អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សហគមន៍អន្តរជាតិរៀបចំសន្និសីទស្តីពីជំនួយមនុស្សធម៌សម្រាប់ស៊ូដង់ ខណៈដែលការប្រយុទ្ធគ្នាកំពុងបន្តមាន

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ចន្ទ ទី១៩ មិថុនា ប្រទេស​ស៊្វីស​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទ​អន្តរជាតិ​ស្តីពី​ជំនួយ​មនុស្សធម៌​សម្រាប់​ប្រទេស​ស៊ូដង់។ សន្និសីទ​នេះ​រៀបចំ​ឡើង​ក្នុង​ពេល​ដែល​ស៊ូដង់​កំពុង​បន្ត​អូសជើង​នៅ​ក្នុង​ជម្លោះ​ផ្លូវ​អាវុធ​រវាង​ឧត្តមសេនីយ​ពីរ​រូប​តាំង​ពី​ជាង ២ខែ​កន្លង​ទៅ។ តាំង​ពី​ថ្ងៃ​ផ្ទុះ​អាវុធ​ដំបូង​ក្នុង​ថ្ងៃទី១៥ មេសា មាន​បទឈប់បាញ់​ច្រើន​ដង​ត្រូវ​បាន​ព្រមព្រៀង​រវាង​ភាគី​ជម្លោះ​ទាំង​ពីរ។ តែ​ជា​ទូទៅ បទ​ឈប់​បាញ់​ទាំង​អស់​មិន​ត្រូវ​បាន​គោរព​ត្រឹមត្រូវ​ទេ។ បើ​ជម្លោះ​ប្រដាប់​អាវុធ​កំពុង​បន្ត​មាន​យ៉ាង​ក្តៅ​គគុក​ដូច​នេះ ហេតុអ្វី​បាន​ជា​សហគមន៍​អន្តរជាតិ​បែរ​ជា​រៀបចំ​សន្និសីទ​ដើម្បី​និយាយ​តែ​ពី​ជំនួយ​មនុស្សធម៌​ទៅ​វិញ?

ប្រមុខអង្គការសហប្រជាជាតិលោក Antonio Guterres។
ប្រមុខអង្គការសហប្រជាជាតិលោក Antonio Guterres។ AP - Khalil Senosi
ផ្សាយពាណិជ្ជកម្ម

តាំង​ពី​ថ្ងៃទី១៥ មេសា ជម្លោះ​រវាង​កងទ័ព​របស់​ឧត្តមសេនីយ​ពីរ​រូប​គឺ​លោក​អាប់ឌែល ហ្វាតា អាល់ បួរ៉ាន​ដែល​ជា​អគ្គមេបញ្ជាការ​កងទ័ពជាតិ និង​លោក​ម៉ូហាម៉េដ ហាំដាន ដាហ្កាឡូ​ដែល​ជា​មេបញ្ជាការ​កង​អាវុធហត្ថ​ប្រតិបត្តិការរហ័ស​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង ២ ០០០នាក់ និង​មាន​អ្នក​បម្លាស់ទី​ក្នុង​ស្រុក និង​អ្នកភៀសខ្លួន​ចេញ​ពី​ស្រុក​កំណើត​សរុប​ជាង ២លាន ២សែន​នាក់។ ទាំង​នេះ​គ្រាន់​ជា​តួលេខ​បណ្តោះអាសន្ន​ប៉ុណ្ណោះ ព្រោះ​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ឧត្តមសេនីយ​ជើង​ខ្លាំង​ទាំង​ពីរ​រូប​កំពុង​បន្ត​មាន និង​បើ​តាម​មើល​ទៅ គ្មាន​នរណា​ម្នាក់​សុខ​ចិត្ត​លើក​ទង់ជាតិ ស ឬ​មួយ​ក៏​ធ្វើ​សម្បទាន​ឲ្យ​នរណា​ម្នាក់​ឡើយ។

ឧត្តមសេនីយ​អាល់ បួរ៉ាន និង​ឧត្តមសេនីយ​ហាំដាន ដាហ្កាឡូ​សុទ្ធ​តែ​បាន​ប្រកាន់​ជំហរ​ដូច​គ្នា​ថា ភ្នំ​មួយ​មិន​អាច​មាន​ខ្លាច​ពីរ​បាន​ជា​ដាច់​ខាត។ តែ​គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ខ្លា​មួយ​ណា​នឹង​ត្រូវ​ខ្ទាត​ចេញ​ពី​ភ្នំ​នោះ​មុន​គេ​ទេ។ អ្វី​ដែល​គេ​ដឹង ជម្លោះ​រវាង​ឧត្តមសេនីយ​ជើង​ខ្លាំង​ទាំង​ពីរ​រូប​កំពុង​ជះផល​វិបាក​ខ្លាំង​ដល់​ស៊ូដង់​ដែល​ជា​ប្រទេស​ក្រីក្រ​ខ្លាំង​ជាង​គេ​មួយ​នៅ​អាហ្វ្រិកខាងកើត ពិសេស​ប្រជាជន​ស៊ីវិល​ស្លូតត្រង់​ទាំង ៤៨លាននាក់​តែ​ម្តង។ នៅ​មុន​ផ្ទុះ​ជម្លោះ​ប្រដាប់​អាវុធ មាន​ប្រជាជន​ស៊ូដង់​ម្នាក់​ក្នុង​ចំណោម ៣នាក់​បាន​ជួប​គ្រោះ​អត់​ឃ្លាន។ តែ​សព្វថ្ងៃ​នេះ មាន​ប្រជាជន​ស៊ូដង់​រហូត​ដល់​ទៅ ២៥លាននាក់ ពោល​ជិត​ពាក់​កណ្តាល​ប្រទេស​កំពុង​ត្រូវ​ការ​ជំនួយ​មនុស្សធម៌​ដើម្បី​រស់។

អង្គការ​សហប្រជាជាតិ​បាន​ក្រើន​រម្លឹក​ថា ប្រជាជន​ស៊ូដង់​ទាំង ២៥លាននាក់​មិន​អាច​បន្ត​រស់​បាន​ទេ បើ​គ្មាន​ជំនួយ​មនុស្សធម៌​អន្តរជាតិ​ទេ​នោះ។ ដូច្នេះ នេះ​ជា​រឿង​បន្ទាន់ និង​អាទិភាព​ដែល​សហគមន៍​អន្តរជាតិ​ត្រូវ​គិតគូរ​មុន​គេ​តាម​រយៈ​ការ​រៀបចំ​ឲ្យ​មាន​សន្និសីទ​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស៊្វីស​ពេល​នេះ។ កម្មវត្ថុ​នៃ​សន្និសីទ​អន្តរជាតិ​ដែល​មាន​អារ៉ាប៊ីសាអូឌីត​ជា​សហប្រធាន គឺ​ស្វែង​រក​ថវិកា​ដើម្បី​ផ្តល់​ទៅ​ឲ្យ​ទីភ្នាក់ងារ​របស់​អង្គការសហប្រជាជាតិ​ដែល​នៅ​មិន​ទាន់​ទទួល​បាន​ថវិកា​លើកទី៥ នៅ​ឡើយ។ នៅ​ក្នុង​ទឹកប្រាក់​ដែល​អង្គការ​សហប្រជាជាតិ​ចង់​បាន​ចំនួន ៣ ០០០ដុល្លារ​សម្រាប់​ឆ្នាំ ២០២៣ នេះ គឺ​ទើប​ទទួល​បាន​តែ ១៧% ប៉ុណ្ណោះ។

ក្រៅ​ពី​ជួយ​ប្រជាជន​ស៊ូដង់​ក្នុង​ស្រុក​ផ្ទាល់ ទីភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​ក៏​ត្រូវ​ចូល​ជួយ​ប្រទេស​ជិតខាង​ស៊ូដង់​ដែល​បាន​បើក​ទ្វារ​ទទួល​ជនភៀសខ្លួន​ស៊ូដង់​ដែរ។ តម្រូវការ​របស់​ប្រជាជន​ស៊ូដង់​មាន​ច្រើន​តាំង​ពី​ចំណីអាហារ ទឹកស្អាត ថ្នាំពេទ្យ និង​គ្រូពេទ្យ​ដើម្បី​ប្រឈម​ទប់​នឹង​ជំងឺ​ឆ្លង ខណៈ​ដែល​រដូវ​ភ្លៀង​ឈាន​ចូល​ជិត​ដល់។ នៅ​តាម​តំបន់​ប្រយុទ្ធ​រវាង​កម្លាំង​របស់​ឧត្តមសេនីយ​ទាំង​ពីរ​រូប គ្រប់​មន្ទីរពេទ្យ​ដែល​រង​ការ​ទម្លាក់​គ្រាប់បែក​លែង​ដំណើរការ និង​បាន​ក្លាយ​ជា​ទីតាំង​របស់​កងទ័ព។ ចំណែក​មន្ទីរពេទ្យ​ដែល​នៅ​ដំណើរការ​ក៏​អស់​ថ្នាំ​ប្រើប្រាស់ ហើយ​គ្រូពេទ្យ​ក៏​បាន​ភៀសខ្លួន​ទៅ​កាន់​ទីកន្លែង​ផ្សេង ឬ​មួយ​ក៏​បោះបង់​អាជីព​របស់​ខ្លួន​មួយ​រយៈ។ ស្ថានការណ៍​ដែល​កំពុង​ធ្លាក់​ដុនដាប និង​គួរ​ឲ្យ​បារម្ភ​​ខ្លាំង គឺ​នៅ​តំបន់​ដារហ្វួរ​ស្ថិត​ប៉ែកខាង​លិច​ប្រទេស។

នៅ​ទីនោះ មាន​ការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ពជាតិ ប៉ារ៉ាទាហាន កម្លាំងប្រដាប់អាវុធ​កុលសម្ព័ន្ធ និង​ជនស៊ីវិល​ប្រដាប់​អាវុធ។ តាម​អង្គការ​សហប្រជាជាតិ អំពើហិង្ស​នៅ​ក្នុង​តំបន់​ដារហ្វួ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ជាង ១៥០ ០០០នាក់​ភៀសខ្លួន​ទៅ​កាន់​ប្រទេស​ឆាដ​ក្បែរ​ខាង។ គួរ​រម្លឹក​ថា តំបន់​មួយ​នេះ​របស់​ស៊ូដង់​ធ្លាប់​បាន​ធ្លាក់​ក្នុង​សង្រ្គាមផ្ទៃក្នុង​កាល​ពី​ទសវត្សរ៍ ២០០០ ដោយ​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ប្រមាណ​ជា ៣០០ ០០០នាក់ និង​មាន​អ្នកបម្លាស់ទី​ក្នុង​ស្រុក​ជិត ២លានកន្លះនាក់។ យោង​តាម​អង្គការ​សហប្រជាជាតិ តំបន់​ដដែល​មួយ​នេះ​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​មហន្តរាយ​មនុស្សធម៌ ហើយ​អំពើហិង្សា​ដែល​កំពុង​កើត​នៅ​តំបន់​ដារហ្វួរ​អាច​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ។

គួរ​បញ្ជាក់​ថា តាំង​ពី​ថ្ងៃ​ផ្ទុះ​អាវុធ​រវាង​ឧត្តមសេនីយ​អាល់ បួរ៉ាន និង​ឧត្តមសេនីយ​ហាំដាន ដាហ្កាឡូ​ជាង ២ខែ​កន្លង​ទៅ​មក មាន​បទឈប់បាញ់​ច្រើន​ដង​ត្រូវ​បាន​មនុស្ស​ខ្លាំង​ទាំង​ពីរ​ព្រមព្រៀង​គ្នា។ បទឈប់បាញ់​ថ្មី​ចុង​ក្រោយ​រយៈពេល ៧២ម៉ោង​ទើប​បាន​ចូល​ជា​ធរមាន​ក្នុង​ថ្ងៃ​អាទិត្យ ទី១៨ មិថុនា និង​ត្រូវ​អស់​សុពលភាព​នៅ​ថ្ងៃ​ពុធ ទី២១ មិថុនា។ កម្មវត្ថុ​នៃ​បទឈប់បាញ់ គឺ​អនុញ្ញាត​ឲ្យ​មាន​ការ​ដឹក​ជំនួយ​មនុស្សធម៌​ទៅ​ឲ្យ​ប្រជាជន​ស៊ីវិល ពិសេស​អ្នក​ដែល​កំពុង​ជាប់​គាំង​នៅ​ក្នុង​តំបន់​ប្រយុទ្ធ។ តែ​គេ​បាន​សង្កេត​ឃើញ​ជា​រួម​ថា បទ​ឈប់បាញ់​សឹង​ទាំង​អស់​មិន​សូវ​បាន​គោរព​ត្រឹមត្រូវ​ទេ។ នេះ​ជា​ដើមចម​មួយ​ទៀត​ក្រៅ​ពី​កង្វះ​ថវិកា​ដែល​ក្រុម​អង្គការ​មនុស្សធម៌​មិន​អាច​នាំ​ជំនួយ​ទៅ​ឲ្យ​ប្រជាជន​ស៊ូដង់​បាន។ នេះ​ដោយ​នៅ​មិន​ទាន់​រាប់​បញ្ចូល​នូវ​ការ​រារាំង​របស់​រដ្ឋអំណាច​ស៊ូដង់​ផង ពិសេស​ការ​អល់អែក មិន​ចង់​ផ្តល់​ទិដ្ឋាការ​ឲ្យ​បុគ្គលិក​មនុស្សធម៌​ដែល​ចង់​ចូល​ទៅ​ស៊ូដង់។

ដូច្នេះ វា​ល្មម​ដល់​ពេល​ដែល​ឧត្តមសេនីយ​គូបដិបក្ខ​ទាំង​ពីរ​គិតគូរ​ពី​ប្រយោជន៍​ប្រទេស និង​ប្រជាជន​ឲ្យ​ធំ​ជាង​មហិច្ឆតា​ផ្ទាល់​ខ្លួន។ បើ​ពុំ​នោះ​សោត​ទេ ស៊ូដង់​នឹង​ធ្លាក់​ទៅ​ក្នុង​ទំព័រ​ខ្មៅ​ងងឹត​ជាមួយ​នឹង​ការ​ស្លាប់​ជីវិត​មនុស្ស និង​ការ​បំផ្លិចបំផ្លាញ​ក្នុង​ល្បឿន​លឿន​មិន​ធ្លាប់​មាន​ពី​ពេល​មុន។ ចំណែក​សហគមន៍​អន្តរជាតិ​ត្រូវ​តែ​ជួយ​ស៊ូដង់​ឲ្យ​ខាន​តែ ព្រោះ​បើ​គ្មាន​ជំនួយ​នេះ​ទេ ស៊ូដង់​អាច​ក្លាយ​ជា​កន្លែង​អនាធិបតេយ្យ​យ៉ាង​ឆាប់​រហ័ស​ដែល​បង្ក​ឱ្យ​មាន​អសន្តិសុខ​នៅ​ទូទាំង​តំបន់​តែ​ម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ