អានតួអត្ថបទ
ប៉េរូ

ប៉េរូ ​​តម្រូវ​ឱ្យ​ក្រុម​ហ៊ុនឯកជន​ទិញបណ្ណ​«ធានារ៉ាប់រង​អាយុជីវិត»​​​ឱ្យ​កម្មករ​

នៅ​ប៉េរូ ​រដ្ឋាភិបាលទើប​​សម្រេចថ្មីៗនេះ ​តម្រូវ​ឱ្យ​កម្មករ​​​មានការ​​ធានារ៉ាប់រង​អាយុជីវិត​។ ចំពោះ​ថ្លៃ​ចំណាយ​ ក្នុង​ការ​ទិញ​បណ្ណ​ធានារ៉ាប់​រង​នេះ គឺ​ជា​បន្ទុក​របស់​ក្រុមហ៊ុន​សហគ្រាសឯកជន។​ ការ​សម្រេចចិត្ត​​​របស់​រដ្ឋអំណាច​ប៉េរូ​បែបនេះ គឺក្រោយ​ពេល​យុវជន​ពីរនាក់​ បាន​ស្លាប់​បាត់​បង់ជីវិត ក្នុង​គ្រោះថ្នាក់​ នៅ​កន្លែង​ការងារ​។  

បាតុកម្ម​របស់ពលរដ្ឋ​ប៉េរូ នៅមុខ​ហាង​ McDonald នាពេល​កន្លងទៅថ្មីនេះ។​
បាតុកម្ម​របស់ពលរដ្ឋ​ប៉េរូ នៅមុខ​ហាង​ McDonald នាពេល​កន្លងទៅថ្មីនេះ។​ REUTERS/Guadalupe Pardo
ផ្សាយពាណិជ្ជកម្ម

ពី​អំណឺះ​តទៅ នៅ​ប៉េរូ​ រដ្ឋាភិបាល​តម្រូវ​ឱ្យ​ក្រុមហ៊ុនសហគ្រាសឯកជន​​ទិញការ​​ធានារ៉ាប់រងអាយុជីវិត ឱ្យបុគ្គលិក​ឬ​កម្មករ បើ​​ទោះបី​កម្មករ​និង​បុគ្គលិកនោះ​​ ធ្វើការដោយ​ចុះ​កិច្ចសន្យាការ​ងារ​ប្រភេទអ្វីក៏ដោយ។​ បណ្ណធានារ៉ាប់រងអាយុជីវិតនេះ ត្រូវ​មាន​ជាចាំបាច់ ចាប់តាំង​ពី​ថ្ងៃ​ចូល​ធ្វើ​ការ​ដំបូង​ តែ​ម្តង។ សហគ្រាសឯកជន ត្រូវ​តែ​ជ្រើសរើស​ក្រុម​ហ៊ុនធានារ៉ាប់រងណា ដែលទទួល​ស្គាល់ដោយរដ្ឋ​ និងមាន​​ចុះ​បញ្ជីរដ្ឋ​ត្រឹមត្រូវ។ ភ្នាក់ងារ​​​របស់​រដ្ឋាភិបាល​ ​នឹង​ចុះ​ធ្វើ​អធិការកិច្ចត្រួតពិនិត្យ​ជាប្រចាំ​ ចំពោះ​កិច្ចការ​នេះ​។​

ទាំង​នេះគឺ​ជា​ចំណាត់​ការវិជ្ជមាន​​ថ្មី ស្តែង​ពី​ឆន្ទៈ​ដោះស្រាយ​បញ្ហា​សង្គម​និង​វិបត្តិ​កម្មករ​​របស់​រដ្ឋាភិបាល​ប៉េរូ។ នៅប៉េរូ​​ ក្នុងមួយ​ឆ្នាំ​២០១៩ មាន​គ្រោះថ្នាក់​ការងារ​​ ប្រមាណ​ ៣៥ ០០០ ករណី ហើយ​ស្លាប់​ជីវិត​កម្មករ​ ចំនួន​២៣៦នាក់។ ​នេះបើតាម​​របាយការណ៍​ក្រសួង​ការងារ។​

ដើមហេតុ​នៃ​ចំណាត់​ការឱ្យ​មាន​ការ​ធានារ៉ាប់​រង​ជីវិត​​នេះ​  ​ដោយសារតែ​បុគ្គលិក​ពីរ​នាក់ ធ្វើ​ការ​នៅ​​ក្រុម​ហ៊ុន​ McDonald ត្រូវ​រងគ្រោះ​ចក់​ខ្សែ​ភ្លើង ​ស្លាប់ ក្នុង​ខែ​ធ្នូ​២០១៩​ក​ន្លង​ទៅ​​។ រឿងសោកនាដកម្ម​​នេះ​បាន​ល្បី​ឮពេញ​ប្រទេស​ ផុសផុលពេញ​បណ្តាញ​សង្គម និង​បណ្តាល​ឱ្យ​មាន​បាតុកម្ម​យ៉ាងខ្លាំងក្លា​នៅក្នុង​ប្រទេស​។ ​​គ្រួសារសពក៏​​បាន​ប្តឹង​ក្រុម​ហ៊ុន​​ឱ្យ​ទទួល​ខុសត្រូវ។  ​នៅទីបំផុត តុលាកា​រប៉េរូ​ បាន​កាត់ទោស​ជម្រះក្តី​ ម្ចាស់​ក្រុម​ហ៊ុន​ McDonald សាខាក្នុង​ប្រទេស ​សង​ទឹក​ប្រាក់​និង​បង់​ពិន័យ ចំនួន​២២ម៉ឺន​អឺរ៉ូ​។​ ​

ប៉ុន្តែ​​ជាង​ពីរខែ​ហើយ គ្រួសារ​ជន​រងគ្រោះ​ នៅតែ​មិនទាន់​ទទួល​សំណ​ង​ដល់​ដៃ​នៅឡើយទេ។ នេះបើតាម​អ្ន​កឆ្លើយឆ្លង​ព័ត៌មាន​របស់​វិទ្យុ​បារាំង នៅ​ប៉េរូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ