អានតួអត្ថបទ
អ៊ីរ៉ង់-អាមេរិក-នុយក្លេអ៊ែរអ៊ីរ៉ង់

អ៊ីរ៉ង់​ចង់​​ឲ្យ​​អាមេរិក​​ធានា​​ថា​​នឹង​​មិន​​ដក​​ខ្លួន​​ចេញ​​ពី​​កិច្ច​ព្រមព្រៀង​​នុយក្លេអ៊ែរ​​ជាថ្មី

ប្រទេស​អ៊ីរ៉ង់​ នៅថ្ងៃចន្ទ ទី៨ វិច្ឆិកា​ បាន​ទាមទារឲ្យ​អាមេរិក​ធានាអះអាងថា​នឹង​មិន​ដក​ខ្លួន​ជាថ្មីទៀតនោះទេ​ចេញ​ពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥​ ប្រសិនបើ​ការ​ពិភាក្សា​សង្គ្រោះកិច្ច​ព្រមព្រៀងនេះ​ទទួលបាន​ជោគជ័យ​។ ក្រៅពីនេះ​ ទីក្រុង​តេហេរ៉ង់បាន​ព្រមាន​ដែរថា​ដើម្បី​បង្ហាញពី​ឆន្ទៈ​ចង់​ចរចា​ អាមេរិក​ត្រូវ​តែ​ដក​ចេញទណ្ឌកម្ម​ទាំងអស់ដែលដាក់លើ​អ៊ីរ៉ង់​។

ប្រធានាធិបតីអ៊ីរ៉ង់លោកអេប្រាហ៊ីម រ៉ៃស៊ី ធ្វើទស្សនកិច្ចនៅរោងចក្រថាមពលនុយក្លេអ៊ែរ Bushehr នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១។
ប្រធានាធិបតីអ៊ីរ៉ង់លោកអេប្រាហ៊ីម រ៉ៃស៊ី ធ្វើទស្សនកិច្ចនៅរោងចក្រថាមពលនុយក្លេអ៊ែរ Bushehr នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១។ via REUTERS - OFFICIAL PRESIDENTIAL WEBSITE
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ប្រកាស​ជំហរ​ចង់​បន្ត​កិច្ច​ចរចា​នុយក្លេអ៊ែរ​ ប្រទេស​អ៊ីរ៉ង់​បាន​ប្រកាស​ទាមទារ​ឲ្យទីក្រុង​វ៉ាស៊ីនតោន​ធានាបញ្ជាក់​ថា​គ្មាន​រដ្ឋាភិបាល​អាមេរិកណា​ផ្សេង​ទៀត​នឹង​មិន​ទទួល​ស្គាល់​កិច្ចព្រមព្រៀងនឹងគ្នា​ឬក៏ច្បាប់​អន្តរជាតិ​នោះទេ​។ ហើយ​រឿងរ៉ាវ​កន្លងមក​ក៏​នឹង​មិន​កើត​ឡើងជាថ្មី​ម្តង​ទៀត​ដែរ​។

ពាក្យ​សម្តី​ខាងលើនេះ​គឺទីក្រុងតេហេរ៉ង់​ចង់បង្ហាញពីការមិនទុកចិត្ត​លើ​រដ្ឋាភិបាល​អាមេរិក​ដែល​កាលពី​សម័យ​ដឹកនាំ​របស់​លោក​ដូណាល់ ត្រាំ​ បាន​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរអ៊ីរ៉ង់​។

ក្រោយ​ជាប់គាំងតាំង​ខែមិថុនា​ ឆ្នាំ២០២១មក​ ការពិភាក្សា​ដើម្បី​ស្រោចស្រង់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែររវាង​អ៊ីរ៉ង់​ និង​ប្រទេស​មហាអំណាចផ្សេងទៀត​គ្រោង​នឹង​ចាប់​ផ្តើមឡើង​វិញ​ក្នុង​ទីក្រុងវីយែន​ប្រទេសអូទ្រីស​នាថ្ងៃទី២៩ ខែវិច្ឆិកាខាងមុខ​។

អ្នកនាំពាក្យ​ក្រសួងការបរទេសអ៊ីរ៉ង់​ លោក សេដ ខាទីហ្សាដេហ្វ (Said Khatibzadeh) បាននិយាយថា​អាមេរិក​ត្រូវតែ​លុបចោល​ទណ្ឌកម្មទាំងអស់​ដែល​ដាក់លើទីក្រុង​តេហេរ៉ង់ ក្រោយ​ពេលដើរ​ចេញពីកិច្ច​ព្រមព្រៀង​កាលពីឆ្នាំ ២០១៨​។ ហើយ​វ៉ាស៊ីនតោន​ក៏ត្រូវ​ទទួល​ស្គាល់​ផងដែរ​នូវកំហុសរបស់ខ្លួន​ក្នុងការដើរចេញ​ពីកិច្ចព្រមព្រៀង​។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់​រូបនេះ​បានសង្កត់ធ្ងន់ទៀតថា​ដំណើរការ​នៃកិច្ចចរចា​ទៅមុខ​ឬថយក្រោយ​គឺអាស្រ័យទៅនឹង​ការ​ដកទណ្ឌកម្ម​របស់​អាមេរិក​។

គួររំឭកថា​ សហរដ្ឋអាមេរិក​ក្រោមការ​ដឹកនាំរបស់​លោកដូណាល់ ត្រាំ បាន​សម្រេច​ដក​ខ្លួន​ជា​ឯកតោភាគី​ចេញពី​កិច្ចព្រមព្រៀងនុយក្លេអ៊ែរ​អ៊ីរ៉ង់ឆ្នាំ ២០១៥​ និងបន្ទាប់មកទៀត​បាន​ដាក់​ទណ្ឌកម្ម​យ៉ាងធ្ងន់ធ្ងរ​លើអ៊ីរ៉ង់រួមទាំង​ការ​ហាមឃាត់​ជា​ឯកតោភាគី​លើ​ការ​នាំចេញ​ប្រេង​របស់​អ៊ីរ៉ង់ផង​។ ជាការឆ្លើយតប​ នៅឆ្នាំ២០១៩​ អ៊ីរ៉ង់​បាន​ចាប់​ផ្តើម​លែង​គោរព​តាម​លក្ខន្តិកៈ​តឹងរ៉ឹង​ដែលមានចែង​នៅក្នុង​កិច្ចព្រមព្រៀង​ និង​បែរងាក​ទៅ​បង្កើន​ការ​ចម្រើន​សារធាតុអ៊ុយរ៉ានីញ៉ូម​។

លោកប្រធានាធិបតីអាមេរិកចូ បៃដិន​ ដែល​បាន​ចូលកាន់តំណែង​នៅ​សេតវិមាន​ក្នុងខែ​មករា​ ឆ្នាំ២០២១​ សង្ឃឹមថា​នឹង​អាច​ត្រលប់ទៅកាន់​កិច្ចព្រមព្រៀងឆ្នាំ​២០១៥ វិញ​។ ក៏ប៉ុន្តែ​ភាគី​អ៊ីរ៉ង់​បាន​ព្រលយ​ជាមុន​ច្រើនដង​រួចហើយថា​វ៉ាស៊ីនតោន​ត្រូវតែ​ដក​ទណ្ឌកម្ម​ទាំងអស់​ដែល​ដាក់​លើ​តេហេរ៉ង់ ​បើពិតជា​ចង់​ពិភាក្សា​ស្តារ​កិច្ច​ព្រមព្រៀងនឹង​គ្នា​មែននោះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ