អានតួអត្ថបទ
សហភាពអឺរ៉ុប-សេដ្ឋកិច្ច

អឺរ៉ុប​មាន​កំណើន​សេដ្ឋកិច្ច​ល្អ តែប្រឈម​ខ្លាំង​នឹង​វិបត្តិ​សេដ្ឋកិច្ចដើរថយក្រោយ

ដោយ​សារ​សន្ទុះក្នុង​​វិស័យ​ទេសចរណ៍​ សេដ្ឋកិច្ច​អឺរ៉ុប​បាន​ស្គាល់​ភាព​រឹងមាំ​ខ្លាំង នៅ​ត្រីមាស​ទីពីរ នៃ​ឆ្នាំ​២០២២។ ជា​កំណើន​សេដ្ឋកិច្ច​ល្អ និង​​​ខ្លាំង​ជាងការ​​រំពឹង​ទុកទៅ​ទៀត។ ប៉ុន្តែ​ ក្នុង​បរិបទ​នៃ​​​​​វិបត្តិ​អតិផរណា​បង្ក​ឡើង​ដោយ​សង្គ្រាម​នៅ​អ៊ុយក្រែន​​ អាល្លឺម៉ង់​ដែល​ជា​ក្បាល​ម៉ាស៊ីន​ដឹកនាំ​អឺរ៉ុប​ មាន​កំណើន​សេដ្ឋកិច្ច​សូន្យ ហើយ​អាច​​នឹងអូសទាញ​អឺរ៉ុប​ឱ្យ​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ដើរ​ថយ​ក្រោយបាន នៅ​ខែ​ខាង​មុខ។

អឺរ៉ុប​មាន​កំណើន​សេដ្ឋកិច្ច​ល្អនៅ​ត្រីមាសទីពីរ តែ​អតិផរណា​ខ្ពស់​ខ្លាំង
អឺរ៉ុប​មាន​កំណើន​សេដ្ឋកិច្ច​ល្អនៅ​ត្រីមាសទីពីរ តែ​អតិផរណា​ខ្ពស់​ខ្លាំង © ERIC GAILLARD/REUTERS
ផ្សាយពាណិជ្ជកម្ម

ខុស​ពី​ការ​គិត​ស្មាន​ នៅត្រីមាសទី​ពីរ​នៃ​ឆ្នាំ​នេះ តំបន់​ចាយ​ប្រាក់​អឺរ៉ូ​​​ទាំង​១៩ប្រទេស បាន​ស្គាល់​​កំណើន​សេដ្ឋកិច្ច ០,៧% ពោល​គឺមាន​កំណើន​លឿន​ជាង​កាលពី​ត្រីមាស​ទី​មួយទៅ​ទៀត និង​០,៦%​ បើនិយាយ​អំពីសហភាព​អឺរ៉ុប​ទាំង​មូល​។ នេះ​បើ​តាម​ទិន្នន័យ​​ផ្តល់​ដោយ​វិទ្យាស្ថានស្ថិតិ​អឺរ៉ុប​ ចេញ​ផ្សាយ​នៅថ្ងៃសុក្រ​ទី ២៩កក្កដា​២០២២។ ការ​លើក​វិធានការ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​កូវីដ​១៩ ជា​កត្តា​ជំរុញ​ឱ្យសេវា​​​ទេសចរណ៍​ស្ទុះ​ឡើង​ខ្លាំង ហើយ​អូស​ទាញ​សេដ្ឋកិច្ច​ឱ្យ​បាន​ប្រសើរ​ឡើង។ ប៉ុន្តែសេដ្ឋវិទូ​បាន​ព្រមាន​ថា​វិស័យ​ឧស្សាហកម្ម​ចាប់​ទ្រឹង​ហើយ​ ដូច្នេះ​​វិបត្តិ​សេដ្ឋកិច្ច​​​ដើរ​ថយក្រោយ​អាច​រសាត់​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​នេះ​ដែរ។ ជាក់​ស្តែង​ ប្រទេស​រំពឹង​លើ​វិស័យ​សេវាកម្ម ដូច​យ៉ាង​អេស្ប៉ាញ​ស្គាល់​កំណើន​ខ្លាំង​ជាងគេ (១,១%) បន្ទាប់​មក​គឺ​អ៊ីតាលី (១%) និង​បារាំង (០,៥%) ប៉ុន្តែអាល្លឺម៉ង់​សូន្យ ព្រោះ ​ជា​ប្រទេស​ឧស្សាហកម្ម​បំផុត​ប្រចាំ​តំបន់ និង​រំពឹងខ្លាំង​​លើ​ការ​នាំ​ចូល​ឧស្ម័ន​រុស្ស៊ី​។

កំណើន​ផលិតផល​សរុប​ក្នុង​ស្រុកខ្លាំង​ជាង​ការព្រាង​ទុក មិន​អាច​ប្តូរ​ផ្លាស់​អ្វី​បាន​ទេ។ វិបត្តិ​ថាមពល​កាន់​តែ​​ធ្ងន់ធ្ងរ វិបត្តិ​អតិផរណា​ទំនិញ​ឡើង​ថ្លៃ​​​ឥតឈប់ និងអត្រាការ​ប្រាក់​ខ្ពស់ អាច​នឹងច្រាន​​តំបន់​អឺរ៉ូ​ឱ្យ​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ដើរថយក្រោយ​ យ៉ាង​យូរ​ត្រឹម​ចុង​ឆ្នាំនេះ​។ នេះ​បើតាម​ពាក្យ​ព្រមាន​របស់​លោកAndrew Kenningham អ្នក​ជំនាញ​សេដ្ឋកិច្ច​និង​ជា​ ប្រធាន​Capital Economics ​អឺរ៉ុប។ លោកស្រី Christine Lagarde នាយិកា​ធនាគារ​អឺរ៉ុប​ក៏​យល់​ឃើញ​ដូច​គ្នា​ ថានយោបាយ​រូបិយបណ្ណប្រឆាំង​នឹង​វិបត្តិ​អតិផរណា​​របស់​ធនាគារ​អឺរ៉ុប អាច​នឹង​បន្ទុច​បង្អាក់​សេដ្ឋកិច្ច​អឺរ៉ុប ហើយ​​​អឺរ៉ុប​អាច​ជួប​វិបត្តិ​សេដ្ឋកិច្ច​ដើរថយក្រោយ​នៅ​ត្រីមាស​ក្រោយ​ និង​ក្រោយបន្ទាប់​​ទៀត។

ត្រីមាស​ខាង​មុខ​ជា​អនាគត​មិនជាក់​លាក់។​ គ្រប់​សន្ទទស្សន៍​សុទ្ធ​តែ​ចង្អុល​ទិស​អវិជ្ជមាន​ហើយ​ ៖ ការ​​ចាយវាយ​របស់​ពលរដ្ឋ​បារាំង​បាន​ធ្លាក់ចុះ​ពីរ​ត្រីមាស​ជាប់​គ្នា​ អតិផរណា​ឡើង​ខ្ពស់​ជា​លំដាប់ពីមួយ​ខែទៅមួយ​ខែ- តាម​បច្ចេកទេស​ សហរដ្ឋ​អាមេរិក​បាន​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ដើរថយ​ក្រោយ​- សេដ្ឋកិច្ចចិន​ក៏​ទុច​ងក់​ ដោយ​មាន​​កំណើន ត្រឹម​តែ​០,៤%​ប៉ុណ្ណោះ នៅ​ត្រីមាស​ទីពីរ​ឆ្នាំ​នេះ ពោល​គឺ​ជា​តួលេខ​ដ៏​អាក្រក់​បំផុត​ ​តាំង​ពី​ផ្ទុះ​វិបត្តិ​កូវីដ​មក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ