អានតួអត្ថបទ

ចិន​និង​ឥណ្ឌា និយាយគ្នា​តាមទូរស័ព្ទ​ដើម្បី​បន្ធូរភាពតានតឹង នៅព្រំដែន

នៅក្រោយ​ផ្ទុះជម្លោះព្រំដែន ដែល​បាន​សម្លាប់​ទាហាន​ឥណ្ឌា យ៉ាងតិច ២០នាក់ កាលពី​យប់​ថ្ងៃ​ចន្ទ រដ្ឋមន្រ្តី​ក្រសួងការបរទេស​ឥណ្ឌា និង​ចិន បាន​និយាយ​ទូរស័ព្ទ​រកគ្នា នៅថ្ងៃ​ពុធ​ម្សិលមិញ ដើម្បី​បន្ថយ​ភាពតានតឹង​នៅព្រំដែន​ប្រទេស​ទាំងពីរ។ កិច្ចសន្ទនា​តាមទូរស័ព្ទ របស់​ប្រមុខការបរទេស​ឥណ្ឌា និង​ចិន ធ្វើឡើង នៅក្រោយ​មាន​សេចក្តីរាយការណ៍​ថា ឥណ្ដា​បាន​បញ្ជូន​បន្ថែម​ទាហាន ទៅកាន់​តំបន់ជាប់​ជម្លោះព្រំដែន នៅយប់​ថ្ងៃ​អង្គារ។

បុរស​ដើរកាត់​កន្លែង​ដែល​មន្រ្តីជាន់ខ្ពស់​ចិន និង​ឥណ្ឌា​ចរចា​គ្នា​ពីជម្លោះព្រំដែន នៅឆ្នាំ ២០០៩
បុរស​ដើរកាត់​កន្លែង​ដែល​មន្រ្តីជាន់ខ្ពស់​ចិន និង​ឥណ្ឌា​ចរចា​គ្នា​ពីជម្លោះព្រំដែន នៅឆ្នាំ ២០០៩ REUTERS - Reuters Photographer
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ នៅល្ងាច​ថ្ងៃ​ពុធ រដ្ឋមន្រ្តី​ការបរទេស​ចិន និង​ឥណ្ឌា​បាន​យល់ព្រមព្រៀង​គ្នា​ដើម្បី​កាត់បន្ថយ​ភាពតានតឹង និង​រក្សា​សន្តិភាព ភាពស្ងប់ស្ងាត់ នៅ​តំបន់ព្រំដែន។ នេះបើតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​ចិន។

រដ្ឋមន្រ្តី​ការបរទេស​ចិន លោក​វ៉ាង យី បាន​ទាមទារ​ផងដែរ​ឲ្យ​​ភាគី​ឥណ្ឌា​បើក​ការស៊ើបអង្កេត និង​ដាក់ពិន័យ​អ្នកដែល​ទទួល​ខុសត្រូវ​ឲ្យ​កើតមានជម្លោះ​ រវាង​ទាហាន​ឥណ្ឌា និង​ចិន។ “ឥណ្ឌា​មិនត្រូវ​យល់ច្រលំ​លើ​ហេតុការណ៍​ដែល​ទើបកើត​មាន​នេះទេ។ ហើយ​ឥណ្ឌា​ក៏មិនត្រូវ​មើលស្រាល ការប្តេជ្ញា​របស់​ចិន ក្នុង​ការរក្សា​ដែនដី​អធិបតេយ្យ​របស់​ចិនដែរ។” នេះ​ជាការបញ្ជាក់​របស់​សេចក្តីថ្លែងការណ៍ចិន។

ពីខាង​ភាគី​ឥណ្ឌា រដ្ឋាភិបាល​ឥណ្ឌា ចេញ​សេចក្តី​ថ្លែងការណ៍ ដែលក្នុង​នោះ ឥណ្ឌា​បាន​បរិហា​សកម្មភាព គ្រោងទុក​ជាមុន និង​មានចេតនា​ពីខាង​ប្រទេស​ចិន។ ប៉ុន្តែ​យ៉ាងណាក៏ដោយ ភាគី​ទាំងពីរ​យល់ព្រម​នឹង​គ្នា​ថា នឹង​មិន​ចាត់វិធានការ​ណាមួយ ដើម្បី បង្ក​ឲ្យ​មាន​ភាពតានតឹង​បន្ថែម​នោះទេ។

នៅ​យប់​ថ្ងៃ​ចន្ទ ទាហាន​ឥណ្ឌា និង​ទាហាន​ចិន បាន​ឈ្លោះវាយប្រតាយប្រតប់គ្នា នៅ​តំបន់​ជ្រលង​ភ្នំ ហ្កាល់វ៉ាន់ ដែល​មាន​កំពស់ ជាង ៤៥០០ម៉ែត្រ ក្នុង​រដ្ឋ​ឡាដាក របស់​ឥណ្ឌា ជាទី​ដែល​ទាហាន​ចិន​បាន​ចេញ​មុខ​ប្រឆាំងនឹង​គម្រោង​សាង​សង់​ផ្លូវ​យោធា របស់​ឥណ្ឌា ក្នុង​ហេតុផលថា ឥណ្ឌា​កំពុង​សាងសង់​ក្នុង​តំបន់​ព្រំដែន​ជាប់ជម្លោះ។ តាម​ប្រភព​ស្និទ្ធ​នឹង​សំណុំរឿង ដែលបាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP  កោសល្យវិច័យ​របស់​គ្រូពេទ្យ​ឥណ្ឌា​បង្ហាញ​ថា ទាហាន​ឥណ្ឌា ស្លាប់​ដោយសារ​លង់ទឹក និង​មាន​ស្នាម​បែកក្បាល នៅក្រោយ ការប្រតាយប្រតប់ ​ធ្លាក់រមៀល ពីលើ​ភ្នំ។

វ៉ាស៊ីនតោន ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​ឥណ្ឌា សង្ឃឹម​ចង់ឃើញ ដំណោះស្រាយ​ដោយ​សន្តិភាព។ អង្គការ​សហប្រជាជាតិ បានអំពាវនាវ​ឲ្យ​ភាគី​ទាំងពីរ​អត់ធ្មត់​ឲ្យបាន​អតិបរមា ចំណែក​រុស្ស៊ី វិញ នៅថ្ងៃ​ពុធ បាន​សំដែង​ការអបអរសាទរ​ដំណឹងដែលថា ភាគី​ទាំងពីរ​បាន​ទាក់ទង​តាមផ្លូវសន្តិភាព ដើម្បី​បន្ថយភាពតានតឹង។

តាមទីភ្នាក់ងារព័ត៌មានបារាំង AFP យន្តហោះ​យោធា​របស់​ឥណ្ឌា បានដឹកជញ្ជូន​ កងទ័ព​ទៅកាន់​តំបន់​កើតមានជម្លោះ នៅ​ទីក្រុង​ឡាដាក របស់​ឥណ្ឌា កាលពី​យប់​ថ្ងៃ​អង្គារ។ ចិន​ ទាមទារ​គ្រប់គ្រង​តំបន់​ឡាដាក មួយផ្នែក។ ចិន និង​ឥណ្ឌា ដែល​ជា​មហាអំណាច​នុយក្លេអ៊ែរ រៀងៗខ្លួន ឧស្សាហ៍​ប្រឈមមុខ​ដាក់គ្នា ព្រោះថា ប្រទេស​ទាំងពីរ នៅមិនទាន់​ចុះសម្រុង​គ្នា លើខ្សែបន្ទាត់ព្រំដែន ជាពិសេស នៅ​លើ​ជួរភ្នំ​ហេមពាន្ត ដែល​ភាគី​ទាំងពីរ ទាមទារ​យក​ជាកម្មសិទ្ធិ​រៀងៗខ្លួន និង​បាន​ធ្វើ​សង្រ្គាម​បង្ហូរឈាមគ្នា​ម្តង នៅ​ឆ្នាំ ១៩៦២៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ