អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

វិធីសាស្រ្តដើម្បីចូលរួមកាត់បន្ថយការឡើងកម្តៅនៅក្នុងបរិយាកាសដោយដំណាំស្រូវ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​វៀតណាម​ក៏​ដូច​ជា​នៅ​ក្នុង​ប្រទេស​អាស៊ី​មួយ​ចំនួន ដី​កសិកម្ម​ភាគ​ច្រើន​ត្រូវ​បាន​ប្រើ​ដើម្បី​ដាំស្រូវ។ តែ​អ្វី​ជា​ការ​កត់សម្គាល់ ដំណាំស្រូវ​មាន​ចំណែក​ចូលរួម ឬ​ជា​អ្នក​ទទួល​ខុស​ត្រូវ​មួយ​ផ្នែក​នៃ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​នៅ​ក្នុង​បរិយាកាស។ តើ​ដំណាំស្រូវ​បាន​ចូលរួម​ការ​ឡើង​កម្តៅ​នៅ​ក្នុង​បរិយាកាស​យ៉ាង​ម៉េច និង​ថា តើ​គេ​មាន​វិធីសាស្រ្ត​អ្វី​ខ្លះ​ដើម្បី​កាត់​បន្ថយ?។

កសិករវៀតណាម​កំពុង​ដុតចំបើង​ចោល។
កសិករវៀតណាម​កំពុង​ដុតចំបើង​ចោល។ AFP - NHAC NGUYEN
ផ្សាយពាណិជ្ជកម្ម

ការ​ដាំ​ដំណាំ​ទូទៅ និយាយ​ជា​រួម និង​ការ​ដាំ​ដំណាំ​ស្រូវ និយាយ​ដោយឡែក គេ​មិន​ត្រូវ​បំភ្លេច និង​មិន​អាច​ធ្វើ​មិន​ដឹង មិន​ឮ​នឹង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​ឡើង​កម្តៅ​នៅ​ក្នុង​បរិយាកាស​បាន​ឡើយ។ មិន​ត្រូវ​បំភ្លេច និង​មិន​អាច​ធ្វើ​មិនដឹង មិន​ឮ​ដោយសារ​ថា ដំណាំស្រូវ​ជា​អ្នក​ទទួល​ខុស​ត្រូវ ឬ​បាន​ចូលរួម​បញ្ចេញ​ឧស្ម័ន​មេតាន​ប្រមាណ​ជា ១០% ទៅ​ក្នុង​បរិយាកាស។ ១០% ហាក់​ដូច​ជា​តិច​មែន តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ឧស្ម័ន​មេតាន​បាន​រក្សា​ទុក​កម្តៅ​រហូត​ដល់​ទៅ ៨០ដង​ច្រើន​ជាង​ឧស្ម័ន​កាបូនិក។ ធម្មតា ឧស្ម័ន​មេតាន​ភាគ​ច្រើន​មាន​ប្រភព​ចេញ​ពី​លាមក​បសុសត្វ​ធំៗ ដូច​ជា​សេះ គោ ឬ​ក្របី។

តែ​ទន្ទឹម​គ្នា​នេះ ឧស្ម័ន​មេតាន​ក៏​មាន​ប្រភព​ចេញ​ពី​បាក់តេរី​ដែល​បាន​ចាប់​កំណើត​នៅ​ក្នុង​ស្រែ​លិចទឹក ហើយ​ចំនួន​បាក់តេរី​ដដែល​នេះ​មាន​កាន់​តែ​ច្រើន​នៅ​ពេល​ដែល​គេ​ទុក​ចំបើង​ឲ្យ​រលួយ​ក្នុង​ស្រែ​លិចទឹក​នៅ​ក្រោយ​ការ​ច្រូត​កាត់។ នេះ​ជា​ដើមចម​ទី​មួយ​នៃ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ទៅ​ក្នុង​បរិយាកាស​ដោយ​ឧស្ម័ន​មេតាន។ ចំណែក​ដើមចម​ទី២ គឺ​ការ​ដុត​ចម្បើម​ក្នុង​ស្រែ​ចោល​នៅ​ក្រោយ​ការ​ប្រមូល​ផល​រួច។ ដូច្នេះ តើ​មាន​វិធីសាស្រ្ត​ដើម្បី​បញ្ជៀស​ការ​ដុត​ចំបើង និង​ការ​ទុក​ចំបើង​ចោល​ឲ្យ​រលួយ​ក្នុង​ស្រែ​លិចទឹក​នៅ​ក្រោយ​ការ​ច្រូតកាត់​បាន​ដែរ ឬ​ទេ?។ ចម្លើយ​ចំពោះ​សំណួរ​នេះ​ត្រូវ​បាន​កសិករ​ជនជាតិ​វៀតណាម​ម្នាក់​ឈ្មោះ​ដុង វ៉ាន់កាញ់​ចោទ​ជា​សំណួរ​ថា បើ​គេ​អាច​ទាញ​បាន​ប្រយោជន៍​ពី​ចំបើង​ទៀត​នោះ តើ​វា​មិន​ចំណេញ​ទាំង​អស់​ទេ ឬ​យ៉ាង​ណា?។

អ្វី​ដែល​កសិករ​ជនជាតិ​វៀតណាម​វ័យ ៣៩ឆ្នាំ​រូប​នេះ​ចង់​និយាយ គឺ​ទទួល​បាន​ទាំង​លុយ និង​ការ​ចូលរួម​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​នៅ​ក្នុង​បរិយាកាស។ ជំនួស​ឲ្យ​ការ​ទុក​ចំបើង​រលួយ​ក្នុង​ស្រែ​លិចទឹក ឬ​ដុតចោល​នៅ​ក្រោយ​ការ​ច្រូតកាត់​រួច គេ​យក​ចំបើង​ទៅ​ត្រាំ​ទឹក ហើយ​ដាក់​ដំរៀប​ផ្ទាល់​ដី​ដើម្បី​យក​ផ្សិត​លក់។ បន្ទាប់​មក គេ​យក​ចំបើង​ដដែល​នេះ​ទៅ​លាយ​កិន​បញ្ចូល​គ្នា​ដើម្បី​ធ្វើ​ជី​សរីរាង្គ​ដ៏​មាន​ជីវជាតិ​សម្រាប់​ការ​ដាំ​ដំណាំ​ផ្សេង​ទៀត។ គំនិត​ផ្តួចផ្តើម​មួយ​នេះ​បាន​ទទួល​ការ​គាំទ្រ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឈ្មោះ « វិទ្យាសា្ថន​ស្រាវជ្រាវ​អង្ករ​អន្តរជាតិ » ហៅ​កាត់ IRRI។ នៅ​វៀតណាម ទាំង​អស់​គ្នា​បាន​ជ្រើស​យក​គំនិត​ផ្តួចផ្តើម​មួយ​នេះ នេះ​ជា​សម្តី​របស់​កសិករ​ជនជាតិ​វៀតណាម​លោក​ដុង វ៉ាន់កាញ់។

អ្វី​ជា​ការ​កត់សម្គាល់ គំនិត​ផ្តួចផ្តើម​មួយ​នេះ​ត្រូវ​បាន​គេ​យក​ទៅ​អនុវត្ត​កាន់​តែ​ច្រើន បន្ទាប់​ពី​មាន​ប្រមាណ ១០០ប្រទេស​បាន​សន្យា​ចូលរួម​កាត់បន្ថយ​ឧស្ម័ន​មេតាន​នៅ​ក្នុង​បរិយាកាស​ឲ្យ​ដល់ ៣០% ពី​ពេល​នេះ​ទៅ​ឆ្នាំ ២០៣០។ តែ​អ្វី​ដែល​គួរ​ឲ្យ​សោកស្តាយ ឥណ្ឌា និង​ចិន​ដែល​ជា​ប្រទេស​ដាំស្រូវ​ច្រើន​ជាង​គេ​មិន​បាន​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ទាំង ១០០ នោះ​ទេ។ នៅ​វៀតណាម បច្ចេកទេស​ក្នុង​ការ​ប្រើ​ចំបើង​ឡើង​វិញត្រូវ​បាន​រដ្ឋអំណាច​បង្ហាត់បង្រៀន និង​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ដល់​កសិករ និង​មន្ត្រី​កសិកម្ម​ក្នុង​ស្រុក​នៅ​ទូទាំងប្រទេស នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​កសិឧស្សាហកម្ម​អន្តរជាតិ។ តែ​គេ​មិន​ដឹង​ច្បាស់​ថា តើ​មាន​កសិករ​វៀតណាម​ប៉ុន្មាន​នាក់​ដែល​បាន​យក​បច្ចេកទេស​នេះ​ទៅ​អនុវត្ត​ជាក់ស្តែង​នោះ​ទេ។

តាម​ធនាគារពិភពលោក នៅ​មាន​ចំបើង​ដល់​ទៅ​ជាង ៨០% នៅ​តំបន់​ដីសណ្ត​ទន្លេមេគង្គ​ត្រូវ​បាន​គេ​ដុត​ចោល​នៅ​ឡើយ​កាល​ពី​ឆ្នាំ ២០២២។ ដោយឡែក បូក​ផ្សំ​នឹង​ការ​គ្រប់គ្រង​ចំបើង​តាម​រយៈ​ការ​ទាញ​យក​ផល​ពី​កាកសំណល់​ក្នុង​ស្រែ​មួយ​នេះ ក្រុម​អ្នកស្រាវជ្រាវ​បាន​ផ្តល់​អនុសាសន៍​ឲ្យ​បន្ថែម​វិធីសាស្រ្ត​មួយ​ទៀត គឺ​បង្ហូរ ឬ​បូមទឹក​ចេញ​ពី​ស្រែ​ដើម្បី​កាត់​បន្ថយ​បាក់តេរី និង​បង្កើត​អុកស៊ីសែន​ពី​ដី​ស្រែ​ឡើង​វិញ។ តាម​ក្រុម​អ្នក​ស្រាវជ្រាវ នៅ​ពេល​មាន​ទឹក​ដក់​ជាប់​ក្នុង​ស្រែ​មាន​ន័យ​ថា គ្មាន​ការ​ដូរ​ខ្យល់​រវាង​ដី និង​បរិយាកាស​ខាង​ក្រៅ។ ពិត​ណាស់ និង​ខុស​ពី​ដំណាំ​ផ្សេង​ទៀត ដំណាំ​ស្រូវ​តម្រូវ​ឲ្យ​មាន​ទឹក​ដក់​ជាប់​ជា​ប្រចាំ​នៅ​ក្នុង​ស្រែ។ តែ​ក្រោយ​ប្រមូល​ផល​រួច និង​បើ​នៅ​សល់​ទឹក​ក្នុង​ស្រែ​ទៀត គឺ​ត្រូវ​យក​ទឹក​នោះ​ចេញ។

នៅ​វៀតណាម វិធីសាស្រ្ត​មួយ​នេះ​ត្រូវ​បាន​អនុវត្ត​លើ​ដីស្រែ​ដាំ​ស្រូវ​ចំនួន ១ភាគ៣ ឬ​ចំនួន​ពាក់​កណ្តាល​ក្នុង​ខេត្ត​អាន ចាង​ដោយ​ផ្អែក​តាម​រដូវ​នីមួយៗ។ សរុប​មក​វិញ ការ​ដាំ​ស្រូវ​ទទួល​បាន​ស្រូវ​ជា​រឿង​ធម្មតា តែ​មិន​ត្រូវ​ភ្លេច​ថា ដើម​ស្រូវ ឬ​ចំបើង​មិនមែន​ជា​កាកសំណល់​ឥត​ប្រយោជន៍​ទេ។ តែ​សារ​ដែល​ក្រុមអ្នកវិទ្យាសាស្រ្ត​ចង់​ទាញ​ចំណាប់​អារម្មណ៍​នោះ​គឺ​ថា ការ​ដាំ​ស្រូវ​មិន​អាច​ធ្វើ​ព្រងើយកន្តើយ ឬ​មើល​រំលង​នឹង​ការ​ចូលរួម​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​នៅ​ក្នុង​បរិយាកាស​បាន​ឡើយ ទោះ​ជា​ឧស្ម័ន​មេតាន ឬ​ឧស្ម័ន​កាបូនិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ