អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុ​អ្វី​​វា​លឿន​ពេក​ក្នុង​ការ​និយាយ​ថា​សេដ្ឋកិច្ច​ពិភពលោក​កំពុង​ធ្លាក់ចូលក្នុងវិបត្តិ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្នុងពេលបច្ចុប្បន្ន មានសញ្ញាអវិជ្ជមានយ៉ាងច្រើនអំពីការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចរបស់ពិភពលោក រហូតដល់មានការលើកឡើងកាន់តែច្រើនអំពីលទ្ធភាពនៃការធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចសកលសារជាថ្មី។ ទោះយ៉ាងណា វាហាក់ដូចជានៅឆាប់ពេកក្នុងការទាញសេចក្តីសន្និដ្ឋានបែបនេះ ព្រោះថាប្រទេសជឿនលឿនដែលតំណាងឱ្យជាង៦០%នៃសេដ្ឋកិច្ចពិភពលោក មិន​ទាន់ស្ថិតក្នុងស្ថានភាពជាប់​គាំង​នៅឡើយទេ។

ហេតុ​អ្វី​បាន​ជា​លឿន​ជ្រុល​នឹង​និយាយ​ថា​សេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ចូលក្នុងវិបត្តិ?
ហេតុ​អ្វី​បាន​ជា​លឿន​ជ្រុល​នឹង​និយាយ​ថា​សេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ចូលក្នុងវិបត្តិ? Getty Images - PM Images
ផ្សាយពាណិជ្ជកម្ម

នាពេលបច្ចុប្បន្ន សារព័ត៌មានយ៉ាងច្រើនបានលើកឡើងថា ពិភពលោកទាំងមូលអាចធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចសកលម្ដងទៀត ក្នុងពេលឆាប់ៗខាងមុខ។ សារព័ត៌មានខ្លះក៏បានប្រៀបធៀបទៅនឹងស្ថានភាពនៃវិបត្តិហិរញ្ញវត្ថុកាលពីឆ្នាំ២០០៧-២០០៩ទៀតផង។ ជាឧទាហរណ៍ នាយកប្រតិបត្តិជាច្រើននៃក្រុមហ៊ុនធំៗនៅទូទាំងពិភពលោកបានលើកឡើងថា ឥឡូវនេះពិភពលោករំពឹងថានឹងមានវិបត្តិសេដ្ឋកិច្ចនៅឆ្នាំនេះ។ ធនាគារ Goldman Sachs ដែលជាធនាគារមួយដ៏ល្បីល្បាញផងដែរក្នុងការព្យាករណ៍អំពីសេដ្ឋកិច្ចពិភពលោក ក៏បានរំពឹងថាសេដ្ឋកិច្ចនៅក្នុងបណ្ដាប្រទេសចាយប្រាក់អឺរ៉ូនឹងធ្លាក់ចុះទាំង នៅក្នុងត្រីមាសទី៣ និងទី៤ នៅក្នុងឆ្នាំនេះ។

នៅបណ្ដាប្រទេសជឿនលឿនដែលរួមចំណែកសេដ្ឋកិច្ចពិភពលោកជាង៦០%ក៏មានការធ្លាក់ចុះសេដ្ឋកិច្ចផងដែរ ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២១ ទោះក្រោយនយោបាយរឹតត្បិតលើជំងឺកូវីដ១៩កំពុងត្រូវបានដកចេញពីប្រទេសទាំងនោះក៏ដោយ។

ប្រាកដណាស់ ការលើកឡើងអំពីលទ្ធភាពកាន់តែខ្ពស់នៃការធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច គឺត្រូវបានគាំទ្រដោយកត្តាចម្បងៗមួយចំនួនរួមបញ្ចូលគ្នា។ ជាឧទាហរណ៍ បញ្ហានៃការកើនឡើងកម្រិតអតិផរណា ឬការឡើងថ្លៃទំនិញជាទូទៅ ជាពិសេស តម្លៃស្បៀងអាហារសកល និងតម្លៃថាមពលនៅជុំវិញពិភពលោក។

នាពេលកន្លងមក ដើម្បីឆ្លើយតបដោះស្រាយវិបត្តិជំងឺកូវីដ១៩ អាមេរិកក៏ដូចជារដ្ឋាភិបាលផ្សេងៗនៅពេលពិភពលោក បានដាក់ចេញនូវនយោបាយចំណាយច្រើន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន។ ផ្អែកតាមអ្នកជំនាញ ការជំរុញមានភាពលើសកម្រិត ហើយវាបង្កឱ្យបរិមាណលុយមានភាពហូរហារលើទីផ្សារ ដែលវាបង្កជាហេតុរុញច្រានឱ្យលុយធ្លាក់តម្លៃ ឬទំនិញឡើងថ្លៃជាទូទៅ។ ដោយសារអាមេរិកជាប្រទេសធំ ការកើនឡើងអតិផរណានៅអាមេរិកក៏បានជះឥទ្ធិពលដល់ប្រទេសផ្សេងៗនៅលើពិភពលោកផងដែរ។

លើសពីនេះ បញ្ហាដែលកំពុងកើតមាននៅក្នុងប្រទេសចិន តួយ៉ាង ការជាប់ផុងនឹងវិបត្តិកូវីដ១៩ វិ​បត្តិអចលនទ្រព្យ និងវិបត្តិថាមពល ក៏បង្កឱ្យប៉ះពាល់ដល់ខ្សែច្រវាក់នៃការផ្គត់ផ្គង់សកលផងដែរ។ ចុងក្រោយគឺវិបត្តិសង្គ្រាមឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនដែលបង្កហេតុកាន់តែធំលើវិបត្តិស្បៀងអាហារ និងវិបត្តិថាមពលសកល។

ជាលទ្ធផល ដើម្បីឆ្លើយតបទៅនឹងការកើនឡើងអតិផរណា ធនាគារកណ្តាលនៃបណ្ដាលប្រទេសលើពិភពលោកក្នុងចំនួនប្រហែល៤ភាគ៥ នៅទូទាំងពិភពលោកបានដំឡើងអត្រាការប្រាក់ជាមធ្យម១,៥ភាគរយ។ ការដំឡើងនេះគឺក្នុងគោលបំណងបញ្ចុះអតិផរណា ក៏ប៉ុន្តែ វាជាការចាប់ផ្តើមនៃការព្រួយបារម្ភនៃវិបត្តិសេដ្ឋកិច្ចសកលផងដែរ។

តើ​វិបត្តិ​សេដ្ឋកិច្ច​កំពុង​កើត​ឡើងម្ដង​ទៀតឬ​ទេ? ចម្លើយគឺវាហាក់ដូចជាឆាប់ពេកក្នុងការប្រកាសពីវិបត្តិសេដ្ឋកិច្ច។ ហេតុអ្វី?

នៅក្នុងសេដ្ឋកិច្ច គេប្រើពាក្យថា “វិបត្តិសេដ្ឋកិច្ច” ដើម្បីសំដៅដល់ការធ្លាក់ចុះនៃសកម្មភាពសេដ្ឋកិច្ចជាទូទៅ នៅក្នុងអំឡុងពេលយូរ។ វិបត្តិសេដ្ឋកិច្ចជាទូទៅកើតឡើងនៅពេលដែលមានការធ្លាក់ចុះនៃការចំណាយ ហើយវាអាចកើតឡើងមកពីព្រឹត្តិការណ៍ផ្សេងៗរួមគ្នាដូចជា វិបត្តិហិរញ្ញវត្ថុ វិបត្តិអតិផរណា វិបត្តិពាណិជ្ជកម្មអន្ដរជាតិ ឬគ្រោះមហន្តរាយធម្មជាតិដ៏ធំសម្បើម (ឧ. ជំងឺរាតត្បាតសកលកូវីដ១៩)។

ទោះជាយ៉ាងណា នៅក្នុងពេលបច្ចុប្បន្ន បើទោះជាកំណើនសេដ្ឋកិច្ចហាក់មានភាពយឺតយ៉ាវខ្លះ ក៏ប៉ុន្ដែ ស្ថានភាពនៅមិនធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចនៅឡើយទេ។ សំណួរគន្លឹះបន្ទាត់គឺនៅត្រង់ថាតើការធ្លាក់ចុះកំណើនសេដ្ឋកិច្ចបច្ចុប្ប​ន្នវានឹងបន្ដដល់ពេលណាទៀត ហើយថាតើវាអាចធ្លាក់ចុះអាក្រក់ជាងនេះឬទេ។

នៅក្នុងពេលបច្ចុប្បន្ន គេសង្កេតឃើញថា ប្រជាជននៅបណ្ដាប្រទេសមានសេដ្ឋកិច្ចជឿនលឿននៅមានលុយសន្សំច្រើននៅឡើយ បើទោះបីជាត្រូវប្រឈមនឹងជាមួយវិបត្តិកូវីដ១៩។ តួលេខផ្លូវការបង្ហាញថា គ្រួសារនៅក្នុងបណ្ដាប្រទេសជឿនលឿននៅតែមានប្រាក់សន្សំចំនួន៣ទ្រីលានលានដុល្លារអាមេរិក ឬច្រើនជាងនេះ។ ប្រាក់សន្សំនេះមានទំហំប្រហាក់ប្រហែលទៅនឹងទុនបម្រុងបរទេសរបស់ប្រទេសចិនទាំងមូល។ និយាយជាលក្ខណៈសាមញ្ញ នៅពេលប្រជាជនមានលុយសន្សំច្រើន ពួកគេអាចប្រើប្រាស់លុយទាំងនោះនៅក្នុងពេលមានវិបត្តិ ដូច្នេះផលប៉ះពាល់ពីវិបត្តិនឹងអាចកាត់បន្ថយ។

នៅក្នុងចំណុចគន្លឹះទីពីរគឺគេសង្កេតឃើញថា និន្នាការនៃការចំណាយរបស់ប្រជាជនក៏មិនទាន់ឃើញមានការធ្លាក់ចុះផងដែរ ប៉ុន្តែវានៅតែមានកម្រិតខ្ពស់ សម្រាប់បណ្ដាប្រទេសជឿនលឿន។ នេះបើយោងតាមធនាគារកណ្ដាលអង់គ្លេស និងធនាគារ JP Morgan។ នៅក្នុងសេដ្ឋកិច្ច កាលណាការប្រើប្រាស់នៅតែមាន នោះសកម្មភាពសេដ្ឋកិច្ចនៅតែបន្ដ ហើយអាចពន្យារវិបត្តិបានកាន់តែយូរ។

សរុបជារួមមក ក្នុងពេលបច្ចុប្បន្ន បើទោះបីជាមានសញ្ញាអវិជ្ជមាន​យ៉ាងច្រើនអំពីការធ្លាក់ចុះកំណើនសេដ្ឋកិច្ច ក៏វានៅតែមានភាពឆាប់ពេក ក្នុងការទាញសេចក្តីសន្និដ្ឋានថា ពិភពលោកអាចនឹងធ្លាក់ចូលក្នុងវិ​បត្តិសេដ្ឋកិច្ចក្នុងពេលឆាប់ៗ។ ដោយសារនិន្នាការនៃការប្រើប្រាស់ និងការសន្សំនៃប្រជាជនក្នុងបណ្ដាប្រទេសជឿនលឿននៅតែមានដំណើរការនៅឡើយ នោះសកម្មភាពសេដ្ឋកិច្ចក៏នឹងនៅតែមានផងដែរ។ ប្រទេសជឿនលឿនតំណាងឱ្យជាង៦០%នៃសេដ្ឋកិច្ចពិភពលោក ដូច្នេះបើប្រទេសទាំងនោះមិនប្រឈមវិបត្តិ ពិភពលោកទាំងមូលក៏មិនងាយប្រឈមវិបត្តិផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ