អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីបានជាតំបន់អាស៊ីអាគ្នេយ៍ចង់ងាកទៅរកថាមពលនុយក្លេអ៊ែរឡើងវិញ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រឈម​នឹង​តម្លៃ​ប្រេង​ឡើង​ថ្លៃ និង​តម្រូវការ​ថាមពល​កើន​ឡើង សមាជិក​អាស៊ាន​ចំនួន ៣ប្រទេស​នៅ​អាស៊ីអាគ្នេយ៍ គឺ​ឥណ្ឌូណេស៊ី វៀតណាម និង​ហ្វីលីពីន​ចង់​គិតគូរ​ឡើង​វិញ​លើ​ថាមពល​បាន​ពី​នុយក្លេអ៊ែរ។ តែ​ក្រុម​អ្នកជំនាញ​ហាក់​មិន​សូវ​មាន​សុទិដ្ឋិនិយម និង​បាន​លើក​ឡើង​នូវ​បញ្ហា​ប្រឈម​មួយ​ចំនួន។ គួរ​បញ្ជាក់​ថា​បច្ចុប្បន្ន​នេះ ថាមពល ៨០% នៅ​អាស៊ីអាគ្នេយ៍​បាន​មក​ពី​ការ​ប្រើ​ប្រេង និង​ធ្យូងថ្ម​ដែល​សុទ្ធសឹង​ជា​វត្ថុធាតុដើម​បញ្ចេញ​ឧស្ម័ន​កាបូនិក។

ភ្នាក់ងារសន្តិសុខ​យាម​នៅ​មជ្ឈមណ្ឌលនុយក្លេអ៊ែរ Bataan ក្នុង​ប្រទេស​ហ្វីលីពីន។
ភ្នាក់ងារសន្តិសុខ​យាម​នៅ​មជ្ឈមណ្ឌលនុយក្លេអ៊ែរ Bataan ក្នុង​ប្រទេស​ហ្វីលីពីន។ AFP - TED ALJIBE
ផ្សាយពាណិជ្ជកម្ម

សព្វថ្ងៃ​នេះ​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ គេ​នៅ​មិន​ទាន់​ឃើញ​មាន​ដាក់​ឲ្យ​ដំណើរការ​នូវ​ម៉ាស៊ីនប្រតិកម្ម​នុយក្លេអែរ​ស៊ីវិល​ណា​មួយ​នៅ​ឡើយ​ទេ។ ក៏​ប៉ុន្តែ អ្វីៗ​អាច​នឹង​ផ្លាស់ប្តូរ​នា​ពេល​ខាង​មុខ ព្រោះ​តាំង​ពី​ដំណាច់​ខែ​ឧសភា​មក ប្រទេស​ឥណ្ឌូណេស៊ី វៀតណាម និង​ហ្វីលីពីន​បាន​បញ្ជាក់​ពី​បំណង​ចង់​មាន​ថាមពល​បាន​មក​ពី​នុយក្លេអ៊ែរ។ មាន​កម្មវត្ថុ​សំខាន់​ចំនួន​ពីរ​ដែល​បញ្ជាក់​ពី​បំណង​នេះ ទី១ ដើម្បី​ឆ្លើយ​តប​នឹង​កំណើន​តម្រូវការ​ថាមពល និង​ទី២ ដើម្បី​កាត់​បន្ថយ​ការ​ពឹង​លើ​ថាមពល​ផូស៊ីល ឬ​ថាមពល​បាន​មក​ពី​ការ​ប្រើ​ប្រេង និង​ធ្យូងថ្ម។

គួរ​បញ្ជាក់​ថា តម្រូវការ​ថាមពល​នៅ​តំបន់​អាស៊ីអាគ្នេយ៍​មាន ៤០% បាន​នាំ​ចូល។ ប្រេង​ត្រូវ​បាន​តំបន់​អាស៊ីអាគ្នេយ៍​ទិញ​ច្រើន​ពី​តំបន់​មជ្ឈិមបូព៌ា ហើយ​ធ្យូងថ្ម​ត្រូវ​បាន​តំបន់​អាស៊ីអាគ្នេយ៍​ពឹង​លើ​ប្រទេស​អូស្រា្តលី។ ថាមពល​ដែល​អាស៊ីអាគ្នេយ៍​មាន​សព្វថ្ងៃ មាន ៨០% ជា​ថាមពល​បាន​មក​ពី​ការ​ប្រើ​ប្រេង និង​ធ្យូង​ថ្ម។ រីឯ ២០% ជា​ថាមពល​ស្អាត ឬ​កកើត​ឡើង​វិញ ពិសេស​ថាមពល​បាន​ពី​ទំនប់វារីអគ្គិសនី។ អ៊ីចឹង​ហើយ​បាន​ជា​នៅ​ពេល​នេះ និង​ក្នុង​បរិបទ​សព្វថ្ងៃ ថាមពល​នុយក្លេអ៊ែរ​កំពុង​ក្លាយ​ជា​ថាមពល​ដែល​គ្រប់​គ្នា​កំពុង​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។

នៅ​ឥណ្ឌូណេស៊ី សេចក្តីព្រាងច្បាប់​ថ្មី​មួយ​ត្រូវ​បាន​បង្ហាញ​ចេញ​កាល​ពី​ដើម​ខែ​មិថុនា​ដើម្បី​ឈាន​ទៅ​បំពាក់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ទី១ នៅ​ឆ្នាំ ២០៤៥។ តាម​រយៈ​សេចក្តីព្រាងច្បាប់​មួយ​នេះ ឥណ្ឌូណេស៊ី​គ្រោង​បង្កើត​ចេញ​នូវ​ស្ថាប័ន​មួយ​សម្រាប់​ត្រួតពិនិត្យ​លើ​ការ​អភិវឌ្ឍន៍ និង​ដំណើរការ​របស់​មជ្ឈមណ្ឌល។ នៅ​វៀតណាម រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម និង​កសិកម្ម​លោក​ង្វៀន ហុង ហ្សៀន​បាន​ថ្លែង​នៅ​ក្នុង​សភា​កាល​ពី​ដំណាច់​ខែ​ឧសភា​ថា ការ​អភិវឌ្ឍន៍​ថាមពលនុយក្លេអ៊ែរ​ជា​និន្នាការ​មួយ​មិន​អាច​ខ្វះ​បាន។ តាម​ពិត​ក្នុង​ឆ្នាំ ២០១៦ វៀតណាម​ធ្លាប់​មាន​គម្រោង​សាងសង់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ចំនួន ២ ដែល​សាងសង់​ដោយ​ក្រុមហ៊ុន​រុស្ស៊ី និង​ជប៉ុន។

តែ​កាលណោះ និង​ដោយ​មាន​បញ្ហា​ថវិកា រៀតណាម​ក៏​បាន​ព្យួរ​គម្រោង​នោះ​វិញ​ដោយ​មិន​បាន​បោះបង់​ចោល​ទាំង​ស្រុង​ទេ។ គឺ​គម្រោង​នេះ​ដដែល​ដែល​រដ្ឋាភិបាល​ក្រុង​ហាណូយ​អាច​គិតគូរ​មើល​ឡើង​វិញ។ តាម​លោក​ង្វៀន ហុង ហ្សៀន វៀតណាម​មិន​អាច​បន្ត​ពង្រីក​បន្ថែម​នូវ​មជ្ឈមណ្ឌល​អគ្គិសនី​ប្រើ​ធ្យូង​ថ្ម​បាន​ទៀត​ទេ ខណៈ​ដែល​ថាមពល​បាន​ពី​ទំនប់​វារីអគ្គិសនី​មាន​កម្រិត និង​ចំ​ពេល​ដែល​វៀតណាម​ចង់​មាន​អព្យាក្រឹត្យកាបូន​នៅ​ឆ្នាំ ២០៥០។ ដូច្នេះ និង​បើ​តាម​លោក​លោក​ង្វៀន ហុង ហ្សៀន នុយក្លេអ៊ែរ​ជា​ប្រភព​ថាមពល​ដែល​មាន​ស្ថិរភាព។ នៅ​ហ្វីលីពីន ប្រធានាធិបតី​ថ្មី​លោក​ហ្វ៊ែរឌីណង់ ម៉ាកូស ជូញ៉រ​សន្យា​បើក​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ Bataan ឡើង​វិញ។

មជ្ឈមណ្ឌល​នុយក្លេអ៊ែរ Bataan នេះ​ត្រូវ​បាន​សាងសង់​រួចរាល់​ក្នុង​ឆ្នាំ ១៩៨៤ និង​មិន​ដែល​បាន​ដាក់​ឲ្យ​ដំណើរការ​ទេ។ នៅ​ក្រោយ​ការ​ទម្លាក់​លោក​ហ្វ៊ែរឌីណង់ ម៉ាកូស​ពី​តំណែង​ប្រធានាធិបតី​ក្នុង​ឆ្នាំ ១៩៨៦ និង​ក្រោយ​គ្រោះមហន្តនុយក្លេអ៊ែរ​នៅ Tchernobyl ក្នុង​ប្រទេស​អ៊ុយក្រែន​ក្នុង​ឆ្នាំ ១៩៨៦ ដដែល ហ្វីលីពីន​បាន​បំភ្លេច​ចោល​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ Bataan ទាំង​ស្រុង។ តែ​ឥឡូវ​នេះ ប្រធានាធិបតី​ថ្មី​លោក​ហ្វ៊ែរឌីណង់ ម៉ាកូស ជូញ៉រ​ដែល​ជា​កូនប្រុស​របស់​លោក​ហ្វ៊ែរឌីណង់ ម៉ាកូស​ចង់​គិតគូរ​ជួសជុល​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ Bataan ឡើង​វិញ។

លោក​ហ្វ៊ែរឌីណង់ ម៉ាកូស ជូញ៉រ​យល់​ថា ការ​ជួសជុល​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ដែល​មាន​ស្រាប់​ត្រូវ​ចំណាយ​ពេល​តិច និង​ចំណាយ​លុយ​មិន​ច្រើន​ដូច​ការ​សាងសង់​ថ្មី​ទេ។ តាម​លោក​ហ្វ៊ែរឌីណង់ ម៉ាកូស ជូញ៉រ ការ​ជួសជុល​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ Bataan ឡើង​វិញ​អាច​ចំណាយ​ពេល​តិច​ជាង ៤ឆ្នាំ និង​ចំណាយ​លុយ​អស់ ១ ០០០លានដុល្លារ។ គួរ​បញ្ជាក់​ថា​ក្នុង​ឆ្នាំ ២០២០ អាស៊ាន​បាន​កំណត់​យក​ថាមពល​នុយក្លេអ៊ែរ​ស៊ីវិល​ជាប្រភព​ថាមពល​ស្អាត​ដើម្បី​ជួយ​តំបន់​ឲ្យ​ឆ្លើយ​តប​នឹង​តម្រូវការថាមពល​ដែល​កំពុង​កើន​ឡើង។ តាម​ការ​ព្យាករណ៍​របស់​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ តម្រូវ​ថាមពល​នៅ​អាស៊ីអាគ្នេយ៍​បាន​កើន ៨០% តាំង​ពី​ឆ្នាំ ២០០០ និង​ត្រូវ​កើន​បន្ថែម ៦០% ទៀត​ពី​ពេល​នេះ​ទៅ​ឆ្នាំ ២០៤០។

លោក Philip Andrews-Speed អ្នក​ជំនាញ​ថាមពល​នៅ​សកលវិទ្យាល័យជាតិ​សិង្ហបុរី​បាន​មើល​ឃើញ​ថា មាន​កត្តា​ចំនួន ៣ ដែល​បាន​ធ្វើ​ឲ្យ​តំបន់​អាស៊ីអាគ្នេយ៍​ងាក​ទៅ​ចាប់​អារម្មណ៍​លើ​ថាមពល​នុយក្លេអ៊ែរ ទី១ មាន​បច្ចេកវិទ្យាថ្មីៗ ទី២ មាន​ភាព​ប្រសើរ​ស្តីពី​វិធានការ​សន្តិសុខ​នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ និង​ទី៣ សង្រ្គាម​អ៊ុយក្រែន​ដែល​បាន​ធ្វើ​ឲ្យ​តម្លៃ​ប្រេង និង​ឧស្ម័ន​ឡើង​ថ្លៃ​កប់​ពពក។ វា​ជា​រឿង​ល្អ​ដែល​អាស៊ីអាគ្នេយ៍​ចង់​ងាក​រក​ថាមពល​នុយក្លេអ៊ែរ។ តែ​អ្នកជំនាញ​ខ្លះ​ហាក់​បន្ត​មាន​មន្ទិលសង្ស័យ​ពី​លទ្ធភាព និង​សមត្ថភាព។ អ្នកជំនាញ​លោក Jean-Christophe Simon មើល​ឃើញ​ថា ក្រៅ​ពី​ឧបសគ្គ​ផ្នែក​ហិរញ្ញវត្ថុ និង​បរិស្ថាន នៅ​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ទៀត ដូច​ជា​ទីតាំង ការ​ថែទាំ ភាព​គួរ​ឲ្យ​ទុក្ខចិត្ត និង​ចំណេះដឹង​ផ្សេង​ទៀត​ទាក់ទង​នឹង​នុយក្លេអ៊ែរ។

ទាំង​នេះ​ដោយ​នៅ​មិន​ទាន់​រាប់​បញ្ចូល​ពី​ក្តីបារម្ភ​ទាក់ទង​នឹង​អំពើ​ពុករលួយ និង​ភាព​ស៊ីសំណូកសូកប៉ាន់​ដែល​មាន​នៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​ទាំង​អស់​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ