អានតួអត្ថបទ
សព្វាវុធអឺរ៉ុប

ស្នងការអឺរ៉ុបស្នើឲ្យមានកញ្ចប់ថវិកាដើម្បីទិញអាវុធរួមគ្នា

សព្វាវុធធ្លាក់ថយចុះ នៅក្នុងឃ្លាំង ដោយសារ​ត្រូវ​ជួយ​អ៊ុយក្រែន នៅក្នុង​សង្រ្គាមឈ្លានពាន​របស់​រុស្ស៊ី។ ដើម្បី​បំពេញ​ឃ្លាំងអាវុធ​របស់ខ្លួន​ឡើងវិញ ស្នងការអឺរ៉ុប លោក​Thierry Breton នៅថ្ងៃ​អង្គារ ម្សិលមិញ បាន​លើកសំណើ ទៅ​កាន់​ប្រទេស​សមាជិក​សហភាពអឺរ៉ុប ឲ្យ​បង្កើត​កញ្ចប់​ថវិកា ៥០០​លាន​អឺរ៉ូ សម្រាប់​ទិញអាវុធ​រួមគ្នា ក្នុង​តម្លៃថោក។ សម្រាប់​ស្នងការអឺរ៉ុប នៅក្នុងកាលៈទេសៈ ដែល​ភ្លើងសង្រ្គាម​របស់​រុស្ស៊ី នៅ​អ៊ុយក្រែន​កំពុងឆាបឆេះ នៅមាត់ទ្វារ​ផ្ទះរបស់ខ្លួន​យ៉ាងដូច្នេះ អឺរ៉ុបចាំបាច់​ត្រូវតែ​ពង្រឹង​ស្តុកសព្វាវុធ​ជាបន្ទាន់ ដើម្បី​ទុកការពារខ្លួន។

កងទ័ពអូទ្រីស​ធ្វើ​សមយុទ្ធជាមួយ​កទ័ពរបស់​សាធារណរដ្ឋឆែក នៅឆ្នាំ ២០១៧ នៅប្រទេស​អូទ្រីស
កងទ័ពអូទ្រីស​ធ្វើ​សមយុទ្ធជាមួយ​កទ័ពរបស់​សាធារណរដ្ឋឆែក នៅឆ្នាំ ២០១៧ នៅប្រទេស​អូទ្រីស AP - Ronald Zak
ផ្សាយពាណិជ្ជកម្ម

អឺរ៉ុបកំពុងបោះជំហាន​សំខាន់ នៅក្នុង​ផ្នែកការពារ​ជាតិ។ ថ្លែង​នៅក្នុង​សន្និសីទកាសែត កាលពី​ថ្ងៃ​អង្គារ ស្នងការអឺរ៉ុប លោក​Thierry Breton ទទួលបន្ទុក​ផ្នែក​ទីផ្សារ​ក្នុងស្រុក (ឧស្សាហកម្ម អវកាស ឌីជីថល និង​ការពារជាតិ) បាន​លើក​សំណើ​ឲ្យ​គេ​បង្កើត​កញ្ចប់ថវិកា​៥០០​លាន​អឺរ៉ូ ​ដើម្បី​ជួយសម្រួល​ការទិញ​សព្វាវុធ​រួមគ្នា​របស់​ប្រទេស​សមាជិក។

តាម​ស្នងការអឺរ៉ុប ប្រទេស​សមាជិក​អឺរ៉ុប​បាន​ដកអាវុធ​សឹង​អស់ពីក្នុងឃ្លាំង ដែល​មាន​តាំង​ពី​គ្រាប់ ផ្លោង កាំភ្លើងធុនធំ ធុនតូច ប្រព័ន្ធការពារ​ដែនអាកាស មីស៊ីល​ប្រឆាំង​រថក្រោះ ឬ​រថពាស ដើម្បី​យក​ទៅ​ជួយ​អ៊ុយក្រែន។

នៅ​៤ថ្ងៃ​ក្រោយ​រុស្ស៊ីចូលធ្វើ​សង្រ្គាម​ឈ្លានពាន​អ៊ុយក្រែន មេដឹកនាំ​របស់​ប្រទេស​សមាជិក​សហភាព អឺរ៉ុប ទាំង ២៧ បាន​សម្រេច​ចិត្តជាប្រវត្តិសាស្រ្ត ផ្តល់សព្វាវុធដល់​កងទ័ព​អ៊ុយក្រែន ក្នុងទំហំទឹកប្រាក់ ៤៥០​លាន​អឺរ៉ូ។ ជំនួយសព្វាវុធ​របស់​អឺរ៉ុប​សម្រាប់​អ៊ុយក្រែន​នៅតែ​កើនឡើងជាប់ជានិច្ច។ នៅថ្ងៃ​ចន្ទ ថ្នាក់ដឹកនាំ​អឺរ៉ុប​បាន​យល់ព្រម​ឲ្យគេបើកប្រាក់៥០០លាន​អឺរ៉ូ ពី​មូលនិធិអឺរ៉ុប ដើម្បី​សន្តិភាពសម្រាប់​យកទៅផ្គត់ផ្គង់ការទិញសព្វាវុធ​ឲ្យអ៊ុយក្រែន។

ការបញ្ចេញសព្វាវុធ​សម្រាប់​ជួយ​កងទ័ព​អ៊ុយក្រែន បានធ្វើ​ឲ្យអាវុធក្នុងឃ្លាំង​របស់​ប្រទេស​សមាជិកអឺរ៉ុប​ធ្លាក់ថយចុះច្រើន ដែលនេះ​ជាប្រការមិនល្អ និងដែលត្រូវគេ​បំពេញបន្ថែមមកវិញជាបន្ទាន់។ សម្រាប់​ស្នងការអឺរ៉ុប ដោយ​មើលទៅលើ​ស្តុក​សព្វថ្ងៃ របស់​ប្រទេស​សមាជិក​អឺរ៉ុប គេ​ត្រូវ​ប្រញាប់​រួសរាន់​បន្ទាន់ ដើម្បី​អនុម័ត​កញ្ចប់ថវិកា។ អាទិភាពចំបង​នៃ​មូលនិធិថ្មីនេះ គឺ​ការទិញ មីស៊ីល បាញ់ចេញពីលើស្មា មីស៊ីល​ប្រឆាំង​រថក្រោះ និង​គ្រាប់កាំភ្លើងធំ។ ដោយ​ទិញសព្វាវុធ​ថ្មី សម្រាប់​បំពេញស្តុកក្នុងឃ្លាំងអាវុធ​របស់ខ្លួនឡើងវិញ ប្រទេស​សមាជិក​អឺរ៉ុប​នឹង​អាច​មាន​ប្រព័ន្ធ​មីស៊ីល​ទំនើបថ្មី ហើយនិង​មាន​លទ្ធភាព ជំនួស​សព្វាវុធ​ចាស់ៗ ដែល​សល់តាំង​ពីសម័យ​សហភាពសូវៀត។

ទៅតាមសំណើ​របស់ស្នងការអឺរ៉ុប ​មូលនិធិថ្មី​នឹង​អាច​ជួយ ក្នុង​ពេលតែ​មួយ ប្រទេស​យ៉ាងហោច ៣ ដែល​ចង់​ទិញសព្វាវុធ​រួមគ្នា ក្នុង​តម្លៃថោក ដើម្បី​កាត់បន្ថយ​ការចំណាយយោធា ដែល​ចេះតែកើនឡើង ដោយសារ​សង្រ្គាមអ៊ុយក្រែន។

មាន​ជាលើកទី១​ក្នុងប្រវត្តិ​សហភាពអឺរ៉ុប កញ្ចប់​ថវិកា​៥០០​លាន​អឺរ៉ូ សម្រាប់រយៈពេល​២ឆ្នាំ នឹង​ទៅ​បំពេញបន្ថែម មូលនិធិ​ការពារ​ជាតិ​របស់​អឺរ៉ុប ចំនួន ៧,៩ពាន់លាន​អឺរ៉ូ ដែល​សហភាព​អឺរ៉ុប​បានបោះឆ្នោត​អនុម័ត​កាលពី​ឆ្នាំ មុន នៅក្រោម​ការពុះពារ ជំរុញ របស់​ប្រទេស​បារាំង។

សម្រាប់​ស្នងការអឺរ៉ុប លោក​ Thierry Breton ដែលជាអ្នកនយោបាយបារាំង អឺរ៉ុប​បានកាត់បន្ថយសព្វាវុធ និង​វិនិយោគតិចតួចទៅលើ​វិស័យកងទ័ព បើប្រៀបធៀប​នឹង​ប្រទេស​ផ្សេងទៀត ដូចជា​ចិន អាមេរិក រុស្ស៊ី ឥណ្ឌា ជាដើម។ នៅ​រយៈពេល​២០ឆ្នាំនេះ ដោយសារ​តែ​មិនអាច​គោរព​តាម​គោលដៅ ក្នុងការបង្កើនថវិកា​កងទ័ព​ឲ្យបាន​២%​នៃផលិតផល​ក្នុងស្រុក​សរុប ឱនភាព​ថវិកា​កងទ័ព របស់​អឺរ៉ុប មាន​ចំនួនសរុប ១៣០ម៉ឺនលាន (១៣០០ពាន់លាន​អឺរ៉ូ)។ ផលវិបាកគឺ​ឃ្លាំងស្តុកអាវុធ​របស់​អឺរ៉ុប ក៏ធ្លាក់​ខ្សត់ខ្សោយទៅតាមនោះដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ