អានតួអត្ថបទ
កាតា-ឧស្ម័ន

វិបត្តិអ៊ុយក្រែន៖ អាមេរិកត្រូវការប្រទេស​កាតាជំនួសរុស្ស៊ី​ក្នុងរឿងផ្គត់ផ្គត់ឧស្ម័ន​សម្រាប់អឺរ៉ុប

នៅក្រោយ​គំរាម​សម្លាប់គម្រោង​បំពង់បង្ហូរឧស្ម័ន​ពីរុស្ស៊ី ទៅលើ​អាល្លឺម៉ង់ Nord Stream 2​ក្នុងករណី​រុស្ស៊ី ចូលឈ្លានពាន​អ៊ុយក្រែន អាមេរិក​បានស្វែងរក​ប្រភពផ្គត់ផ្គង់ថាមពល​ផ្សេង ក្រៅពីរុស្ស៊ី សម្រាប់​អាល្លឺម៉ង់ ក៏ដូចជាសហភាព​អឺរ៉ុបដែលពឹងផ្អែកលើ​ឧស្ម័នរុស្ស៊ី។ កាតា​ដែលជា​ប្រទេស​នាំចេញឧស្ម័នធម្មជាតិ​ធំលេខ​២​ក្នុងពិភពលោក ត្រូវបានអាមេរិក​ប្រមើលមើលឃើញថា ជាជម្រើសសក្តិសម​សម្រាប់​ផ្គត់ផ្គង់ឧស្ម័ន​ដល់​អឺរ៉ុប ក្នុង​អំឡុងពេលដែល​រុស្ស៊ី ជាប់ទណ្ឌកម្ម មិនអាច​លក់​ឧស្ម័ន​ឲ្យ​អឺរ៉ុប។ នៅថ្ងៃ​ចន្ទ ទី​៣០​មករា ស្តេច​កាតា ​អេមៀ Tamim ben Hamad al-Thani​ត្រូវ​ធ្វើដំណើរ​ទៅទីក្រុង​វ៉ាស៊ីនតោន ដើម្បី ជួបពិភាក្សា​ទ្វេភាគី ជាមួយ ប្រធានាធិបតីអាមេរិក លោក​ចូ បៃដិន ពីសំណុំរឿងនេះ ហើយនិងសំណុំរឿង​តាលីបង់ នៅ​៥ខែ​ក្រោយ​អាមេរិក​ដកទ័ពទាំងស្រុង​ចេញពី​អាហ្វហ្កានីស្ថាន។

រូបថតនៅ​ឆ្នាំ ២០១៨​បង្ហាញ​កម្មករ​លាងសម្អាត​កន្លែង​ស្តុកប្រេង​របស់​កាតា នៅទីក្រុង​ដូហា
រូបថតនៅ​ឆ្នាំ ២០១៨​បង្ហាញ​កម្មករ​លាងសម្អាត​កន្លែង​ស្តុកប្រេង​របស់​កាតា នៅទីក្រុង​ដូហា AP - Kamran Jebreili
ផ្សាយពាណិជ្ជកម្ម

ទស្សនកិច្ច​របស់​ស្តេច​កាតា អេមៀ Tamim ben Hamad al-Thani​នៅ ​វ៉ាស៊ីនតោន មិនមែនជារឿង​ចៃដន្យឡើយ ព្រោះថា វា​ធ្វើឡើង​ក្នុង​កាលៈទេសៈ ដែល​អាមេរិក និង​សហភាពអឺរ៉ុប​កំពុង​ស្វះស្វែង​រក​ប្រភពផ្គត់ផ្គង់​ឧស្ម័ន ផ្សេង មក​ជំនួស​ឧស្ម័ន​របស់​រុស្ស៊ី នៅក្នុង​ករណី រុស្ស៊ី​ជាប់​ទណ្ឌកម្ម ដោយសារ​រឿង​ឈ្លានពាន​អ៊ុយក្រែន។

តាម​សេតវិមាន របៀបវារៈ​គោល​នៃ​ជំនួបទ្វេភាគី​ជាលើកទី១​រវាង​ប្រធានាធិបតីអាមេរិក ចូ បៃដិន និងស្តេច​កាតា​នៅទីក្រុង​វ៉ាស៊ីនតោន ផ្តោត​សំខាន់​ទៅលើ​ការប្រឹងប្រែង​ធានា​ស្ថិរភាពនៃ​ការផ្គត់ផ្គង់​ថាមពល​ក្នុង​ពិភពលោក។

តាមមន្រ្តីទូត​អឺរ៉ុប វ៉ាស៊ីនតោន​កំពុង​ទាក់ទង​ផងដែរ អូស្ត្រាលី ដើម្បីឲ្យ​បង្កើន​ការផលិត​ឧស្ម័ន​សម្រាប់​ជំនួស​ឧស្ម័ន​រុស្ស៊ី នៅទីផ្សារ​អឺរ៉ុប។

កាតា​ដែលមាន​ប្រជាជន​មិន​ដល់​៣លាននាក់ ជា​ប្រទេស​នាំចេញ​ឧស្ម័ន​ធម្មជាតិ ធំទី ២​ក្នុងពិភពលោក​បន្ទាប់ពីអាមេរិក។ នៅមុនជំនួប​នៅទីក្រុង​វ៉ាស៊ីនតោន អ្នកទទួល​ខុសត្រូវ​កាតា​ម្នាក់​បាន​និយាយប្រាប់ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP គេកំពុង​បន្ត​ចរចា ដើម្បី រកវិធី​បង្វែរ​ទិស​នៃ​ការផ្គត់ផ្គង់​ឧស្ម័ន​របស់​កាតា ចេញពីតំបន់​អាស៊ី មកអឺរ៉ុប ប្រសិន​បើរុស្ស៊ី សម្រេច​ផ្អាកលក់​បង្ហូរ​ឧស្ម័ន​ឲ្យប្រទេស​អឺរ៉ុប​ខាងលិច។

សព្វថ្ងៃ មួយភាគបី​នៃ​ឧស្ម័ន​ប្រើប្រាស់​ក្នុងរង្វង់​សហភាព​អឺរ៉ុប មាន​ប្រភព​មក​ពី រុស្ស៊ី ចំណែក​កាតា​បាន​ផ្គត់ផ្គង់​តែ​៥%​ប៉ុណ្ណោះ​នៃតម្រូវការ​សរុប​របស់​សហភាពអឺរ៉ុប។ ប៉ុន្តែ សម្រាប់​អ្នកជំនាញ កាតា​ដែលមាន​កិច្ចសន្យា​ផ្គត់ផ្គង់​ប្រេង​ក្នុងរយៈពេល​ជាមួយ​អតិថិជន​នៅអាស៊ី ដូចជា​ចិន កូរ៉េខាងត្បូង និង​ជប៉ុន មាន​សមត្ថភាព​មាន​កម្រិត ដើម្បី​ផ្គត់ផ្គង់​ឧស្ម័ន​ឲ្យអឺរ៉ុប ព្រោះថា កាតា គ្មាន​កន្លែងស្តុកធំ​ដូច​អារ៉ាប៊ី សាអូឌីត​នោះទេ។

ម្យ៉ាងបើសិន​កាតា​ បង្វែរ​ទិស លក់ឧស្ម័នពី​តំបន់អាស៊ី មួយរយៈ ដើម្បី​ជួយអឺរ៉ុប ដែលអាចជួបវិបត្តិខ្វះថាមពល ដោយសារ​វិបត្តិអ៊ុយក្រែន ប្រជាជន​នៅអឺរ៉ុប​ត្រូវ​ប្រឈម​នឹង​បញ្ហា​ថាមពល​ឡើង​ថ្លៃខ្ពស់​មួយកម្រិតថែមទៀត។

កាតា​អាច​ឆ្លើយតប​តាម​ការចង់​បានរបស់​អាមេរិក ដើម្បី ដោះស្រាយ​វិបត្តិខ្វះថាមពល នៅអឺរ៉ុប នៅក្នុង​កាលៈទេសៈ​ដែល​អាមេរិក និង​អឺរ៉ុប កំពុងតានតឹង​ជាមួយ​រុស្ស៊ី ជុំវិញ វិបត្តិអ៊ុយក្រែន។ នេះ​អាច​ជា​​ជោគជ័យ​ការទូត​ដ៏​ធំ​មួយទៀត​របស់កាតា ដែល​ធ្លាប់​ដើរ​តួនាទី​សំខាន់​នៅក្នុង​ការចរចា​រវាង​អាមេរិក ហើយនិង​ពួកតាលីបង់ ហើយនិង​ជួយ​អាមេរិកក្នុងរឿង ជម្លៀស​មនុស្ស​ចេញពី​អាហ្វហ្កានីស្ថាន។ អ្នកជំនាញវាយតម្លៃថា ដោយ​ទទួល​ជួបអេមៀ​របស់​កាតា​នៅសេតវិមាន លោកប្រធានាធិបតី​ចូ បៃដិន ទំនង​ចង់​ពិភាក្សា​រកផ្លូវ ដំណោះស្រាយ​បន្តទៀត សម្រាប់​អាហ្វហ្កានីស្ថាន ​បន្ទាប់ពី​អាមេរិក​សម្រេច​ដកកទ័ព ចេញ​ដោយ​ប្រថុចញ៉ុច នៅក្រោយ​ការចូលកាន់អំណាច​របស់​ពួកតាលីបង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ