អានតួអត្ថបទ
នុយក្លេអ៊ែរអ៊ីរ៉ង់

អាមេរិកចោទប្រកាន់អ៊ីរ៉ង់ថា​ជាអ្នកធ្វើឲ្យការចរចានុយក្លេអ៊ែរ រាំងស្ទះ

អាមេរិក​បាន​ចោទប្រកាន់​អ៊ីរ៉ង់​ថា បាន​ព្យាយាម​រារាំង​មិន​ឲ្យ​ការចរចាស្តីពី​សំណុំរឿង​នុយក្លេអ៊ែរ​បោះជំហាន​ទៅមុខ។ តាម​អ្នកទទួលខុសត្រូវ​អាមេរិកម្នាក់ ដែល​បាននិយាយ​ប្រាប់ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP អ៊ីរ៉ង់​គ្មាន​ចេតនា​ចង់​ចរចាពិតប្រាកដ​ដើម្បីស្រោចស្រង់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ប៉ុន្តែ ជាមួយ​គ្នានោះ អ៊ីរ៉ង់ នៅ​តែ​សកម្ម បន្តអភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​យោធារបស់ខ្លួន ដែលនេះ​ជារឿង​ដែលអាមេរិក មិនអាចទទួល​យកបាននោះទេ។ ដោយមិនបាននិយាយ​បិទផ្លូវ​ចរចា​ទាំងស្រុង មន្រ្តីអាមេរិក​បាន​ពន្លយ​ពី​ជម្រើស​ផ្សេងទៀត​របស់អាមេរិក​ដើម្បី​ដាក់សម្ពាធ​ឲ្យអ៊ីរ៉ង់ ត្រលប់​ទៅ​គោរពកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ឆ្នាំ ២០១៥។

ការចរចា​រវាងភាគីហត្ថលេខី​នៃកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អីរ៉ង់ បានបិទបញ្ចប់ទៅ​នៅថ្ងៃទី ៣ធ្នូ នៅទីក្រុង​វីយ៉ែនប្រទេស​អូទ្រីស ដោយគ្មានលទ្ធផលអ្វីទាំងអស់។
ការចរចា​រវាងភាគីហត្ថលេខី​នៃកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អីរ៉ង់ បានបិទបញ្ចប់ទៅ​នៅថ្ងៃទី ៣ធ្នូ នៅទីក្រុង​វីយ៉ែនប្រទេស​អូទ្រីស ដោយគ្មានលទ្ធផលអ្វីទាំងអស់។ REUTERS - EU DELEGATION IN VIENNA
ផ្សាយពាណិជ្ជកម្ម

ការចរចា​ក្នុង​គោលដៅ ស្រោចស្រង់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ចន្ទ នៅទីក្រុងវីយ៉ែន ប្រទេស​អូទ្រីស​បាន​បិទបញ្ចប់ កាលពីថ្ងៃ​សុក្រ ដោយ​គ្មាន​លទ្ធផល​អ្វី​ទាំងអស់។ អ្នកទទួលខុសត្រូវ​អាមេរិកម្នាក់ ដែល​តាមដាន​ការចរចា​នៅទីក្រុង​វីយ៉ែន ​ បាន​សំដែង ការខកចិត្ត និង​បាន​បន្ទោស​អ៊ីរ៉ង់​ថា កំពុង​យកជើងរាទឹក បន្ទុចបង្អាក់​មិន​ឲ្យ​ការចរចា​ដើម្បី​សង្រ្គោះ កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ អាច​បោះជំហាន​ទៅមុខ។ សម្រាប់មន្រ្តីអាមេរិកខាងលើ អាមេរិក​មិនអាច​ទទួលយកបានទេ ឥរិយាបទ​របស់​អ៊ីរ៉ង់ ដែល​ប៉ុនប៉ងពន្យារពេល​ចរចា​ផ្នែក​ការទូត ប៉ុន្តែ​ទន្ទឹមគ្នានោះ អ៊ីរ៉ង់​កំពុង​បង្កើន​សកម្មភាព អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ។

នៅក្រោយ អាមេរិក​ប្រកាស​ដកខ្លួន​ដោយ​ឯកតោភាគី នៅឆ្នាំ ២០១៨ អ៊ីរ៉ង់ ត្រូវ​បាន​ប្រទេស​ហត្ថលេខី​នៅ​អឺរ៉ុប​ចោទប្រកាន់​ថា បាន​រំលោភ កិច្ចព្រមព្រៀង នុយក្លេអ៊ែរ អ៊ីរ៉ង់។ អ៊ីរ៉ង់​បាន​ត្រលប់​ទៅ​អភិវឌ្ឍបង្កើន​ម៉ាស៊ីន​ប្រតិករ ​និង​ចម្រើនសារធាតុ​អ៊ុយរ៉ាញ៉ូម ក្នុងបរិមាណ​ច្រើន ដែល​ផ្ទុយពីការចែង​ក្នុងកិច្ចព្រមព្រៀង។

ការចរចា​ហាក់មិន​បោះជំហានទៅមុខ។ ជាងពេលណាៗ​ទាំងអស់ អាមេរិកហាក់អស់មានភាពអត់ធ្មត់ ដើម្បី​បន្តការចរចា ដើម្បីស្រោចស្រង់​កិច្ចព្រមព្រៀង នុយក្លេអ៊ែរ​អ៊ីរ៉ង់។ នៅ​ខែ​តុលា​កន្លងទៅ រដ្ឋបាល​អាមេរិក​ធ្លាប់​បាន​ព្រមាន​ប្រើ​ជម្រើសថ្មី​ក្រៅពី​ការចរចាផ្លូវទូត ដើម្បី​ដាក់សម្ពាធ​លើ​អ៊ីរ៉ង់។ អាមេរិក​បាន​ពន្លយ​ពី​ជម្រើស​ ផ្លូវដើរ​មួយទៀត​ ដែលអាច​ជា​ការប្រើកម្លាំងយោធា។

ប្រឈម​នឹង​ការគំរាម​ប្រើកម្លាំងយោធា អ៊ីរ៉ង់ បាន​ពង្រឹង​ប្រព័ន្ធការពារ​ដែនអាកាស​របស់ខ្លួន។ នៅថ្ងៃ​អាទិត្យ កងទ័ព​អ៊ីរ៉ង់​បាន​បាញ់​សាកល្បង​មីស៊ីល​ដែនអាកាស នៅ​ក្បែរ​រោងចក្រ​ចម្រើន​សារធាតុ​អ៊ុយរ៉ាញ៉ូមមួយ នៅ​ទីក្រុង​Badroud។ សម្រាប់​អ្នកនាំពាក្យ​របស់​កងទ័ពអ៊ីរ៉ង់ ការបាញ់មីស៊ីល ធ្វើឡើង​ដើម្បី ធ្វើតេស្ត​សាកល្បង​ភាពរឹងមាំ ប្រព័ន្ធការពារ​ដែនអាកាស ដែល​គ្របដណ្តប់​តំបន់​ដែលមាន​រោងចក្រ នុយក្លេអ៊ែរ។

អ៊ីស្រាអែល​ផ្ទាល់​ដែលជា​សត្រូវសួរពូជ​របស់​អ៊ីរ៉ង់ និង​ធ្លាប់​បានរិះគន់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ឆ្នាំ ២០១៥ ធ្លាប់បាន​និយាយ​ជាច្រើនដងថា នឹង​ប្រើ​គ្រប់មធ្យោបាយ រារាំង​មិន​ឲ្យអ៊ីរ៉ង់​អភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ ដែល​អ៊ីស្រាអែល​ចោទប្រកាន់ថា ធ្វើឡើង​ក្នុង​គោលដៅ ផលិតគ្រាប់បែកនុយក្លេអ៊ែរ ដែលគ្រោះថ្នាក់គំរាមកំហែងខ្លាំង សម្រាប់​អ៊ីស្រាអែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ