អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

បោះឆ្នោតសភាថៃ៖ខ្យល់ពុលក្នុងបរិយាកាសបានក្លាយជាប្រធានបទមិនអាចខ្វះបាននៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​អាទិត្យ ទី១៤ ឧសភា​ចុង​សប្តាហ៍​នេះ ប្រទេស​ថៃ​នឹង​រៀបចំ​បោះឆ្នោត​សភា​ដើម្បី​ជ្រើសរើស​សមាជិក​សភា​ថ្មី​ចំនួន ៥០០នាក់។ ខណៈ​នេះ គណបក្ស​ដែល​បាន​ប្រកាស​ចូលរួម​បោះឆ្នោត​កំពុង​បន្ត​យុទ្ធនាការ​ឃោសនា​របស់​ខ្លួន។ នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត គណបក្ស​នីមួយៗ​បាន​ជ្រើសរើស​យក​ប្រធានបទ​អាទិភាព​ខុសៗ​គ្នា​ដើម្បី​ទទួល​បាន​សំឡេង​គាំទ្រ​ពី​អ្នក​បោះឆ្នោត។ តែ​អ្វី​ជា​ការ​កត់សម្គាល់ បញ្ហា​បរិស្ថាន ពិសេស​ការ​ប្រឆាំង​ទប់​នឹង​ខ្យល់ពុល​ក្នុង​បរិយាកាស​កំពុង​ក្លាយ​ជា​ប្រធានបទ​អាទិភាព​មួយ​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។

អ្នកស្រី Paetongtarn Shinawatra ប្រធានគណបក្សភឿថៃ។
អ្នកស្រី Paetongtarn Shinawatra ប្រធានគណបក្សភឿថៃ។ AP - Sakchai Lalit
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ប្រទេស​ណា​មិន​ដឹង​ទេ តែ​បើ​នៅ​ថៃ ខ្យល់ពុល​នៅ​ក្នុង​បរិយាកាស​កំពុង​បន្ត​ក្លាយ​ជា​បញ្ហា​ចម្បង និង​ជា​បញ្ហា​ប្រឈម​ប្រចាំ​ថ្ងៃ​ដល់​សុខភាព​របស់​ប្រជារាស្រ្ត​ថៃ​គ្រប់​រូប​ដោយ​មិន​រើស​មុខ។ ចន្លោះ​ខែ​កុម្ភៈ និង​ខែ​មេសា​ដែល​ជា​រដូវ​ហួតហែង​ខ្លាំង ប្រជារាស្រ្ត​ថៃ​ពិបាក​ដក​ដង្ហើម​ស្រូប​យក​ខ្យល់​តុកស៊ិក​នៅ​ក្នុង​បរិយាកាស ពិសេស​អ្នក​រស់នៅ​ក្នុង​ក្រុង​បាងកក និង​តាម​បណ្តា​ក្រុង​ស្ថិត​ប៉ែកខាងជើង​ប្រទេស។ តាម​អង្គការ​ឃ្លាំមើល​គុណភាព​ខ្យល់​ឈ្មោះ IQAir បាងកង និង​ឈៀងម៉ៃ​ស្ថិត​ក្នុង​ចំណោម​ទីក្រុង​ទាំង ១០ ដែល​មាន​ខ្យល់​ពុល​តុកស៊ិក​ខ្លាំង​ជាង​គេ​លើ​លោក។

នៅ​ថៃ ខ្យល់ពុល​តុកស៊ិក​កើត​ចេញ​ពី​ភ្លើង​ឆេះព្រៃ ផ្សែង​ចេញ​ពី​បំពង់​ស៊ីម៉ាំង​រថយន្ត ផ្សែង​ចេញ​ពី​បំពង់​រោងចក្រ ឬ​មួយ​ក៏​ផ្សែង​ចេញ​ពី​ការ​ដុត​ចំបើង​របស់​ប្រជាកសិករ​ថៃ​នៅ​ក្រោយ​ការ​ច្រូកកាត់​រួច។ បើ​គិត​តាំង​ពី​ដើម​ឆ្នាំ ២០២៣ មក មាន​ប្រជារាស្រ្ត​ថៃ​ជាង ២លាន ៤សែន​បាន​ធ្លាក់​ខ្លួន​ឈឺ​ចូល​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ដោយសារ​តែ​ការ​ដក​ដង្ហើម​ស្រូប​ខ្យល់ពុល​ក្នុង​បរិយាកាស។ តាម​អ្នកជំនាញ​ជំងឺ​ផ្លូវដង្ហើម បញ្ហា​ដែល​អ្នកជំងឺ​ភាគច្រើន​ជួប​ប្រទះ​ច្រើន​ជា​បញ្ហា​ផ្លូវដង្ហើម​ដូច​ជា​ក្អក ឈឺ​បំពង់ ក ឬ​មួយ​ក៏​រលាភ​ភ្នែក​ជា​ដើម។

កំណត់សម្គាល់​មួយ​ទៀត ក្រុម​មនុស្ស​ចាស់ ពិសេស​អ្នក​មាន​ជំងឺ​ប្រចាំ​កាយ​ស្រាប់​ជា​ក្រុម​មនុស្ស​ដែល​ងាយ​រង​ផលប៉ះពាល់​ខ្លាំង​នឹង​ខ្យល់ពុល​ក្នុង​បរិយាកាស ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ជំងឺ​របស់​ពួក​គាត់​ធ្លាក់​ដុនដាប​កាន់​តែ​ខ្លាំង​ថែម​ទៀត។ នៅ​ថៃ គឺ​កម្រិត​អត្រា​ល្អងធូលីតូចល្អិត​ដែល​មាន​បរិមាណ​លើស​ពី​កម្រិត​របស់​អង្គការសុខភាព​ពិភពលោក​ដល់​ទៅ​ជិត ៤ដង​ឯណោះ។ល្អងធូលីតូចល្អិត​នេះ​អាច​ចូល​ជ្រៅ​ទៅ​ក្នុង​សួត និង​ទៅ​ក្នុង​ឈាម​ដែល​បង្ក​ចេញ​ជា​ជំងឺ​ផ្លូវដង្ហើម​ប្រចាំ​កាយ។

លោក Jos Vandelaer អ្នកតំណាង​អង្គការ​សុខភាពពិភពលោក​នៅ​ថៃ​បាន​គូសបញ្ជាក់​ថា ខ្យល់ពុល​ក្នុង​បរិយាកាស​មិន​ត្រឹម​ជា​បញ្ហា​សុខភាព​សាធារណៈ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ប៉ះពាល់​ដល់​ផលិតភាព​នៃ​សេដ្ឋកិច្ច​ផង​ដែរ។ នៅ​ពេល​ដែល​មាន​មនុស្ស​ឈឺ​មិន​អាច​ទៅ​ធ្វើ​ការ​បាន សកម្មភាព​សេដ្ឋកិច្ច​នឹង​ធ្លាក់​ចុះ។ តាម​ទិន្នន័យ​របស់​សេដ្ឋវិទូ​បរិស្ថាន ការ​ខាតបង់​សេដ្ឋកិច្ច​បង្ក​ដោយ​ខ្យល់ពុល​នៅ​ថៃ​ក្នុង​ឆ្នាំ ២០១៩ មាន​ទឹកប្រាក់​ដល់​ទៅ​ជាង ៦៣ ០០០លានដុល្លារ ពោល​ស្មើ​នឹង ១១% នៃ​ផលិតផល​សរុប​ក្នុង​ស្រុក។ ពិត​ណាស់ ប្រទេស​ថៃ និង​តំបន់​អាស៊ីអាគ្នេយ៍​ជា​តំបន់​មួយ​ក្នុងចំណោម​តំបន់​នៃ​ពិភពលោក​ដែល​ងាយ​រងគ្រោះ​ខ្លាំង​នឹង​ការ​ប្រែប្រួលអាកាសធាតុ។

តែ​នេះ​មិន​មែន​មាន​ន័យ​ថា ថៃ និង​តំបន់​អាស៊ីអាគ្នេយ៍​ត្រូវ​បន្ត​រស់​តាម​វាសនា​ដោយ​ឈរ​ឱប​ដៃ​នៅ​ស្ងៀម​មិន​ធ្វើ​អ្វី​ដើម្បី​ទប់​ស្កាត់​នឹង​លំហូរ​ផ្សែងពុល​នៅ​ក្នុង​បរិយាកាស​នោះ​ឡើយ។ ដូច្នេះ​សម្រាប់​ថៃ វា​ល្មម​ដល់​ពេល​ដែល​រដ្ឋាភិបាល​ត្រូវ​គិតគូរ​ឲ្យ​បាន​លឿន​បំផុត​ដែល​អាច​ធ្វើ​ទៅ​បាន ហើយ​ឱកាស​កាន់​តែ​ល្អ​ជាង​ពេល​ណាៗ​ទៅ​ទៀត​នោះ គឺ​ក្នុង​ពេល​ដែល​ថៃ​កំពុង​ត្រៀម​រៀបចំ​បោះឆ្នោត​សភា​នា​ពេល​ខាង​មុខ។ ប្រធានបទ​អាទិភាព​មួយ​ដែល​គណបក្សនយោបាយ​ត្រូវ​បញ្ចូល​ទៅ​ក្នុង​កម្មវិធី​ឃោសនា​បោះឆ្នោត​របស់​ខ្លួន គឺ​វិធានការ​ទប់​ស្កាត់​នឹង​ការ​ចាក់​ចោល​ឧស្ម័នផ្ទះកញ្ចក់​ទៅ​ក្នុង​បរិយាកាស។

ចំណែក​ប្រជារាស្រ្ត​ថៃ​ខ្លួន​ឯង ពិសេស​អ្នក​បោះឆ្នោត​ក៏​ត្រូវ​ជំរុញ និង​ទាមទារ​ឲ្យ​គណបក្ស​នយោបាយ​គិតគូរ​យក​ចិត្ត​ទុក​ដាក់​លើ​ប្រធានបទ​បរិស្ថាន​នេះ​ដោយ​ខាន​មិន​បាន​ដែរ។ ប្រជារាស្រ្ត​ថៃ​ចំនួន ២ភាគ៣ បាន​មើល​ឃើញ​ថា ការ​ប្រែប្រួលអាកាសធាតុ​មិន​ត្រូវ​បាន​គណបក្សនយោបាយ​យក​ធ្វើ​ជា​ប្រធានរឿង​អាទិភាព​របស់​ខ្លួន​ទេ នេះ​បើ​ផ្អែក​តាម​ការ​សិក្សា​មួយ​ចេញ​ផ្សាយ​កាល​ពី​ដំណាច់​ឆ្នាំ ២០២២។ ស្រ្តីអ្នកបោះឆ្នោត​វ័យ ៣៦ឆ្នាំ​ម្នាក់​យល់​ឃើញ​ថា បញ្ហា​ខ្យល់ពុល​ពិត​ជា​សំខាន់​ហើយ តែ​អ្វី​ដែល​សំខាន់​ជាង​នេះ​នៅ​ថៃ គឺ​អភិបាលកិច្ច សេដ្ឋកិច្ច និង​អតិផរណា។

ក្នុង​ចំណោម​គណបក្ស​ធំ តូច​ដែល​នឹង​ចូលរួម​បោះឆ្នោត​នា​ពេល​ខាង​មុខ គណបក្ស​បៃតង គណបក្ស Move Forward និង​គណបក្ស​ភឿថៃ​បាន​ដាក់​វិធានការ​ប្រឆាំង​នឹង​ខ្យល់ពុល​នៅ​ក្នុង​កម្មវិធី​ឃោសនា​របស់​ខ្លួន។ « កម្មវត្ថុ​របស់​យើង​មិន​មែន​សំដៅ​កៅអី​នាយករដ្ឋមន្រ្តី​ទេ តែ​ដើម្បី​ដោះស្រាយ​បញ្ហា​បរិស្ថាន » នេះ​ជា​ការ​ធានា​របស់​ស្ថាបនិក និង​ប្រធាន​គណបក្ស​បៃតង​លោក​ភួងសា ជួនណាម។ ចំណែក​គណបក្ស Move Forward បាន​ស្នើ​ឲ្យ​កាត់​បន្ថយ​ការ​ចាក់​ចោល​ឧស្ម័នកាបូន​តាម​រយៈ​ការ​ផ្តល់​ឧបត្ថម្ភធន​ដល់​ប្រជាកសិករ និង​ការ​ជំរុញ​ឲ្យ​ប្រើ​ឡាន​អគ្គិសនី​ជា​ដើម។ រីឯ​គណបក្ស​ភឿថៃ​បាន​សន្យា​បិទបញ្ចប់​ទម្លាប់​នៃ​ការ​ដុត​ចំបើង​របស់​ប្រជាកសិករ។

ដូច្នេះ និង​អ្វី​ដែល​ប្រជារាស្រ្ត​ថៃ​កំពុង​រង់ចាំ​ពី​គណបក្សនយោបាយ​ខ្លះ គឺ​ការ​យក​ទ្រឹស្តី​ទៅ​អនុវត្ត​ជាក់ស្តែង។ នេះ​ប្រហែល​ជា​រឿង​ពិបាក​បន្តិច ព្រោះ​ជាទូទៅ​នៅ​ពេល​ទទួល​បាន​អំណាច មាន​ទ្រឹស្តី​ខ្លះ​បន្ត​ស្ថិត​នៅ​លើ​ក្រដាស ហើយ​ទ្រឹស្តី​ដដែល​នេះ​តែង​លេច​ជា​ថ្មី​នៅ​ពេល​បោះឆ្នោត​ម្តងៗ។ តែ​អ្វី​ដែល​មនុស្ស​គ្រប់​រូប​មិន​ត្រូវ​បំភ្លេច ទោះ​ជា​ជនជាតិ​អ្វី​ក៏​ដោយ​នោះ​គឺ​ថា ផែនដី​ជា​ជម្រក​រួម ហើយ​យុទ្ធនាការ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ជា​កាតព្វកិច្ច​របស់​យើង​ទាំង​អស់​គ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ