អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

លោក​ថាក់ស៊ីន​គ្រោង​ត្រលប់​ចូលប្រទេសខណៈដែលគណបក្ស​ភឿថៃ​របស់កូនស្រីកំពុងឡើងកូដប្រជាប្រិយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅប្រទេស​ថៃ ថ្ងៃបោះឆ្នោត​ជ្រើសរើស​សមាជិក​សភាថ្មី​កាន់តែខិតជិតមកដល់ នៅថ្ងៃអាទិត្យ​ទី ១៤​ឧសភាខាងមុខ។ ខណៈពេល​ដែល​គណបក្ស​ភឿថៃ របស់​លោកស្រី ភែថងថាន ស៊ីណាវ៉ាត់ ជាកូនស្រី​កំពុង​មានប្រជាប្រិយភាពខ្លាំង និងសង្ឃឹម​ឈ្នះសន្លឹកឆ្នោត​ភ្លូកទឹកភ្លូកដី នៅថ្ងៃ​អាទិត្យ អតីតនាយករដ្ឋមន្រ្តី លោកថាក់ស៊ីន ដែលកំពុង​និរទេសខ្លួន នៅក្រោយ​រដ្ឋប្រហារឆ្នាំ ២០០៦ ​បាន​បង្ហោះសារធ្វីតធ័រ កាលពីថ្ងៃ​អង្គារ​ម្សិលមិញថា លោក​មានគម្រោង​ចង់វិលត្រលប់​ចូលប្រទេសថៃវិញ នៅខែ​កក្កដា​ខាងមុខ។ តើការវិលត្រលប់​របស់​លោកថាក់ស៊ីន​ជាលាភ ឬ​ជាគ្រោះ សម្រាប់​អនាគត​គណបក្ស​ភឿថៃ?

​លោកស្រី ភែថងថាន ស៊ីណាវ៉ាត់ ជាកូនស្រី​របស់​លោកថាក់ស៊ីន ជាប្រធានគណបក្ស​ភឿថៃដែលកំពុង​ទទួលបានការគាំទ្រ​នាំមុខ​នៅក្នុងការបោះឆ្នោត​សភា ឆ្នាំ​២០២៣
​លោកស្រី ភែថងថាន ស៊ីណាវ៉ាត់ ជាកូនស្រី​របស់​លោកថាក់ស៊ីន ជាប្រធានគណបក្ស​ភឿថៃដែលកំពុង​ទទួលបានការគាំទ្រ​នាំមុខ​នៅក្នុងការបោះឆ្នោត​សភា ឆ្នាំ​២០២៣ AFP - LILLIAN SUWANRUMPHA
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សារធ្វីត​កាលពីថ្ងៃអង្គារ អតីតនាយករដ្ឋមន្រ្តីថៃ លោកថាក់ស៊ីន ដែលបានរត់និរទេសខ្លួន​ទៅនៅទីក្រុង​ឌូបៃ ជិត២ទសវត្សរ៍​បាន​សរសេរ​ថា លោក​គ្រោង​ចង់​វិលត្រលប់​ទៅ​រស់នៅ​ប្រទេស​ថៃវិញ ដើម្បី​ទៅមើល​ថែចៅ ព្រោះថា​នៅថ្ងៃទី​២៦​កក្កដា ខាងមុខ លោកនឹង​មាន​អាយុ ៧៤ឆ្នាំ។ អតីតនាយករដ្ឋមន្រ្តីថៃ​ដែលត្រូវ​ក្រុមយោធា​ធ្វើរដ្ឋប្រហារទម្លាក់​ពីតំណែង​នៅ​ឆ្នាំ​២០០៦ មុន​នឹង​រត់ភៀសខ្លួន​ទៅ​នៅបរទេស នៅបានអះអាងថា លោក​ត្រៀមខ្លួន​ដើម្បីតទល់ នៅ​ចំពោះមុខ​តុលាការថៃ ដែលធ្លាប់បាន​កាត់ទោស​កំបាំងមុខ ឲ្យលោក​ជាប់ពន្ធនាគារ ២ឆ្នាំ ក្នុងសំណុំរឿងរំលោភអំណាច។ ការចោទប្រកាន់ដែលលោក​ថាក់ស៊ីនធ្លាប់​បាន​បដិសេធទាត់ចោល។

នៅក្នុង​សារធ្វីតធ័រ លោកថាក់ស៊ីនអាចលើកយក​បញ្ហា​គ្រួសារ និងវ័យចំណាស់របស់លោក​មកធ្វើ​ជា​ហេតុផល​ដើម្បីចង់​វិលត្រលប់​ចូលស្រុក នៅក្រោយ រត់និរទេស​ខ្លួន អស់១៧ឆ្នាំ។ ប៉ុន្តែ សម្រាប់អ្នកវិភាគ ការប្រកាស​របស់​លោកថាក់ស៊ីន ដែលជាអ្នកនយោបាយ​ដ៏មានឥទ្ធិពល និង​បន្ត​មាន​ប្រជាប្រិយភាព នៅក្នុងចំណោមប្រជាជនថៃ គឺជា​សារ​ជំរុញ​លើកទឹកចិត្ត​ឲ្យ​គេ​ទៅ​បោះឆ្នោត​គាំទ្រ​គណបក្ស​ភឿថៃ នៅថ្ងៃ​អាទិត្យខាងមុខ។

ការស្ទង់មតិ​នៅប៉ុន្មានថ្ងៃមកនេះ​បាន​បង្ហាញថា គណបក្ស​ភឿថៃ គណបក្ស​ប្រឆាំងធំជាងគេ ដែល​ដឹកនាំ​ដោយ​កូនស្រី​របស់​លោកថាក់ស៊ីន នៅតែនាំមុខគេ នៅក្នុង​លទ្ធផលឆ្នោត ចំណែក​គណបក្ស​ថ្មី​របស់​លោក​នាយករដ្ឋមន្រ្តីផុតអាណត្តិ ប្រាយុទ្ធ ចាន់អូចា ឈ្មោះ រួបរួមជាតិថៃ ស្ថិតនៅ​ចំណាត់ថ្នាក់ទី៣ ក្រោយគណបក្ស​Move Forward ដែលកំពុងឡើងកូដប្រជាប្រិយ​ក្នុងចំណោមយុវជនថៃ ដែល​ស្រេកឃ្លាន ទាមទារ​ឲ្យមានការផ្លាស់ប្តូរ​នៅប្រទេស​ថៃ។

ត្រកូល ស៊ីណាវ៉ាត់ ជា​បង្អែក​​នយោបាយ​ដ៏​សំខាន់​សម្រាប់​ពលរដ្ឋ​ថៃ​នៅ​តាមទី​ជនបទ ជាពិសេស​តំបន់ភាគខាងជើង ប៉ុន្តែ ជា​សត្រូវសួពូជ​របស់​ក្រុមយោធា​និង​ក្រុមរាជានិយម។នៅ​២០ឆ្នាំ​ចុងក្រោយ​នេះ គណបក្ស​ដែលមាន​ការចូលរួម​របស់​គ្រួសារ​ស៊ីណាវ៉ាត់​តែងទទួលជ័យជំនះដ៏ធំធេង​នៅក្នុងការបោះឆ្នោតជាតិ។ ប៉ុន្តែ ជារៀងរាល់លើក រដ្ឋាភិបាល​ដឹកនាំ​ដោយ​ត្រកូលស៊ីណាវ៉ាត់ ត្រូវកងទ័ពធ្វើរដ្ឋប្រហារ​បណ្តេញចេញពីអំណាច។ លោកថាក់ស៊ីន នៅឆ្នាំ​២០០៦ ចំណែក​លោកស្រី​យីងឡាក់ ស៊ីណាវ៉ាត់​ដែល​ជាប្អូនស្រី នៅ​ឆ្នាំ ២០១៤។

ដំណឹងស្តីពីគម្រោងវិលត្រលប់​របស់​លោកថាក់ស៊ីនអាចជួយជំរុញសំឡេងគាំទ្រ​គណបក្ស​ភឿថៃកើនឡើងមួយកម្រិត ប៉ុន្តែ ជាមួយគ្នានោះ វាក៏អាច​ជា​ដើមហេតុ​ទាក់ទាញ​ឲ្យ​មានបាតុកម្ម​ប្រឆាំង​របស់​ក្រុមអាវលឿង ដែលជា​អ្នករាជានិយម អ្នករស់នៅទីក្រុង។ បាតុកម្ម​កងទ័ព​អាច​ប្រើជា​លេស ដើម្បីធ្វើរដ្ឋប្រហារ​ទម្លាក់រាល់​អនាគត​រដ្ឋាភិបាល​ណា​ដែលមាន​ពាក់ព័ន្ធ​ជាមួយគ្រួសារ​ថាក់ស៊ីន។

ការបោះឆ្នោតសភា​លើកនេះ​អាច​ជា​ឱកាស​ចុងក្រោយសម្រាប់​ជីវិតនយោបាយ​របស់​ត្រកូលស៊ីណាវ៉ាត់។ ប៉ុន្តែ នៅក្នុងសារ​នយោបាយ​ទៅកាន់អ្នកគាំទ្រ លោកស្រី ភែថងថាន កូនស្រី​របស់​លោកថាក់ស៊ីន ដែល​មានវោហាស័ព្ទ និងមានប្រជាប្រិយភាពមិនចាញ់​ឪពុក​បាន​បង្ហាញ​សុទិដ្ឋិនិយមថា ទំនង​គ្មាន​រដ្ឋប្រហារសាជាថ្មី ក្នុងករណី​គណបក្ស​ភឿថៃ ទទួលជ័យជំនះ នៅ​ក្នុង​ការបោះឆ្នោត​លើកនេះ។

សម្រាប់​គណបក្សភឿថៃ ការប្រឈម​នៅចំពោះមុខ​សព្វថ្ងៃ មិនមែន​រដ្ឋប្រហារយោធា ប៉ុន្តែ គឺការឡើងកូដ ​របស់​គណបក្ស​Move Forward “បោះជំហានទៅមុខ” គណបក្សប្រឆាំង​មួយ​ទៀត ដែលកំពុងមានប្រជាប្រិយភាពខ្លាំង​ក្នុងចំណោមយុវជនថៃ ដែលទាមទារ​ចង់​ឲ្យមានការផ្លាស់ប្តូរ​ក្នុងសង្គមថៃ។ គណបក្ស​ភឿថៃបារម្ភថា ការបាត់បង់អ្នកគាំទ្រ​ទៅក្នុងដៃ​របស់​គណបក្ស​Move Forward​ជា​ឧបសគ្គ​រារាំង​មិន​ឲ្យ​គណបក្ស​ភឿថៃ​អាច​សម្រេច​គោលដៅ  ដែលខ្លួនចង់បាន នោះគឺការទទួលបាន​អាសនៈ ជាង​៣០០​អាសនៈ​នៅរដ្ឋសភា ដែលជាសំឡេង​ភាគច្រើន​នៅរដ្ឋសភា។

ទោះមាន​សំឡេងភាគច្រើន​នៅរដ្ឋសភា ប៉ុន្តែ បេក្ខជន​នាយករដ្ឋមន្រ្តី​របស់​គណបក្ស​ភឿថៃ ដូចជា លោកស្រី ភែថងថាន ដែលជា​កូនស្រីរបស់លោកថាក់ស៊ីន មិន​ប្រាកដ​ថា នឹង​ទទួលបាន​ការបោះឆ្នោតគាំទ្រ​ពីសភា។ ផ្ទុយទៅវិញ អតីតនាយករដ្ឋមន្រ្តី លោក​ប្រាយុទ្ធ ចាន់អូចា​នឹង​អាចត្រូវ​ជ្រើសរើស​ឲ្យធ្វើជានាយករដ្ឋមន្រ្តី​សាជាថ្មី នោះបើទោះជា គណបក្ស​រួបរួមជាតិថៃ របស់លោក ទទួល​បាន​អាសនៈ​តិចតួច បើប្រៀបធៀប​នឹង​គណបក្ស​ប្រឆាំង​ក៏ដោយ។ តាម​អ្នក​វិភាគ ​​​រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០១៧ តាក់តែង​ដោយ​​រដ្ឋាភិបាលសឹក នៅចាំខ្ទាស់ជើង​មិន​ឲ្យ​បក្សប្រឆាំងដែល​ឈ្នះឆ្នោត​អាច​កាន់​តំណែងនាយករដ្ឋមន្ត្រី។ សមាជិក​ព្រឹទ្ធសភា​ទាំង​២៥០​រូប ដែល​កើតចេញពី​ការជ្រើសរើស​ផ្ទាល់​របស់​កងទ័ព ទៅតាម​រដ្ឋធម្មនុញ្ញថ្មី និង​ដែល​មាន​សិទ្ធិ​ចូល​រួមបោះឆ្នោតជាមួយ​សមាជិករដ្ឋសភា ប្រាកដជា​បោះឆ្នោត​គាំទ្រ​លោកប្រាយុទ្ធ ចាន់អូចា។ ប៉ុន្តែ នាយករដ្ឋមន្រ្តីផុតអាណត្តិ​អាចត្រូវប្រជែង​ជាមួយ​បេក្ខជន​សំខាន់មួយរូប គឺ​ ​លោក ប្រាវីដ វង្សសាវ៉ាន អតីតឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការពារ​ជាតិ​ក្នុងរដ្ឋាភិបាល​របស់លោកប្រាយុទ្ធចាន់អូចា។

សូមបញ្ជាក់ថា លោកប្រាវីដ វង្សសាវ៉ាន​ដែល​ជា​ប្រធាន​គណបក្ស​ផាឡាំងប្រាឆារ៉ាត់ បក្សកាន់អំណាច ត្រូវ​បាន​គណបក្ស​ជ្រើសរើស​ជា​បេក្ខជន​នាយករដ្ឋមន្រ្តី ចំណែក លោកប្រាយុទ្ធ ចាន់អូចា​បាន​ដើរចេញពី​គណបក្ស​ផាឡាំងប្រាឆារ៉ាត់ ដែលធ្លាប់គាំទ្រ​ឲ្យលោកក្លាយជា​នាយករដ្ឋមន្រ្តី នៅ​ក្នុងការបោះឆ្នោត​ឆ្នាំ ២០១៩ ដើម្បីទៅចូលរួមដឹកនាំ​គណបក្ស​រួបរួមជាតិថៃ ដែល​ទីប្រឹក្សាម្នាក់​របស់លោកបាន​បង្កើតឡើង នៅ​ឆ្នាំ ២០២១។

សម្រាប់អ្នកវិភាគ ការដើរចេញ​របស់​លោក​ប្រាយុទ្ធ ចាន់អូចា ពីគណបក្ស​កាន់អំណាច​ឆ្លុះបញ្ចាំង​ពីការបែកបាក់ក្នុងជួរផ្ទៃ​ដឹកនាំ​យោធា​ថៃ ប៉ុន្តែ មិនដល់ថ្នាក់​ឈ្លោះដណ្តើម​អំណាចគ្នានោះទេ។ ការចែកផ្លូវគ្នានៅពេលនេះអាច​ជា​យុទ្ធសាស្រ្ត​របស់មេដឹកនាំយោធា​ថៃ។ ដោយសារ​តែ​កងទ័ព​ត្រូវគេ​ស្អប់ ធ្លាក់កូដប្រជាប្រិយ ដោយសារ​ការធ្វើរដ្ឋប្រហារ លោកប្រាយុទ្ធចាន់អូចា​បានដើរចេញពីគណបក្សដែលបង្កើតឡើង​ដោយ​ក្រុមយោធា ដោយ​ងាកត្រលប់​ទៅចូលរួមជាមួយ​គណបក្ស​ថ្មីថ្មោង។ លោកប្រាយុទ្ធចាន់អូចា មានបំណង​ឲ្យប្រជាជនថៃ​ភ្លេច​រូបភាព ឯកសណ្ឋាទ័ពរបស់​លោក ព្រោះនៅពេលនេះ លោក​ជាអ្នកនយោបាយ​ធម្មតា ដែលលែងជាប់ពាក់ព័ន្ធ​នឹង​គណបក្សកាន់អំណាចគណបក្ស​ផាឡាំងប្រាឆារ៉ាត់ ដែលបានដឹកនាំ​រដ្ឋាភិបាល​សឹក​ជិត​១០ឆ្នាំមកនេះ។

យ៉ាងណាក៏ដោយ ទោះចែកផ្លូវគ្នា លែង​នៅក្នុងគណបក្ស​តែមួយ ប៉ុន្តែ លោកប្រាវីដ វង្សសាវ៉ាន និង​លោកប្រាយុទ្ធ ចាន់អូចា​ទំនង​អាច​ត្រលប់​មក​ចាប់ដៃគ្នា​ដើម្បី​ត្រលប់​មក​បង្កើតរដ្ឋាភិបាល​ចម្រុះ ដឹកនាំ​រដ្ឋាភិបាល​ថៃ​សាជាថ្មី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ