អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

បច្ចេកវិទ្យាថ្មីដើម្បីស្រូបឧស្ម័នកាបូនិកពីក្នុងសមុទ្រ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុងការប្រយុទ្ធប្រឆាំង​នឹង​ការឡើងកម្តៅផែនដី ការស្រូបយក និង​ស្តុក​ឧស្ម័នកាបូនិក ត្រូ​វបាន​គេ​លើកឡើង​ជារឿយៗ​ថា​អាច​ជា​ដំណោះស្រាយ​មួយ ហើយ​នៅ​ក្នុង​ពេល​ដែល​ជាទូទៅ គេ​តែងតែ​នាំគ្នា​និយាយ​ពី​ការ​ស្រូប​ឧស្ម័ន​កាបូនិក​ពី​ក្នុង​បរិយាកាស អ្នកជំនាញ​មួយក្រុម​នៅ​សកលវិទ្យាល័យ​អាមេរិក​កំពុង​អភិវឌ្ឍ​បច្ចេកវិទ្យា​​ពី​ក្នុង​សមុទ្រ។ តើ​ការស្រូបយក​ឧស្ម័នកាបូនិក​ពី​ក្នុង​សមុទ្រ​នេះ​អាចមាន​ឥទ្ធិពល​អ្វី ក្នុងការ​ជួយ​ទប់ស្កាត់​ការឡើងកម្តៅផែនដី?

នាវាផ្ទុកបរិក្ខា សម្រាប់​ស្រូប​យក​ឧស្ម័ន​កាបូនិក​ពី​ក្នុង​ទឹកសមុទ្រ ដែល​ជា​គម្រោងរបស់​សកលវិទ្យាល័យ UCLA
នាវាផ្ទុកបរិក្ខា សម្រាប់​ស្រូប​យក​ឧស្ម័ន​កាបូនិក​ពី​ក្នុង​ទឹកសមុទ្រ ដែល​ជា​គម្រោងរបស់​សកលវិទ្យាល័យ UCLA AFP - PATRICK T. FALLON
ផ្សាយពាណិជ្ជកម្ម

ជាទូទៅ កាលណា​និយាយ​អំពី​ការ​ស្រូប​ឧស្ម័ន​កាបូនិក និង​ការ​បញ្ចេញ​អុកស៊ីសែន គេ​ច្រើន​តែនាំគ្នា​គិតទៅដល់​ព្រៃឈើ។ ក៏ប៉ុន្តែ មហាសមុទ្រ​មាន​សមត្ថភាព​ស្រូបយក​ឧស្ម័នកាបូនិក និង​អាច​ផលិត​អុកស៊ីសែន​បាន​ច្រើន​ជាង​ព្រៃឈើទៅទៀត ដោយ​គិត​ជាស​រុប​ទៅ មហាសមុទ្រ​នៅលើ​ភពផែនដី​ទាំងមូល​​អាច​ស្រូប​យក​កម្តៅ​ដែល​បង្ក​ឡើង​ដោយ​សកម្មភាព​របស់​មនុស្ស​បាន​រហូតដល់​ទៅ ៩០% ស្រូបយក​ឧស្ម័នកាបូនិក ដែល​បញ្ចេញ​ដោយ​សកម្មភាព​មនុស្ស​បាន​ដល់​ទៅ ២៥% ហើយ​បើ​គិតជា​ប្រព័ន្ធអេកូឡូហ្ស៊ី​សមុទ្រ​ទាំងមូល ពោលគឺ​ រាប់ទាំង​ទឹកសមុទ្រ ទាំង​សត្វ និង​រុក្ខជាតិ​នៅ​ក្នុងទឹកសមុទ្រ ក៏ដូចជា​ព្រៃកោងកាង​ក្នុងសមុទ្រ គឺ​អាច​មាន​ស្រូបយក និង​ស្តុក​ឧស្ម័ន​កាបូនិក​បាន​ច្រើន​ជាង​ព្រៃឈើ​លើដីគោក​រហូតដល់​ទៅ​បួនដង​ឯណោះ។

ក៏ប៉ុន្តែ សមត្ថភាព​របស់​មហាសមុទ្រ​ក្នុងការ​​ស្រូប និង​ស្តុក​ឧស្ម័នកាបូនិក​​នេះ ក៏​មិនមែន​គ្មានដែន​កំណត់​នោះដែរ។ នៅ​ពេល​ដែល​ទឹក​សមុទ្រ​ស្រូប​យក​ឧស្ម័នកាបូនិក​កាន់តែច្រើន វាធ្វើ​ឲ្យ​អាស៊ីត​ត្រូវកើនឡើង ហើយ​បូករួម​ជាមួយ​នឹង​កំណើន​សីតុណ្ហភាព​ផងនោះ វា​ធ្វើ​ឲ្យ​មហាសមុទ្រ​ត្រូវ​ថមថយ​សមត្ថភាព​ក្នុងការ​ស្រូបយក និង​ស្តុក​ឧស្ម័នកាបូនិក។ ទោះជាយ៉ាងណា សមត្ថភាព​ក្នុងការ​ស្រូបយក​ឧស្ម័ន​កាបូនិក​នេះ​អា​ចនឹង​ត្រូវកើនឡើង​មកវិញ ប្រសិនបើ​គេ​​អាច​កាត់បន្ថយ​ឧស្ម័ន​កាបូនិក​ពី​ក្នុង​ទឹកសមុទ្រ។

បច្ចេកវិទ្យា​​កាត់បន្ថយ​ឧស្ម័ន​កាបូនិក​ពី​ក្នុងទឹកសមុទ្រ​នេះ​ហើយ ដែលក្រុមអ្នក​ជំនាញ​នៅ​ឯសកលវិទ្យាល័យ UCLA នៅ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក កំពុង​អភិវឌ្ឍ។ គម្រោង​ដែល​គេ​ឲ្យឈ្មោះ​ថា SeaChange

នៅក្នុងគម្រោងនេះ គេ​បង្កើត​ជា​រោងចក្រ​នៅលើ​ទូក​ប្រវែង​ ៣០ម៉ែត្រ ដោយ​នៅលើ​នោះ គេ​បូមទឹកសមុទ្រ​ យក​ទៅដាក់​ឆ្លងកាត់​ចរន្តអគ្គិសនី ហើយ​តាម​រយៈយន្តការ​អេឡិចត្រូលីស វា​បង្កើត​ជា​ប្រតិកម្ម​គីមី​ ដែល​បំប្លែង​ឧស្ម័នកាបូនិក ទៅជា​ម្សៅ​កាល់ស្យូមកាបូណាត។ បន្ទាប់មកទៀត ទឹកសមុទ្រ ដែល​លែងមាន​ឧស្ម័នកាបូនិក​ហើយនោះ ត្រូវគេ​បង្ហូរ​ចូល​ទៅ​ក្នុង​សមុទ្រ​វិញ ចំណែក​ម្សៅកាល់ស្យូមកាបូណាត គេ​អាច​យក​ទៅស្តុក​ទុក​លើ​ដីគោក​ក៏បាន ឬ​ក៏​អាច​ចាក់ចូូល​ទៅ​ក្នុងសមុទ្រ​វិញ​ក៏បាន ដើម្បី​ឲ្យ​វា​ធ្លាក់​ចុះ​ទៅ​បាតសមុទ្រ ដោយ​មិន​បញ្ចេញ​ឧស្ម័ន​កាបូនិក​ទៅ​ក្នុង​ទឹកសមុទ្រ​វិញ។

យោងតាម​អ្នក​ជំនាញ​នៅ​ក្នុង​គម្រោងនេះ ការ​ស្រូបយក​ឧស្ម័នកាបូនិក​ពី​ក្នុង​សមុទ្រ​​មាន​ប្រសិទ្ធភាព​ជាង​ការ​ស្រូបយក​ឧស្ម័ន​កាបូនិក​ពី​ក្នុង​បរិយាកាស ពីព្រោះ​ថា ទឹកសមុទ្រ​មាន​ឧស្ម័នកាបូនិក​ច្រើន​ជាង​ក្នុង​បរិយាកាស​រហូតដល់​ទៅ​ប្រមាណ​ជា ១៥០ដង ហើយ​យន្តការនៃ​ការ​ស្រូបយក​ឧស្ម័ន​កាបូនិក​ពី​ក្នុង​ទឹកសមុទ្រ តាម​អេឡិចត្រូលីស​នេះ ត្រូវ​ការ​ប្រើ​ថាមពល​តិច​ជាង​ការស្រូបយក​ឧស្ម័នកាបូនិក​ពី​ក្នុង​បរិយាកាស ចំណែក​ការស្តុក​ម្សៅកាល់ស្យូមកាបូណាត​ពី​ការស្រូបឧស្ម័ន​កាបូនិក​ពីសមុទ្រ​ គឺ​ងាយស្រួល​ជាង​ និង​ត្រូវ​ចំណាយ​លុយ​តិចជាង​ការ​ស្តុក​ឧស្ម័ន​កាបូនិក​ដែល​ស្រូបយក​​ពី​ក្នុង​បរិយាកាស​។

លើសពីនេះ​ទៅទៀត តាមរយៈ​យន្តការ​អេឡិចត្រូលីស​នេះ ក្រៅពី​អាច​ស្រូប​យក​ឧស្ម័ន​កាបូនិក​ពី​ក្នុង​សមុទ្រ ក៏​អាច​ផលិត​​​អ៊ីដ្រូសែន​បាន​ផងដែរ។ អ៊ីដ្រូសែន ដែល​បច្ចុប្បន្ន​ត្រូវ​បាន​គេ​សំឡឹងឃើញ​ថា​ជា​ប្រភពថាមពល​ដ៏សំខាន់​មួយ​ សម្រាប់​ជួយ​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក ហើយ​អ៊ីដ្រូសែន​ដែល​ផលិត​ដោយ​អេឡិចត្រូលីស ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​អ៊ីដ្រូសែន​បៃតង ពោលគឺ​ជា​ប្រភេទ​អ៊ីដ្រូសែន​ដែល​មិន​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់ ទាំង​នៅ​ក្នុង​ដំណាក់កាល​ប្រើប្រាស់ និង​ក្នុង​ដំណាក់​កាល​ផលិត។

សំណួរចម្បងមួយ ដែល​គេ​ត្រូវ​ចោទសួរ​នៅពេលនេះ គឺ​នៅត្រង់​ថា តើ​ការ​បូមទឹកសមុទ្រ​មក​ទាញ​យកឧស្ម័នកាបូនិក​រួចហើយ​បង្ហូរចូល​ទៅ​ក្នុងសមុទ្រវិញ ក៏ដូចជា​ការ​ចាក់​ម្សៅកាល់ស្យូមកាបូណាត​ទៅក្នុងសមុទ្រ​វិញ​នេះ តើ​វា​អាច​នឹង​បង្ក​នូវ​ផលប៉ះពាល់​ណាមួយ​ដែរឬទេ​ ចំពោះ​បរិស្ថាន​សមុទ្រ?

យោងតាម​អ្នក​ជំនាញ នៅ​ក្នុង​គម្រោង SeaChange នៅ​សកលវិទ្យាល័យ UCLA យន្តការ​នេះ​នឹង​មិន​បង្ក​ផលប៉ះពាល់​ដល់​បរិស្ថាន​សមុទ្រ​នោះទេ។ ក៏ប៉ុន្តែ នេះគ្រាន់តែ​ជា​ការ​សន្និដ្ឋាន​បឋមតែប៉ុណ្ណោះ ដោយ​មកទល់​នឹង​ពេលនេះ គេ​​នៅ​មិនទាន់ឃើញ​​មាន​ការ​សិក្សា​​​​ណាមួយ​ ដើម្បី​អាច​បញ្ជាក់​ជុំវិញ​បញ្ហា​នេះ​ឲ្យ​បាន​ច្បាស់លាស់​​នៅឡើយនោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ