អានតួអត្ថបទ

អ្នកជំនាញព្រមាន​ពី​ដែនកំណត់​នៃ​ការផ្គត់ផ្គង់​សព្វាវុធ​អាមេរិកសម្រាប់​សង្រ្គាមអ៊ុយក្រែន

អាមេរិក​ទំនងលែង​អាច​ផ្តល់សព្វាវុធ​ទំនើបៗ ដល់​កងទ័ព​អ៊ុយក្រែន ដូចដែលអាមេរិក​កំពុងធ្វើ រហូត​ដល់​សព្វថ្ងៃ។ តាម​អ្នកជំនាញ​មកពីវិទ្យាស្ថាន​សម្រាប់​យុទ្ធសាស្រ្ត និងការសិក្សាអន្តរជាតិ ហៅកាត់ជាភាសាបារាំង CSIS ចំនួន​អាវុធ​ក្នុងស្តុក​របស់​អាមេរិក​បាន​ធ្លាក់ចុះ ដល់​ដែនកំណត់​មួយ ដែល​តម្រូវ​ឲ្យ​អាមេរិក​ត្រូវតែ​គិតគូរ ពី​ផែនការ និង​ការផលិត ដើម្បី​បំពេញ​បង្រ្គប់​សព្វាវុធ​ក្នុង​ឃ្លាំងឡើងវិញ។

ទាហាន​អ៊ុយក្រែន​ទទួលគ្រាប់មីស៊ីលបាញ់ពីលើស្មារបស់អាមេរិក ឈ្មោះ Javlin នៅទីក្រុង​កៀវ នៅខែ​កុម្ភៈ នៅប៉ុន្មានថ្ងៃ​មុន​រុស្ស៊ី​ធ្វើសង្រ្គាមឈ្លានពាន​អ៊ុយក្រែន
ទាហាន​អ៊ុយក្រែន​ទទួលគ្រាប់មីស៊ីលបាញ់ពីលើស្មារបស់អាមេរិក ឈ្មោះ Javlin នៅទីក្រុង​កៀវ នៅខែ​កុម្ភៈ នៅប៉ុន្មានថ្ងៃ​មុន​រុស្ស៊ី​ធ្វើសង្រ្គាមឈ្លានពាន​អ៊ុយក្រែន AP - Efrem Lukatsky
ផ្សាយពាណិជ្ជកម្ម

អាមេរិកជាប្រទេស​ផ្តល់ជំនួយ​យោធាធំជាងគេបង្អស់​សម្រាប់​អ៊ុយក្រែន ចាប់តាំង​ពីផ្ទុះសង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។ នេះជា​អ្វី​ដែល​គ្មានអ្នកណា​អាច​ប្រកែកបានទេ។ នៅក្នុង​សង្រ្គាមអ៊ុយក្រែន ជាង ៧ខែមកនេះ អាមេរិក​បាន​ប្រកាស​ផ្តល់ជំនួយយោធា ច្រើនជាង ១៦,៨ពាន់លាន​ដុល្លារ​សម្រាប់​ជួយ​កងទ័ព​អ៊ុយក្រែន។

តាម​តួលេខ​របស់​មន្ទីរបញ្ចកោន អាមេរិក​បាន​បញ្ជូន គ្រាប់ផ្លោង ប្រមាណ ៨៨០ ០០០គ្រាប់​ទៅ​ឲ្យទីក្រុង​កៀវ ដែលស្មើនឹង​៣ភាគ៤​នៃ​ចំនួន គ្រាប់​ដែលសមាជិក​របស់អូតង់ទាំងអស់រួមគ្នា ផ្តល់ទៅជួយ​អ៊ុយក្រែន។ អាមេរិក​នៅ​បាន​បញ្ជូនសព្វាវុធ​ទំនើបៗផ្សេងទៀតដូចជា មីស៊ីល​ប្រឆាំង រថក្រោះ បាញ់ពីលើស្មា Javelin ចំនួន ៨៥០០ដើម ដែល​កងទ័ព​អ៊ុយក្រែន​និយមប្រើ និងធ្លាប់យកឈ្នះ ទប់ស្កាត់​មិន​ឲ្យ​រថក្រោះ​រុស្ស៊ី រំកិល​ចូល​ទីក្រុង​កៀវ កាល​ពី​ដើមដំបូង​នៃ​សង្រ្គាម។ ចំនែក​ប្រព័ន្ធ​មីស៊ីល​Himars របស់​អាមេរិក​ក៏​កំពុង​ជួយ​ឲ្យ​កងទ័ព​អ៊ុយក្រែន មានប្រៀប​លើ​កងទ័ព​រុស្ស៊ី នៅ​ក្នុង​សមរភូមិប្រយុទ្ធ​នៅតំបន់ខាងកើតអ៊ុយក្រែន។

សព្វថ្ងៃនេះ អាមេរិក​បាន​បញ្ចេញ​ប្រមាណ ១ភាគ៣​នៃ​សព្វាវុធ​ទំនើបៗ ដូចជា មីស៊ីល​បាញ់​ពី​លើ​ស្មា Javelin Stinger និងប្រព័ន្ធ​មីស៊ីល Himars សម្រាប់​ជួយកងទ័ព​អ៊ុយក្រែន។ ការចាក់បង្ហូរ​សព្វាវុធ​ទៅ​ជួយអ៊ុយក្រែន បាន​ធ្វើ​ឲ្យ​សព្វាវុធ​ក្នុងស្តុក​របស់​អាមេរិក​កាន់តែខើច និង​ធ្លាក់ចុះ​ដល់​កម្រិតមួយ ដែល​ធ្វើ​ឲ្យ​អាមេរិក​ចាប់ផ្តើម​គិតគូរ​រកមធ្យោបាយ មក​បំពេញ​ស្តុកឡើងវិញ។

សម្រាប់ អ្នកជំនាញ មកពីវិទ្យាស្ថានយុទ្ធសាស្រ្ត និងសិក្សា​អន្តរជាតិ លោក Mark Cancian សង្រ្គាម​អ៊ុយក្រែន​បានធ្វើ​ឲ្យ​អាមេរិក​រៀនសូត្រ ដឹងថា តម្រូវការ​អាវុធ សម្រាប់​សង្រ្គាមរវាង​ប្រទេស​មហាអំណាច​គឺមាន​ចំនួនច្រើនជាង បរិមាណ​អាវុធដែលគេស្តុកទុកក្នុងឃ្លាំង។

លោកស្រី​Laura Cooper មន្រ្តីទទួលបន្ទុក​រុស្ស៊ី អ៊ុយក្រែន​នៅ​ក្រសួងការពារ​ជាតិ​អាមេរិក​បាន​និយាយ​ថា អាមេរិក​នឹង​នៅតែ​បន្តផ្តល់ជំនួយយោធា​ដល់​អ៊ុយក្រែន ឲ្យបាន​យូរបំផុត។ សម្រាប់​អ្នកជំនាញ​ខាងលើ អាមេរិក​ទំនងមិនបញ្ចេញសព្វាវុធ​អស់ពីស្តុក ដើម្បី​ជួយ​អ៊ុយក្រែននោះទេ។ ដើម្បី​អាចបន្ត ជួយ​អ៊ុយក្រែន អាមេរិក​អាច​បញ្ជូន​សព្វាវុធ​ចាស់ៗ។ មួយវិញទៀត ដើម្បី​បំពេញ​អាវុធក្នុងស្តុកឲ្យដល់​បរិមាណ ដែលអាមេរិកធ្លាប់មាន នៅមុនចាប់ផ្តើម​សង្រ្គាមអ៊ុយក្រែន អាមេរិក​ត្រូវការ​ជំរុញ​ក្រុមហ៊ុន ឧស្សាហកម្ម​ឲ្យ​ផលិត​អាវុធឡើងវិញ បន្ទាប់ពីវិស័យនេះ​​ធ្លាក់​ថយចុះ​សកម្មភាពសឹង​ដល់​សូន្យ នៅក្រោយ​ចប់​សង្រ្គាមត្រជាក់។

នៅ​ខែ ឧសភា អាមេរិក​ធ្លាប់​បាន​បញ្ជាទិញ​អាវុធ​ តម្លៃ ៣៥០លាន​ដុល្លារ ពី​ក្រុមហ៊ុន​ផលិតអាវុធ​ដ៏ល្បីឈ្មោះ Lockheed Martin Raytheon។ ប៉ុន្តែ អ្នកជំនាញ​បាន​វាយតម្លៃ​ហើយថា ទោះអាមេរិក បញ្ចេញមូលនិធិ​ដើម្បីជំរុញ ការផលិតសព្វាវុធ អាមេរិក​ត្រូវការពេលវេលា​ជាច្រើនឆ្នាំ ដើម្បី​បង្កើតចំនួនស្តុកសព្វាវុធ​ឲ្យច្រើនដូចដើមឡើងវិញ។ ជាក់ស្តែង អាមេរិក​បានផ្តល់​មីស៊ីល​សម្រាប់​ប្រព័ន្ធ Himars ចំនួន ៨ពាន់​ដើម ទៅ​ឲ្យ​អ៊ុយក្រែន ប៉ុន្តែ ក្រុមហ៊ុន​ Lockheed Martin អាច​ផលិតមីស៊ីល​ប្រភេទនេះ តែ ៥ពាន់​ដើម​ប៉ុណ្ណោះ ក្នុងមួយឆ្នាំ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ