អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីបានជាអ៊ីរ៉ង់លែងជាគោលដៅទេសចរណ៍សម្រាប់ភ្ញៀវទេសចរបស្ចិមលោកក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រទេស​អ៊ីរ៉ង់​បាន​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​ដែល​ក្រុមប្រទេស​លោកខាងលិច​បាន​ផ្តល់​យោបល់​មិន​ឲ្យ​ពលរដ្ឋ​ខ្លួន​ទៅ​ដើរកំសាន្ត។ អ៊ីចឹង​ហើយ​បាន​ជា​នៅ​ពេល​នេះ ក្រុមហ៊ុន​ទេសចរណ៍ និង​ក្រុម​អ្នកជំនាញ​ទេសចរណ៍​កំពុង​ព្យាយាម​អូស​ទាញ​ភ្ញៀវទេសចរ​ពី​បណ្តា​ប្រទេស​ផ្សេង។ ហេតុអ្វី​បាន​ជា​ក្រុមប្រទេស​លោកខាងលិច​ណែនាំ​ពលរដ្ឋ​ខ្លួន​មិន​ឲ្យ​ទៅ​លេង​នៅ​អ៊ីរ៉ង់ និង​ថា តើ​អ៊ីរ៉ង់​មាន​សក្តានុពល​ទេសចរណ៍​អ្វី​ខ្លះ​ដើម្បី​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ក្រៅ​ពី​អឺរ៉ុប?។

ហេតុអ្វីបានជាអ៊ីរ៉ង់លែងជាគោលដៅទេសចរណ៍សម្រាប់ភ្ញៀវទេសចរបស្ចិមលោកក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ?
ហេតុអ្វីបានជាអ៊ីរ៉ង់លែងជាគោលដៅទេសចរណ៍សម្រាប់ភ្ញៀវទេសចរបស្ចិមលោកក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ? AP - Peter Dejong
ផ្សាយពាណិជ្ជកម្ម

អ្វីៗ​បាន​ចាប់​ផ្តើម​ដោយ​រលូន​នៅ​ចន្លោះ​ឆ្នាំ ២០១៤ និង​ឆ្នាំ ២០១៩។ រលូន​ព្រោះ​នៅ​ក្នុង​រយៈពេល​នោះ ប្រតិបត្តិការ​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស ពិសេស​ភ្ញៀវទេសចរ​បស្ចិមលោក​រៀបចំ​ដោយ​រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​អឺរ៉ុប​នាំ​គ្នា​សម្រុក​ទៅ​លេង​អ៊ីរ៉ង់​យ៉ាង​ច្រើន​កុះករ។ Ispahan Chiraz ឬ Persepolis ជា​តំបន់​ទេសចរណ៍​ពេញនិយម​ខ្លាំង​ជាង​គេ​របស់​ភ្ញៀវទេសចរ​ទូទៅ។ ក្នុង​ឆ្នាំ ២០១៩ អ៊ីរ៉ង់​ទទួល​បាន​ភ្ញៀវទេសចរ​បរទេស​សរុប​ចំនួន ៨លាននាក់។ តែ​មហិច្ឆតា​របស់​រដ្ឋអំណាច​ក្រុង​តេហេរ៉ង់​មិនមែន​ឈប់​ត្រឹម ៨លាននាក់​ក្នុង​មួយ​ឆ្នាំ​ឯណា។ កម្មវត្ថុ​ដែល​អ៊ីរ៉ង់​ចង់​បាន​ពី​ពេល​នេះ​ទៅ​ឆ្នាំ ២០២៥ គឺ​ទទួល​បាន​ភ្ញៀវទេសចរ​បរទេស​ដល់​ទៅ ២០លាននាក់​ក្នុង​មួយ​ឆ្នាំ។

ក៏​ប៉ុន្តែ កម្មវត្ថុ និង​មហិច្ឆតា​មួយ​នេះ​ហាក់​គ្រាន់​តែ និង​កំពុង​នៅ​ជា​ក្តីស្រមៃ​នៅ​ឡើយ​នា​ពេល​នេះ។ ជា​ក្តីស្រមៃ​ព្រោះ​អ្វីៗ​ហាក់​បាន​ក្រឡាប់​ចាក់​តែ​មួយ​ប៉ប្រិច​ភ្នែក​ដោយសារ​កើត​មាន​ព្រឹត្តិការណ៍​បន្តបន្ទាប់​គ្នា​ចាប់​ពី​ឆ្នាំ ២០១៨។ ក្នុង​ឆ្នាំ ២០១៨ អាមេរិក​ក្នុង​ជំនាន់​ប្រធានាធិបតី​លោក​ដូណាល់ ត្រាំ​បាន​ប្រកាស​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចុះ​ហត្ថលេខា​ឆ្នាំ ២០១៥។ បន្ទាប់​មក​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ ២០១៩ មាន​ក្បួនបាតុកម្ម​មហាជន​ប្រឆាំង​នឹង​រដ្ឋាភិបាល ហើយ​ក្នុង​ខែ​មករា ឆ្នាំ ២០២០ មាន​ធ្លាក់​យន្តហោះ​ស៊ីវិល​អ៊ុយក្រែន​មួយ​ដោយ​ត្រូវ​គ្រាប់មីស៊ីល​របស់​ទ័ព​អ៊ីរ៉ង់ ក្រោយ​ពី​យន្តហោះ​នោះ​ទើប​ហោះ​ឡើង​ចេញ​ពី​អាកាសយានដ្ឋាន​ក្រុង​តេហេរ៉ង់។

ពិត​ណាស់ តិច ឬ​ច្រើន ព្រឹត្តិការណ៍​ចំនួន ៣ឆ្នាំ​បន្តបន្ទាប់​គ្នា​ខាង​លើ​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​វិស័យ​សេដ្ឋកិច្ច​អ៊ីរ៉ង់ និយាយ​ជា​រួម និង​វិស័យ​ទេសចរណ៍ និយាយ​ដោយឡែក។ ទោះ​ជា​យ៉ាង​នេះ​ក្តី រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​ព្យាយាម និង​ប្រឹងប្រែង​គ្រប់​បែប​យ៉ាង​ដើម្បី​ស្តារ​រូបភាព និង​ស្ថានការណ៍​ឡើង​វិញ ពិសេស​ផ្តល់​ជំនឿ​ទុកចិត្ត​ជា​ថ្មី​ដល់​ភ្ញៀវទេសចរ​បរទេស។ តែ​ខណៈ​ដែល​រឿងចាស់​មិន​ទាន់​រលត់ និង​ស្ងប់​ស្រួលបួល​ផង ស្រាប់​តែ​មាន​កើត​រឿង​ថ្មី​មួយ​បន្ថែម​ទៀត​កាល​ពី​ពាក់​កណ្តាល​ខែ​កញ្ញា ឆ្នាំ ២០២២។ រឿង​ថ្មី​នោះ គឺ​បាតុកម្ម​មហាជន​នៅ​ទូទាំង​ប្រទេស ក្រោយ​ពី​ការ​ស្លាប់​នារី​ម៉ាសា អាមីនី។

គួរ​រម្លឹក​ថា​មាន​អាយុ ២២ឆ្នាំ នារី​ម៉ាសា អាមីនី​ត្រូវ​បាន​ប៉ូលិស​សីលធម៌​អ៊ីរ៉ង់​ចាប់​ខ្លួន​ក្នុង​ថ្ងៃទី ១៣ កញ្ញា​ក្រោម​បទ​ចោទ​ប្រកាន់​ពី​ការ​ស្លៀកពាក់​មិនសមរម្យ​តាម​ច្បាប់​សាសនា​អ៊ីស្លាម។ តែ​នៅ ៣ថ្ងៃ​ក្រោយ​ការ​ចាប់​ខ្លួន នារី​ម៉ាសា អាមីនី​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​មន្ទីរពេទ្យ។ គេ​បាន​សង្កេត​ឃើញ​ថា ព្រឹត្តិការណ៍​មួយ​បាន និង​កំពុង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ឈឺក្បាល វិល​មុខ​យ៉ាង​ខ្លាំង។ ឈឺក្បាល វិលមុខ ព្រោះ​ក្រៅ​ពី​មាន​បាតុកម្ម​ប្រឆាំង​របស់​មហាជន​ក្នុង​ស្រុក ការ​ស្លាប់​នារី​ម៉ាសា អាមីនី​បាន​បំផុស​ឲ្យ​មាន​ប្រតិកម្ម​ថ្កោលទោស​យ៉ាង​ខ្លាំងក្លា​ពី​អន្តរជាតិ ពិសេស​ពី​ពលរដ្ឋ​អ៊ីរ៉ង់​រស់​នៅ​បរទេស។

ដូច្នេះ​ច្បាស់​ណាស់ បរិបទ​ថ្មី​មួយ​នេះ​បាន​ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​អឺរ៉ុប​កាន់​តែ​ខ្លាច​រអារ​លែង​ចង់​ទៅ​អ៊ីរ៉ង់​តែ​ម្តង។ បន្ថែម​ពី​នេះ មាន​ប្រទេស​អឺរ៉ុប​ជា​ច្រើន ពិសេស​បារាំង និង​អាល្លឺម៉ង់​បាន​ផ្តល់​យោបល់​ដល់​ពលរដ្ឋ​ខ្លួន​កុំ​ឲ្យ​ទៅ​អ៊ីរ៉ង់។ ក្រុង​ប៉ារីស​បាន​ព្រមាន​ត្រង់ៗ​ថា ដើរ​លេង​នៅ​អ៊ីរ៉ង់​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​ឃាត់​ខ្លួន ការ​ចាប់​ឃុំ​ក្រៅ​ប្រព័ន្ធ​តុលាការ និង​ការ​កាត់ទោស​ដោយ​អយុត្តិធម៌។ ការ​ព្រមាន​ដូច​នេះ​ព្រោះ​សព្វថ្ងៃ មាន​ជនជាតិ​បារាំង​ចំនួន ៦នាក់​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​អ៊ីរ៉ង់ ក្នុង​នោះ មាន​ខ្លះ​ជា​អ្នកទេសចរ​ធម្មតា។ ក្រៅ​ពី​អស្ថិរភាព​សង្គម និង​នយោបាយ វិបត្តិ​កូវីដ១៩ ជា​ដើមចម​មួយ​ទៀត​នៃ​ការ​គ្មាន​ភ្ញៀវទេសចរ​បរទេស​ដែរ។

ផលវិបាក​កើត​ចេញ​ពី​ការ​គ្មាន ឬ​មាន​ភ្ញៀវទេសចរ​បរទេស​តិចតួច​មាន​ច្រើន សណ្ធាគារ​ភាគ​ច្រើន​គ្មាន​ភ្ញៀវស្នាក់នៅ ក្រុម​មគ្គុទ្ទេសក៍ទេសចរ​ភាគ​ច្រើន​ដើរ​ទាត់ខ្យល់ ម្ចាស់​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍ ឬ​ទំនិញ​សិប្បកម្ម​ក្នុង​ស្រុក​ឈរ​ដក​ដង្ហើម​ចោល ឬ​មួយ​ក៏​តំបន់​ទេសចរណ៍​ស្ងាត់​មិន​សូវ​មាន​ភ្ញៀវទេសចរ​ជា​ដើម។ អ្វី​ដែល​ច្បាស់​នៅ​ចំពោះ​មុខ អ៊ីរ៉ង់​មិន​អាច​បន្ត​ទន្ទឹង​រង់ចាំ​ភ្ញៀវទេសចរ​អឺរ៉ុប​បាន​ឡើយ ហើយ​ក៏​មិន​ច្បាស់​ថា ភ្ញៀវទេសចរ​អឺរ៉ុប​អាច​សម្រុក​ត្រឡប់​ទៅ​លេង​អ៊ីរ៉ង់​ដូច​មុន​ដែរ។ អ្វី​ដែល​អ៊ីរ៉ង់​សង្ឃឹម​ពេល​នេះ គឺ​ភ្ញៀវទេសចរ​បរទេស​ពី​ប្រទេស​ផ្សេង ដូច​យ៉ាង​រុស្ស៊ី ចិន និង​តួកគី​ដែល​មិន​ឈឺ​ឆ្អាល ខ្វល់ខ្វាយ​នឹង​កិច្ចការ​ផ្ទៃក្នុង​របស់​អ៊ីរ៉ង់។

បន្ទាប់​មក គឺ​បណ្តា​ប្រទេស​ជិតខាង​ក្នុង​តំបន់ ពិសេស​ក្រុម​ប្រទេស​ដែល​មាន​វប្បធម៌ និង​សាសនា​រួម​ដូច​គ្នា ដូច​ជា​អ៊ីរ៉ាក់ លីបង់ កូវ៉ែត ឬ​មួយ​ក៏​ប៉ាគីស្ថាន។ ផ្ទាំងស៊ីប​បន្ទាប់​មក​ទៀត​របស់​រដ្ឋាភិបាល​អ៊ីរ៉ង់ គឺ​ការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​វេជ្ជសាស្រ្ត​ដោយ​សំអាង​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សុខភាព​ដែល​មាន​ប្រសិទ្ធភាព តម្លៃទាប និង​ជំនាញផ្នែក​វះកាត់កែសម្ផស្ស​ដែល​កំពុង​ពេញនិយម និង​ទាក់ទាញ​ខ្លាំង​ពី​ប្រជាជន​រស់ក្នុង​តំបន់​មជ្ឈិមបូព៌ា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ