អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីការបង្កើនបំណុលពីប្រទេសចិនធ្វើឱ្យប្រជាជនឡាវបារម្ភខ្លាំង?

ចុះផ្សាយ​នៅ​ថ្ងៃ៖

យោង​តាម​សារព័ត៌មានជប៉ុន Nikkei Asia មិន​ធ្លាប់​មានទេពីមុនមកដែល​សាធារណជន​ឡាវ​ខឹងសម្បារទល់​នឹង​រដ្ឋាភិបាល​របស់ខ្លួន។ ក្ដីកង្វល់សំខាន់មិនត្រឹមតែជាប់ទាក់ទងជាមួយបញ្ហាសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែវាអាស្រ័យខ្លាំងផងដែរលើការកើនឡើងបំណុលខ្ពស់ពីប្រទេសចិន។

ផ្លូវ​និង​ខ្សែ​រថភ្លើង​ឡាវ សាងសង់​ដោយ​ចិន (notre photo).
ផ្លូវ​និង​ខ្សែ​រថភ្លើង​ឡាវ សាងសង់​ដោយ​ចិន (notre photo). AFP - STR
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ប្រទេស​ឡាវ “ស្ថានភាព​ម៉ាក្រូ​សេដ្ឋកិច្ច​មាន​ការ​លំបាក​ខ្លាំង​ណាស់។” នេះបើតាមការលើកឡើងរបស់លោក Alex Kremer អ្នក​គ្រប់​គ្រង​ប្រចាំ​ប្រទេស​របស់​ធនាគារ​ពិភពលោក។ ធនាគារពិភពលោកបានព្រមានកាលពីខែឧសភាថា ពលរដ្ឋឡាវជាច្រើនក្នុងចំណោមប្រជាជនសរុប៧លាននាក់ "អាចប្រឈមនឹងហានិភ័យនៃការធ្លាក់ចូលទៅក្នុងភាពក្រីក្រ ជាពិសេសប្រជាជននៅក្នុងទីក្រុង និងខេត្តផ្សេងៗ" ដោយសារតែតម្លៃទំនិញជាទូទៅកើនឡើងលឿនជាងប្រាក់ចំណូល។ កម្រិតអតិផរណាបានកើនឡើងដល់ ២៥,៦% នៅក្នុងខែកក្កដា នេះបើយោងតាមស្ថិតិផ្លូវការ។

នៅក្នុងទិដ្ឋភាពផ្សេងទៀត បំណុលសាធារណៈកំពុងកើនឡើងផងដែរ។ ស្ថាប័ន AidData បានរកឃើញថា ប្រទេសឡាវកំពុងមានបំណុលផ្លូវការចំនួន ៥,៥៧ពាន់លានដុល្លារអាមេរិកពីប្រទេសចិន ក្នុងអំឡុងពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៧។

លោក Bradley Parks នាយកប្រតិបត្តិនៃស្ថាប័ន AidData បានលើកឡើងថា “​ឡាវ​ក៏​មាន​កម្រិតបំណុលលាក់បាំង ក្នុងកម្រិតខ្ពស់ខ្លាំងធៀប​នឹង​បំណុល​សាធារណៈ​សរុបពី​ប្រទេស​ចិនដែល​មាន​ចំនួន ៦,៦៩ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត ឬ​ប្រហែល ៣៥ភាគរយ​នៃផលិតផលក្នុងស្រុកសរុប (GDP)។ AidData កំណត់និយមន័យ “បំណុលលាក់កំបាំង” ថាជាបំណុលដែលចុះកិច្ចសន្យាដោយអង្គភាពទាំងអស់ ឬដោយផ្នែកជាកម្មសិទ្ធិរបស់រដ្ឋាភិបាលឡាវ ប៉ុន្តែគ្មានការធានាលើការសងបំណុលច្បាស់លាស់។

លោក Parks បានប្រាប់ទៅកាន់កាសែតជប៉ុន Nikkei Asia ថា "បំណុលសរុបរបស់ប្រទេសឡាវទៅកាន់ប្រទេសចិនមានតម្លៃប្រហែល ១២,២ពាន់លានដុល្លារអាមេរិក ឬ ៦៤,៨% នៃ GDP"។

ធនាគារពិភពលោកបានប៉ាន់ប្រមាណថា បំណុលសាធារណៈសរុបអាចមានចំនួន៨៨%នៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ២០២១។ ប៉ុន្តែ ដោយតួលេខរបស់ធនាគារពិភពលោកមិនរាប់បញ្ចូលបំណុលសាធារណៈលាក់កំបាំងរបស់ឡាវពីប្រទេសចិនទេ។ ដូច្នេះ កម្រិតបំណុលពិតរបស់ប្រទេសឡាវអាចមានដល់១២០%នៃGDP។

លោក Parks បានបន្ថែមថា "មិនមានប្រទេសណាផ្សេងទៀតនៅលើពិភពលោកដែលមានកម្រិតបំណុលសាធារណៈខ្ពស់ពីប្រទេសចិនដូចប្រទេសឡាវនេះទេ"។

មិនគួរឱ្យភ្ញាក់ផ្អើលទេ នៅពេលគេប្រៀបធៀបករណីប្រទេសឡាវទៅនឹងប្រទេសស្រីលង្កាដែលកំពុងរងគ្រោះដោយវិបត្តិសេដ្ឋកិច្ច និងវិ​បត្តិបំណុល នាពេលបច្ចុប្បន្ន។

កាលពីខែមិថុនា ទីភ្នាក់ងារវាយតម្លៃហានិភ័យពិភពលោក Moody's បានទម្លាក់ចំណាត់ថ្នាក់ឥណទានរបស់ប្រទេសឡាវបន្ថែមទៀត ឱ្យចូលទៅក្រុមប្រទេសដែលមានហានិភ័យបំផុត។ Moody's បានលើកឡើងថា "ហានិភ័យខកខានសងបំណុលនឹងនៅតែមានកម្រិតខ្ពស់ ព្រោះប្រទេសឡាវមានអភិបាលកិច្ចទន់ខ្សោយ បន្ទុកបំណុលខ្ពស់ខ្លាំង និងកង្វះទុនបម្រុងបរទេសច្រើន"។

យោងតាមមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងអភិវឌ្ឍន៍បៃតង (Green Finance and Development Center) បានឱ្យដឹងថា “ចិនជាអ្នកផ្តល់ប្រាក់កម្ចីទ្វេភាគីធំជាងគេតែមួយទៅកាន់ប្រទេសឡាវ ហើយឡាវគឺជាប្រទេសមួយក្នុងចំណោមប្រទេស "អភិវឌ្ឍន៍តិចតួចបំផុត" ទាំង១៧ ដែលទទួលបំណុលចិនច្រើន។

លោក Patrick Mendis សាស្ត្រាចារ្យផ្នែកកិច្ចការអន្ដរជាតិនៃសកលវិទ្យាល័យ National Chengchi នៅតៃវ៉ាន់ និងជាអតីតមន្រ្ដីការទូតសហរដ្ឋអាមេរិក បាននិយាយថា ការផ្តល់ប្រាក់កម្ចីរបស់ចិនគឺស្ថិតក្រោមគំរូអភិវឌ្ឍន៍ "Beijing Consensus" ហើយវាទាក់ទងទៅនឹងផលប្រយោជន៍ជាតិ និងសន្តិសុខជាតិរបស់ប្រទេសចិន។ ដូច្នេះ ការ​បរាជ័យ​ក្នុង​ការ​ជួយ​ប្រទេស​ឡាវ “មិន​មែន​ជា​ជម្រើស​សម្រាប់​ទីក្រុង​ប៉េកាំង​ទេ”។

លោក Jeremy Zook នាយកផ្នែកវាយតម្លៃនៅស្ថាប័នវាយតម្លៃហានិភ័យ Fitch បាននិយាយថា "ចិនបានផ្តល់ជំនួយសង្គ្រោះបំណុលចំនួន៨០០លានដុល្លារអាមេរិកដល់ប្រទេសឡាវ ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ហើយចិនក៏បានផ្តល់ឱ្យរដ្ឋាភិបាលឡាវនូវថវិកាដើម្បីដកដង្ហើមសម្រាប់វិបត្តិហិរញ្ញវត្ថុផងដែរ"។ លោកបានបន្ថែមថា "មានការពិភាក្សាផ្សេងៗអំពីការបន្ធូរបន្ថយបំណុលនាពេលអនាគត ឬការរៀបចំរចនាសម្ព័ន្ធបំណុលរវាងឡាវ និងចិន នៅអនាគតឆាប់ៗ ប៉ុន្តែមិនមានទិន្នន័យផ្លូវការណាមួយដែលត្រូវបានបញ្ចេញដោយរដ្ឋាភិបាលទាំងពីរនៅឡើយទេ"។

ជម្រើសបន្ធូរបន្ថយបំណុលពីមុនមាន គឺអាចធ្វើឡើងតាមរយៈការផ្ដល់ដីសម្បទាឱ្យម្ចាស់បំណុលចិន។ លោក Keith Barney អ្នកសិក្សានៅសាកលវិទ្យាល័យជាតិអូស្ត្រាលីនៅទីក្រុងកង់បេរ៉ា បាននិយាយថា រដ្ឋាភិបាលបានប្រើប្រាស់ការដោះដូរដីធ្លី និងធនធានធម្មជាតិដើម្បីសងបំណុលបរទេសនៅក្នុងប្រទេសឡាវ ឬដើម្បីគាំទ្រដល់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក"។

រដ្ឋាភិបាលឡាវបានលើកឡើងអំពីការអភិវឌ្ឍ។ រដ្ឋាភិបាលបានប្រគល់ដីយ៉ាងច្រើនដើម្បីសាងសង់តំបន់សេដ្ឋកិច្ចពិសេស ហើយវាជាផ្នែកមួយនៃកិច្ចព្រមព្រៀងដើម្បីសងបំណុលចិន ដែលបានសាងសង់ពហុកីឡដ្ឋានជាតិ ក្នុងទឹកប្រាក់ចំនួន១០០លានដុល្លារអាមេរិក សម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០០៩ដែលឡាវធ្វើជាម្ចាស់ផ្ទះ។

លោក Barney បាននិយាយថា "នេះគឺជាផ្នែកនៃយុទ្ធសាស្ត្រក្នុងការប្រែក្លាយដីទៅជាមូលធន។ វាជាពាក្យស្លោកនៃការអភិវឌ្ឍដ៏សំខាន់របស់ប្រទេសឡាវ និងគោលនយោបាយជាតិ តាំងពីទសវត្សរ៍ឆ្នាំ២០០០"។

ប៉ុន្តែ តើ​សាធារណជន​ឡាវ​បង្ហាញជំហរបែបណាចំពោះបំណុលខ្ពស់ពីប្រទេសចិនបែបនេះ?

មតិយោបល់របស់សាធារណៈជនឡាវកាន់តែបង្ហាញអំពីការប្រឆាំងនឹងរដ្ឋសង្គមនិយមដែលមានបក្សដឹកនាំតែមួយ។ ពួកគេបង្ហាញការព្រួយបារម្ភលើ ការគ្រប់គ្រងសេដ្ឋកិច្ចមិនបានត្រឹមត្រូវ វិបត្តិបំណុល និងវិបត្តិអតិផរណាដែលធ្វើឱ្យមានការកើនឡើងនៃការចំណាយក្នុងការរស់នៅ និងការនាំចូលនូវ ប្រេងឥន្ធនៈ ឧស្ម័ន និងស្បៀងអាហារ។

អ្នកប្រឹក្សាវិនិយោគថៃនៅទីក្រុងវៀងច័ន្ទបានប្រាប់ទៅសារព័ត៌មាន Nikkei ថា "មតិយោបល់ក្នុងចំណោមប្រជាជនឡាវលើសេដ្ឋកិច្ចឡាវគឺថា ប្រទេសនេះកំពុងក្លាយជារដ្ឋបរាជ័យ។ មិនធ្លាប់មានពីមុនមកទេ ដែលសាធារណជនឡាវ ខឹងនឹងរដ្ឋាភិបាលក្នុងកម្រិតបែបនេះ៕”

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ