អានតួអត្ថបទ
ថៃ-សុខភាព-បរិស្ថាន

ខ្យល់ពុលខ្លាំងពេក អាជ្ញាធរថៃអំពាវនាវឲ្យ​អ្នករស់នៅក្រុង​ឈៀងម៉ៃ ត្រូវសំងំនៅ​ក្នុងផ្ទះ

ខ្យល់ពុល​ក្នុង​បរិយាកាសគឺជាបញ្ហាចោទខ្លាំងឡើងៗ នៅ​ក្នុង​តាមទីក្រុងធំៗជាច្រើន នៅប្រទេសថៃ ខណៈកំឡុងពេលនេះជា​​រដូវប្រាំងក្តៅហួតហែង ជាមួយ​នឹងសីតុណ្ហភាពក្តៅខ្លាំងបំផុត។ គិតចាប់ពីថ្ងៃសុក្រ​៧មេសាមក ទីក្រុងឈៀងម៉ៃភាគខាងជើងប្រទេសថៃ ត្រូវបាន​គេចាត់ទុកថាជាទីក្រុងមានខ្យល់ពុលខ្លាំងលើសគេលើពិភពលោក​។ យ៉ាងណាមិញ ដោយសារតែកម្រិតល្អង​សារធាតុពុលមានយ៉ាងក្រាសនៅក្នុង​ខ្យល់បរិយាកាសនេះ​ អាជ្ញាធរក្រុង​ឈាងម៉ៃ បានអំពាវនាវឲ្យ​​ប្រជាជនត្រូវសំងំក្នុងផ្ទះកុំចេញខាងក្រៅ​។

ទីក្រុងឈាងម៉ៃ គ្រប់ដណ្តប់ដោយផ្សែងល្អងធូលីពុល ថ្ងៃទី ២៩ មីនា ២០២៣
ទីក្រុងឈាងម៉ៃ គ្រប់ដណ្តប់ដោយផ្សែងល្អងធូលីពុល ថ្ងៃទី ២៩ មីនា ២០២៣ AP - Wichai Taprieu
ផ្សាយពាណិជ្ជកម្ម

ផ្សែង ស្រទាប់​ល្អងធូលី​ សារធាតុពុល​ក្រាស់ឃ្មឹក គ្របដណ្តប់ពេញពីលើទីក្រុង​ឈៀងម៉ៃ អស់ជាច្រើនថ្ងៃមកហើយ។ កម្រិតខ្យល់ពុល​បានកើនឡើងយ៉ាងខ្លាំង ដោយសារមួយ​ផ្នែក​មកពី​ការដុតរានដីធ្វើចំការ របស់កសិករ និងដោយសារ​ភ្លើងឆេះព្រៃស្ថិតនៅមិនឆ្ងាយប៉ុន្មានពី​ទីក្រុង​ឈៀងម៉ៃ។ ផ្សែងរថយន្ត និងសកម្មភាពរោងចក្រជាច្រើននៅទីក្រុង ក៏ជាកត្តាគួបផ្សំផងដែរ។

យោងតាមទិន្នន័យរបស់អង្គការ​ស្វ៊ីស​​តាមដានគុណភាពខ្យល់ដកដង្ហើម IQAir នៅទីក្រុងឈៀងម៉ៃ ថ្ងៃសុក្រទី​៧មេសា កម្រឹត​ល្អងធូលីតូចល្អិត ទំហំ២.៥ PM មានបរិមាណចំនួន ២៩០ មីក្រូក្រាមក្នុង​មួយម៉ែត្រគូបខ្យល់។ បរិមាណនេះ គឺមានទំហំ​លើសពី​​ទំហំ​អតិបរមា​​ របស់អង្គការសុខភាព​ពិភពលោក ដល់ទៅ​៧០ដងឯណោះ។ 

ដោយ​យោងលើ​បញ្ហានេះ លោក ​Nirat Pongsittitavorn អភិបាលក្រុងឈៀងម៉ៃ បានចេញសេចក្តីអំពាវនាវ ឲ្យ​ប្រជាពលរដ្ឋត្រូវសំងំនៅក្នុងផ្ទះ ធ្វើការពីផ្ទះ កុំចេញទៅខាងក្រៅ ដើម្បី​កាត់បន្ថយ​ហានិភ័យប្រឈមលើ​សុខភាព​ ដោយសារតែខ្យល់ពុល​។​

គួរកត់សំគាល់ថា នេះមិនមែនជាលើកទី១ទេ ដែលទីក្រុងទេសចរណ៍ថៃដ៏ល្បីល្បាញមួយនេះ ស្ថិតនៅលើលំដាប់ជួរមុខគេ ដែលមានកម្រឹតល្អងធូរលីពុលក្នុងខ្យល់បរិយាកាស ច្រើនជាងគេ​មួយពិភពលោក​។ កន្លងមក​ កម្រឹតខ្យល់ពុលនៅឈៀងម៉ៃ មានលើស​ទីក្រុងធំៗខ្លះនៅឥណ្ឌា និងនៅចិនថែមទៀត។ ទើបតែក្នុងអំឡុងពេលវិបត្តិកូវីដ១៩ប៉ុណ្ណោះ ដែលប្រជាជនរស់នៅឈៀងម៉ៃបានដកដង្ហើមស្រួល​បន្តិច។

សូមបញ្ជាក់ដែរថា ដោយសង្កេតឃើញបញ្ហាសុខភាព​ប្រឈមគ្រោះថ្នាក់ដោយ​ខ្យល់​ពុលនេះ ក្រុមសកម្មជន​បរិស្ថានថៃ បានរួម​គ្នា​ដាក់ញត្តិ ស្នើអត្ថបទច្បាប់មួយទៅកាន់សភាថៃ។ សេចក្តីស្នើ​ច្បាប់ដែលមាន​​ឈ្មោះថា « ច្បាប់ដើម្បីខ្យល់អាកាសបរិសុទ្ធ » នេះបាន​ដាក់បន្ទុក​ការទទួលខុសត្រូវ​ទៅឲ្យរដ្ឋាភិបាល​ថៃ ជាអ្នកដោះស្រាយ​ដើម្បី​ការពារ​សុខភាពលរដ្ឋ។ តែយ៉ាងណា សំណើរនេះ ត្រូវបាន​ខុទ្ទការល័យ​នាយករដ្ឋមន្ត្រីថៃ បដិសេធចំនួន​២លើក។ ជាងនេះទៀត ប្រធានបទ​ « ខ្យល់អាកាសដកដង្ហើម​បរិសុទ្ធ » នេះ ត្រូវបានគេ​យកមកនិយាយវែកញែកឃោសនាតិចតួចបំផុត នៅក្នុងកម្មវិធីឃោសនាបោះឆ្នោត​សភា ក្នុង អំឡុងពេលនេះ។ ទន្ទឹមគ្នានេះ យោងតាម​ក្រសួងសុខាភិបាលថៃ គិតពីដើមខែមករា ដល់ដើមខែមីនាដើមឆ្នាំ២០២៣នេះ មានមនុស្សយ៉ាងហោច២សែននាក់ ដែលបានចូលមន្ទីរពេទ្យ​ដោយសារតែមានបញ្ហា​ពិបាកដកដង្ហើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ