អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីបានជាប្រទេសប៉េរូកំពុងបន្តស្គាល់វិបត្តិនយោបាយច្រំដែលដោយពិបាករកច្រកចេញ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​ប៉េរូ បាតុកម្ម​ហិង្សា​ទល់​នឹង​បាតុកម្ម​ហិង្សា​កំពុង​បន្ត​មាន​យ៉ាង​ផុសផុល។ នៅ​ម្ខាង ជា​បាតុកម្ម​ប្រឆាំង​នឹង​ប្រធានាធិបតី​ថ្មី​លោកស្រី​ឌីណា បូលូអារតេ​ដែល​ទើប​ឡើង​កាន់​អំណាច និង​នៅ​ម្ខាង​ទៀត​ជា​បាតុកម្ម​គាំទ្រ​អតីត​ប្រធានាធិបតី​លោក​ប៉េដ្រូ កាស្ទីយ៉ូ​ដែល​ទើប​ធ្លាក់​ពី​អំណាច និង​កំពុង​ជាប់​ក្នុង​ពន្ធនាគារ។ បាតុកម្ម​ក្នុង​ថ្ងៃ​អាទិត្យ ទី១១ ធ្នូ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន ២នាក់ និង​របួស​ច្រើន​នាក់។ ប្រឈម​នឹង​ស្ថានភាព​បែប​នេះ លោកស្រី​ឌីណា បូលូអារតេ​បាន​ប្រកាស​បន្ថយ​ថ្ងៃ​រៀបចំ​បោះឆ្នោត​សភា និង​ប្រកាស​ដាក់​តំបន់​មួយ​ចំនួន​ក្នុង​ភាព​អាសន្ន ពិសេស​តំបន់​ដែល​កំពុង​ពុះកញ្ជ្រោល​ដោយ​បាតុកម្ម។ អ្វី​ទៅ​ជា​ដើមចម​នៃ​វិបត្តិ​នយោបាយ​ច្រំដែល​នៅ​ប៉េរូ និង​ថា តើ​មាន​ច្រក​ចេញ​សម្រាប់​វិបត្តិ​មួយ​នេះ​ដែរ ឬ​ទេ?

ហេតុអ្វីបានជាប្រទេសប៉េរូកំពុងបន្តស្គាល់វិបត្តិនយោបាយច្រំដែលដោយពិបាករកច្រកចេញ?
ហេតុអ្វីបានជាប្រទេសប៉េរូកំពុងបន្តស្គាល់វិបត្តិនយោបាយច្រំដែលដោយពិបាករកច្រកចេញ? AP - Martin Mejia
ផ្សាយពាណិជ្ជកម្ម

ភ្លើង​នៃ​វិបត្តិ​នយោបាយ​នៅ​ក្នុង​ប្រទេស​ប៉េរូ​បាន​ចាប់​ផ្តើម​ឆេះ​ក្នុង​ថ្ងៃ​ពុធ ទី៧ ធ្នូ និង​ហាក់​កំពុង​បន្ត​ឆាបឆេះ​រាលដាល​កាន់​តែ​ធំ​ឡើងៗ​នៅ​ពេល​នេះ។ ថ្ងៃ​ពុធ ទី៧ ធ្នូ​ជា​ថ្ងៃ​ដែល​ប្រធានាធិបតី​លោក​ប៉េដ្រូ កាស្ទីយ៉ូ​បាន​ខ្ទាត​ពី​អំណាច និង​ជា​ថ្ងៃ​ដែល​អនុប្រធានាធិបតី​លោកស្រី​ឌីណា បូលូអារតេ​ឡើង​ជំនួស​កន្លែង​លោក​ប៉េដ្រូ កាស្ទីយ៉ូ។ មាន​អាយុ ៥៣ឆ្នាំ និង​ទើប​កាន់​តំណែង​មិន​ដល់ ១៧ខែ​ផង លោក​ប៉េដ្រូ កាស្ទីយ៉ូ​ត្រូវ​បាន​សភា​បោះឆ្នោត​ទម្លាក់​យ៉ាង​ទាន់ហន់ ចាប់​ខ្លួន​ភ្លាម និង​បញ្ជូន​ភ្លែត​តាមឧទ្ធម្ភាគចក្រ​ទៅ​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​មួយ​ស្ថិត​ប៉ែក​ខាង​កើត​ទីក្រុង​លីម៉ា។

ប្រតិកម្ម និង​ចំណាត់ការ​របស់​សភា​លើ​លោក​ប៉េដ្រូ កាស្ទីយ៉ូ​យ៉ាង​ប្រញិបប្រញាប់​បាន​ធ្វើ​ឡើង ក្រោយ​ពី​លោក​កាស្ទីយ៉ូ​មាន​គម្រោង​រំលាយ​សភា និង​គ្រោង​រៀបចំ​បង្កើត​រដ្ឋាភិបាល​ថ្មី​ពិសេស​មួយ។ តែ​បញ្ហា​នៅ​ត្រង់​ថា គណបក្ស​ឆ្វេងនិយម​របស់​លោក​កាស្ទីយ៉ូ​គ្មាន​សំឡេង​ភាគច្រើន​នៅ​ក្នុង​សភា និង​ក៏​មិន​អាច​ពឹង​លើ​ការ​គាំទ្រ​ពី​កងទ័ព និង​ពី​ប៉ូលិស​បាន​ដែរ។ សម្រាប់​អ្នក​ខ្លះ ពិសេស​អតីត​អ្នក​ទទួល​ខុស​ត្រូវ​នៃ​ស្ថាប័ន​រៀបចំ​បោះឆ្នោត​នៅ​ប៉េរូ​លោក Fernando Tuesta Soldevilla បាន​ចាត់​ទុក​គម្រោង​របស់​លោក​កាស្ទីយ៉ូ​ថា​ជា​ការ​ធ្វើ​អត្តឃាត​នយោបាយ​ខ្លួន​ឯង។ តែ​សម្រាប់​អ្នក​ខ្លះ​ទៀត គម្រោង​របស់​លោក​កាស្ទីយ៉ូ​ជា​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ដែល​បាន​ទទួល​បរាជ័យ​មុន។

ក្រៅ​ពី​គម្រោង​ចង់​រំលាយ​សភា លោក​កាស្ទីយ៉ូ​ក៏​បាន​ជាប់​ចោទ​ក្នុង​រឿងអាស្រូវ​ពុករលួយ ពិសេស​ទាក់ទង​នឹង​ការ​ផ្តល់​កិច្ចសន្យា​លទ្ធកម្ម​សាធារណៈ​ដោយ​មិន​បាន​ដាក់​ឲ្យ​ដេញ​ថ្លៃ​ត្រឹមត្រូវ។ អយ្យការ​ប៉េរូ​បាន​បើក​ការ​ស៊ើបអង្កេត​លើ​រឿងអាស្រូវ​ពុករលួយ​ចំនួន ៦ករណី​ប្រឆាំង​នឹង​លោក​ប៉េដ្រូ កាស្ទីយ៉ូ។ គួរ​រម្លឹក​ថា លោក​ប៉េដ្រូ កាស្ទីយ៉ូ​ដែល​បាន​ជាប់ឆ្នោត​ប្រធានាធិបតី​ក្នុង​ខែ​កក្កដា ឆ្នាំ ២០២១ ជា​ឥស្សរជន​នយោបាយ​ថ្មី​ស្រឡាង​មក​ពី​តំបន់​ជនបទ​ក្រីក្រ​ដាច់ស្រយាល និង​ធ្លាប់​ទទួល​រង​ការ​ជិះជាន់​សង្កត់សង្កិន។ លោក​ប៉េដ្រូ កាស្ទីយ៉ូ​ខ្លួន​ឯង​ធ្លាប់​បាន​ថ្លែង​នា​ពេល​នោះ​ថា នេះ​ជា​លើក​ទី១ ដែល​ប៉េរូ​ត្រូវ​បាន​ដឹកនាំ​ដោយ​កសិករ​ម្នាក់។

សម្រាប់​ប្រជាជន​ប៉េរូ​រាប់សិប​លាននាក់​វិញ លោក​ប៉េដ្រូ កាស្ទីយ៉ូ​ជា​ពន្លឺ​នៃ​ក្តីសង្ឃឹម​សម្រាប់​ការ​ផ្លាស់ប្តូរ។ ដូច្នេះ​សម្រាប់​ក្រុម​សកម្មជន​គាំទ្រ​លោក​ប៉េដ្រូ កាស្ទីយ៉ូ ការ​ខ្ទាត​ពី​អំណាច​របស់​លោក​កាស្ទីយ៉ូ​ពិត​ជា​រឿង​ឈឺ​ចាប់​ខ្លាំង​ណាស់។ អ៊ីចឹង​ហើយ​បាន​ជា​នៅ​ពេល​នេះ ក្រុម​អ្នក​គាំទ្រ​លោក​កាស្ទីយ៉ូ​កំពុង​ធ្វើ​បាតុកម្ម​យ៉ាង​គគ្រឹកគគ្រេង។ ក៏​ប៉ុន្តែ ហេតុផល​ដែល​បាន​លើក​ឡើង​ខាង​ដើម​ហាក់​មិន​ទាន់​គ្រប់គ្រាន់​ដើម្បី​បញ្ជាក់​ពី​វិបត្តិ​នយោបាយ​នៅ​ប៉េរូ​ពេល​នេះ​ទេ។ តាម​ពិត​ទៅ ប្រទេស​នៅ​អាមេរិកឡាទីន​មួយ​នេះ​ហាក់​កំពុង​បន្ត​ស្គាល់ និង​បាន​ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ​ច្រំដែល​ដែល​ប្រហែល​ពិបាក​រក​ច្រក​ចេញ។ វិបត្តិ​នយោបាយ​ច្រំដែល​នេះ គឺ​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​អំណាច​នីតិប្រតិបត្តិ​ដែល​ស្ថិត​ក្នុង​ដៃ​ប្រធានាធិបតី និង​អំណាច​នីតិបញ្ញត្តិ​ដែល​ស្ថិត​ក្នុង​ដៃ​សភា។

ការ​ហ៊ាន​និយាយ​ដូច​នេះ ព្រោះ​ប្រធានាធិបតី​មុនៗ​ក៏​ធ្លាប់​បាន​ទទួល​ពំនូង​ដូច​លោក​ប៉េដ្រូ កាស្ទីយ៉ូ​ពេល​នេះ​ដែរ មាន​ន័យ​ថា មិនមែន​ជា​លក្ខណៈ​ពិសេស​សម្រាប់​តែ​លោក​ប៉េដ្រូ កាស្ទីយ៉ូ​ម្នាក់​ឯង​ឯ​ណា។ តាំង​ពី ៦ឆ្នាំ​កន្លង​ទៅ​នេះ ជីវិត​នយោបាយ​ប៉េរូ​ត្រូវ​បាន​បំពុល និង​ញាំញី​ដោយ​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​អំណាច​នីតិប្រតិបត្តិ និង​អំណាច​នីតិបញ្ញត្តិ។ លោក​ប៉េដ្រូ កាស្ទីយ៉ូ​ជា​ប្រធានាធិបតី​ទី៥ ដែល​បាន​ខ្ទាត​ពី​អំណាច និង​ជា​ប្រធានាធីបតី​ទី៣ ដែល​បាន​ធ្លាក់​ពី​កៅអី​ដោយ​ការ​ទម្លាក់​របស់​សភា។ ការ​ខ្ទាត​ពី​អំណាច​របស់​លោក​ប៉េដ្រូ កាស្ទីយ៉ូ​ជា​រឿង​មិន​ភ្ញាក់ផ្អើល និង​ជា​ការ​រង់ចាំ​ព្រោះ​គណបក្ស​ប្រឆាំង​ស្តាំនិយម​ដែល​មាន​សំឡេង​ភាគច្រើន​ក្នុង​សភា​បាន​ប្តេជ្ញាចិត្ត​ទម្លាក់​លោក​ប៉េដ្រូ កាស្ទីយ៉ូ​ឲ្យ​ខាន​តែ​បាន។

ចប់​ហើយ​ទំព័រ​សករាជ​របស់​លោក​ប៉េដ្រូ កាស្ទីយ៉ូ និង​ជា​ការ​ចាប់​ផ្តើម​ទំព័រ​សករាជ​ថ្មី​របស់​ប្រធានាធិបតី​ថ្មី​លោកស្រី​ឌីណា បូលូអារតេ។ ថ្លែង​នៅ​យប់​ថ្ងៃ​អាទិត្យ ទី១១ ធ្នូ លោកស្រី​បូលូអារតេ​បាន​ដឹង​ពី​ឆន្ទៈ​របស់​ប្រជាជន និង​បាន​ប្រកាស​ពី​គម្រោង​ដាក់​ទៅ​កាន់​សភា​នូវ​សេចក្តីព្រាងច្បាប់​មួយ​ដើម្បី​បន្ថយ​រយៈពេល​រៀបចំ​ការ​បោះឆ្នោត​សភា​ពី​ឆ្នាំ ២០២៦ ទៅ​រៀបចំ​នៅ​ឆ្នាំ ២០២៤ វិញ។ ទន្ទឹម​គ្នា​នេះ លោកស្រី​បូលូអារតេ​ក៏​បាន​បោះ​ដៃ​រក​គ្រប់​គណបក្ស​ទាំង​អស់​នៅ​ក្នុង​សភា​ដោយ​សង្ឃឹម​ឈាន​ទៅ​បិទ​បញ្ចប់​វិបត្តិនយោបាយ​ពេល​នេះ។ តែ​បើ​តាម​មើល​ទៅ វា​ហាក់​ដូច​ជា​ពិបាក​បន្តិច ព្រោះ​ថា គណបក្ស​ប្រឆាំង​កំពុង​បន្ត​មាន​កាត​ទម្លាក់​ប្រធានាធិបតី​នៅ​ក្នុង​ដៃ​នៅ​ឡើយ ឬ​អាច​និយាយ​បាន​ថា លោកស្រី​បូលូអារតេ​កំពុង​អង្គុយ​លើ​កៅអី​ដែល​គេ​ចង់​ចុច​ប៊ូតង់​ទម្លាក់​ពេល​ណា​ក៏​បាន។

អ៊ីចឹង​ហើយ​បាន​ជា​អ្នក​ខ្លះ​បាន​លើក​ឡើង​ថា ប៉េរូ​ត្រូវ​តែ​ប្តូរ​ប្រព័ន្ធ​មួយ​នេះ​ចេញ ព្រោះ​បើ​មិន​ដូច្នោះ​ទេ ប៉េរូ​នឹង​បន្ត​វិលវល់​នៅ​ក្នុង​វិបត្តិ​ច្រំដែល​មួយ​នេះ​គ្មាន​ទីបញ្ចប់។ តែ​យ៉ាង​ណា​ក៏​ដោយ វា​ហាក់​ដូច​ជា​រហ័ស​ពេក​ដែល​គេ​ហ៊ាន​និយាយ​ថា លោកស្រី​ឌីណា បូលូអារតេ​នឹង​ទទួល​ថ្ម​បាក់​ដូច​លោក​ប៉េដ្រូ កាស្ទីយ៉ូ​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ