់​ជា​ច្រើន​ដែល​គេ​ត្រូវ​ដោះ​ស្រាយ​។

ដោយឡែកនៅពេលនេះ​ គេមិន​ច្បាស់​នោះ​ទេ​ថាតើ​អាច​នឹង​មាន​អ្វី​កើត​ឡើង​ក្នុងករណី​ដែល​ការ​ចរចា​សង្គ្រោះ​កិច្ចព្រមព្រៀង​នុយក្លែអ៊ែរអ៊ីរ៉ង់​ត្រូវ​ទទួល​បរាជ័យ​។ យ៉ាងណាក៏​ដោយ​ ក្រុម​អ្នក​វិភាគ​លើកឡើងថា​បើ​ករណីនេះ​កើត​ឡើងមែន​ នោះ​ប្រទេស​អ៊ីរ៉ង់​នឹង​កាន់​តែ​ដើរ​ចាកឆ្ងាយ​ លែង​គោរព​តាម​លក្ខន្តិកៈ​តឹងរ៉ឹង​ដែលមាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​។ ឧទាហរហណ៍​ជាក់​ស្តែង​ដែល​គេ​ធ្លាប់​ឃើញ​រួចមកហើយ​នោះគឺការ​អភិវឌ្ឍ​បង្កើន​ម៉ាស៊ីន​ប្រតិករ ​និង​ចម្រើន​សារធាតុ​អ៊ុយរ៉ាញ៉ូម​ក្នុង​បរិមាណ​កាន់​តែ​ច្រើន​ផ្ទុយពីអ្វីដែលមានចែង​ក្នុង​កិច្ច​ព្រម​ព្រៀង​។

ចំណែកឯ​សហរដ្ឋ​អាមេរិក​ និង​សម្ព័ន្ធមិត្តលោកខាងលិច​វិញ​ទំនងជា​ជៀសមិនផុត​ពី​ពង្រឹង​ និង​បង្កើន​ការ​ដាក់​ទណ្ឌកម្ម​លើ​ទីក្រុង​តេហេរ៉ង់​ឡើយ​។ នៅក្នុង​សហរដ្ឋអាមេរិក​ មាន​អ្នក​នយោបាយ​ជាច្រើន​បាន​និង​កំពុង​ជំរុញឲ្យបង្កើន​សម្ពាធ​សេដ្ឋកិច្ច​ និង​ការទូត​លើ​ប្រទេស​អ៊ីរ៉ង់​ ក៏ដូចជា​ការ​ទប់ស្កាត់​លទ្ធភាព​នៃ​សកម្មភាព​យោធា​របស់​ប្រទេស​មួយនេះ​។

បន្ថែមលើនេះ មាន​ជម្រើស​ការទូត​មួយទៀតដែល​អាមេរិក​អាច​នឹង​ចាប់​យកដើម្បី​ដាក់​សម្ពាធ​អ៊ីរ៉ង់​។ ហើយ​ជម្រើសនោះ​គឺ​ការ​​កោះ​ប្រជុំ​គណៈ​អភិបាល​នៃ​ទីភ្នាក់ងារ​ថាមពល​បរិមាណូ​អន្តរជាតិ​ (IAEA) ដើម្បី​អនុម័ត​ដំណោះស្រាយ​រួម​​ថ្កោលទោស​អ៊ីរ៉ង់​។ នេះ​បើ​តាម​លោក Ali Vaez អ្នកជំនាញអ៊ីរ៉ង់​នៅ​អង្គការ​វិបត្តិ​អន្តរជាតិ​ (International Crisis Group) ដែល​ជា​ស្ថាប័ន​ឯករាជ្យមួយ​ធ្វើការ​ក្នុងគោលដៅ​ទប់ស្កាត់​សង្គ្រាម​និង​លើក​កម្ពស់​សន្តិភាព​​ក្នុង​ពិភព​លោក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ