អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

គម្រោង​​បំពង់​​បង្ហូរ​​ឧស្ម័ន​​Nord Stream 2​ក្លាយ​​ជា​​ចំណុច​​រស៊ើប​​​ក្នុង​វិបត្តិ​រុស្ស៊ី​-​អ៊ុយ​ក្រែន

ចុះផ្សាយ​នៅ​ថ្ងៃ៖

វិបត្តិ​អ៊ុយក្រែនបាន​បញ្ឆេះ​ឲ្យ​ទីក្រុង​ម៉ូស្គូ និង​បស្ចិមលោក​ប៉ះ​ទង្គិច​សំដី​គ្នា​ច្រើន​នា​មួយ​រយៈពេល​ចុង​ក្រោយ​នេះ​។ ខណៈ​ព្រមាន​រុស្ស៊ី​ពី​ផល​វិបាក​ផ្នែក​នយោបាយ​និង​ការ​ខាត​បង់​ផ្នែក​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ក្នុងករណីឈ្លានពាន​អ៊ុយក្រែន​ សហភាព​អឺរ៉ុប​កំពុង​ពិចារណា​ផងដែរ​ចំពោះ​ការពឹងផ្អែក​របស់​ខ្លួន​លើប្រេង​និង​ឧស្ម័ន​របស់​រុស្ស៊ី​។

វិបត្តិរស្ស៊ី-អ៊ុយក្រែន បានបង្វែរឲ្យគេចាប់អារម្មណ៍ជាខ្លាំងឡើងវិញចំពោះគម្រោង Nord Stream 2 ដ៏ចម្រូងចម្រាស ក្រោយពីអាមេរិកគំរាមបិទផ្លូវគម្រោងនេះ។
វិបត្តិរស្ស៊ី-អ៊ុយក្រែន បានបង្វែរឲ្យគេចាប់អារម្មណ៍ជាខ្លាំងឡើងវិញចំពោះគម្រោង Nord Stream 2 ដ៏ចម្រូងចម្រាស ក្រោយពីអាមេរិកគំរាមបិទផ្លូវគម្រោងនេះ។ Tobias SCHWARZ / AFP
ផ្សាយពាណិជ្ជកម្ម

ភាព​តានតឹង​ដែល​កើត​ឡើង​ពី​ការ​បង្កើន​កងទ័ព​រុស្ស៊ី​នៅតាម​ព្រំដែនអ៊ុយក្រែន​ នៅតែជា​បច្ចុប្បន្ន​ភាព​ដ៏​ក្តៅ​គគុក​។ វិបត្តិរស្ស៊ី​-អ៊ុយក្រែន​ បាន​បង្វែរ​ឲ្យ​គេ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ឡើង​វិញ​ចំពោះ​គម្រោង​ Nord Stream 2​ ដ៏​ចម្រូង​ចម្រាស ​ក្រោយពី​អាមេរិក​គំរាម​បិទ​ផ្លូវ​គម្រោង​នេះ​។

តើ​គម្រោង​បំពង់​បង្ហូរ​ឧស្ម័ន​ Nord Stream 2 ជា​អ្វី​?

Nord Stream 2​ ដែលជា​គម្រោង​បំពង់​បង្ហូរឧស្ម័ន​ក្រោមបាតសមុទ្រ​បាល់ទិក​ប្រវែង​ ១២០០ គីឡូ​ម៉ែត្រ​របស់​រុស្ស៊ី​ បង្កើត​ឡើង​ដើម្បី​បញ្ជូន​បង្ហូរ​ឧស្ម័ន​ពី​តំបន់​ស៊ីបេរី​ទៅ​ប្រទេស​អាល្លឺម៉ង់​។ គម្រោង​តម្លៃ​ប្រមាណ ១១,៥ ពាន់លាន​ដុល្លារនេះ​ (១០ពាន់លាន​អឺរ៉ូ) គឺជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុនឧស្ម័ន​ Gazprom ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​រុស្ស៊ី​។

ទោះ​បាន​បញ្ចប់​ក្នុង​ខែ​កញ្ញា​ឆ្នាំ ២០២១​ហើយក្តី​ តែ​គម្រោង​ Nord Stream 2 នៅ​មិន​ទាន់​ចាប់​ផ្តើម​បង្ហូរ​ឧស្ម័ន​ចេញ​នៅឡើយទេ​ ដោយសារ​តែ​ត្រូវ​រង់​ចាំ​ការ​អនុញ្ញាតពី​សហភាព​អឺរ៉ុប​។ ប្រសិនបើគម្រោងនេះ​ ទទួលបាន​ភ្លើងខៀវពី​ទីក្រុងព្រុចសែល​ វា​នឹង​អាច​បង្ហូរឧស្ម័ន​បាន​ដល់ ៥៥ ពាន់​លាន​ម៉ែត្រ​គូប​ ទៅកាន់ប្រទេស​អាល្លឺម៉ង់​ជា​រៀងរាល់ឆ្នាំ​។ យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ អាល្លឺម៉ង់ DW​ សេចក្តី​សម្រេច​ចុង​ក្រោយ​នឹង​មិនអាចកើត​ឡើង​នោះទេ​មុន​ពាក់​កណ្តាល​ឆ្នាំ​២០២២​នេះ​។

ក៏ប៉ុន្តែ ​វិបត្តិ​ការទូត​រវាង​បស្ចិមលោកនិង​រុស្ស៊ី​ទាក់ទង​សំណុំ​រឿង​អ៊ុយ​ក្រែន​ កំពុង​បង្ក​ជា​ភាព​ស្មុគស្មាញ​ដល់​អនាគត​នៃ​គម្រោង​បំពង់​បង្ហូរ​ប្រេង​របស់​រុស្ស៊ី​ទៅអាល្លឺម៉ង់​នេះ​។ ប្រសិន​បើ​រុស្ស៊ី​ហ៊ានតែ​ចូលឈ្លានពានអ៊ុយក្រែន​ នោះ​ការ​សម្រេ​ចបញ្ឈប់​គម្រោង​ Nord Stream 2 នឹង​ជា​ផ្នែកមួយនៃយុទ្ធសាស្ត្រ​នយោបាយ​ ឬ​យោធា​របស់​សហភាពអឺរ៉ុប​”។ នេះ​បើ​តាម​អ្នក​ស្រី Anna Creti ប្រធាន​នាយកដ្ឋានសេដ្ឋកិច្ច​អាកាសធាតុ​នៃ​សាកល​វិទ្យាល័យ Paris Dauphine និយាយ​ក្នុង​បទសម្ភាសន៍​ជាមួយ​ FRANCE 24​។

យ៉ាងណា​ក៏ដោយ​ អ្នក​ស្រី Anna ថា​សេចក្តីសម្រេច​នេះ​មិន​អាច​ធ្វើឡើង​ដោយ​ឯក​តោ​ភាគី​បាននោះទេ​។ ដោយសារនេះ​ជា​គម្រោងរួម​ ដូច្នោះវា​ត្រូវ​ការ​ការព្រមព្រៀង​គ្នា ​រវាង​ក្រុម​ហ៊ុន​ពាក់ព័ន្ធ​ទាំង​អស់​រួមមាន​ក្រុមហ៊ុន​ថាមពល​រុស្ស៊ី​ អាល្លឺម៉ង់​ ហូឡង់​ និង​បារាំង​។

បញ្ហាNord Stream 2ជាសញ្ញាបញ្ជាក់ថាការ​​ផ្គត់ផ្គង់ឧស្ម័ននៅអឺរ៉ុបមានហានិភ័យ?

គម្រោង​ Nord Stream 2 ត្រូវ​បាន​គេមើលឃើញថា​ជាអាវុធ​ដែល​លោកខាងលិច​ ទុក​គម្រាម​ប្រឆាំងនឹងរុស្សី​ និងដើម្បី​បង្ហាញ​លោកពូទីន​ ថាការ​ឈ្លានពានលើអ៊ុយក្រែន​ ទីក្រុងម៉ូស្គូ ត្រូវ​ប្រឈម​នឹង​ត្រូវ​ខាតបង់​ធ្ងន់ធ្ងរ​។

ជាការពិត​ គម្រោង​បំពង់​បង្ហូរ​ឧស្ម័ន​ មានសារៈសំខាន់​សម្រាប់រុស្ស៊ី​ ពីព្រោះ​វា​អាច​បង្ហូរ​បញ្ជូន​ឧស្ម័ន​ដោយ​ផ្ទាល់ទៅកាន់​អឺរ៉ុប និង​កាត់​បន្ថយ​ថ្លៃ​ចំណាយ​លើការ​ផ្គត់ផ្គង់​ដឹក​បញ្ជូន ​តាម​រយៈ​អ៊ុយក្រែន​។ ដូច្នោះ ទណ្ឌកម្មលើគម្រោង​មួយនេះ​ នឹង​ធ្វើ​ឲ្យ​រុស្ស៊ីខាតបង់​ចំណូល​។

ក៏ប៉ុន្តែ​ តើ​អឺរ៉ុប​ដែល​ពឹងផ្អែក​លើប្រេង​ និង​ឧស្ម័ន​របស់​រុស្ស៊ី​ មិន​រង​ផលប៉ះពាល់ទេឬ​ ប្រសិន​បើ​គម្រោង​ Nord Stream 2 ត្រូវបាន​បញ្ឈប់​?

យោងតាម​ Eurostat​ ក្នុងឆ្នាំ២០១៩ ជាង​ពាក់​កណ្តាល​ឬស្មើនឹង៦១% នៃ​តម្រូវការ​ថាមពល​របស់​សហភាព​អឺរ៉ុប​ត្រូវ​បាន​ផ្គត់ផ្គង់​ដោយការ​នាំចូល​។ ហើយប្រមាណ ​៣៥% ​នៃ​ឧស្ម័ន​ប្រើ​ប្រាស់​ក្នុង​សហភាព​អឺរ៉ុប​មាន​ប្រភពចេញ​មក​ពីប្រទេស​រុស្ស៊ី​។

ប្រសិន​បើ​អឺរ៉ុប​ ផ្តាច់​ខ្លួន​ចេញពី​ឧស្ម័ន​រុស្ស៊ី​តើ​អឺរ៉ុប​មាន​ជម្រើស​អ្វីផ្សេង​? អ្នកស្រី​ Anna Creti​ បាន​ឆ្លើយតបថា​ អាមេរិក​ដែល​ជា​ប្រទេស​នាំចេញ​ឧស្ម័ន​ធម្មជាតិ​ដ៏ធំ​បំផុត​ក្នុង​ពិភពលោក​ នឹង​ក្លាយជា​ជម្រើស​សម្រាប់​ពឹង​ផ្អែក​របស់​អឺរ៉ុប​។

ក្រោយ​បាន​គំរាម​រារាំង​គម្រោង​បំពង់បង្ហូរ​ឧស្ម័ន​ពីរុស្ស៊ី ទៅលើ​អាល្លឺម៉ង់​ ក្នុង​ករណី​លោក ពូទីន ហ៊ានតែសម្រេចចិត្ត​ចូលឈ្លានពាន​អ៊ុយក្រែន​ អាមេរិក​បាន​ស្វះ​ស្វែង​រក​ប្រភព​ផ្គត់ផ្គង់​ថាមពល​ផ្សេង​ក្រៅពីរុស្ស៊ី​សម្រាប់​អាល្លឺម៉ង់ ក៏ដូចជាសហភាព​អឺរ៉ុប​។ ជាក់ស្តែង កាលពី​សប្តាហ៍​មុន​ អាជ្ញាធរ​អាមេរិក​បានប្រកាស​ ថា​ពួកគេ​កំពុង​ចរចា​ជាមួយ​ប្រទេស​មួយ​ចំនួន​នៅ​មជ្ឈិម​បូព៌ា​ និង​អាហ្វ្រិក​ខាងជើង​ដើម្បី​បង្កើន​ការ​ចែកចាយ​ឧស្ម័ន​ទៅកាន់អឺរ៉ុប​។

ជារួមមក​ អនាគត​នៃ​គម្រោង​ Nord Stream 2​ កំពុង​បន្ត​ស្ថិត​នៅ​ក្នុងភាព​ស្រពេច​ស្រពិល​នៅ​ឡើយ​ ខណៈ​ការ​ប៉ះទង្គិចពាក្យសំដី​គ្នារវាងទីក្រុងម៉ូស្គូ​ និង​លោកខាងលិច​នៅតែបន្ត​មាន​ជុំវិញសំណុំរឿងអ៊ុយក្រែន​។ បញ្ឈប់​ ឬ​បើក​ដំណើរការ​ Nord Stream 2 គឺ​ផ្អែក​ទាំង​ស្រុង​លើ​ស្ថានភាព​បច្ចុប្បន្ន​រវាង​រុស្ស៊ី​ និង​បស្ចិមលោក​ទាក់ទង​វិបត្តិ​អ៊ុយក្រែន​។ ហើយ​តាម​អ្នក​វិភាគ​ ឱកាស​នៃ​ការ​បន្ត​កិច្ចសហប្រតិបត្តិការ​លើ​គម្រោងបំពង់​បង្ហូរ​ឧស្ម័នរវាងអឺរ៉ុប​ និង​រុស្ស៊ី​មាន​ប្រូបាបប៊ីលីតេ​ ៥០/៥០​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ