អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សង្រ្គាមអ៊ុយក្រែន៖បស្ចិមលោកកំពុងប្រឈមនឹងកង្វះសម្ភារៈបរិក្ខារយោធា និងគ្រឿងសព្វាវុធសម្រាប់ខ្លួនឯង?

ចុះផ្សាយ​នៅ​ថ្ងៃ៖

តាំង​ពី​រុស្ស៊ី​បើក​ការ​វាយប្រហារ​ចូល​ឈ្លានពាន​អ៊ុយក្រែន ក្រុម​ប្រទេស​លោកខាងលិច​បាន​នាំ​គ្នា​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​រុស្ស៊ី និង​បាន​នាំ​គ្នា​ជួយ​អ៊ុយក្រែន។ ជំនួយ​ដែល​ក្រុម​ប្រទេស​លោក​ខាង​លិច​បាន​ផ្តល់​ឲ្យ​អ៊ុយក្រែន​ច្រើន​ជាង​គេ គឺ​សម្ភារៈបរិក្ខារ​យោធា និង​គ្រឿងសព្វាវុធ​ទំនើបៗ​ដើម្បី​ប្រឈម​ទប់​នឹង​កងទ័ព​រុស្ស៊ី។ អាមេរិក​ជា​ប្រទេស​ដែល​បាន​ផ្តល់​ឲ្យ​អ៊ុយក្រែន​ច្រើន​ជាង​គេ។ តែ​ខណៈ​នេះ អាមេរិក រួម​ទាំង​ប្រទេស​លោក​ខាង​លិច​ខ្លះ​កំពុង​ស្គាល់​ចំនួន​ស្តុក​សម្ភារៈបរិក្ខារ​យោធា និង​គ្រឿងសព្វាវុធ​ធ្លាក់​ចុះ​ខ្លាំង។ ហេតុអ្វី​បាន​ជា​គ្រាន់​តែ​ជួយ​អ៊ុយក្រែន​តែ​មួយ ក្រុម​ប្រទេស​លោកខាងលិច​បែរ​ជា​កំពុង​ប្រឈម​នឹង​ការ​ខ្វះ​សម្ភារៈបរិក្ខារយោធា និង​គ្រឿងសព្វាវុធ​សម្រាប់​ការពារ​ខ្លួន​ឯង​ទៅ​វិញ?

គ្រាប់មីស៊ីល​បាញ់​លើ​ស្មា​របស់​អាមេរិក​ឈ្មោះ Stinger។
គ្រាប់មីស៊ីល​បាញ់​លើ​ស្មា​របស់​អាមេរិក​ឈ្មោះ Stinger។ AP - Vadim Ghirda
ផ្សាយពាណិជ្ជកម្ម

តាំង​ពី​រុស្ស៊ី​បាន​បើក​ការ​វាយប្រហារ​ចូល​ឈ្លានពាន​អ៊ុយក្រែន​ក្នុង​ថ្ងៃទី២៤ កុម្ភៈ សង្រ្គាម​មួយ​នេះ​បាន​ផ្តល់​មេរៀន​ជូរចត់​ចំនួន​ពីរ​ដល់​បស្ចិមលោក ពិសេស​ដល់​អឺរ៉ុប។ មេរៀន​ទី១ គឺ​ទាក់ទង​នឹង​រឿង​ថាមពល ពិសេស​ឧស្ម័ន​ដែល​អឺរ៉ុប​បាន​ពឹង​ខ្លាំង​លើ​រុស្ស៊ី។ នៅ​ពេល​ដែល​រុស្ស៊ី​បាន​សម្រេច​បិទ​រ៉ូប៊ីណេ​ឧស្ម័ន អឺរ៉ុប​នំា​គ្នា​ជ្រួលច្របល់​ដោយ​ពិបាក​រក​ឧស្ម័ន​ពី​កន្លែង​ផ្សេង​ដើម្បី​ជំនួស​ឧស្ម័ន​រុស្ស៊ី។ នេះ​ដោយ​មិន​និយាយ​ពី​តម្លៃ​ឧស្ម័ន​ឡើង​ថ្លៃ​កប់​ពពក។ ចំណែក​មេរៀន​ទី២ គឺ​ទាក់ទង​នឹង​សម្ភារៈបរិក្ខារយោធា និង​គ្រឿងសព្វាវុធ​ដែល​ក្រុម​ប្រទេស​លោក​ខាង​លិច​កំពុង​មាន​ក្នុង​ដៃ​សព្វថ្ងៃ និង​ដែល​ក្រុម​ប្រទេស​លោកខាងលិច​បាន​ផ្តល់​ឲ្យ​អ៊ុយក្រែន​យ៉ាង​ច្រើន​សម្បើម។

អឺរ៉ុប​ពិត​ជា​នឹក​ស្មាន​មិន​ដល់​សោះ​ឡើយ​ថា ជាង ៧០ឆ្នាំ​ក្រោយ​ការ​បិទ​បញ្ចប់​សង្គ្រាម​លោកលើកទី២ និង​ជាង ៣០ឆ្នាំ​ក្រោយ​ការ​បិទបញ្ចប់​សង្រ្គាម​ត្រជាក់ អឺរ៉ុប​បែរ​ជា​កំពុង​ធ្លាក់​ក្នុង​សង្រ្គាម​ថ្មី​នៅ​ពេល​នេះ​សោះ។ សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​មិន​ដល់ ៧ខែ​ផង​បាន​ធ្វើ​ឲ្យ​ពិភពលោក​ច្របូកច្របល់ និង​រំជើបរំជួល។ ក្រៅ​ពី​វិបត្តិ​ថាមពល សង្រ្គាម​មួយ​នេះ​កំពុង​រុញ​ពិភពលោក​ឲ្យ​ធ្លាក់​ក្នុង​វិបត្តិ​ខ្វះ​ស្បៀង។ តែ​អាទិភាព​របស់​ក្រុម​បស្ចិមលោក​នៅ​ចំពោះ​មហិច្ឆតា​របស់​រុស្ស៊ី គឺ​ជួយ​អ៊ុយក្រែន​តាម​គ្រប់​មធ្យោបាយ​ទាំង​អស់​ដើម្បី​ឲ្យ​អ៊ុយក្រែន​អាច​ត ទល់​នឹង​ទ័ព​រុស្ស៊ី ពិសេស​ជួយ​អ៊ុយក្រែន​ក្នុង​ផ្លូវ​យោធា។ ជម្រើស​នៅ​ក្នុង​ន័យ​នេះ គឺ​ការ​ផ្តល់​សម្ភារៈបរិក្ខារយោធា និង​គ្រឿងសព្វាវុធ​ទំនើបៗ​ឲ្យ​អ៊ុយក្រែន។

សឹង​គ្រប់​ប្រទេស​អឺរ៉ុប​ទាំង​អស់​បាន​ផ្តល់​សម្ភារៈបរិក្ខារយោធា និង​គ្រឿងសព្វាវុធ​ទំនើបៗ​ឲ្យ​អ៊ុយក្រែន ក្នុង​នោះ អាមេរិក​បាន​ផ្តល់​ឲ្យ​ច្រើន​ជាង​គេ​ដែល​គិត​ជា​ទឹកប្រាក់​មាន​ជាង ១៥ ០០០លានដុល្លារ​នៅ​ពេល​នេះ។ គ្រឿងសព្វាវុធ​ដែល​អាមេរិក​បាន​ផ្តល់​ឲ្យ​អ៊ុយក្រែន​មាន​ជា​ពិសេស គ្រាប់ផ្លោង​ចំនួន ៨០០ ០០០គ្រាប់ គ្រាប់មីស៊ីល​បាញ់​ចម្ងាយ​ជិត​លីបាញ់​លើ​ស្មា​ឈ្មោះ Stinger ជាង ១ ៤០០គ្រាប់ គ្រាប់មីស៊ីល​ឈ្មោះ Javelin សម្រាប់​បាញ់​រថក្រោះ​ប្រមាណ​ជា ៨ ៥០០គ្រាប់ គ្រាប់​រ៉ូកែត​ឈ្មោះ Himars សម្រាប់​បំពាក់​លើ​រថពាសដែក​ធុនស្រាល ឬ​មួយ​ក៏​គ្រាប់រ៉ូកែត​បំពាក់​ដោយ​ប្រព័ន្ធ GPS ដែល​អាច​បាញ់​បាន​ចម្ងាយ​ជាង ៨០គីឡូម៉ែត្រ​ជា​ដើម។

ក្រុម​បស្ចិមលោក​ពិត​ជា​មិន​ខកចិត្ត​ចំពោះ​ជំនួយ​យោធា​របស់​ខ្លួន​ចំពោះ​អ៊ុយក្រែន​ទេ ព្រោះ​តាម​រយៈ​ជំនួយ​នេះ ទ័ព​អ៊ុយក្រែន​មាន​ប្រៀប​លើ​ទ័ពរុស្ស៊ី​លើ​សមរភូមិ និង​វាយ​ដណ្តើម​បាន​ស្រុក​មួយ​ចំនួន​ពី​ទ័ព​រុស្ស៊ី​វិញ។ តែ​ចំណោត​នៅ​ត្រង់​ថា​នា​ពេល​ខាង​មុខ អាមេរិក​នឹង​មិន​អាច​ផ្តល់​គ្រឿងសព្វាវុធ​ទំនើបៗ​ឲ្យ​អ៊ុយក្រែន​បាន​ទៀត​ឡើយ។ នេះ​មិនមែន​មក​ពី​អាមេរិក​ចង់​ឈប់​ជួយ​អ៊ុយក្រែន​ទេ តែ​មក​ពី​បរិមាណ​ស្តុក​អាវុធ​របស់​អាមេរិក​មាន​កំណត់ ឬ​និយាយ​ឲ្យ​ស្រួល អាមេរិក​ក៏​ត្រូវ​ការ​ទុក​គ្រឿងសព្វាវុធ​ទំនើបៗ​ដើម្បី​ប្រើប្រាស់​ខ្លួន​ឯង​ដែរ។ បើ​ពុំ​នោះ​សោត​ទេ គឺ​សមត្ថភាព​ការពារ​របស់​អាមេរិក​ខ្លួន​ឯង​នឹង​អាច​ជួប​ហានិភ័យ។

គួរ​រម្លឹក​ថា នៅ​ក្រោយ​ការ​ដួល​រលំ​សហភាព​សូវៀត​ក្នុង​ទសវត្សរ៍ ៩០ អាមេរិក​ក៏​ដូច​ជា​ក្រុម​ប្រទេស​លោក​ខាង​លិច​បាន​បង្ខំ​ចិត្ត​កាត់​បន្ថយ ឬ​បញ្ឈប់​ការ​ផលិត​អាវុធ​ប្រភេទ​ខ្លះ។ ជាក់ស្តែង ផលិតកម្ម​គ្រាប់មីស៊ីល​ឈ្មោះ Stinger ត្រូវ​បាន​រោងចក្រ​អាមេរិក​បោះបង់​ចោល​ក្នុង​ឆ្នាំ ២០២០។ ចំណែក​ការ​ផលិត​គ្រាប់ផ្លោង គ្រាប់រ៉ូកែត និង​គ្រាប់មីស៊ីល​ផ្សេង​ទៀត​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ។ អ៊ីចឹង​ហើយ​បាន​ជា​នៅ​ពេល​នេះ រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ជំរុញ​ឲ្យ​ឧស្សាហកម្ម​អាវុធ​បង្កើន​ការ​ផលិត​បន្ថែម​ទៀត​ឲ្យ​បាន​លឿន​បំផុត​ដែល​អាច​ធ្វើ​ទៅ​បាន។ តែ​ក្រុម​អ្នកជំនាញ​បាន​មើល​ឃើញ​ថា គេ​ត្រូវ​ការ​ពេល​ច្រើន​ខែ​រហូត​ដល់​ច្រើន​ឆ្នាំ​ទើប​អាមេរិក​អាច​រក​ឃើញ​ឡើង​វិញ​នូវ​កម្រិត​បរិមាណ​ស្តុក​អាវុធ​ដូច​មុន​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន នោះ​បើ​ទោះ​បី​ជា​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ទម្លាក់​លុយ​ច្រើន​ប៉ុន​ណា​ក៏​ដោយ។

ក្រៅ​ពី​ស្នើ​ឲ្យ​រោងចក្រ​ផលិតអាវុធ​ក្នុង​ស្រុក​បង្កើន​ល្បឿន​លើ​ការ​ផលិត​គ្រាប់ផ្លោង ឬ​គ្រាប់មីស៊ីល​ដែល​កំពុង​ជិត​អស់​ពី​ស្តុក​ដោយសារ​យក​ទៅ​ជួយ​អ៊ុយក្រែន រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​ក៏​បាន​ចុះ​កុងត្រា​ជាមួយ​ក្រុមហ៊ុន​ផលិត​អាវុធ​នៅ​បរទេស​ដែរ។ កម្មវត្ថុ​របស់​អាមេរិក គឺ​ដើម្បី​បំពេញ​ស្តុក​អាវុធ​របស់​ខ្លួន​ដើម្បី​ការពារ​ខ្លួន​ផង និង​ដើម្បី​អាច​បន្ត​ជួយ​អ៊ុយក្រែន​ឲ្យ​ប្រឈម​ទប់​នឹង​រុស្ស៊ី​ផង។ ជាង​ពេល​ណាៗ​ទាំង​អស់ សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​បាន​ផ្តល់​មេរៀន និង​ដាស់​បស្ចិមលោក​ឲ្យ​ដឹង​ពី​ចំណុច​ខ្សោយ​របស់​ខ្លួន ពិសេស​ក្នុង​វិស័យ​ថាមពល និង​វិស័យ​ការពារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ