អានតួអត្ថបទ
ឡាវ-ចិន

ឡាវ​បើក​សម្ពោធ​ខ្សែរថភ្លើង​ទីមួយ​របស់ខ្លួន ដែល​ចិន​​ឲ្យ​ប្រាក់​ខ្ចី​វិនិយោគ

ថ្ងៃសុក្រទី​៣ធ្នូនេះ ប្រទេសឡាវបាន​បើកសម្ពោធ ដាក់ឲ្យ​ប្រើប្រាស់ ខ្សែរថភ្លើងទីមួយ​របស់ខ្លួន។ ជាបណ្តាញផ្លូវដែក​ ដែលចិនបាន​ផ្តល់ប្រាក់វិនិយោគ ប្រមាណ​ជិត​៦ពាន់លានដុល្លារ ហើយក៏ជាផ្នែកមួយ នៃគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិនផងដែរ។ ទឹកប្រាក់ដ៏សន្ធឹកសន្ធាប់នេះ នឹងបន្ថែមទំងន់ បំណុលរបស់ប្រទេសឡាវ ចំពោះចិន ខណៈចិនអះអាងថា ខ្សែរថភ្លើងនេះ នឹងជួយជ្រោងសេដ្ឋកិច្ចឡាវ ឲ្យលូតលាស់ឡើង។

ព្រះសង្ឃឡាវ កំពុងប្រោះព្រំទឹកមន្ត លើក្បាលរថភ្លើងថ្មីស្រឡាង ក្នុងឱកាសបើកសម្ភោធ​ នៅស្ថានីយ៍ក្រុងវៀងចន្ទ ថ្ងៃទី ៣ ធ្នូ ២០២១
ព្រះសង្ឃឡាវ កំពុងប្រោះព្រំទឹកមន្ត លើក្បាលរថភ្លើងថ្មីស្រឡាង ក្នុងឱកាសបើកសម្ភោធ​ នៅស្ថានីយ៍ក្រុងវៀងចន្ទ ថ្ងៃទី ៣ ធ្នូ ២០២១ REUTERS - PHOONSAB THEVONGSA
ផ្សាយពាណិជ្ជកម្ម

ផ្លូវរថភ្លើងប្រវែង ១០៣៥គីឡូម៉ែត្រ ពីក្រុងគុនមីងប្រទេសចិន ឆ្លងកាត់ជ្រលងដងភ្នំ មកដល់ទីក្រុងវៀងចន្ទ ប្រទេសឡាវ ត្រូវបាន​បើកសម្ពោធ នៅថ្ងៃសុក្រ ទី​៣ធ្នូ ដោយមានវត្តមានរបស់​លោក​ប្រធានាធិបតីចិន​ ស៊ី ជីនពីង ថ្លែងសារពីចំងាយ។

គម្រោងវិនិយោគរបស់ចិន ដែលមានតម្លៃទឹកប្រាក់ ប្រមាណជិត​៦ពាន់លានដុល្លារនេះ គឺជាផ្នែកមួយនៃគម្រោង​ផ្លូវមួយខ្សែក្រវ៉ាត់មួយ​របស់ចិន។ ចិន​ចង់ភ្ជាប់ខ្សែរថភ្លើងពីខេត្តយូណានរបស់ខ្លួន ទៅដល់សង្ហបុរី ដោយ​ឆ្លងកាត់ ឡាវ ថៃ និងម៉ាឡេស៊ី។ លោក Wang Wenbin អ្នកនាំពាក្យ​ម្នាក់នៃក្រសួងការបរទេសចិន បានអះអាងថា ខ្សែរថភ្លើងនេះ នឹងជួយជ្រោងសេដ្ឋកិច្ចឡាវ ដែលជាប្រទេសក្រីក្រជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ឲ្យ​ស្ទុះរីកចម្រើនឡើង។

គួរបញ្ជាក់ថា ថ្វីបើអ្នកជំនាញ​បានទទួលស្គាល់ ពីលទ្ធភាពនៃការទទួលបានផលវិជ្ជមានខ្លះ ពីខ្សែរថភ្លើងនេះ តែ​គេកំពុងបារម្ភថាតើ ឡាវអាចទ្រាំទ្រ សងបំណុលចំនួនជាង​១ពាន់លានដុល្លារ ឲ្យចិនរួចដែរឬទេ ព្រោះថាឡាវមានហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច ទន់ខ្សោយណាស់។ ធនាគារ​ពិភពលោក បាន​​ផ្តល់អនុសាសន៍ ឲ្យ​រដ្ឋាភិបាល​ឡាវ ត្រូវតែធ្វើកំណែទម្រង់សំខាន់ច្រើនចំណុច ជាក់ស្តែង​ការរៀបចំប្រព័ន្ធគ្រប់គ្រងព្រំដែន ទើបអាចទាញផលចំណេញពី​ខ្សែរថភ្លើងនេះបាន។

យ៉ាងណាក៏ដោយ លោក Greg Raymond សាស្ត្រាចារ្យ នៅ Australian National University បានលើកឡើងថា អំពើពុករលួយ កង្វះតម្លាភាព គឺជាវិបត្តិធំនៅឡាវ។ សេដ្ឋកិច្ចឡាវ រំពឹងខ្លាំងលើកសិកម្ម ហើយ​ប្រជាជន​ឡាវ មានចំណូល​​មធ្យម ត្រឹមតែ១១០ដុល្លារក្នុងមួយខែប៉ុណ្ណោះ។ លោកអះអាងថា សេដ្ឋកិច្ចឡាវអាចនឹងអាច ទទួលបានផលវិជ្ជមាន​ពីខ្សែរថភ្លើងនេះទេ។

គួរបញ្ជាក់ថា ខ្សែរថភ្លើងនេះ ឆ្លងកាត់ប្រទេសឡាវ ប្រវែង ៤១៤គីឡូម៉ែត្រ ដោយ​ចំណាយ​ពេលសាងសង់ ប្រមាណ​៥ឆ្នាំ ជាមួយ​នឹងសំណង់រូងក្រោមភ្នំចំនួន​៧៥ និង​ស្ពាន​ចំនួន​១៦៧។ គម្រោងសាងសង់នេះ បានប៉ះពាល់ផងដែរទៅ​លើ​ប្រជាជនឡាវ ចំនួន​ប្រមាណ​៤៤០០គ្រួសារ ដែលត្រូវ​រដ្ឋរឹបអូសដីស្រែ និងរុះរើសផ្ទះសម្បែង។ យោងតាមរបាយការណ៍ របស់អង្គការចលនាសិទ្ធិមនុស្សឡា​វ មួយភាគធំនៃជនរងគ្រោះ បានទទួលសំណងជំងឺចិត្ត យ៉ាងយឺតយ៉ាវ និង​ក្នុងទំហំទឹកប្រាក់ស្តួចស្តើងបំផុត៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ