អានតួអត្ថបទ

នៅរុស្ស៊ី ការបះបោរ​របស់​ទាហាន​ស៊ីឈ្នួល​វ៉ាក់ណែឃើញពន្លឺតែ២៤ម៉ោង​ក៏ត្រូវ​រលត់​ទៅវិញ

ស្ថានការណ៍​នៅប្រទេស​រុស្ស៊ី​បាន​ចុះ​ស្ងប់ស្ងាត់​មកនេះ នៅថ្ងៃ​អាទិត្យ បន្ទាប់ពី រងអង្រួនដោយ​ចលនាបះបោរ​របស់​ក្រុម​ទាហាន​ស៊ីឈ្នួល​វ៉ាក់ណែ។ បន្ទាប់ពី​បញ្ជូន​លើកទ័ព​សំដៅ​ទីក្រុង​ម៉ូស្គូ ដើម្បី ប៉ុនប៉ង​ផ្តួលអំណាច​របស់​មេដឹកនាំយោធា​រុស្ស៊ី មេទ័ពទាហាន​ស៊ីឈ្នួល វ៉ាក់ណែ គឺ​លោក​អេវហ្គីនី ព្រីហ្គោហ្ស៊ីន​បានប្រកាស នៅយប់​ថ្ងៃ​សៅរ៍ម្សិលមិញថា ទាហាន​វ៉ាក់ណែ លែងបន្តដំណើរ​ឆ្ពោះ​ទៅម៉ូស្គូ ប៉ុន្តែ បែរត្រលប់​ក្រោយ ចូលទៅ​កាន់​បន្ទាយទាហានវិញ។ តាម​អ្នកនាំពាក្យ​របស់​វិមានក្រេមឡាំង ទាហានស៊ីឈ្នួលវ៉ាក់ណែ​ធ្វើដំណើរពាក់កណ្តាលផ្លូវ ក៏ត្រលប់​បកក្រោយ ដោយមកពីមាន​ការចរចា សម្របសម្រួល​របស់​ប្រធានាធិបតី​បេឡារុស លោកលូកាឆិនកូ។ តាម​វិមានក្រេមឡាំង ទៅតាម​ការចរចាកាលពីយប់​ថ្ងៃ​សៅរ៍ មេទាហាន​ស៊ីឈ្នួល​របស់​ក្រុមហ៊ុន​វ៉ាក់ណែ​ត្រូវ​ចាកចេញ​ទៅ រស់នៅ​ប្រទេស​បេឡារុស ជា​ថ្នូរ​មកវិញ អាជ្ញាធរ​រុស្ស៊ី​នឹង​លែង​ស៊ើបអង្កេត​បទឧក្រិដ្ឋកម្ម ប្រឆាំង​នឹង​មេទាហានស៊ីឈ្នួល​វ៉ាក់ណែ ចំណែក ទាហានវ៉ាក់ណែដែលចូលរួម​ក្នុង​សកម្មភាព​បះបោរ​កាលពីថ្ងៃ​សៅរ៍ ក៏ត្រូវ​អនុគ្រោះ មិន​ប្រឈម​នឹង​ការដាក់ទោស ពិន័យ​ពីរដ្ឋាភិបាល។

ទាហានវ៉ាក់ណែ​​ចូលកាន់កាប់​ទីក្រុង​រុស្ស៊ី Rostov ដោយគ្មានការប្រយុទ្ធតដៃគ្នា នៅថ្ងៃសៅរ៍ទី​២៤​មិថុនា និង​បានទទួលការរាក់ទាក់ពី​ប្រជាជន​រុស្ស៊ីនៅ​ទីនោះ
ទាហានវ៉ាក់ណែ​​ចូលកាន់កាប់​ទីក្រុង​រុស្ស៊ី Rostov ដោយគ្មានការប្រយុទ្ធតដៃគ្នា នៅថ្ងៃសៅរ៍ទី​២៤​មិថុនា និង​បានទទួលការរាក់ទាក់ពី​ប្រជាជន​រុស្ស៊ីនៅ​ទីនោះ AP
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​សៅរ៍ទី​២៤​មិថុនា ក្បួនរថយន្ត​របស់​ពួក​ទាហានស៊ីឈ្នួលវ៉ាក់ណែ​បាន​បើក​ជិតចូលដល់​ក្រុង​ម៉ូស្គូ ដោយនៅសល់តែជាង ២០០គីឡូម៉ែត្រប៉ុណ្ណោះ ក៏ត្រូវឈប់ និងបែរក្បាល​ត្រលប់ក្រោយវិញ។ តាម​មេក្រុមទាហានស៊ីឈ្នួល​វ៉ាក់ណែ លោក​ព្រីហ្គោហ្ស៊ីន ទាហានវ៉ាក់ណែ​នឹងត្រលប់ចូល​បន្ទាយនៅអ៊ុយក្រែន។

ក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែ បែរត្រលប់ក្រោយ លែងធ្វើដំណើរ​ទៅ​ម៉ូស្គូ បន្ទាប់ពី​មានការចរចា ជួយសម្របសម្រួល​ពី​ប្រធានាធិបតី​បេឡារុស លោក​លូកាឆិនកូ ដែល​បាននិយាយ​ទូរស័ព្ទផ្ទាល់​ជាមួយ មេក្រុមទាហាន​វ៉ាក់ណែ លោក​ព្រីហ្គោហ្ស៊ីននៅថ្ងៃសៅរ៍។ មេក្រុមទាហាន​ស៊ីឈ្នួល វ៉ាក់ណែ នៅយប់​ថ្ងៃ​សៅរ៍ និយាយ​ថា ទាហាន​វ៉ាក់ណែ ដកខ្លួន​ចេញពី​ទីក្រុង​Rostov ត្រលប់​ទៅបន្ទាយវិញ នៅ​ក្នុងសមរភូមិ​អ៊ុយក្រែន ព្រោះ​តែ​មិនចង់​ឲ្យមានការប្រយុទ្ធបង្ហូរ​ឈាម​​ជនជាតិ​រុស្ស៊ី។

វិមានក្រេមឡាំង​ស្វាគម​ដំណោះស្រាយ​ស្នើឡើង​ដោយ​ប្រធានាធិបតី​បេឡារុស និង​មេទាហានវ៉ាក់ណែ ដែលជួយឲ្យរុស្ស៊ី​ជៀសផុត​ពី​ថ្លុកឈាម។ នៅក្នុងសន្និសីទ​កាសែត កាលពីថ្ងៃយប់ថ្ងៃ​សៅរ៍ អ្នកនាំពាក្យ​របស់វិមានក្រេមឡាំង បាននិយាយថា ទៅតាម​ចរចា​សម្របសម្រួល​របស់​ប្រធានាធិបតីបេឡារុស ដែលជា​សម្ព័ន្ធមិត្ត​របស់​លោកពូទីន មេទាហានវ៉ាក់ណែ​នឹង​ចាកចេញ​ពី​ទឹកដី​រុស្ស៊ី ទៅ​នៅ​បេឡារុស និង​រួចផុត​រាល់ចោទប្រកាន់ក្បត់ជាតិ ឬ​ការស៊ើបអង្កេតទាក់ទង​នឹង​ការប្រព្រឹត្ត​បទឧក្រិដ្ឋ​នៅរុស្ស៊ី។ ចំណែក​ទាហាន​វ៉ាក់ណែដែល​បាន​ចូលរួម នៅក្នុង​ក្រុមបះបោ លើកគ្នា​ទៅ​ម៉ូស្គូ​ម្សិលមិញ ក៏​មិនត្រូវ​ប្រឈម​នឹង​ការដាក់ទោស អូសដំណើរ​អ្វីដែរ ដោយ​មើលទៅ​ស្នាដៃ គុណបំណាច់​របស់​ពួកគេ ដែលជួយ​រុស្ស៊ី នៅក្នុង​សង្រ្គាមអ៊ុយក្រែន។ តាម​អ្នកនាំពាក្យរបស់វិមានក្រេមឡាំងដដែល ទាហាន​វ៉ាក់ណែ​ផ្សេងទៀត ដែល​មិនបាន​ចូលរួម ជាមួយ​លោកព្រីហ្គោហ្ស៊ីន នៅក្នុងក្បួនទ័ព​សំដៅម៉ូស្គូ ប៉ុន្តែ ដែល​កំពុង​ស្ថិតក្នុង​បន្ទាយ អាច​ចុះឈ្មោះ ក្នុង​បញ្ជីកងទ័ព​ស្របច្បាប់​របស់​រុស្ស៊ី បើសិន​គេ​ចង់។ ដំណើរការចុះឈ្មោះក្នុងឈ្មោះកងទ័ពជាតិរុស្ស៊ី ត្រូវ​ធ្វើឲ្យបាន​ឆាប់បំផុត ព្រោះ​ថា ក្រសួងការពារជាតិ​រុស្ស៊ី បាន​ដាក់​កំណត់ថ្ងៃចុងក្រោយ នៅថ្ងៃទី ១​កក្កដា ខាងមុខ។

ហេតុអ្វី​មេទាហាន​ស៊ីឈ្នួល​វ៉ាក់ណែលើកគ្នា​ទៅបះបោរ​ប្រឆាំង​អំណាចយោធា​នៅម៉ូស្គូ?

នៅពេល​ចាប់ធ្វើដំណើរ​ចូល​ទឹកដី​រុស្ស៊ី ទៅកាន់កាប់ទីបញ្ជាការដ្ឋានរុស្ស៊ី នៅ​ទីក្រុង​Rostov  កាលពីព្រឹកថ្ងៃសៅរ៍ មេក្រុម​វ៉ាក់ណែ​និយាយ​ថា គោលដៅរបស់ខ្លួន​រុស្ស៊ី គឺ​ដើម្បី​ស្វែងរក​យុត្តិធម៌ ផ្តួល​អំណាច​របស់​មេដឹកនាំ​យោធា ដែល​វ៉ាក់ណែ​ចោទប្រកាន់​ថា បាញ់សម្លាប់ប្រជាជនស៊ីវិល​រុស្ស៊ី ទាហាន​វ៉ាក់ណែ នៅក្នុង​សមរភូមិអ៊ុយក្រែន។

ពេល​ដកទ័ពចេញពី​ទីក្រុង​រុស្ស៊ី Rostov មេក្រុមទាហាន​ស៊ីឈ្នួល វ៉ាក់ណែ​​ប្រកាសក្តែងៗថា ខ្លួន​សម្រេច​ក្នុងការទាមទារ​ពី​រដ្ឋាភិបាល​រុស្ស៊ី។ ការប្រកាស​របស់​លោកព្រីហ្គោហ្ស៊ីន​ដែលថា លោក​បានទទួល​អ្វីៗ​តាមការទាមទារ​ចង់បាន​របស់លោក នៅមុន​លើកទ័ព​ទៅ​ម៉ូស្គូ គ្រាន់តែ​ជាឡប់ឡែ បិទបាំង ភាពអាម៉ាស​របស់ខ្លួន​តែប៉ុណ្ណោះ។ មេដឹកនាំ​យោធោ ដូចជា​រដ្ឋមន្រ្តីការពារជាតិ មិនត្រូវ​ដកតំណែង ប៉ុន្តែ ផ្ទុយទៅវិញ លោក​ព្រីហ្គោហ្ស៊ីនខ្លួនឯង ត្រូវ​ចាកចេញពី​ទឹកដី​រុស្ស៊ី ទៅនៅបេឡារុស។

ទាហានស៊ីឈ្នួលវ៉ាក់ណែ​មិនត្រឹមតែ មិនអាច​ផ្តួល​មេដឹកនាំ​យោធា ដូចជា​រដ្ឋមន្រ្តីការពារជាតិ និងមេបញ្ជាការកងទ័ពរុស្ស៊ី ដែល​លោក​រិះគន់​ថា ជា​អ្នកកុហក បង្កើត​សង្រ្គាម​នៅអ៊ុយក្រែន​តែប៉ុណ្ណោះទេ ប៉ុន្តែ មេក្រុមទាហានវ៉ាក់ណែ​បរាជ័យ មិនបាន​ទទួលលទ្ធផលដែលខ្លួន​ចង់បាន។

ក្រុមទាហានវ៉ាក់ណែ​ដែល​ចូលកាន់កាប់ ទីក្រុង​យុទ្ធសាស្រ្ត​យោធា​របស់​រុស្ស៊ី នៅ​Rostov និង​លើកគ្នា​​ទៅ​ម៉ូស្គូ ដើម្បី​ផ្គើន​អំណាច​របស់​លោកពូទីន ក៏ព្រោះតែ​ពួកគេ មិនចង់​ចូលបម្រើ​ក្នុង​ជួរកងទ័ព​រុស្ស៊ី។ កំហឹង​របស់​មេទាហានស៊ីនឈ្នួល​វ៉ាក់ណែ​ជាមួយ​ថ្នាក់ដឹកនាំ​កងទ័ពរុស្ស៊ី​មាន​កាន់តែ​ខ្លាំង បន្ទាប់ពី រដ្ឋមន្រ្តីការពារជាតិ​រុស្ស៊ី ដែល​បាន​ទទួល​ភ្លើងខៀវ​ពី​លោកពូទីន បាន​ចេញបញ្ជា​កាលពីថ្ងៃទី ១០​មិថុនា ឲ្យ​ទាហានស៊ីឈ្នួលវ៉ាក់ណែ​ទាំងអស់ចុះកិច្ចសន្យា ចូលបម្រើ​ក្នុង​ជួរកងទ័ព​រុស្ស៊ី។

ទាហាន​វ៉ាក់ណែ មិន​ចង់ចូល​ក្នុងជួកងទ័ពជាតិ​រុស្ស៊ី ព្រោះពួកគេ​មិនចង់​បាត់បង់​ផលប្រយោជន៍ច្រើន ជាពិសេស​ប្រាក់ខែ។ មេទាហាន​វ៉ាក់ណែ លោកព្រីហ្គោហ្ស៊ីន ធ្លាប់​ចោទប្រកាន់​មេដឹកនាំ​យោធា រុស្ស៊ី ដូចជា រដ្ឋមន្រ្តីការពារជាតិ ថា មានមហិច្ឆតា ចង់​លុបបំបាត់ចោល​ក្រុមទាហានស៊ីឈ្នួល​វ៉ាក់ណែ បន្ទាប់ពីក្រុមនេះ មានស្នាដៃ វាយយកបាន​ទីក្រុង​បាក់មូដ ខណៈពេលដែលកងទ័ព​រុស្ស៊ី​ធម្មតា គ្មានសមត្ថភាព។ ម្យ៉ាងដោយ​ហ៊ានព្រហើន​ចេញមុខ តទល់​ជាមួយ​លោកពូទីន ដែលជា​អ្នកធ្លាប់ជួយទំនុកបំរុង បង្កើត​ឲ្យមានក្រុមវ៉ាក់ណែ លោកព្រីហ្គោហ្ស៊ីន ចង់បង្ហាញថា ទាហាន​វ៉ាក់ណែ មានស្នាដៃច្រើន ដូច្នេះ គួរតែ​បាន​រង្វាន់​ពីរដ្ឋាភិបាល​រុស្ស៊ី។ ផ្ទុយទៅវិញ កងទ័ព​វ៉ាក់ណែ​ត្រូវ​រងការវាយប្រហារ​ពីក្រោយខ្នង​របស់កងទ័ពរុស្ស៊ី។

មួយវិញទៀត សម្រាប់​មេទាហាន​វ៉ាក់ណែ សង្រ្គាមនៅអ៊ុយក្រែន បានធ្វើ​ឲ្យ​ក្រុមវ៉ាក់ណែ​ខាតបង់​ជីវិតទាហាន ខាតបង់ប្រាក់ចំណូល ច្រើនណាស់។ ពួកគេទំនង​លែង​ចង់​ធ្វើ​សង្រ្គាម​នៅអ៊ុយក្រែនតទៅទៀត ដោយ​គ្រាន់តែ​ចង់​ផ្តោត​លើ​អាជីវកម្ម ជំនួញ នៅ​ប្រទេសអាហ្វ្រិក ឬ​នៅដើមបូពា ជាទីដែលពួកវ៉ាក់ណែ​មាន​អាជីវកម្ម​រ៉ែ ឬ​កិច្ចសន្យា​ធានា​សន្តិសុខ​ឬជំនួញលក់អាវុធ ឲ្យ​មេដឹកនាំ​យោធានៅ​អាហ្វ្រិក ដូចជា​នៅម៉ាលីជាដើម។

លោក​ព្រីហ្គោហ្ស៊ីនធ្វើឲ្យមានការចោទសួរពីអំណាច​របស់លោកពូទីន

លោកព្រីហ្គោហ្ស៊ីនមិនអាច​សម្រេចគោលដៅរបស់ខ្លួន និងត្រូវ​និរទេស​ទៅ​នៅ​បេឡារុស ចំណែក​ក្រុមហ៊ុនស៊ីឈ្នួល​វ៉ាក់ណែ ក៏មិនដឹង​មានជោគវាសនា​យ៉ាងណា នៅក្រោយ​ពេល​កងទ័ព​រុស្ស៊ី​ស្រូប​យក​ទាហានស៊ីឈ្នួល​វ៉ាក់ណែ​ទាំងអស់ បន្ទាប់ពី​ការប៉ុនប៉ង​បះបោរ មិនបាន​សម្រេច​ របស់​លោកព្រីហ្គោហ្ស៊ីន។ ប៉ុន្តែ យ៉ាងណាក៏ដោយ ការលើកគ្នា​បះបោរ​ប្រឆាំង​នឹង​មេដឹកនាំ​យោធា ទៅ​តាមចង់បាន​របស់​លោក​ព្រីហ្គោហ្ស៊ីន បាន​ធ្វើ​ឲ្យ​លោកពូទីន អាម៉ាស់ បាក់មុខ​ខ្លាំងជាងពេលណាៗទាំងអស់ គិតចាប់តាំង​ពី​លោកពូទីន​ចូលកាន់អំណាច​នៅរុស្ស៊ី នៅ​២០ឆ្នាំមកនេះ។ នៅថ្ងៃសៅរ៍ ជាលើកទី១ នៅក្រោយ លោកពូទីន​ចាត់ទុក​ការបះបោរ​របស់​វ៉ាក់ណែ​ជា​ការក្បត់ជាតិ លោកព្រីហ្គោហ្ស៊ីន​បានដំឡើងសំឡេង​តប​នឹង​លោកពូទីនដោយថា ទាហានវ៉ាក់ណែស្នេហាជាតិ និង​មិនព្រមដាក់អាវុធ ចុះចូលតាមការចង់បានរបស់លោកពូទីន។

លោកពូទីន​ផ្ទាល់ជាអ្នកផ្ចុងផ្តើម​លោកព្រីហ្គោហ្ស៊ីនឲ្យ​បង្កើតទាហានស៊ីឈ្នួល ដើម្បី​ធ្វើការងារ​កខ្វក់ ខុសច្បាប់ ដូចជា​ធ្វើ​សង្រ្គាម​នៅស៊ីរី លីប៊ី ឬ​នៅ​តាម​បណ្តាប្រទេស​អាហ្វ្រិក ជាទី​ដែលរុស្ស៊ី​មិនអាចបញ្ជូនទ័ពទៅធ្វើអន្តរាគមស្របច្បាប់។ លោកពូទីនធ្លាប់ដឹង​ថា មានភាពតានតឹង​រវាង​មេទាហានវ៉ាក់ណែ និង​ថ្នាក់ដឹកនាំ​យោធារុស្ស៊ី ប៉ុន្តែ លោកពូទីនមិននឹកស្មានថា លោកព្រីហ្គោហ្ស៊ីន ហ៊ានព្រហើន​លើកទ័ព ទៅផ្គើនលោក​នៅម៉ូស្គូ​ដែរ។

លើកនេះ លោកពូទីនមិនត្រឹម​តែអាម៉ាស់មុខ នៅឆាកអន្តរជាតិ ក្នុងនាមជាមេដឹកនាំ​រុស្ស៊ី​ដែល​ទន់ខ្សោយ​មិនអាច​គ្រប់គ្រង​ទាហាន​វ៉ាក់ណែ​ដែល​លោកបាន​បង្កើតដោយផ្ទាល់ដៃតែប៉ុណ្ណោះទេ ប៉ុន្តែ លោកអាច​ប្រឈម​នឹង​រលករិះគន់​តវ៉ា​ក្នុង​ស្រុករុស្ស៊ី។ និទណ្ឌភាព របស់​ក្រុមទាហាន​វ៉ាក់ណែ ដែលរួចផុត​រាល់ការចោទប្រកាន់ ការដាក់ទោស បើទោះបីជា​ពួកគេ ប៉ុនប៉ង​បះបោរ ប្រឆាំង មេដឹកនាំ​យោធារុស្ស៊ី​យ៉ាងដូច្នេះ នឹង​អាច​ជាគំរូ​ធ្វើ​ឲ្យ​អ្នកដែលមិនពេញចិត្ត​នឹង​ថ្នាក់លើ​ដទៃទៀត អាច​ហ៊ាន​ចេញមុខ​ផ្គើនអំណាច​របស់​ថ្នាក់ដឹកនាំរុស្ស៊ី នៅថ្ងៃ​អនាគត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ