អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើការសោយទីវង្គតរបស់ព្រះមហាក្សត្រិយ៍អេលីហ្សាបិត ទី២ អាចជះឥទ្ធិពលលើអនាគតដែនដីស្កុតឡែនដែរ ឬទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​អង់គ្លេស ព្រះសព​អេលីហ្សាបិត ទី២ ត្រូវ​បាន​ដង្ហែ​តាម​រថយន្ត​ទៅ​តម្កល់​រយៈពេល​ខ្លី​នៅ​ក្នុង​ទីក្រុង Edinburgh នៃ​ខេត្ត​ស្កុតឡែន។ បន្ទាប់​មក ព្រះសព​អេលីហ្សាបិត ទី២ នឹង​ត្រូវ​ដង្ហែ​តាម​យន្តហោះ​ទៅ​កាន់​ទីក្រុង​ឡុងដ៏។ គួរ​រម្លឹក​ថា គឺ​នៅ​លើក​ទឹកដី​ស្កុតឡែន​ដែល​ព្រះមហាក្សត្រិយ៍​អេលីហ្សាបិត ទី២ បាន​សោយទីវង្គត​កាល​ពី​ថ្ងៃទី៩ កញ្ញា។ ចាប់​ពី​ពេល​នេះ​ទៅ ព្រះអង្គឆាលស៍​ទី៣ ឡើង​សោយរាជ្យ​ជំនួស​កន្លែង​ព្រះមាតា។ តែ​មាន​សំណួរ​មួយ​បាន​ចោទ​ឡើង​ថា តើ​ការ​ឡើង​សោយរាជ្យ​របស់​ព្រះអង្គឆាលស៍​ទី៣ អាច​ដាស់​ចលនា​ទាមទារ​ឯករាជ្យ​នៅ​ស្កុតឡែន​ឲ្យ​កាន់​តែ​ផុសផុល​ជាង​មុន ឬ​យ៉ាង​ណា?

​ព្រះមហាក្សត្រិយ៍​អង់គ្លេសអេលីហ្សាបិត ទី២ (រូបឆ្វេង) និង​នាយករដ្ឋមន្រ្តី​ស្កុតឡែន​លោកស្រី​ Nicola Sturgeon ថ្ងៃទី២៩ មិថុនា ឆ្នាំ ២០២២។
​ព្រះមហាក្សត្រិយ៍​អង់គ្លេសអេលីហ្សាបិត ទី២ (រូបឆ្វេង) និង​នាយករដ្ឋមន្រ្តី​ស្កុតឡែន​លោកស្រី​ Nicola Sturgeon ថ្ងៃទី២៩ មិថុនា ឆ្នាំ ២០២២។ AP - Jane Barlow
ផ្សាយពាណិជ្ជកម្ម

ភាសា​អង់គ្លេស​ហៅ​ស្កុតឡែន និង​ភាសា​បារាំង​ហៅ​អេកូស គឺ​ជា​ដែនដី​មួយ​របស់​ប្រទេស​អង់គ្លេស​ស្ថិត​ប៉ែក​ខាង​ជើង​ដែល​មាន​ផ្ទៃក្រឡាដី​ជាង ៧៨ ០០០គីឡូម៉ែត្រការ៉េ និង​មាន​ប្រជាជន​រស់នៅ​ជិត ៦លាននាក់។ សព្វថ្ងៃ​នេះ ស្កុតឡែន​កំពុង​បន្ត​ស្ថិត​នៅ​ក្រោម​ដំបូល​រាជាណាចក្រ​អង់គ្លេស​តែ​មួយ។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ដែនដី​អង់គ្លេស​មួយ​នេះ​មាន​រចនាសម្ព័ន្ធដឹកនាំ​ដូច​ប្រទេស​មួយ​អ៊ីចឹង​ដែរ ពោល​មាន​សភា រដ្ឋាភិបាល និង​ទង់ជាតិ​ដាច់​ដោយឡែក​របស់​ខ្លួន។ រាជដំណាក់​បាល់ម៉ូរ៉ាល់​ក្នុង​ទឹកដី​ស្កុតឡែន​ជា​ទីកន្លែង​ដែល​ព្រះមហាក្សត្រិយ៍​អេលីហ្សាបិត ទី២ តែង​យាង​ទៅ​សម្រាក​លំហែ​ព្រះកាយ និង​ដែល​នៅ​ទីនោះ​ហើយ​ដែល​ទ្រង់​បាន​សោយ​ទីវង្គត​កាល​ពី​ថ្ងៃទី៩ កញ្ញា​ក្នុង​ព្រះជន្មាយុ ៩៦ព្រះវស្សា។។

ជាមួយ​នឹង​ការ​សោយទីវង្គត​របស់​ព្រះមហាក្សត្រិយ៍​អេលីហ្សាបិត ទី២ គឺ​ជា​ការ​បិទបញ្ចប់​នូវ​សម័យកាល​មួយ​នៃ​ការ​សោយរាជ្យ​រយៈពេល ៧០ឆ្នាំ​របស់​ព្រះអង្គ។ ជាមួយ​នឹង​ការ​សោយទីវង្គត​របស់​ព្រះអង្គ គឺ​ជា​ការ​បើក​ទំព័រ​ថ្មី​នៃ​ការ​បន្ត​របប​រាជានិយម​អង់គ្លេស​ជាមួយ​នឹង​ការ​ឡើង​សោយរាជ្យ​របស់​ព្រះអង្គឆាលស៍​ទី៣។ តែ​ខណៈ​ដែល​ប្រជារាស្រ្ត​កំពុង​បន្ត​កាន់​ទុក្ខ និង​ចំ​ពេល​ដែល​អង់គ្លេស​កំពុង​រៀបចំ​បុណ្យ​ព្រះសព​អេលីហ្សាបិត ទី២ នៅ​ថ្ងៃទី១៩ កញ្ញា​ខាង​មុខ មាន​សំណួរ​ជា​ច្រើន​បាន និង​កំពុង​ត្រូវ​បាន​ប្រជារាស្រ្ត​អង់គ្លេស​មួយ​ចំនួន​ចោទ​សួរ​ឡើង។ តើ​នឹង​មាន​ហេតុការណ៍​អ្វី​កើត​ឡើង​នៅ​ពេល​ខាង​មុខ ឬ​មួយ​ក៏​ថា​ជាមួយ​នឹង​ព្រះមហាក្សត្រ​ថ្មី​ឆាលស៍​ទី៣ តើ​អង់គ្លេស​នឹង​មាន​ស្ថានការណ៍​នយោបាយ​យ៉ាង​ម៉េច។

មិនមែន​ជា​រឿង​ចៃដន្យ​ទេ​ដែល​ប្រជារាស្រ្ត​អង់គ្លេស​មួយ​ចំនួន​បាន​ចោទ​សំណួរ​ទាំង​នេះ​ឡើង។ មិន​ចៃដន្យ​ព្រោះ​នៅ​ក្រោម​ការ​គ្រង​រាជសម្បត្តិ​រយៈពេល ៧០ឆ្នាំ​របស់​ព្រះមហាក្សត្រិយ៍​អេលីហ្សាបិត ទី២ ព្រះអង្គ​បាន​នាំ​មក​នូវ​ស្ថិរភាព ឯកភាពជាតិ និង​ភាព​រឹងមាំ​របស់​របបរាជានិយម​ក៏​ដូច​ជា​រាជាណាចក្រ​អង់គ្លេស។ ក្នុង​មួយ​ជីវិត​របស់​ប្រជារាស្រ្ត​អង់គ្លេស​មួយ​ចំនួន គេ​មិន​ដែល​ស្គាល់​ស្តេច​អង្គ​ណា​ក្រៅ​ពី​ទ្រង់​អេលីហ្សាបិត ទី២ ទេ។ ក្នុង​នាម​ជា​ក្សត្រ​ដែល​គ្រង​រាជ្យ និង​មិន​កាន់​អំណាច ព្រះមហាក្សត្រិយ៍​អេលីហ្សាបិត ទី២ ជា​ក្សត្រ​ដែល​មាន​ឥទ្ធិពល​នយោបាយ និង​មាន​ប្រជាប្រិយភាព​ខ្លាំង​នៅ​ក្នុង​ចំណោម​ប្រជារាស្ត្រ​អង់គ្លេស​ទូទៅ និង​នៅ​លើ​ឆាក​អន្តរជាតិ។

នៅ​ក្នុង​ទឹកដី​ស្កុតឡែន​និយាយ​ដោយឡែក ព្រះមហាក្សត្រិយ៍​អេលីហ្សាបិត ទី២ ក៏​ជា​ក្សត្រ​ដែល​មាន​ប្រជាប្រិយភាព និង​ទទួល​បាន​ការ​គោរព​ខ្លាំង។ ព្រះអង្គ​បាន​បង្កើត​ឲ្យ​មាន​ទំនាក់ទំនង​ល្អ និង​ជិតស្និទ្ធិ​រវាង​រាជាណាចក្រ​អង់គ្លេស និង​ដែនដី​ស្កុតឡែន។ ប្រជារាស្រ្ត​ស្កុតឡែន​ទូទៅ​បាន​មើល​ឃើញ និង​យល់​ស្រប​ដូច​គ្នា​ថា បើ​កុំ​តែ​មាន​ការ​ចូលរួម និង​អំពាវនាវ​ឲ្យ​មាន​ឯកភាពជាតិ​ពី​ព្រះមហាក្សត្រិយ៍​អេលីហ្សាបិត ទី២ ម្ល៉េះ​ទឹកដី​ស្កុតឡែន​បាន​របូត​បាត់​ពី​ដៃ​អង់គ្លេស​តាំង​ពី​យូរ​មក​ហើយ។ អ៊ីចឹង​សួរ​ថា តើ​ព្រះមហាក្សត្រ​ថ្មី​ឆាលស៍​ទី៣ ដែល​មិន​សូវ​មាន​ប្រជាប្រិយភាព​ដូច​ព្រះមាតា​អាច​មាន​លទ្ធភាព និង​សមត្ថភាព​ដើរ​តួនាទី​ជា​អ្នក​ធានា​ឯកភាពជាតិ​ដែរ ឬ​ទេ។

ការ​ធានា​ឯកភាពជាតិ​ដែល​គេ​ចង់​និយាយ​នេះ គឺ​ប្រឈម​នឹង​ចលនា​បះបោរ​ទាមទារ​ឯករាជ្យ​នៅ​ស្កុតឡែន​ដែល​កំពុង​រីក​កាន់​តែ​ធំ​នៅ​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ ពិសេស​តាំង​ពី​អង់គ្លេស​បាន​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប ឬ​ហៅ Brexit។ ខុស​ពី​ប្រជារាស្រ្ត​អង់គ្លេស ប្រជាជន​ស្កុតឡែន​ដល់​ទៅ ៦២% បាន​បោះឆ្នោត​បន្ត​រួម​រស់​ជាមួយ​សហភាព​អឺរ៉ុប។ ក្នុង​ឆ្នាំ ២០១៤ រដ្ឋាភិបាល​ស្កុតឡែន​បាន​រៀបចំ​បោះឆ្នោត​ប្រជាមតិ​ស្តីពី​ឯករាជ្យ។ តែ​មាន​ប្រជារាស្រ្ត​ស្កុតឡែន​ចំនួន ៥៥% បាន​បោះឆ្នោត​ដើម្បី​បន្ត​រួមរស់​ជាមួយ​អង់គ្លេស។ តែ​ទោះ​ជា​មាន​ការ​ជំទាស់​ច្រើន​ដង​ពី​រដ្ឋាភិបាល​អង់គ្លេស​ក៏​ដោយ​ក៏​នាយករដ្ឋមន្រ្តី​ស្កុតឡែន​លោកស្រី Nicolas Sturgeon មិន​បាន​បោះបង់​ចោល​នូវ​គំនិត​ចង់​បាន​ឯករាជ្យ​ផ្តាច់ខ្លួន​ចេញ​ពី​អង់គ្លេស​ដែរ។

នៅ​ដំណាច់​ខែ​មិថុនា​កន្លង​ទៅ​ថ្មីៗ​នេះ ពោល​នៅ​មុន​ការ​សោយទីវង្គត​របស់​ព្រះមហាក្សត្រិយ៍​អេលីហ្សាបិត ទី២ លោកស្រី Nicolas Sturgeon បាន​ប្រកាស​ពី​ការ​ចង់​រៀបចំ​បោះឆ្នោត​ប្រជាមតិ​ស្តីពី​ឯករាជ្យ​ជា​ថ្មី​នៅ​ថ្ងៃទី១៩ តុលា ឆ្នាំ ២០២៣។ នេះ​ស បញ្ជាក់​ឲ្យ​ឃើញ​ថា ប្រជារាស្រ្ត​ស្កុតឡែន​មួយ​ភាគ​នៅ​តែ​មាន​ភាព​អន្ទោកអន្ទោល​ចង់​បាន​ឯករាជ្យ​ដោយ​មិន​បោះបង់​ចោល​ទេ។ រី​ឯ​គណបក្ស​ឯករាជ្យ​ស្កុតឡែន​យល់​ថា ការ​សោយទីវង្គត​របស់​ព្រះមហាក្សត្រិយ៍​អេលីហ្សាបិត ទី២ ដែល​ជា​និមិត្តរូប​នៃ​ឯកភាពជាតិ​ជា​ហេតុផល​មួយ​ទៀត​បន្ទាប់​ពី Brexit ដើម្បី​ឲ្យ​ប្រជារាស្រ្ត​ស្កុតឡែន​បន្ត​ការ​ទាមទារ​ឯករាជ្យ។

គេ​មិន​ដឹង​ថា តើ​ហេតុផល​ទាំង​ពីរ​លើក​ឡើង​ដោយ​ឡើង​គណបក្ស​ឯករាជ្យ​ស្កុតឡែន​ពិត​ជា​គ្រប់គ្រាន់​ដើម្បី​ឲ្យ​អង់គ្លេស​បោះបង់​ស្កុតឡែន​ចោល​ឬ​អត់​ទេ?។ អ្វី​ដែល​គេ​ដឹង គណបក្ស​ឯករាជ្យ​ស្កុតឡែន​មិន​បាន​អំពាវនាវ​ឲ្យ​ផ្តាច់​ទំនាក់ទំនង​ជាមួយ​រាជាណាចក្រ​អង់គ្លេស​ដែល​ទើប​មាន​ព្រះមហាក្សត្រ​ថ្មី​ជា​បុត្រាច្បង​របស់​ព្រះសព​អេលីហ្សាបិត ទី២ នោះ​ឡើយ។ ដូច្នេះ​គេ​អាច​និយាយ​បាន​ថា អនាគត​នៃ​ជោគវាសនា​នៃ​ទំនាក់ទំនង​រវាង​អង់គ្លេស និង​ស្កុតឡែន គឺ​ស្ថិត​ក្នុង​ដៃ​របស់​ព្រះមហាក្សត្រ​ថ្មី​ព្រះអង្គឆាលស៍​ទី៣៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ