អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អនាគតនៃទំនាក់ទំនងរវាងអាល្លឺម៉ង់ និងចិន

ចុះផ្សាយ​នៅ​ថ្ងៃ៖

អាល្លឺម៉ង់ចាប់ផ្តើមលើកឡើងអំពីបញ្ហាសិទ្ធិមនុស្ស និងបញ្ហាប្រជាធិបតេយ្យ ជាជាងការផ្តោតតែលើទំនាក់ទំនងជាអាទិភាពជាមួយចិន ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មអន្ដរជាតិ និងការវិនិយោគ ក្រោយបានរួមរស់យ៉ាងជិតស្និតជាមួយចិន អំឡុងជិតពីរទសវត្សរ៍។ តើអនាគតនៃទំនាក់ទំនងរវាងអាល្លឺម៉ង់ និងចិននឹងក្លាយទៅជាយ៉ាងណាក្រោមរដ្ឋាភិបាលអាល្លឺម៉ង់ថ្មី?

លោក​នាយករដ្ឋមន្ត្រី​អង់គ្លេស​ Olaf Scholz ជួប​ប្រធានាធិបតី​ចិន ស៊ីជីនពីង នៅក្រុង​ប៉េកាំង ថ្ងៃទី ៤ វិច្ឆិកា ២០២២
លោក​នាយករដ្ឋមន្ត្រី​អង់គ្លេស​ Olaf Scholz ជួប​ប្រធានាធិបតី​ចិន ស៊ីជីនពីង នៅក្រុង​ប៉េកាំង ថ្ងៃទី ៤ វិច្ឆិកា ២០២២ via REUTERS - POOL
ផ្សាយពាណិជ្ជកម្ម

ការពឹងផ្អែកលើសេដ្ឋកិច្ចចិន ក្រោមការដឹកនាំរបស់លោកស្រី Merkel

នៅពីអតីតកាល ក្រោមការដឹកនាំរបស់ លោកស្រី Angela Merkel ដែលជាអធិការបតីរបស់អាល្លឺម៉ង់អស់រយៈពេល១៦ឆ្នាំ អាល្លឺម៉ង់បានភា្ជប់ទំនាក់ទំនងជាមួយចិន ដោយការផ្តល់អាទិភាពលើទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មអន្ដរជាតិ និងការវិនិយោគ ក៏ប៉ុន្តែមិនសូវខ្វល់ខ្វាយ ឬលើកឡើងអំពីបញ្ហាសិទ្ធិមនុស្ស និងបញ្ហាប្រជាធិបតេយ្យនោះទេ។

លោក Noah Barkin អ្នកជំនាញចិននៅវិទ្យាស្ថានស្រាវជ្រាវ Rhodium Group ​បាននិយាយថា "ប្រទេសអាល្លឺម៉ង់គឺមានលក្ខណៈពិសេស ក្នុង​ការពឹងផ្អែកលើ​ក្រុមហ៊ុន​ធំបំផុតរបស់ខ្លួននៅលើទីផ្សាររបស់ប្រទេសចិន។"

កាលពីឆ្នាំមុន ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មកំពូលរបស់អាល្លឺម៉ង់ អំឡុងពេល៦ឆ្នាំជាប់ៗគ្នា​ និងរួមចំណែកក្នុង​​ការនាំចេញ និងការនាំចូលសរុបជាង ២៤៥ពាន់លានអឺរ៉ូ (២៥៥ពាន់លានដុល្លារអាមេរិក)។ ការនាំចេញទៅកាន់ប្រទេសចិនតំណាងប្រមាណ៨%នៃការនាំចេញរបស់ប្រទេសអាល្លឺម៉ង់។

នាពេលបច្ចុប្បន្ន អាល្លឺម៉ង់ត្រូវការ​នាំចូលទំនិញសំខាន់ៗដូចជារ៉ែកម្រ បន្ទះស្រូបពន្លឺព្រះអាទិត្យ និងបន្ទះកុំព្យូទ័រ ហើយទំនិញទាំងនេះសំខាន់ណាស់សម្រាប់វិស័យថាមពលកើតឡើងវិញ។

ក្រុមហ៊ុន Volkswagen BMW និងDaimler ដែលជាក្រុមហ៊ុនផលិតរថយន្តធំៗចំនួនបី និងក្រុមហ៊ុន Infineon ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក ពឹងផ្អែកលើទីផ្សារប្រទេស​ចិន​សម្រាប់​ចំណែក​នៃ​អាជីវកម្ម​​របស់ពួកគេ។ ក្រុមហ៊ុន Bosch ដែលជាក្រុមហ៊ុនផ្គត់ផ្គង់រថយន្ត មានបុគ្គលិកចំនួន ៦ម៉ឺននាក់​​នៅក្នុង​ប្រទេសចិន។ ក្នុងចំណោមនោះ ក្រុមហ៊ុនដែលមានតម្លៃបំផុតចំនួន ១៥របស់ប្រទេសអាល្លឺម៉ង់​ មានក្រុមហ៊ុនចំនួន១០អាចរកចំណូលបាន ១ភាគ១០ នៃប្រាក់ចំណូល​របស់​ពួកគេ​ពី​ប្រទេសចិននេះ។​​​​ ​បើយោងតាមការប៉ាន់ប្រមាណរបស់ The Economist ។

បញ្ហាប្រឈម៖ សង្គ្រាមអ៊ុយក្រែន វិបត្តិកូវីដ១៩ បញ្ហាសិទ្ធិមនុស្ស និងវិ​បត្តិប្រជាធិបតេយ្យ

ទោះជាយ៉ាងណា ទិដ្ឋភាពពិភពលោកប្រែប្រួល នាពេលបច្ចុប្បន្ន បានធ្វើឱ្យទំនាក់ទំនងរវាងអាល្លឺម៉ង់ និងចិនប្រែប្រួល។​ បញ្ហាចម្បងបានកើតឡើង និងបានបង្អាក់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ រួមមាន សង្គ្រាមអ៊ុយក្រែន វិបត្តិកូវីដ១៩ និងការលើកឡើងសារជាថ្មីនៃបញ្ហាសិទ្ធិមនុស្ស និងវិបត្តិប្រជាធិបតេយ្យ។

នៅក្នុងប្រទេសអាល្លឺម៉ង់ផ្ទាល់ គេអាចសង្កេតឃើញនិន្នការនៃការជំរុញឱ្យមានការខិតខំប្រឹងប្រែងដ៏មុតមាំដើម្បីកាត់បន្ថយឥទ្ធិពលសេដ្ឋកិច្ចរបស់ប្រទេសចិនមកលើអាល្លឺម៉ង់។

លោក Jörg Wuttke ប្រធានសភាពាណិជ្ជកម្មអាល្លឺម៉ង់នៃសហភាពអឺរ៉ុបក្នុងប្រទេសចិន បានលើកឡើងថា អាជីវកម្មអឺរ៉ុបបានចុចប៊ូតុងផ្អាកលើការវិនិយោគថ្មីនៅក្នុងប្រទេសចិន។ ប៉ុន្តែ វាកើតឡើង ដោយសារតែការរឹតបន្តឹងការធ្វើដំណើរ និងគោលនយោបាយរបស់ប្រទេសចិន ដើម្បី​ទប់ស្កាត់​ការរាតត្បាតនៃជំងឺកូវីដ១៩ ជាជាងសង្គ្រាមនៅអ៊ុយក្រែន។

ក្រុមអ្នកជំនួញអាល្លឺម៉ង់ក៏បានសង្កត់ធ្ងន់ផងដែរថា ពួកគេគឺខកចិត្តជាមួយចិន អំឡុងពេលមួយ​រយៈ​ហើយ​។ រដ្ឋាភិបាល​ចិនបាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​អាល្លឺម៉ង់ធ្វើអ្វីតាមតែជម្រើសរបស់រដ្ឋាភិបាលចិន​តែ​ប៉ុណ្ណោះ។ ហើយ​ ភស្តុតាង​កើនឡើងនៃការរំលោភសិទ្ធិមនុស្សបានក្លាយទៅជាបញ្ហាមិនអាចប្រងើយកន្តើយបានឡើយ សម្រាប់ក្រុមហ៊ុនរបស់អាល្លឺម៉ង់។ រឿងនេះគឺស្របទៅនឹងអ្វីដែលលោក Scholz បានអំពាវនាវដល់ក្រុមហ៊ុនអាល្លឺម៉ង់​នានា​ ផ្លាស់ទីផលិតកម្ម និង​ខ្សែច្រវាក់នៃការ​ផ្គត់ផ្គង់របស់ពួកគេទៅតំបន់អាស៊ីផ្សេងទៀត។

ថ្មីៗនេះ រដ្ឋាភិបាលអាល្លឺម៉ង់ក៏បានបដិសេធមិន​បន្ត​ការធានា​រ៉ាប់រងហានិភ័យដែលគ្របដណ្តប់ការខាតបង់ទាក់ទងនឹងជម្លោះនយោបាយសម្រាប់ប្រតិបត្តិការចិនរបស់ក្រុមហ៊ុន VW ដោយលើកឡើងពីការប្រព្រឹត្តដ៏ឃោរឃៅរបស់ប្រទេសចិនចំពោះជនជាតិ Uyghurs ដែលជាជនជាតិភាគតិចមូស្លីម។

សង្គ្រាម​នៅ​អ៊ុយក្រែន​ក៏បានបង្កបញ្ហាដល់ទំនាក់ទំនង​ពាណិជ្ជកម្ម​ជិតស្និទ្ធរវាងអាល្លឺម៉ង និងចិនឱ្យ​ជាប់គាំងយ៉ាងឆាប់រហ័សផងដែរ។ ក្រុមហ៊ុន VW និង BMW បានប្រកាសនៅដើមខែមីនា ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពីសង្រ្គាមបានចាប់ផ្តើម ថា ការផលិតនៅរោងចក្ររបស់ពួកគេក្នុងប្រទេសរុស្ស៊ីនឹងត្រូវផ្អាក ​​​​​ហើយ​កា​រ​នាំចេញទាំងអស់ទៅកាន់ប្រទេសរុស្ស៊ីបានបញ្ឈប់។ ប៉ុន្តែ ផលលំបាកនឹងកាន់តែធំ ប្រសិនបើ​ក្រុមហ៊ុន​​​យក្ស​ទាំងពីរ​ត្រូវបញ្ឈប់ប្រតិបត្តិការដែលរកប្រាក់បានច្រើននៅក្នុងប្រទេសចិន។

រដ្ឋាភិបាលអាល្លឺម៉ង់ថ្មី៖ តើត្រូវកាត់បន្ថយការពឹងផ្អែកលើចិន?

សម្រាប់រដ្ឋាភិបាលអាល្លឺម៉ង់ថ្មី ដឹកនាំដោយអធិការបតីថ្មី Olaf Scholz ទំនាក់ទំនងជាមួយចិនអាចនឹងត្រូវកាត់បន្ថយ ម្យ៉ាងក៏ព្រោះដោយសារវាពាក់ព័ន្ធនឹងការសន្យារបស់លោក ក្នុងការអនុវត្តយុទ្ធសាស្រ្តចិនថ្មីនៅក្នុងរដ្ឋាភិបាលចម្រុះ។ រដ្ឋាភិបាលអាល្លឺម៉ង់ថ្មីយល់ស្រប ចំពោះការផ្តោតសំខាន់ទៅលើការកាត់បន្ថយការពឹងផ្អែកលើប្រទេសចិននៅក្នុងវិស័យផ្សេងៗ ថាជាការចាំបាច់។ ក៏មានការលើកឡើងផងដែរថា ​សង្រ្គាម​នៅ​អ៊ុយក្រែន​បានបង្ហាញថា វាគឺជា​គ្រោះថ្នាក់​ចំពោះ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជិតស្និទ្ធ​ជាមួយ​នឹង​របប​ផ្តាច់ការ មិនថារុស្ស៊ី ឬចិន។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ សមាជិកសភាមកពីគណបក្សនានានៅអាល្លឺម៉ង់​បានជំរុញ​ឱ្យ​មានការគិតឡើងវិញអំពីគោលនយោបាយចិនរបស់អាល្លឺម៉ង់ តែមិនទទួលបានភាពជោគជ័យប៉ុន្មាននោះទេ។

លោក Wolfgang Niedermark សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមឧស្សាហកម្មអាល្លឺម៉ង់ (BDI) ដែលបានដឹកនាំសភាពាណិជ្ជកម្មអាល្លឺម៉ង់ក្នុងទីក្រុងហុងកុងរហូតដល់ឆ្នាំ២០២០ បាននិយាយថា ការផ្លាស់ប្តូរទីតាំងផលិតកម្មរបស់ក្រុមហ៊ុនអាល្លឺម៉ង់ទៅក្រៅប្រទេសចិនកំពុងកើតឡើងរួចហើយ។ ប៉ុន្តែ វាមានដែនកំណត់។ កាល​ពី​ឆ្នាំ​មុន BDI បាន​ចេញ​ផ្សាយរបាយការណ៍​មួយ​ស្តី​ពី "ការ​រួម​រស់​ដោយ​ការ​ទទួល​ខុស​ត្រូវ​ជាមួយ​នឹងរបបផ្តាច់ការ​ក្នុង​ការ​បង្កើត​គោល​នយោបាយ​សេដ្ឋកិច្ច​បរទេស។" ក៏ប៉ុន្តែ ឯកសារនេះផ្តល់ការណែនាំឱ្យក្រុមហ៊ុនលោកខាងលិចត្រូវដឹកនាំដោយឧទាហរណ៍ក្នុងការការពារសិទ្ធិមនុស្ស និងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ហើយនិងលទ្ធភាពនៃការកាត់បន្ថយទំនាក់ទំនងពាណិជ្ជកម្មជាមួយចិន ដោយទាញភ្ជាប់នឹងការរំលោភបំពានសិទ្ធិមនុស្សលើជនជាតិ Uyghurs។ ប៉ុន្តែ ​អ្នក​វិភាគ​ជា​ច្រើន​ព្រួយបារម្ភពីការអនុវត្តជាក់ស្តែងថាតើវាអាចនឹងកើតមានឡើងឬទេ។

ក៏មានការលើកឡើងផងដែរ ថា វាអាចមានដែនកំណត់នៃជម្រើសរបស់អាល្លឺម៉ង់ ក៏ដូចជាបណ្ដាប្រទេសអឺរ៉ុប នៅក្នុងវិបត្តិភូមិសាស្ត្រនយោបាយ ដែលប្រទេសទាំងនោះមិនអាចផ្តាច់ចេញពីប្រទេសចិនទាំងស្រុងនោះទេ។ ដូចប្រទេសជាច្រើនទៀតដែរ អាល្លឺម៉ង់ពឹងផ្អែកលើប្រទេសចិនជាប្រទេសនាំចូលទំនិញអាល្លឺម៉ង់យ៉ាងច្រើន។ ក្នុងពេលជាមួយគ្នា អាល្លឺម៉ង់ត្រូវការ​នាំចូលវត្ថុធាតុដើមសំខាន់ៗ សម្រាប់បំពេញតម្រូវការផលិតកម្ម និងឧស្សាហកម្មរបស់ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ