អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ក្តីសង្ឃឹមនៃការមានចរាចរណ៍ផ្លូវអាកាសធម្មតាឡើងវិញជាប្រធានបទនៃពិព័រណ៍យន្តហោះក្នុងប្រទេសសិង្ហបុរី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រទេស​សិង្ហបុរី​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ពិព័រណ៍​យន្តហោះ​ប្រចាំ​ឆ្នាំ ២០២២ រយៈពេល ៤ថ្ងៃ​ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​អង្គារ ទី១៥ កុម្ភៈ​ដល់​ថ្ងៃ​សុក្រ ទី១៨ កុម្ភៈ។ ការ​មាន​ចរាចរណ៍​ផ្លូវអាកាស​ធម្មតា​ឡើង​វិញ​ជា​ក្តីសង្ឃឹម​នៃ​ពិព័រណ៍​យន្តហោះ​នៅ​អាស៊ី​ឆ្នាំ ២០២២។ គួរ​បញ្ជាក់​ថា កូវីដ១៩ បាន និង​កំពុង​បន្ត​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ផ្លូវអាកាស ពិសេស​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​សឹង​តែ​ទាំង​អស់​នៅ​ក្នុង​តំបន់​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង។

ក្តីសង្ឃឹមនៃការមានចរាចរណ៍ផ្លូវអាកាសធម្មតាឡើងវិញជាប្រធានបទនៃពិព័រណ៍យន្តហោះក្នុងប្រទេសសិង្ហបុរី។
ក្តីសង្ឃឹមនៃការមានចរាចរណ៍ផ្លូវអាកាសធម្មតាឡើងវិញជាប្រធានបទនៃពិព័រណ៍យន្តហោះក្នុងប្រទេសសិង្ហបុរី។ AFP - MOHD FYROL
ផ្សាយពាណិជ្ជកម្ម

ក្នុង​រយៈពេល​ជាង ២ឆ្នាំ​នៃ​វត្តមាន​ជំងឺ​កូវីដ១៩ និង​កូវីដ១៩ បំប្លែងខ្លួន វិស័យ​ដឹកជញ្ជូន​តាម​ផ្លូវអាកាស​ជា​វិស័យ​មួយ​ដែល​បាន​រងគ្រោះ​ខ្លាំង​ជាង​គេ ពិសេស​នៅ​អាស៊ីប៉ាស៊ីហ្វិក។ វិធានការ​បិទខ្ទប់​ប្រទេស​ដើម្បី​ទប់ស្កាត់​នឹង​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩ របស់​ប្រទេស​នីមួយៗ​បាន​ធ្វើ​ឲ្យ​ចរាចរណ៍​ផ្លូវអាកាស​ធ្លាក់​ចុះ​យ៉ាង​គំហុក។ ចំនួន​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស មិន​ថា​អ្នក​ទេសចរណ៍ អ្នកជំនួញ ឬ​អ្នក​ធ្វើ​ការ​មាន​តិចតួច ឬ​សឹង​តែ​គ្មាន​តែ​ម្តង។ រូបភាព​ដែល​គ្រប់​គ្នា​ធ្លាប់​បាន​ឃើញ និង​កំពុង​បន្ត​ឃើញ​នៅ​តាម​អាកាសយានដ្ឋាន​ក្នុង​ប្រទេស​ខ្លះ គឺ​យន្តហោះ​ចត​ចោល​ត្រៀបត្រា និង​ភាព​ស្ងាត់​ជ្រងំ​ប្រៀប​ដូច​ជា​អាកាសយានដ្ឋាន​ខ្មោច។

តើ​នៅ​ពេល​ណា​ទៅ​ទើប​ពិភពលោក​អាច​បិទបញ្ចប់​ទាំង​ស្រុង​នូវ​ជំងឺ​កូវីដ១៩ និង​កូវីដ១៩ បំប្លែងខ្លួន?។ គ្មាន​អ្នក​ណា​ម្នាក់​ហ៊ាន​ផ្តល់​ចម្លើយ​ជាក់​ច្បាស់​ចំពោះ​សំណួរ​នេះ​ទេ។ សព្វ​ថ្ងៃ​នេះ មាន​ប្រទេស​អាស៊ី​ខ្លះ ដូច​ជា​អូស្រា្តលី ថៃ ហ្វីលីពីន និង​កម្ពុជា​បាន​ចាប់​ផ្តើម​បើក​ទ្វារ​ទទួល​ភ្ញៀវ​បរទេស​ជា​ថ្មី មិន​ថា​អ្នក​ទេសចរណ៍ ឬ​អ្នក​ជំនួញ។ តែ​នៅ​មាន​ប្រទេស​អាស៊ី​ខ្លះ​ទៀត ដូច​យ៉ាង​ចិន និង​ជប៉ុន​កំពុង​បន្ត​អនុវត្តន៍​វិធានការ​បិទខ្ទប់​ដោយ​តម្រូវ​ឲ្យ​ធ្វើ​ចត្តាឡីស័ក​រយៈពេល ១៤ថ្ងៃ។ ក្តីសង្ឃឹម​របស់​ក្រុមហ៊ុន​អាកាសចរណ៍ និង​ក្រុមហ៊ុន​ផលិតយន្តហោះ​ដែល​បាន​ចូល​រួម​នៅ​ក្នុង​ពិធី​តាំង​ពិព័រណ៍​យន្តហោះ​នៅ​សិង្ហបុរី​ពេល​នេះ គឺ​ចង់​ឃើញ​ប្រទេសអាស៊ី​ទាំង​អស់​បើក​ព្រំដែន និង​លើក​វិធានការ​ធ្វើ​ចត្តាឡីស័ក​ចេញ​វិញ។

វិធានការ​បិទព្រំដែន និង​តម្រូវ​ឲ្យ​អ្នក​ដំណើរ​ធ្វើ​ចត្តាឡីស័ក​បាន​ធ្វើ​ឲ្យ​ចំនួន​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ធ្លាក់​ចុះ​យ៉ាង​គំហុក។ តាម​សមាគម​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក មាន​អ្នក​ដំណើរ​តែ ១៦លាន៧សែន​នាក់​ប៉ុណ្ណោះ​ដែល​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​តំបន់​បាន​ដឹក​ក្នុង​ឆ្នាំ ២០២១ ពោល​មាន​ប្រមាណ​តែ ៤,៤% នៃ​ចំនួន​អ្នក​ធ្វើ​ដំណើរ​សរុប​ក្នុង​ឆ្នាំ ២០១៩។ លោក​អាណាន់ ស្តានឡេ អ្នក​ទទួល​ខុស​ត្រូវ​ក្រុមហ៊ុន​ផលិតយន្តហោះ Aibus ប្រចាំ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​បាន​ថ្លែង​ដោយ​កត់សម្គាល់​ឃើញ​ថា នៅ​ពេល​ដែល​វិធានការ​បិទខ្ទប់​ត្រូវ​បាន​បន្ធូរបន្ធយ​នៅ​ក្នុង​ប្រទេស​អឺរ៉ុប និង​អាមេរិកខាងជើង ចរាចរណ៍​ផ្លូវអាកាស​បាន​ស្ទុះ​ឡើង​យ៉ាង​ខ្លាំង។

កំណត់សម្គាល់​របស់​លោក​អាណាន់ ស្តានឡេ​ក៏​បាន​ទទួល​ស្គាល់​ដោយ​ក្រុម​អ្នក​អាជីព​អាកាសចរណ៍​ទូទៅ​ដែរ។ សម្រាប់​ពួក​គេ ប្រទេស​អាស៊ី​ទាំង​អស់​នៅ​ក្នុង​តំបន់​ត្រូវ​បោះបង់​វិធានការ​បិទខ្ទប់ និង​សម្រេច​សម្របខ្លួន​រស់នៅ​ជាមួយ​កូវីដ១៩។ ការ​អំពាវនាវ​ដូច​គ្នា​នេះ​ក៏​មាន​ពី​លោក​អាឡិច ហ្វៀលម៉ាន់ អ្នក​ទទួល​ខុស​ត្រូវ​ក្រុមហ៊ុន​ផលិត​យន្តហោះ Boeing ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍។ តែ​អ្នកវិភាគ​ម្នាក់​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​លោក​ស្ហ៊ូក័រ យូសូហ្វ​បាន​យល់​ឃើញ​ថា ការ​មាន​ចរាចរណ៍​ផ្លូវអាកាស​ប្រក្រតី​ឡើង​វិញ​ប្រហែល​នៅ​មិន​ទាន់​អាច​ចាប់​ផ្តើម​នា​ដើម​ឆ្នាំ ២០២២ នេះ​ទេ ព្រោះ​នៅ​មាន​ឧសគ្គ​ជា​ច្រើន​ទៀត​ដែល​ក្រុមហ៊ុន​អាកាសចរណ៍​ត្រូវ​ដោះស្រាយ។

ពិត​ណាស់ ព្រឹត្តិការណ៍​តាំង​ពិព័រណ៍ ដូច​ជា​ពិព័រណ៍​យន្តហោះ​ក្នុង​ប្រទេស​សិង្ហបុរី​ពេល​នេះ​ជា​ឱកាស​ដ៏​កម្រ​មួយ​សម្រាប់​ការ​ជួបជុំ​ដោយ​ផ្ទាល់​រវាង​ក្រុម​អ្នក​ប្រកបអាជីព​ដូច​គ្នា ពិសេស​រវាង​ក្រុមហ៊ុន​អាកាសចរណ៍ និង​ក្រុមហ៊ុន​ផលិត​យន្តហោះ។ គឺ​នៅ​ក្នុង​ឱកាស​នោះ​ឯង​ដែល​ក្រុមហ៊ុន​ផលិត​យន្តហោះ​អាច​ទទួល​បាន​ការ​កម្ម៉ង់ទិញ​ថ្មីៗ​ទៀត​ពី​អតិថិជន​របស់​ខ្លួន ហើយ​គឺ​នៅ​ក្នុង​ឱកាស​ដដែល​នេះ​ឯង​ដែល​ក្រុមហ៊ុន​អាកាសចរណ៍​អាច​ដឹង​នូវ​ផលិត​ថ្មី និង​ទទួល​បាន​នូវ​តម្លៃ​ពិសេស។ ទោះ​ជា​យ៉ាង​នេះ​ក្តី និង​អ្វី​ដែល​គេ​កំពុង​សម្លឹង​ឃើញ​នៅ​ចំពោះ​មុខ​ពេល​នេះ គឺ​ការ​បន្ត​អូសជើង​របស់​វិស័យ​ដឹកជញ្ជូន​ផ្លូវអាកាស​នៅ​ក្នុង​វិបត្តិ​កូវីដ១៩។

ជាកស្តែង ចំនួន​អ្នក​ចូលរួម​នៅ​ក្នុង​ពិព័រណ៍​យន្តហោះ​ឆ្នាំ ២០២២ មាន​ប្រមាណ​តែ ៦០០នាក់​ប៉ុណ្ណោះ ពោល​តិច​ជាង​ឆ្នាំ ២០២០ ដែល​មាន​ដល់​ទៅ​ជាង ៩០០នាក់។ មួយ​វិញ​ទៀត ប្រឈម​នឹង​កំណើន​ឆ្លង​កូវីដ១៩ នៅ​សិង្ហបុរី​សព្វថ្ងៃ អ្នក​ចូលរួម​ត្រូវ​ធ្វើ​តេស្តិ៍​រក​កូវីដ១៩ ជា​រៀង​រាល់​ថ្ងៃ​ក្នុង​រយៈពេល ៤ថ្ងៃ​នៃ​ការ​តាំង​ពិព័រណ៍។ ចំណែក​មហាជន​ទូទៅ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលរួម​មើល​ផ្ទាល់​នៅ​ក្នុង​ការ​ហោះ​សាកល្បង​នូវ​យន្តហោះ​របស់​ក្រុមហ៊ុន​ផលិត​យន្តហោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ