អានតួអត្ថបទ
ថៃ

ថៃ៖រដ្ឋអំណាចកំពុងស្វែងរកស៊ីឡាំងផ្ទុកសារធាតុវិទ្យុសកម្មដែលបានបាត់ពីមជ្ឈមណ្ឌលអគ្គិសនីមួយ

នៅ​ក្នុង​ប្រទេស​ថៃ រដ្ឋអំណាច​បាន​ប្រកាស​ឲ្យ​ដឹង​ក្នុង​ថ្ងៃ​ពុធ ទី១៥ មីនា​នេះ​ពី​ការ​កំពុង​បន្ត​ស្វែង​រក​យ៉ាង​សកម្ម និង​ជា​បន្ទាន់​នូវ​ស៊ីឡាំង​មួយ​ដែល​បាន​បាត់​ពី​មជ្ឈមណ្ឌល​អគ្គិសនី​មួយ​ស្ថិត​ក្នុង​ខេត្ត​ប្រាជីនប៊ូរី។ ការ​ស្វែង​រក​យ៉ាង​សកម្ម និង​ជា​បន្ទាន់​ដោយសារ​តែ​នៅ​ក្នុង​ស៊ីឡាំង​នោះ​មាន​ផ្ទុក​សារធាតុ​វិទ្យុសកម្ម​ប្រកប​ដោយ​គ្រោះថ្នាក់​ខ្លាំង។ រដ្ឋអំណាច​បាន​ព្រមាន​ពី​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​សុខភាព បើ​មាន​ការ​ប្រឈម​ផ្ទាល់​នឹង​ការ​បែក​ធ្លាយ​វិទ្យុសកម្ម​ចេញ​ពី​ស៊ីឡាំង​នោះ។

ប៉ូលិស​ថៃ។
ប៉ូលិស​ថៃ។ AP - Gemunu Amarasinghe
ផ្សាយពាណិជ្ជកម្ម

ស៊ីឡាំង​ដែល​បាន​បាត់​ពី​មជ្ឈមណ្ឌល​អគ្គីសនី​ដើរ​ដោយ​ធ្យូងថ្ម​ធ្វើ​ឡើង​ពី​ដែកថែប​មាន​ទម្ងន់ ២៥គីឡូក្រាម មាន​បណ្តោយ ៣០សង់ទីម៉ែត្រ និង​មាន​ទទឹង ១៣សង់ទីម៉ែត្រ។ ព័ត៌មាន​ស្តីពី​ការ​បាត់​ស៊ីឡាំង​នេះ​បាន​ផ្តល់​ដោយ​បុគ្គលិក​មជ្ឈមណ្ឌល​អគ្គិសនី​នៅ​ពេល​ចុះ​ត្រួតពិនិត្យ​ប្រចាំ​កាល​ពី​ថ្ងៃ​សុក្រ ទី១០ មីនា។ តែ​អ្វី​ដែល​រដ្ឋអំណាច​ថៃ​កំពុង​បារម្ភ​ខ្លាំង​ពី​ការ​បាត់​ស៊ីឡាំង​នេះ គឺ​មក​ពី​នៅ​ក្នុង​ស៊ីឡាំង​នោះ​មាន​ផ្ទុក​សារធាតុវិទ្យុសកម្ម​កម្រិត​ខ្ពស់​ខ្លាំង​ប្រកប​ដោយ​គ្រោះថ្នាក់។ ការ​ស្វែង​រក​តាំង​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នៅ​មិន​ទាន់​មាន​សញ្ញា​ណា​មួយ​ដើម្បី​អាច​ដឹង​ពី​វត្តមាន​ទីតាំង​របស់​ស៊ីឡាំង​នោះ​នៅ​ឡើយ​ទេ។

មួយ​វិញ​ទៀត រដ្ឋអំណាច​ក៏​នៅ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ពី​ការ​បាត់​ស៊ីឡាំង​នោះ​យ៉ាង​ម៉េច​នៅ​ឡើយ​ដែរ។ តែ​ក្រុមហ៊ុន​ថាមពល​រដ្ឋ​ដែល​ជា​អ្នក​គ្រប់គ្រង​មជ្ឈមណ្ឌល​អគ្គិសនី​បាន​សន្មត់​ថា ស៊ីឡាំង​ដែល​ចាប់​ជាប់​នឹង​ជញ្ជាំង​នៅ​កម្ពស់ ១៨ម៉ែត្រ​ពី​ដី​បាន​ធ្លាក់​ចុះ​នៅ​ប៉ុន្មាន​ថ្ងៃ​មុន​នឹង​ដឹង​ថា​បាត់។ ដើម្បី​ពន្លឿន​ការ​ស្វែង​រក ចៅហ្វាយ​ខេត្ត​ប្រាជីនប៊ូរី​បាន​អំពាវនាវ​សុំ​ជំនួយ​ពី​ប្រជាជន​ដែល​រស់នៅ​ក្នុង​តំបន់ និង​ព្រមាន​ពី​គ្រោះថ្នាក់​ដល់​សុខភាព ប្រសិន​បើ​មាន​ការ​ព្យាយាម​បើក​ស៊ីឡាំង​ដែល​មាន​ផ្ទុក​សារធាតុ​វិទ្យុសកម្ម​នោះ។ ក្រៅ​ពី​ការ​ស្វែង​រក​ដោយ​ផ្ទាល់ រដ្ឋអំណាច​ក៏​បាន​រូបភាព​ថត​ដោយ​កាំមេរ៉ា​សុវត្ថិភាព​ដើម្បី​ស្វែង​រក​អត្តសញ្ញាណ​មនុស្ស​ដែល​បាន​យក​ស៊ីឡាំង​ចេញ​ពី​មជ្ឈមណ្ឌល​អគ្គិសនី។

តាម​រដ្ឋអំណាច ស៊ីឡាំង​ដែល​បាត់​ត្រូវ​បាន​ប្រើ​ដើម្បី​វាស់សម្ពាធ​នៅ​ក្នុង​បំពង់​ចំហាយទឹក​របស់​មជ្ឈមមណ្ឌល​អគ្គិសនី។ តែ​រដ្ឋអំណាច​មិន​បាន​បញ្ជាក់​ពី​បរិមាណ​សារធាតុវិទ្យុសកម្ម​ដែល​មាន​នៅ​ក្នុង​ស៊ីឡាំង​នោះ​ទេ។ គួរ​បញ្ជាក់​ថា រឿង​បាត់​ស៊ីឡាំង​មាន​ផ្ទុក​សារធាតុវិទ្យុសកម្ម​នៅ​ថៃ​ពេល​នេះ​ស្រដៀង​គ្នា​នឹង​ការ​បាត់​កូនបំពង់តូច​មួយ​មាន​ផ្ទុក​សារធាតុវិទ្យុសកម្ម​ដែល​បាន​ធ្លាក់​ពី​ឡានកាំមីញ៉ុង​មួយ​កាល​ពី​ពាក់​កណ្តាល​ខែ​មករា​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី។ តែ​ក្រោយ​ពី​បាន​ប្រើ​ពេល​ស្វែង​រក​ចំនួន ២សប្តាហ៍ រដ្ឋអំណាច​អូស្រ្តាលី​បាន​រក​ឃើញ​កូនបំពង់តូច​នោះ​វិញ​ដែល​មាន​ស្ថានភាព​ដូច​ដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ