អានតួអត្ថបទ
អាល្លឺម៉ង់-ចិន-កំពង់ផែ

អាល្លឺម៉ង់​អនុញ្ញាត​ឱ្យ​ចិន​ចូល​រួម​វិនិយោគ​​​កំពង់​ផែហាំបួក​ (Hamburg)

​នៅទី​បំផុត រដ្ឋាភិបាល​អាល្លឺម៉ង់​បានសម្រេច ​ ​នៅ​ថ្ងៃពុធ​ទី ២៦​តុលា​២០២២ ​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ចិន​ចូល​រួម​ធ្វើ​វិនិយោគ​កំពង់​ផែ​ ហាំបួក មែន។ ជា​គម្រោង​វិនិយោគ​ដ៏​ចម្រូង​ចម្រាស ទាំង​នៅផ្ទៃ​ក្នុង​ប្រទេស​អាល្លឺម៉ង់​ផ្ទាល់​ និង​នៅ​អឺរ៉ុប។ តែ​​ដើម្បីកាត់​បន្ថយ​សំឡេង​រិះគន់ អាល្លឺម៉ង់​បាន​កំរិតភាគហ៊ុន​​ចូល​រួម​វិនិយោគ​របស់​ចិន ​ទាប​ជាង​២៥%។

នាវាដឹកទំនិញ​ចិន របស់​ក្រុមហ៊ុន​«Cosco Shipping Aries» នៅកំពង់ផែរ​ហាំបួក​ ប្រទេសអាល្លឺម៉ង់
នាវាដឹកទំនិញ​ចិន របស់​ក្រុមហ៊ុន​«Cosco Shipping Aries» នៅកំពង់ផែរ​ហាំបួក​ ប្រទេសអាល្លឺម៉ង់ REUTERS - FABIAN BIMMER
ផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​Coscoចិន អាច​មាន​ចំណែក​​ចូល​រួម​វិនិយោគ​កំពង់ផែ​តុងតឺណឺ​ហាំបួក ជាមួយ​ក្រុមហ៊ុន​អាល្លឺម៉ង់​ HHLA ត្រឹម​តែ​២៤,៩%​ប៉ុណ្ណោះ មិនមែន​ដល់​៣៥%​ដូច​ក្នុង​គម្រោង​ដើម ​ទេ។ នេះ​បើ​តា​មការ​គូសបញ្ជាក់​​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ ដោយ​ពន្យល់​ថា ការ​កំរិត​ភាគហ៊ុន​ដូច្នេះ ដើម្បី​ការពារ​សន្តិសុខ និង​សណ្តាប់​ធ្នាប់​សាធារណៈ។

ការ​ចូល​រួម​វិនិយោគ​​ក្រោម​២៥%​នេះ ​គ្មាន​​ឥទ្ធិពល​​លើ​សកម្មភាព​កំពង់ផែ​ទេ ហើយ​ក៏​មិន​បង្កើត​ឱ្យ​មាន​ភាពរំពឹង​យុទ្ធសាស្ត្រ​ដែរ។ នេះ​បើ​តាម​អ្នក​នាំពាក្យ​រដ្ឋាភិបាល។ Cosco​មិន​ត្រូវ​បាន​អនុញ្ញាតឱ្យ​ចូល​ចរចា​ដើម្បី​ប្រើ​សិទ្ធិ​ប្រឆាំង​វេតូ នៅក្នុង​សេចក្តី​សម្រេច​បែប​យុទ្ធ​សាស្ត្រ​និង​បែប​បុគ្គល​ឡើយ។ ប៊ែរឡាំង​បាន​ធានាថា​ រាល់​គំនិត​ចង់​ដំឡើង​ភាគហ៊ុន​ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​ពី​ក្រសួង។

ក្រុមប្រឹក្សា​រដ្ឋមន្ត្រី​បានស្រុះស្រួល​គ្នា កំរិតសមត្ថភាព​​​វិនិយោគ​របស់​ចិន ក៏​ដើម្បី​បិទ​បញ្ចប់​ពាក្យ​រិះគន់​ទាំង​ឡាយ​ដែល​កើត​មាន​នៅក្នុង​ប្រទេស​អាល្លឺម៉ង់​និង​នៅសហភាព​អឺរ៉ុប ប្រឆាំង​នឹង​​លោកនាយករដ្ឋមន្ត្រី​អាល្លឺម៉ង់​អូឡាហ្វ ស្ហុលស៍​​។

សូម​រំលឹក​ថា​ បើ​តាម​សារព័ត៌មាន​អាល្លឺម៉ង់ លោក អូឡាហ្វ ស្ហលស៍ ដែលធ្លាប់​​ជា​អតីត​អភិបាល​ក្រុង​ហាំបួកផង​ មិន​បាន​រារាំង​គម្រោង​​បឋម​កាលពី​មួ​យឆ្នាំ​មុន ឱ្យ​​ចិន​ចូល​រួម​វិនិយោគ​កំពង់ផែ​៣៥%​ទេ។ តែ​រដ្ឋមន្ត្រី​ចំនួន​៦​រូប មានជាអាទិ៍​រដ្ឋមន្ត្រី​សេដ្ឋកិច្ច មហាផ្ទៃ និង​ការពារជាតិ បាន​ប្រឆាំង​។ ជា​ស្ថានភាពដែល​កម្រ​កើត​មាន​ណាស់​ក្នុង​រដ្ឋាភិបាល​។

សេចក្តី​ប្រកាស​អនុញ្ញាត​ឱ្យ​ចិន​ចូល​រួម​វិនិយោគ​កំពង់ផែ​ហាំបួក ប្រព្រឹត្ត​ជួន​ចំពេល​លោក​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​អាល្លឺម៉ង់​ អូឡាហ្វ ស្ហុលស៍ ត្រូវ​អញ្ជើញ​ទៅ​បំពេញទស្សនកិច្ច​ផ្លូវការនៅសប្តាហ៍​ក្រោយ​នៅ​ប្រទេស​ចិន​ ជា​លើក​ទី​មួយគិត​ចាប់​តាំងពី​ខែ​វិច្ឆិកា​២០១៩មក។

ហាំបួក​ជា​កំពង់ផែ​ពាណិជ្ជកម្ម​លេខ​មួយ​របស់​អាល្លឺម៉ង់ និង​ទី​បី​នៅ​អឺរ៉ុប បន្ទាប់​ពី កំពង់ផែ​រ៉ូទែរដាំ​របស់​ហូឡង់​និង​កំពង់ផែអង់វែរ​របស់​ប៊ែលហ្សិក។ រីឯ​Cosco ជា​ក្រុមហ៊ុន​ដ៏​ធំ​ជាង​គេ​របស់​ចិន។ ក្រុមហ៊ុន​HHLA អាល្លឺម៉ង់ គ្រប់គ្រង​ច្រក​កុងតឺណឺ​បី​របស់​កំពង់ផែហាំបួក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ