អានតួអត្ថបទ
អង់គ្លេស

ព្រះសព​​នៃ​​ព្រះ​មហាក្សត្រី​​អេលីហ្សាបិត​​​ទី​២ ត្រូវ​បាន​​ដង្ហែ​​ចេញ​​ពី​ដំណាក់​​Balmoral ​ឆ្ពោះ​​មក​​ទីក្រុង​ឡុងដ៍

នៅថ្ងៃអាទិត្យ​ទី​១១កញ្ញានេះ ក្បួនដង្ហែរព្រះសព នៃ​ព្រះមហាក្សត្រីអេលីហ្សាបិតទី​២ ត្រូវបាន​ចាប់ផ្តើម​ហើយ ដោយ​ដង្ហែរចេញ​ពីព្រះរាជដំណាក់ Balmoral ស្ថិតនៅតំបន់អេកូស ​ជាទីដែលព្រះអង្គបានសោយទីវង្គត ដើម្បី​ឆ្ពោះមកកាន់​​ទី​ក្រុង​ឡុងដ៍​។ ចំណែក​កម្មវិធីបុណ្យព្រះសព នឹងត្រូវរៀបចំធ្វើនៅថ្ងៃទី ១៩កញ្ញា។

ក្បួនរថយន្តដង្ហែរព្រះសព កំពុងឆ្លងកាត់ក្រុង Ballater ក្នុងតំបន់​អេកូស ព្រឹកថ្ងៃទី១១កញ្ញា ២០២២
ក្បួនរថយន្តដង្ហែរព្រះសព កំពុងឆ្លងកាត់ក្រុង Ballater ក្នុងតំបន់​អេកូស ព្រឹកថ្ងៃទី១១កញ្ញា ២០២២ AP - Andrew Milligan
ផ្សាយពាណិជ្ជកម្ម

ម៉ោង១០ព្រឹក ក្បួនរថយន្តដឹកព្រះសព ព្រះមហាក្សត្រីអេលីហ្សាបិតទី២ បានចាកចេញពីរបងព្រះរាជដំណាក់ Balmoral ជាទីដែល​ព្រះអង្គសព្វព្រះហរទ័យ​មក​សម្រាកលំហែញឹកញាប់បំផុត​ នៅពេលព្រះអង្គមានព្រះជន្ម។ នៅក្នុង​រថយន្ត​ គេឃើញ​ក្តាម្ឈូស ធ្វើពីឈើ Chêne មានគ្របពីលើដោយទង់ក្រណាត់តំណាងតំបន់អេកូស លម្អ​ដោយ​បាច់ផ្កាពណ៌សលាយ​លឿងមួយបាច់ពីលើ។

ក្បួនរថយន្តបានឆ្លងកាត់ភូមិស្រុកនៅ​ក្បែរ​តំណាក់ Balmoral ដែលមាន​មនុស្ស​ម្នារាប់ពាន់នាក់ មក​ឈរចាំតាមដងផ្លូវ ដើម្បី​សំដែង​គារវកិច្ចជូន​ព្រះរាជដំណើរជាចុងក្រោយ ចំពោះព្រះមហាក្សត្រី ដែលប្រជានុរាស្ត្រគោរពស្រលាញ់បំផុត។​ បន្ទាប់ពីធ្វើដំណើរចំងា​យប្រមាណ៣០០គីឡូម៉ែត្រ នៅវេលាម៉ោងប្រមាណ៤រសៀល ក្បួនរថយន្តដង្ហែរព្រះសព នឹងត្រូវមកដល់​ទីក្រុង Edimbourg ហើយ​ចូលសំចតនៅព្រះរាជដំណាក់ Holyroodhouse មួយយប់។

បន្ទាប់មកទៀត ព្រះសពនឹងត្រូវដឹកតាមយន្តហោះ ឆ្ពោះមកកាន់ទីក្រុងឡុងដ៍នៅថ្ងៃអង្គារទី​១៣កញ្ញា។ មកដល់ទីក្រុងឡុងដ៍ភ្លាម​ ព្រះសពនឹងត្រូវយកទៅព្រះបរមរាជវាំង Buckingham ហើយ​បន្ទាប់មកទៀត នឹងត្រូវយក​ទៅ​​ដំកល់​ នៅ​វិមាន​ Westminster ពីថ្ងៃ​ទី​១៤ ដល់ថ្ងៃទី​១៩កញ្ញា។ ថ្ងៃទី​១៩កញ្ញា គឺជាថ្ងៃព្រះរាជពិធីបុណ្យសព ដែលនឹងត្រូវប្រព្រឹត្តិធ្វើទៅនៅ​ព្រះវិហារ Westminster វេលាម៉ោង១០ព្រឹក។ រដ្ឋាភិបាល​អង់គ្លេស បានប្រកាស​កំណត់ថ្ងៃទី១៩កញ្ញាជាថ្ងៃឈប់សម្រាកទូទាំងប្រទេស។

តាមការគ្រោងទុក ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល​នៃបណ្តាប្រទេសធំៗទូទាំងពិភពលោក ដូចជាលោកម៉ាក្រុង លោកចូ បៃដិន លោកយូស្តាំង ទ្រុយដូ និងព្រះចៅ​អធិរាជជប៉ុនជាដើម នឹងមានវត្តមាន​នៅក្នុងពិធី​បុណ្យ​ព្រះសព របស់ព្រះមហាក្សត្រី​អេលីហ្សាបិតទី២។ បន្ថែមជាមួយ​ចំនួន​មហាជនរាប់សែននាក់ កម្មវិធី​បុណ្យព្រះសពនេះ គឺជាបន្ទុក​ការពារសន្តិសុខដ៏ធំបំផុតមិនធ្លាប់មាន សម្រាប់​សមត្ថកិច្ច ក៏ដូចជារដ្ឋាភិបាលអង់គ្លេស។ ក្រោយពិធីផ្លូវការចប់សព្វគ្រប់ ព្រះសពនៃព្រះមហាក្សត្រីអេលីហ្សាបិតទី​២ នឹងត្រូវយកទៅបញ្ចុះ នៅ​វិហារ​ព្រះចៅហ្សកទី​៦ ស្ថិតនៅ​ក្នុង​​ប្រាសាទ Windsor ដោយ​មានអ្នកចូលរួម ​តែក្រុមគ្រួសារព្រះញាតិវង្សតែប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ