អានតួអត្ថបទ

អង់គ្លេស៖ពិភពលោកចូលរួមសម្តែងការសោកស្តាយ និងគោរពវិញ្ញាណក្ខន្ទចំពោះការសោយទីវង្គតព្រះមហាក្សត្រិយអេលីហ្សាបិត ទី២

តាំង​ពី​ក្រោយ​ការ​ប្រកាស​ដំណឹង​សោយទីវង្គត​ព្រះមហាក្សត្រិយ​អង់គ្លេស​អេលីហ្សាបិត ទី២ នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី៨ កញ្ញា ថ្នាក់ដឹកនាំ​គ្រប់ជាន់ថ្នាក់​នៅ​គ្រប់ជ្រុងជ្រោយ​ក្នុង​លោក​បាន​ចូលរួម​គោរពវិញ្ញាណក្ខន្ទ និង​ផ្ញើ​សារ​សម្តែង​ការ​សោកស្តាយ​ជាមួយ​ក្រុម​គ្រួសារ​រាជវង្សសានុវង្ស ប្រទេស និង​ប្រជារាស្រ្ត​អង់គ្លេស។ ទន្ទឹម​គ្នា​នេះ និង​ដើម្បី​ចូលរួម​កាន់​ទុក្ខ មាន​ប្រទេស​មួយ​ចំនួន​បាន​ទម្លាក់​ទង់ជាតិ​នៅ​ពាក់កណ្តាល​ដង។

ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន​ចូលរួម​រំលែក​ទុក្ខជាមួយ​ប្រទេស​អង់គ្លេស​ចំពោះ​ការ​បាត់បង់​ព្រះមហាក្សត្រត្រិយអេលីហ្សាបិត ទី២។
ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន​ចូលរួម​រំលែក​ទុក្ខជាមួយ​ប្រទេស​អង់គ្លេស​ចំពោះ​ការ​បាត់បង់​ព្រះមហាក្សត្រត្រិយអេលីហ្សាបិត ទី២។ AP - Susan Walsh
ផ្សាយពាណិជ្ជកម្ម

នៅ​សហរដ្ឋអាមេរិក ប្រធានាធិបតី​លោក​ចូ បៃដិន​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ថា ព្រះមហាក្សត្រិយ​អេលីហ្សាបិត ទី២ ជា​ស្រ្តីរដ្ឋ​ម្នាក់​ប្រកប​ដោយ​សេចក្តីថ្លៃថ្នូរ និង​ភាព​ខ្ជាប់ខ្ជួន​ដែល​គ្មាន​អ្នក​ណា​អាច​ប្រៀប​ផ្ទឹម​បាន។ តាម​លោក​បៃដិន ព្រះមហាក្សត្រិយ​អេលីហ្សាបិត ទី២ បាន​ចូលរួម​ជួយ​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​អង់គ្លេស​ក្លាយ​ជា​ទំនាក់ទំនង​ពិសេស។ « ខ្ញុំ​រក្សា​ទុក​នូវ​ការ​ចងចាំ​ជា​មិត្ត​របស់​ប្រទេស​បារាំង » នេះ​ជា​សំណេរ​របស់​ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​នៅ​ក្នុង​ទំព័រ Twitter របស់​លោក។

សម្រាប់​ប្រធានាធិបតី​អាល្លឺម៉ង់​លោក Frank-Walter Steinmeier ព្រះមហាក្សត្រិយ​អេលីហ្សាបិត ទី២ ជា​និមិត្តរូប​នៃ​ការ​ផ្សះផ្សា​ជាមួយ​អាល្លឺម៉ង់​ដោយ​បាន​ចូលរួម​រុំរបួស​នៃ​សង្រ្គាមលោកលើកទី២។ ចំណែក​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​លោក​អូឡាហ្វ ស្ហុលស៍​បាន​សរសេរ​ដាច់​ដោយឡែក​ដោយ​រម្លឹក​ពី​ការ​ប្តេជ្ញាចិត្ត​របស់​ព្រះមហាក្សត្រិយ​អេលីហ្សាបិត ទី២ ចំពោះ​ការ​ផ្សះផ្សា​រវាង​អាល្លឺម៉ង់ អង់គ្លេស។ « ព្រះមហាក្សត្រិយ​អេលីហ្សាបិត ទី២ ជា​សាក្សី​នៃ​សង្រ្គាម ការ​ផ្សះផ្សា​នៅ​អឺរ៉ុប និង​ឆ្ងាយ​ពី​អឺរ៉ុប រួម​ទាំង​ជា​សាក្សី​នៃ​ការ​ផ្លាស់ប្តូរ​យ៉ាង​ជ្រាលជ្រៅ​នៃ​ភពផែនដី និងសង្គម​របស់​យើង » នេះ​ជា​ប្រតិកម្ម​របស់​ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោកស្រី​អួរស៊ូឡា វ៉ុនឌែរ ឡេយែន។

ពី​កាណាដា នាយករដ្ឋមន្រ្តី​លោក​ហ្សូសស្តាំង ទ្រុយដូ​បាន​ថ្លែង​ថា ព្រះមហាក្សត្រិយ​អេលីហ្សាបិត ទី២ បន្ត​មាន​វត្តមាន​នៅ​ក្នុង​ជីវិត​ប្រជាជន​កាណាដា​គ្រប់​រូប និង​បន្ត​ស្ថិត​នៅ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ប្រវត្តិសាស្ត្ររបស់​ប្រទេស​កាណាដា។ សម្រាប់​ព្រះមហាក្សត្រ​ហ្វីលីប និង​អគ្គមហេសី​របស់​ប្រទេស​បែលហ្សិក ព្រះមហាក្សត្រិយ​អេលីហ្សាបិត ទី២ ជា​ព្រះមហាក្សត្រិយពិសេស​ដែល​ដក់​ជាប់​យ៉ាង​ជ្រាលជ្រៅ​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​ដោយ​បង្ហាញ​ពី​សេចក្តីថ្លៃថ្នូរ ភាពក្លាហាន និង​ការ​លះបង់។ សារ​ស្រដៀង​គ្នា​ក៏​មាន​ពី​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក​អង់តូនីញ៉ូ ហ្គូទែរស៍​ដែរ។

នៅ​ប្រទេស​ចិន ប្រធានាធិបតី​លោក​ស៊ី ជីនពីង​បាន​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុមគ្រួសារ​រាជវង្សសានុវង្ស រដ្ឋាភិបាល និង​ប្រជារាស្រ្ត​អង់គ្លេស។ ចំណែក​នាយករដ្ឋមន្រ្តី​ជប៉ុន​លោក​ហ្វូមីអូ គីស៊ីដា​បាន​ចូលរួម​សោកស្តាយ​ពី​ការ​បាត់បង់​ព្រះមហាក្សត្រិយ​អេលីហ្សាបិត ទី២ ដែល​លោក​ចាត់​ទុក​ជា​ការ​បាត់បង់​សម្រាប់​ប្រជារាស្រ្ត​អង់គ្លេស និង​សម្រាប់​សហគមន៍​អន្តរជាតិ។ ពី​ប្រទេស​ឥណ្ឌា​ដែល​ធ្លាប់​ស្ថិត​ក្រោម​អាណនិគមនិយម​អង់គ្លេស នាយករដ្ឋមន្រ្តី​លោក​ណារិនដ្រា ម៉ូឌី​បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​ការ​បាត់បង់​ព្រះមហាក្សត្រិយ​អេលីហ្សាបិត ទី២។ សម្រាប់​លោក​ម៉ូឌី ព្រះមហាក្សត្រិយ​អេលីហ្សាបិត ទី២ ជា​និមិត្តរូប​នៃ​សេចក្តីថ្លៃថ្នូរ​នៅ​ក្នុង​ជីវិត​សាធារណៈ។

ដោយឡែក ប្រធានាធិបតី​អ៊ុយក្រែន​លោក​ហ្សេឡេនស្គី និង​ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន​ដែល​កំពុង​ជាប់ដៃ​ក្នុង​សង្រ្គាម​នឹង​គ្នា​ក៏​មិន​បាន​ខកខាន​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុមគ្រួសារ​រាជវង្សសានុវង្ស រដ្ឋាភិបាល និង​ប្រជារាស្រ្ត​អង់គ្លេស​ចំពោះ​ការ​សោយទីវង្គត​ព្រះមហាក្សត្រិយ​អេលីហ្សាបិត ទី២ នៅ​ពេល​នេះ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ