អានតួអត្ថបទ
ស៊ូដង់-មនុស្សធម៌

អង្គការសហប្រជាជាតិ​សាកល្បង​ចរចា​ដើម្បី​បើក​ច្រក​មនុស្សធម៌​ជួយ​ស៊ូដង់

​ជំនួប​ រវាង​​ក្រុមយោធា​ ស៊ូដង់ និង​ក្រុម​ប្រដាប់​អាវុធ​ ប៉ារ៉ាយោធា ដែល​កំពុង​ប្រយុទ្ធ​គ្នា​ធ្វើ​ឱ្យ​​ប្រទេស​ស៊ូដង់ធ្លាក់​ក្នុង​វិបត្តិ​ពេល​នេះ ពុំ​ទទួល​បាន​លទ្ធផល​អ្វី​ជា​ដុំ​កំភួន​ទេ។ នេះ​បើ​តាម​ការ​អះអាង​របស់​​​​អារ៉ាប៊ីសាអូឌីតដែល​ជា​អ្នក​ផ្តួចផ្តើម​ឱ្យ​មាន​ការ​ជួប​ចរចាគ្នា។ ប្រធាន​គ្រប់គ្រង​កិច្ចការ​​មនុស្សធម៌​​ ​អ.ស.ប. ក៏​បាន​អញ្ជើញ​ទៅអារ៉ាប៊ីសាអូឌីត​​ដែរ​ ដើម្បី​សាកល្បង​ចូល​រួម​ចរចាជាមួយភាគីប្រយុទ្ធ​ រក​វិធី​បើកច្រក​មនុស្សធម៌​​ជួយពលរដ្ឋ​ស៊ូដង់។

អ្នក​ទទួល​ខុស​ត្រូវ​កិច្ចការ​មនុស្សធម៌​អង្គការសហប្រជាជាតិ លោក  Martin Griffiths ទំនង​ជា​បាន​ធ្វើ​ដំណើរទៅ​Jeddahដើម្បី​ចរចា​ជាមួយ​ភាគី​ជម្លោះ​ស៊ូដង់
អ្នក​ទទួល​ខុស​ត្រូវ​កិច្ចការ​មនុស្សធម៌​អង្គការសហប្រជាជាតិ លោក Martin Griffiths ទំនង​ជា​បាន​ធ្វើ​ដំណើរទៅ​Jeddahដើម្បី​ចរចា​ជាមួយ​ភាគី​ជម្លោះ​ស៊ូដង់ AP - Martial Trezzini
ផ្សាយពាណិជ្ជកម្ម

ស្ថានភាព​នៅ​រដ្ឋធានី​ខាទុំ ធ្លាក់​ដុនដាបជា​លំដាប់​ ពីមួយថ្ងៃទៅមួយថ្ងៃ។ គ្មាន​ទឹក គ្មានភ្លើង​រួច​ទៅ​ហើយ បន្តិច​ទៀត ខាទុំ​នឹង​ខ្វះ​ស្បៀង​ ខ្វះ​លុយទៀត។​ ឯកា​រប្រយុទ្ធ​គ្នា​នៅ​តែ​បន្ត​ឥត​ឈប់ រហូត​មក​ទល់​នឹង​ថ្ងៃអាទិត្យ​ម្សិលមិញ បើ​ទោះ​បី​ជា​មាន​ការ​ចរចា និងការ​ព្រមព្រៀង​ឈប់​បាញ់​​ក៏​ដោយ។ មាន​ជនស៊ូដង់​៣៣៥០០០នាក់ ធ្វើ​បំលាស់​ទី និង​ជាង​១១៧០០០នាក់​រត់​ភៀសខ្លួន ... នេះ​ជា​​ស្ថានភាព​ប្រឈម​ដ៏​បន្ទាន់​ ដែល​អង្គការ​សហប្រជាជាតិ​ចាំបាច់​ត្រូវ​​ ​រក​វិធី​បើក​ច្រក​​ជំនួយ​មនុស្សធម៌​និងជួយ​​ជនស៊ីវិល​ឱ្យ​បានចេញ​ពី​តំបន់​ជម្លោះ។

ហេតុដូច្នេះហើយ​បាន​ជា​ ប្រធានគ្រប់គ្រង​កិច្ចការ​​​មនុស្សធម៌​អង្គការ​សហប្រជាជាតិ លោក Martin Griffiths បាន​រួស​រាន់​ធ្វើ​ដំណើរ​ទៅ​អារ៉ាប៊ីសាអូឌីតដែរ ដើម្បី​បាន​ជួប​​ចរចា​ជាមួយ​​​ភាគី​ប្រយុទ្ធ​ស៊ូដង់​ ដែល​កំពុង​ជួបគ្នា​នៅក្រុង​Jeddah ក្រោមគំនិត​ផ្តួច​ផ្តើម​​របស់​អារ៉ាប៊ីសាអូឌីត។​ ប៉ុន្តែ​បើ​តាម​មន្ត្រី​អង្គការ​សហប្រជាជាតិ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ សំណើ​ចុះ​ចូល​ចរចានេះ​បាន​សម្រេ​ចទេ។​ លោក​Martin Griffiths ធ្លាប់​បានអំពាវនាវ​កាលពីថ្ងៃពុធ​ទី ៣​ឧសភា​ម្តង​រួច​ហើយ ឱ្យ​ភាគី​ប្រយុទ្ធ​​ ធ្វើ​យ៉ាងណា​ទុក​ចន្លោះ​ឱ្យ​អង្គការ​សហប្រជាជាតិ​ចូល​ទៅ​ចែក​ចាយ​ជំនួយ​មនុស្សធម៌​ដល់​ពលរដ្ឋ​ស៊ីវិល។

ក្រោយ​ជំនួប​ ​ទាំង​ឧត្តមសេនីយ៍ al-Burhan តំណាង​ក្រុមយោធា​ស៊ូដង់ និង​ឧត្តមសេនីយ៍Mohamed Hamdame Daglo ជា​គូប្រជែង​តំណាង​ឱ្យ​ក្រុម​ប៉ារ៉ាយោធា គ្មាន​ចេញ​សេ​ចក្តីថ្លែងការណ៍​អ្វី​ទាំងអស់។ ខាង​យោធា​ បាន​ត្រឹម​ព្រលយ​ថា គ្មាន​ទេ​ការ​ចរចា​សន្តិភាព គឺអាច​មានត្រឹម​ការ​ផ្តោះប្តូរ​យោបល់​ជុំ​វិញ​បទ​ឈប់​បាញ់​ប៉ុណ្ណោះ។

ក្រសួងការ​បរទេស​​អារ៉ាប៊ីសាអូឌីត បានចេញ​សេចក្តី​ថ្លែងការណ៍​ អះអាង​នៅ​ថ្ងៃចន្ទ​នេះ​​ថា​ ជំនួប​ចរចា​មាន​កម្មវត្ថុ​បញ្ឈប់​ការ​ប្រយុទ្ធគ្នា​ រយៈ​ពេល​ខ្លី​មួយ ដើម្បី​សម្រួល​ការ​ចែកចាយ​ជំនួយ​មនុស្សធម៌ និង​រៀប​ចំ​ឱ្យ​មាន​សេវាកម្ម​សំខាន់ៗ ព្រមទាំង​ កាលវិភាគ​បើក​កិច្ចចរចា បិទ​បញ្ចប់​ជម្លោះ ប៉ុន្តែ​គ្មាន​លទ្ធផល​ទៅ​មុខ​ប្រសូត​ចេញ​ពី​ជំនួប​ម្សិលមិញ​ឡើយ។ សម្រាប់​ពេល​នេះ គ្មាន​ភាគី​ណា​និយាយ​អំពី​ការ​ឈប់​បាញ់​ទេ និង​គិត​ថា​សុទ្ធ​តែ​យក​ឈ្នះ​គ្នា​តាម​ការ​ផ្លូវ​អាវុធ​ទាំងអស់។ នេះ​បើ​តាម​អ្នកការទូត​អាប៊ីសាអូឌីត​សុំ​មិនបញ្ចេញ​ឈ្មោះ​ដែរ។

អង្គការ​សហប្រជាជាតិ បាន​ព្រមាន​ថា ប្រសិន​បើស​ង្គ្រាម​នៅ​តែ​បន្ត នោះ​នឹង​មាន​ប្រជាពលរដ្ឋ​ប្រមាណ​២លាន​កន្លះ​បន្ថែម​ទៀត ត្រូវ​រងគ្រោះ​ទុរ្ភិក្ស អត់​ឃ្លាន៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ