អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីបានជាចិន និងឥណ្ឌាពិបាកនិយាយចុះសម្រុងគ្នានៅក្នុងជម្លោះដែនដីនៅភ្នំហេមពាន្ត?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី២៧ មេសា រដ្ឋមន្រ្តី​ការពារជាតិ​ចិន និង​ឥណ្ឌា​បាន​ជួប​គ្នា​នៅ​ក្នុង​ទីក្រុង​ញូដែលី។ កម្មវត្ថុ​នៃ​ជំនួប គឺ​ដើម្បី​ជជែក​គ្នា​ពី​ជម្លោះ​ដែនដី​នៅ​ភ្នំហេមពាន្ត។ តែ​ជា​ជំនួប​មួយ​ដែល​មាន​បង្កប់​ដោយ​ភាព​តានតឹង​ខ្លាំង។ គួរ​រម្លឹក​ថា ជម្លោះ​ដែនដី​មួយ​នេះ​ធ្លាប់​បាន​រុញ​ចិន និង​ឥណ្ឌា​ឲ្យ​ធ្វើ​សង្រ្គាម​នឹង​គ្នា​ក្នុង​ឆ្នាំ ១៩៦២ និង​មាន​ការ​ប៉ះទង្គិច​គ្នា​ធ្ងន់ធ្ងរ​កាល​ពី​ឆ្នាំ ២០២០។ តើ​ជម្លោះ​ដែនដី​នៅ​ភ្នំហេមពាន្ត​មាន​ដំណើរ​ដើមទង​យ៉ាង​ម៉េច និង​ថា ហេតុអ្វី​បាន​ជា​ចិន និង​ឥណ្ឌា​ពិបាក​និយាយ​ចុះ​សម្រុង​គ្នា​ខ្លាំង​ម្ល៉េះ?

កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ មេសា ឆ្នាំ ២០២៣ រដ្ឋមន្រ្តីការពារជាតិចិន និងឥណ្ឌាបានជួបគ្នានៅក្នុងទីក្រុងញូដែលី។
កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ មេសា ឆ្នាំ ២០២៣ រដ្ឋមន្រ្តីការពារជាតិចិន និងឥណ្ឌាបានជួបគ្នានៅក្នុងទីក្រុងញូដែលី។ AP
ផ្សាយពាណិជ្ជកម្ម

សព្វថ្ងៃ​នេះ ចិន និង​ឥណ្ឌា​មាន​ព្រំដែន​គោក​ជាប់​គ្នា​ប្រវែង ៣ ៥០០គីឡូម៉ែត្រ។ តែ​បញ្ហា​នៅ​ត្រង់​ថា ខ្សែព្រំដែន​គោក​ទាំង ៣ ៥០០គីឡូម៉ែត្រ​ដែល​ខ័ណ្ឌ​ចែក​ប្រទេស​ជិត​ខាង​ទាំង​ពីរ​នៅ​មិន​ទាន់​បាន​គូសវាស​ឲ្យ​បាន​ច្បាស់លាស់ និង​ត្រឹមត្រូវ​នៅ​ឡើយ​ទេ។ ទន្ទឹម​គ្នា​នេះ នៅ​មាន​ទីតាំង​ចំនួន​ពីរ​ដែល​ចិន និង​ឥណ្ឌា​កំពុង​ឈ្លោះ​ដណ្តើម​គ្នា។ ចិន​បាន​ទាមទារ​ពី​ឥណ្ឌា​វិញ​នូវ​ដែនដី​ដែល​មាន​ទំហំ ៧៥ ០០០គីឡូម៉ែត្រក្រឡា​ក្នុង​រដ្ឋ​អារូណាឆាល់ ប្រាដេស។ ចំណែក​ឥណ្ឌា​បាន​ទាមទារ​ពី​ចិន​វិញ​នូវ​ដែនដី​ទំហំ ៣៧ ០០០គីឡូម៉ែត្រក្រឡា​នៅ​តំបន់​ឡាដា​ដែល​ចិន​បាន​ក្រសោប​កាន់កាប់​តាំង​ឆ្នាំ ១៩៦២ មក​ម្ល៉េះ។

តើ​ដែនដី​ដែល​ម្នាក់ៗ​កំពុង​បន្ត​ទាមទារ​ពេល​នេះ​ពិត​ជា​ដែនដី​របស់​ខ្លួន​ដែរ ឬ​ទេ?។យើង​ទុក​សំណួរ​នេះ​ឲ្យ​ចិន និង​ឥណ្ឌា​បន្ត​ស្វែង​រក​ចម្លើយ​ជា​បន្ត​ទៀត​ចុះ។ អ្វី​ដែល​គេ​អាច​និយាយ​បាន ជម្លោះ​ដែនដី​នៅ​ភ្នំហេមពាន្ត​ដ៏​សែន​ស្មុគស្មាញ រ៉ាំរៃ និង​អូសបន្លាយ​រវាង​ចិន និង​ឥណ្ឌា​មក​ដល់​សព្វថ្ងៃ គឺ​ជា​មរតក​អាណានិគម​កាល​ពី​ជាង ១០០ឆ្នាំ​មុន ពោល​នៅ​ពេល​ដែល​ចក្រភព​អង់គ្លេស​បាន​ចូល​ធ្វើ​អាណានិគម​នៅ​ឥណ្ឌា​ក្នុង​ឆ្នាំ ១៩១៤។ កាល​ណោះ អង់គ្លេស​បាន​គូសវាស​ដោយ​អន្តោម័ត​នូវ​ខ្សែព្រំដែន​ខ័ណ្ឌចែក​រវាង​ឥណ្ឌា និង​តំបន់​ស្វយ័ត​ទីបេ​របស់​ចិន។

នៅ​ក្នុង​ការ​គូសវាស​ខ្សែព្រំដែន​ពេល​នោះ អង់គ្លេស​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​ទឹកដី​ឥណ្ឌា​នូវ​តំបន់​ឡាដា និង​រដ្ឋ​អារូណាឆាល់ ប្រាដេស។ តែ​បញ្ហា​នៅ​ត្រង់​ថា ចិន​មិន​បាន​ទទួល​ស្គាល់ និង​បន្ត​មិន​ទទួល​ស្គាល់​មក​ដល់​បច្ចុប្បន្ន​នូវ​ខ្សែព្រំដែន​គូសវាស​ដោយ​ចក្រភព​អង់គ្លេស​កាល​ពី​ជាង ១០០ឆ្នាំ​នោះ​ឡើយ។ ក្រុង​ប៉េកាំង​នៅ​តែ​បន្ត​ចាត់​ទុក​រដ្ឋ​អារូណាឆាល់ ប្រាដេស​ជា​ដែនដី​របស់​តំបន់​ទីបេ ពោល​មិនមែន​ជា​របស់​ឥណ្ឌា​ទេ។គួរ​បញ្ជាក់​ថា រដ្ឋ​អារូណាឆាល់ ប្រាដេស​ដែល​មាន​ព្រំដែន​ជាប់​ប្រទេស​ប៊ូតង់​ជា​តំបន់​យុទ្ធសាស្រ្តពិសេស​សម្រាប់​ចិន។

ជា​តំបន់​យុទ្ធសាស្រ្តពិសេស​ព្រោះ​រដ្ឋ​អារូណាឆាល់ ប្រាដេស​ជា​ប្រភព​ធនធាន​រ៉ែ ប្រភព​ទឹក​ដ៏​សំខាន់ និង​ជា​ទីកន្លែង​សាសនា​ព្រះពុទ្ធ​ដ៏​ធំ​មួយ។ វត្តអារ៉ាម​ឈ្មោះ Galden Namgey Lhatse ដែល​ស្ថិត​ក្នុង​តំបន់ Tawang ជា​វត្ត​ធំ​លំដាប់ទី២ របស់​ទីបេ​បន្ទាប់​ពី​វត្តអារ៉ាម​ឈ្មោះ Potala ដែល​ស្ថិត​ក្នុង​តំបន់ Lhassa។ ពិត​ណាស់ និង​ខុស​ពី​ជម្លោះ​ខ្លះ​ដែល​ចិន​មាន​ជាមួយ​អ្នក​ផ្សេង ពិសេស​ជាមួយ​តៃវ៉ាន់ ជម្លោះ​ព្រំដែន​ដែល​ចិន​មាន​ជាមួយ​ឥណ្ឌា​ហាក់​មិន​សូវ​ធំដុំ មិន​សូវ​ខ្ចរខ្ចាយ មិន​សូវ​មាន​គេ​និយាយ​ច្រើន និង​ក៏​មិន​សូវ​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​ប៉ុន្មាន​ដែរ។ តែ​គេ​ក៏​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ជម្លោះ​មួយ​នេះ​បាន​រុញ​ចិន និង​ឥណ្ឌា​ឲ្យ​ធ្លាក់​ក្នុង​សង្រ្គាម​នឹង​គ្នា​ម្តង​ក្នុង​ខែ​តុលា ឆ្នាំ ១៩៦២។

សង្រ្គាម​ក្នុង​រយៈពេល ១ខែ​នា​ពេល​នោះ​ត្រូវ​បាន​បិទ​បញ្ចប់​ដោយ​ការ​ចាញ់​របស់​កងទ័ព​ឥណ្ឌា។ ទោះ​ជា​យ៉ាង​នេះ​ក្តី ស្ថានការណ៍​នៅ​តាម​ព្រំដែន​បន្ត​ក្តៅ​គគុក និង​តានតឹង​ជា​អចិន្ត្រៃយ៍។ តាំង​ពី​ពេល​នោះ​មក គ្មាន​កិច្ចព្រមព្រៀង​អ្វី​ត្រូវ​បាន​រក​ឃើញ​ដើម្បី​បិទបញ្ចប់​ជម្លោះ​អូសបន្លាយ​រវាង​ប្រទេស​ជិត​ខាង​ទាំង​ពីរ​ទេ។ លើស​ពី​នេះ ភាព​រំជើបរំជួល​មាន​ជាប់​ជា​ប្រចាំ​ដែល​ពេល​ខ្លះ​នាំ​ឲ្យ​គេ​បារម្ភ​ពី​ការ​ផ្ទុះ​សង្រ្គាម​ជា​ថ្មី។ ជាក់ស្តែង​ក្នុង​ឆ្នាំ ២០២០ ការ​ប៉ះទង្គិច​ដោយ​ការ​ប្រតាយប្រតប់​គ្នា​ដោយ​ប្រើ​ដំបង​រវាង​កងទ័ព​ទាំង​ពីរ​នៅ​ជ្រលងភ្នំ Galwan ស្ថិត​កម្ពស់ ៤ ០០០ម៉ែត្រ​បាន​បណ្តាល​ឲ្យ​ស្លាប់​ទាហាន​ឥណ្ឌា​ប្រមាណ​ជា ២០នាក់។ ចំណែក​នៅ​ចិន​ក៏​មាន​ស្លាប់​ដែរ តែ​ចិន​មិន​បាន​ប្រាប់​តួលេខ។

ការ​ប៉ះទង្គិច​ក្នុង​ឆ្នាំ ២០២០ ជា​រឿង​ធ្ងន់ធ្ងរ​ទី១ បន្ទាប់​ពី​សង្រ្គាម​ផ្លូវអាវុធ​ក្នុង​ខែ​តុលា ឆ្នាំ ១៩៦២។ ភាព​ប្រទូសរ៉ាយ​មួយ​នេះ​កាល​ណោះ​បាន​បិទបញ្ចប់​នូវ​ការ​ព្យាយាម​រំកិល​រក​គ្នា​រវាង​ឥណ្ឌា និង​ចិន​ដែល​បាន​ផ្តួចផ្តើម​ដោយ​នាយករដ្ឋមន្រ្តី​ឥណ្ឌា​លោក​ណារ៉េនដ្រា ម៉ូឌី និង​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង​ក្នុង​ឆ្នាំ ២០១៨ នៅ​ក្រុង​វូហាន និង​នៅ​ក្រុង​តាមីល ណាឌូ​ក្នុង​ឆ្នាំ ២០១៩។ ក្នុង​រយៈពេល​ជិត ៣ឆ្នាំ​ក្រោយ​ការ​ប៉ះទង្គិច​គ្នា​ក្នុង​ឆ្នាំ ២០២០ មាន​កិច្ចចរចា​ប្រមាណ​ជា ១៥លើក​ត្រូវ​បាន​រៀបចំ​ឡើង​រវាង​កងទ័ព​ទាំង​ពីរ​នៅ​តាម​ព្រំដែន​ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង​ឲ្យ​បាន​ច្រើន​បំផុត​ដែល​អាច​ធ្វើ​ទៅ​បាន។ តែ​គ្មាន​ទទួល​បាន​លទ្ធផល​អ្វី​ជា​ដុំកំភួន​ទេ។

កាល​ពី​ថ្ងៃទី២៧ មេសា​ថ្មីៗ​កន្លង​ទៅ រដ្ឋមន្រ្តី​ការពារជាតិ​ឥណ្ឌា និង​ចិន​បាន​ជួប​គ្នា​នៅ​ក្នុង​ទីក្រុង​ញូដែលី។ តាំង​ពី​ក្រោយ​ការ​ប៉ះទង្គិច​គ្នា​ក្នុង​ឆ្នាំ ២០២០ នេះ​ជា​លើកទី១ ដែល​ប្រមុខ​ការពារជាតិ​នៃ​ប្រទេស​ជិត​ខាង​ទាំង​ពីរ​បាន​អង្គុយ​ជជែក​ទល់​មុខ​គ្នា និង​និយាយ​ត្រង់​ទៅ ត្រង់​មក។ តែ​គេ​បាន​សង្កេត​ឃើញ​ជា​រួម​ថា ការ​ជជែក​គ្នា​មាន​ភាព​តានតឹង​ខ្លាំង ហើយ​ឥស្សរជន​ទាំង​ពីរ​ថែម​ទាំង​បាន​ចៀសវាង​មិន​ចាប់​ដៃ​គ្នា​ទៀត​ផង។ ខណៈ​ដែល​រដ្ឋមន្រ្តី​ការពារជាតិ​ឥណ្ឌា​លើក​ឡើង​ថា ការ​អភិវឌ្ឃន៍​នៃ​ទំនាក់ទំនង​រវាង​ចិន និង​ឥណ្ឌា​ផ្អែក​លើ​ប្រេវ៉ាឡង់​នៃ​សន្តិភាព និង​ភាព​ស្ងប់ស្ងាត់​នៅ​តាម​ព្រំដែន សមភាគី​ចិន​បាន​លើក​ឡើង​ថា គេ​មិន​គួរ​ភ្ជាប់​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​នឹង​ជម្លោះ​ព្រំដែន ឬ​និយាយ​ឲ្យ​យល់ គេ​មិន​គួរ​ដាក់​ទំនាក់ទំនង​ទ្វេភាគី និង​ជម្លោះ​ព្រំដែន​ទៅ​ក្នុង​កន្ទ្រក​តែ​មួយ​ឡើយ។

សរុប​មក​វិញ ជំហរ​របស់​ចិន និង​ឥណ្ឌា​ក្នុង​រឿង​ជម្លោះ​ព្រំដែន​នៅ​ភ្នំហេមពាន្ត​ហាក់​បាន​ជាប់​គាំង​នៅ​ជុំវិញ​ជំហរ​ពីរ​ដែល​មិន​អាច​ផ្សះផ្សា​គ្នា​បាន​ទេ។ ខណៈ​នេះ ស្ថានការណ៍​ទូទៅ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង និង​ហាក់​មាន​ភាព​ស្ងប់ស្ងាត់ តែ​កំពុង​ក្តៅ​ងំ​ដែល​អាច​ផ្ទុះ​ឡើង​ដោយ​គ្មាន​នរណា​ម្នាក់​អាច​ដឹង​មុន​បាន​ទេ។ កុំ​ថា​ឡើយ​ដី​មួយ​ម៉ែត្រ សូម្បី​តែ​មួយ​ចង្អាម​ក៏​គ្មាន​នរណា​ម្នាក់​សុខចិត្ត​បាត់បង់​ជា​ដាច់​ខាត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ