អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ការបះបោរនៅរុស្ស៊ី៖តើអនាគតរបស់​ក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែនៅអាហ្វ្រិកនឹងទៅជាយ៉ាងណា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅរុស្ស៊ី សកម្មភាពងើបបះបោររបស់ក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែ​បានចប់ទៅមែន ប៉ុន្តែវា​នៅបន្សល់ទុកនូវ​ផលវិបាក និង​ចំណោទសួរជាច្រើនទាក់ទង​នឹង​អនាគត​របស់​ក្រុមហ៊ុនទាហានស៊ីឈ្នួលវ៉ាក់ណែ ដឹកនាំ​ដោយ​លោក​ព្រីហ្គោហ្ស៊ីន មនុស្សជំនិតដែលលោកពូទីន​ទើប​ចាត់ទុកជា​ជនជាតិក្បត់ជាតិ ក្នុងរឿងដឹកនាំ​ការបះបោរ​ប្រឆាំង​ថ្នាក់ដឹកនាំយោធា​រុស្ស៊ី។ ក្រៅពីចូលរួម​យ៉ាងសកម្ម​នៅក្នុង​សង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន ក្រុមទាហាន​ស៊ីឈ្នួល​វ៉ាក់ណែ​សកម្មខ្លាំង​នៅទឹកដីបរទេស ជាពិសេស​នៅអាហ្វ្រិក និង​នៅដើមបូព៌ា។ ដូច្នេះ នៅពេល​ដែលមេក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែត្រូវ​និរទេស​ទៅនៅបេឡារុស ចំណែក​អនាគត​របស់​ក្រុមហ៊ុនទាហានស៊ីឈ្នួលវ៉ាក់ណែ​ក៏មិនច្បាស់លាស់​នៅក្រោយការបះបោរមិនបានសម្រេច កាលពីថ្ងៃ​សៅរ៍ តើ​ជោគវាសនា​របស់ទាហានវ៉ាក់ណែ​នៅអាហ្វ្រិកនឹងទៅជា​យ៉ាងណាទៅវិញ?

ទាហានវ៉ាក់ណែនៅម៉ាលី​រងការចោទប្រកាន់ពីមន្រ្តីអង្គការសហប្រជាជាតិថា បាញ់សម្លាប់មនុស្សឃោឃៅ​នៅក្នុងប្រតិបត្តិការរបស់ខ្លួនជាមួយកងទ័ពម៉ាលី
ទាហានវ៉ាក់ណែនៅម៉ាលី​រងការចោទប្រកាន់ពីមន្រ្តីអង្គការសហប្រជាជាតិថា បាញ់សម្លាប់មនុស្សឃោឃៅ​នៅក្នុងប្រតិបត្តិការរបស់ខ្លួនជាមួយកងទ័ពម៉ាលី AP
ផ្សាយពាណិជ្ជកម្ម

បង្កើតឡើង​នៅ​ឆ្នាំ ២០១៤ ដោយលោកអេវហ្គីនី ព្រីហ្គោហ្ស៊ីនដែលធ្លាប់ជា​​មេចុងភៅរបស់​លោក​ពូទីន ទាហានស៊ីឈ្នួល​វ៉ាក់ណែជាកម្លាំងប្រដាប់អាវុធ​ដែល​រដ្ឋាភិបាល​របស់​លោកពូទីនបញ្ជូន​ទៅធ្វើសកម្មភាពលួចលាក់នៅទឹកដីបរទេស ដោយ​ចាប់ផ្តើមដំបូងសមរភូមិប្រយុទ្ធនៅភាគខាងកើតអ៊ុយក្រែន និងនៅស៊ីរី។ ចាប់តាំង​ពីឆ្នាំ ២០១៥ វត្តមានរបស់​ក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែ​របស់​លោកព្រីហ្គោហ្ស៊ីន​បានចាប់រីកសាយភាយនៅទ្វីបអាហ្រ្វិក ជាទីដែល​ក្រុមវ៉ាក់ណែ​ឈរជើង​បោះទីតាំង​ក្នុង​ប្រទេស​ជាង​១០ ដូចជា​អាហ្វ្រិកកណ្តាល ម៉ាលី ស៊ូដង់ លីប៊ី ម៉ូហ្សំប៊ិក កាំម៉ារូន និងអេរីត្រេជាដើម។

នៅបណ្តាប្រទេស​អាហ្វ្រិកដែលកំពុងជួបអសន្តិសុខ សង្រ្គាមស៊ីវិល និងការវាយប្រហារ​របស់​ក្រុមភេរវនិយម ក្រុមហ៊ុន​វ៉ាក់ណែ​ផ្តល់សេវាជាច្រើនដូចជា ផ្តល់ទាហានប្រយុទ្ធ បណ្តុះបណ្តាលទាហានក្នុងស្រុក ការពារសន្តិសុខ​​ប្រធានាធិបតី ឬ​មេដឹកនាំរបបសឹក ធានាការពារ​កន្លែងបូមប្រេងរបស់​ក្រុមហ៊ុនរុស្ស៊ី ធ្វើអាជីវកម្ម​ជីកយករ៉ែ និងផ្តល់ជំនួយ​ដល់​មេដឹកនាំផ្តាច់ការក្នុងរឿងផ្សព្វផ្សាយ​ព័ត៌មានមិនពិត បំផុសបំផុលឲ្យគេស្អប់ទាហានបារាំងជាដើម។ នៅម៉ាលី ស៊ូដង់ និង​នៅអាហ្វ្រិកកណ្តាល ក្រុមទាហានស៊ីឈ្នួលរុស្ស៊ីវ៉ាក់ណែបានចូលទៅជំនួស​វត្តមានបារាំង តាមរយៈ​ការផ្តល់ជំនួយកម្លាំងទ័ព និង​លក់អាវុធ​ដល់​​មេដឹកនាំរបបសឹក ដើម្បីប្រយុទ្ធប្រឆាំង​ក្រុមជីហាត ក្រុមអាល់កៃដា ជាថ្នូរនឹង​សិទ្ធិធ្វើអាជីវកម្មជីកយក មាស ពេជ្រ។

ក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែ​កំពុង​មាន​វត្តមានយ៉ាងសកម្មនៅទឹកដីអាហ្វ្រិក។ ប៉ុន្តែ ការបះបោរ​របស់​ក្រុមវ៉ាក់ណែប្រឆាំង​ថ្នាក់ដឹកនាំ​យោធា​រុស្ស៊ីកាលពីថ្ងៃ​សៅរ៍ទី​២៤​មិថុនា រហូតធ្វើ​ឲ្យលោកពូទីន​ចាត់ទុកជាទង្វើក្បត់ជាតិ និងនិរទេស​​មេក្រុមហ៊ុន​វ៉ាក់ណែ លោកព្រីហ្គោហ្ស៊ីន​ចេញពីរុស្ស៊ី ចង់ឬ​មិនចង់ នឹង​​អាចប៉ះពាល់​ដល់​អនាគត​របស់ក្រុមទាហានវ៉ាក់ណែនៅអាហ្វ្រិក។ ចំណែក​មេដឹកនាំ​អាហ្រ្វិក​ដែលកំពុង​ធ្វើការជាមួយក្រុមទាហានវ៉ាក់ណែ​ក៏កំពុង​ចាំអ៊ុតមើល​ការវិវត្តន៍​ក្នុងទំនាក់ទំនង​លោកពូទីន និងលោកព្រីហ្គោហ្ស៊ីន ​មេទាហានស៊ីឈ្នួលវ៉ាក់ណែ។

តើ​លោកពូទីននៅបន្តទុក​ឲ្យទាហានស៊ីឈ្នួលវ៉ាក់ណែ​របស់​លោក​ព្រីហ្គោហ្ស៊ីន​មានវត្តមាននៅអាហ្វ្រិកតទៅទៀត ឬ​គាស់រំលើង រំលាយចោល​ក្រុមវ៉ាក់ណែដែលហ៊ានលើកគ្នា​​បះបោរ​ប្រឆាំងថ្នាក់ដឹកនាំយោធា?

ទាក់ទង​នឹង​អនាគត​របស់​ក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែ​នៅទឹកដីបរទេស ជាពិសេស​នៅអាហ្វ្រិក អ្នកជំនាញ​បារាំង លោក Thierry Vircoulonបាន​លើកសេណារីយ៉ូ ៤។ ទីមួយ រដ្ឋាភិបាល​រុស្ស៊ី​អាចក្រសោបយកសកម្មភាពទាំងអស់​របស់វ៉ាក់ណែមកគ្រប់គ្រងក្នុងដៃ។ ទី២ លោកពូទីនអាច​យកក្រុមហ៊ុនទាហានស៊ីឈ្នួល​​រុស្ស៊ីផ្សេងទៀតដែលស្និទ្ធ​នឹង​ក្រសួងការពារជាតិរុស្ស៊ី មកជំនួស​ក្រុមហ៊ុនវ៉ាក់ណែ។ នៅត្រង់ចំណុចនេះ មានក្រុមទាហានស៊ីឈ្នួល​ផ្សេងទៀត​នៅ​រុស្ស៊ី​ ដូចជា​ក្រុមហ្គាសព្រំ ឬមេដឹកនាំនៅឆេឆេនីជាដើមធ្លាប់​បង្ហាញចេតនាចង់ជំនួសក្រុមវ៉ាក់ណែ។ ទី៣ លោកពូទីន​អាច​ទុក​ឲ្យ​លោកព្រីហ្គោហ្ស៊ីនផ្តោតលើ​បេសកកម្ម​នៅទឹកដីបរទេស ប៉ុន្តែ​លោក​ព្រីហ្គោហ្ស៊ីនត្រូវ​យល់ព្រម​ប្រគល់​ទាហានវ៉ាក់ណែ​ដែលកំពុងប្រយុទ្ធនៅអ៊ុយក្រែន​ទៅឲ្យក្រសួងការពារជាតិរុស្ស៊ី។ សេណារីយ៉ូទី៤ គឺអ្វីៗ​រក្សា​ដូចដើម ព្រោះរុស្ស៊ី​អាច​គិតថា នៅទីបំផុតទៅ វត្តមានរបស់​វ៉ាក់ណែ​នៅអាហ្វ្រិកបានជួយការពារផល​ប្រយោជន៍​រុស្ស៊ី មិនថាធនធានរ៉ែមាសពេជ្រ និងភូមិសាស្រ្ត​នយោបាយ​ដើម្បី​ប្រជែង​ឥទ្ធិពល​របស់​អឺរ៉ុប និងអាមេរិក​នៅទឹកដីអាហ្វ្រិក។

ប៉ុន្តែ សេណារីយ៉ូទី៤​ពិបាក​នឹង​អាច​កើតឡើង​បានណាស់ ព្រោះថា លោកពូទីន​ខឹកំពុងខឹងខ្លាំង​នឹង​​ក្រុមវ៉ាក់ណែរបស់​លោកព្រីហ្គោហ្ស៊ីនដែល​ហ៊ានលើកគ្នា​បះបោរ ផ្ចាញ់ផ្ចាល​អំណាច​ ធ្វើ​ឲ្យ​លោក​អាម៉ាស់មុខ។

លោកពូទីនទំនងជា​មិនបណ្តោយ​ឲ្យ​ក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែដែលអាចជាអនាគត​គំរាមកំហែង​អំណាច​របស់លោក ​នៅបន្តរកស៊ីមានបានដោយសារ​សកម្មភាព​យោធា​នៅទឹកដីអាហ្វ្រិក។ តើ​លោកពូទីន​បញ្ជូន​កងទ័ពរុស្ស៊ី​ទៅកាន់ការជំនួស​ក្រុមវ៉ាក់ណែនៅអាហ្វ្រិក? លោកពូទីន​ប្រាកដណាស់​​មិនចង់​ទុក​កន្លែងរបស់​ក្រុមវ៉ាក់ណែឲ្យនៅទំនេរចោល​ ព្រោះថា អាហ្វ្រិក ស៊ីរី​ ជា​ទឹកដីសំបូរធនធានរ៉ែមាសពេជ្រ ប្រេង ដែលជាទុនដើម្បី​យកទៅធ្វើសង្រ្គាមនៅអ៊ុយក្រែន។ ដោយមិននិយាយចំៗ​ឈ្មោះទាហានវ៉ាក់ណែ រដ្ឋមន្រ្តីការបរទេស​រុស្ស៊ី លោក​ស៊ែរហ្គេយ ឡាវ្រូសបានបញ្ជាក់កាលពីថ្ងៃ​ចន្ទម្សិលមិញថា គ្រូបណ្តុះបណ្តាលយោធារុស្ស៊ីនៅតែបន្ត​វត្តមានរបស់ខ្លួននៅអាហ្វ្រិកកណ្តាល។

ថ្នាក់ដឹកនាំ​អាហ្វ្រិក​ដែលកំពុងធ្វើការ​ជាមួយក្រុមទាហានស៊ីឈ្នួល​វ៉ាក់ណែ ដូចជា​អាហ្វ្រិកកណ្តាល និងម៉ាលីជាដើម កំពុងតាមដានស្ថានការណ៍នៅ​រុស្ស៊ី នៅក្រោយការបះបោរ​របស់ទាហានស៊ីឈ្នួល​វ៉ាក់ណែ។ ប៉ុន្តែ ពួកគេ​មិនសូវ​ជាបារម្ភខ្លាំងប៉ុន្មាន ក្នុងហេតុផលថា ទោះជាមួយក្រុមវ៉ាក់ណែ ឬ​ក្រុមទាហានស៊ីឈ្នួលរុស្ស៊ីណាមួយផ្សេងទៀត ក៏កិច្ចសន្យា​យោធារបស់ពួកគេ​ជាមួយ​រុស្ស៊ីនៅតែដដែលគ្មានប្រែប្រួល។ សម្រេចសម្រួលទៅ រាល់​ទាហានស៊ីឈ្នួលរុស្ស៊ី​ដែលកំពុងធ្វើសកម្មភាពនៅទឹកដីបរទេស​មិនអាច​ធ្វើអ្វីបានទេ បើសិន​គ្មាន​ជំនួយសព្វាវុធ សម្ភារៈ ថ្នាំពេទ្យ កងទ័ព និងព័ត៌មានសម្ងាត់ពី​​ក្រសួងការពារជាតិរុស្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ