អានតួអត្ថបទ

លោកប្លីងកិន៖ ការបះបោររបស់ទាហានវ៉ាក់ណែបង្ហាញ​មុខមាត់ពិត​នៃ​ការប្រេះស្រាំ​ក្នុងជួរថ្នាក់ដឹកនាំរុស្ស៊ី

ការបះបោរ​របស់​ពួកទាហាន​ស៊ីឈ្នួល​វ៉ាក់ណែ ដើម្បី​ផ្ចាញ់ផ្ចាល​ថ្នាក់ដឹកនាំ​រុស្ស៊ី មានរយៈពេលខ្លី​តែមួយថ្ងៃគត់ បន្ទាប់ពី មេទាហាន​វ៉ាក់ណែ​យល់ព្រមដកទ័ពចេញពីរុស្ស៊ី កាលពីថ្ងៃ​អាទិត្យ​ទី ២៥​មិថុនា ជាថ្នូរនឹង​ការលើកលែងទោស​ពី​រដ្ឋអំណាច​រុស្ស៊ី ដែល​បើកការស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​ប្រឆាំង មេទាហានវ៉ាក់ណែ។ សម្រាប់​ប្រមុខការបរទេស​អាមេរិក លោក​អង់តូនី ប្លីងកិន ទាហាន​បះបោរ​វ៉ាក់ណែ​ដកខ្លួន​ចេញពី​ទីក្រុង​រុស្ស៊ី Rostov មែន ប៉ុន្តែ ភាពជ្រួលច្របល់​មិនទាន់ចប់ នៅរុស្ស៊ី ហើយ​នឹង​ជះ​ឥទ្ធិពល​អាក្រក់​ទៅលើ​ប្រតិបត្តិការយោធា​របស់​រុស្ស៊ី នៅក្នុង​សង្រ្គាមអ៊ុយក្រែន។

FILE PHOTO: U.S. Secretary of State Antony Blinken looks on during a meeting with Turkish Foreign Minister Hakan Fidan at the Intercontinental O2 Hotel in London, Britain, June 21, 2023. REUTERS/Leah Millis/Pool/File Photo
FILE PHOTO: U.S. Secretary of State Antony Blinken looks on during a meeting with Turkish Foreign Minister Hakan Fidan at the Intercontinental O2 Hotel in London, Britain, June 21, 2023. REUTERS/Leah Millis/Pool/File Photo REUTERS - LEAH MILLIS
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីតាមដាន និងពិភាក្សា​ជាប្រចាំជាមួយ​សម្ព័ន្ធមិត្ត​អឺរ៉ុប ស្តីពី​ជម្លោះផ្ទៃក្នុង​ប្រទេស​រុស្ស៊ី ប្រមុខការបរទេស​អាមេរិក លោកអង់តូនី ប្លីងកិន​បានធ្វើ​អត្ថាធិប្បាយ​ជាលើកទី១ ពី​ស្ថានការណ៍​នៅ​រុស្ស៊ី។ សម្រាប់​រដ្ឋមន្រ្តីការបរទេស​អាមេរិក ការបះបោរ​របស់​ទាហានស៊ីឈ្នួលវ៉ាក់ណែ ដែលលើកគ្នា​ចូលកាន់កាប់​ទីស្នាក់ការកងទ័ពរុស្ស៊ី នៅ​Rostov និង​ដង្ហែរ​ក្បួន​សំដៅ​ម៉ូស្គូ ដោយ​គ្មាន​ឧបសគ្គ រារាំង​ពី​ខាង​កងទ័ព​រុស្ស៊ី គឺជាការផ្ចាញ់ផ្ចាល​ដោយផ្ទាល់នឹង​អំណាច​របស់ប្រធានាធិបតី​រុស្ស៊ី លោកពូទីន។​ ម្យ៉ាង​វា​បាន​បង្ហាញ​ពី​អំណាច​ប្រេះស្រាំ​របស់​លោក​ពូទីន។

តាម​ប្រមុខការបរទេស​អាមេរិក ហេតុការណ៍​នៅទីក្រុង​ម៉ូស្គូ នៅចុងសប្តាហ៍នេះ ជា​ព្រឹត្តិការណ៍​មិននឹកស្មានដល់ ព្រោះថា សម្ព័ន្ធមិត្ត​ដ៏ជិតស្និទ្ធ​របស់​លោកពូទីន និងកម្លាំងទាហានស៊ីឈ្នួល​វ៉ាក់ណែ ដែល​លោក​ពូទីន​ជា​អ្នកបញ្ជូន​ទៅធ្វើសង្រ្គាមនៅអ៊ុយក្រែន ស្រាប់តែបែរ​ងាកមក​ប្រឆាំងមេដឹកនាំ​រុស្ស៊ី និង​គំរាមកំហែងអំណាច​កណ្តាល​របស់​វិមានក្រេមឡាំង។

“កាលពី​១៦ខែមុន កងទ័ពរុស្ស៊ី​បាន​ឈ្លានពាន​វាយចូលជិត​ដល់​មាត់ទ្វារ​រដ្ឋធានីកៀវ​របស់​អ៊ុយក្រែន។ ប៉ុន្តែ នៅចុងសប្តាហ៍នេះ កងទ័ព​រុស្ស៊ី​ត្រូវពង្រាយ​ចាំ​ការពារ​រដ្ឋធានី​ម៉ូស្គូ របស់​រុស្ស៊ី ពី​ការគំរាមកំហែង​របស់​ពួកទាហានស៊ីឈ្នួលវ៉ាក់ណែ ដែល​លោកពូទីន​ខ្លួនឯង​ជា​អ្នកបង្កើតឡើង”។ នេះជាប្រសាសន៍​របស់​រដ្ឋមន្រ្តីការបរទេស​អាមេរិក មុននឹង​បន្ថែមថា មេទ័ពស៊ីឈ្នួលវ៉ាក់ណែ លោកព្រីហ្គោហ្ស៊ីន​ផ្ទាល់ ក៏បាន​ចោទសួរពីគោលដៅ​ធ្វើសង្រ្គាម​របស់​រុស្ស៊ី​នៅអ៊ុយក្រែន។

នៅក្នុង​សារ​តេឡេក្រាម ដើម្បី អំពាវនាវឲ្យ​ប្រជាជន​រុស្ស៊ី​ចូលរួម​ជាមួយ​ខ្លួន​ដើម្បី​នឹង​ប្រឆាំងមេដឹកនាំ​យោធា​រុស្ស៊ី មេវ៉ាក់ណែ​និយាយថា សង្រ្គាមរុស្ស៊ី​នៅអ៊ុយក្រែន​មិនមែន​ធ្វើឡើង​ដើម្បីប្រជាជនរុស្ស៊ី ប៉ុន្តែ ដើម្បីផលប្រយោជន៍​របស់​មេអំណាចធំៗ​នៅរុស្ស៊ី។ មួយវិញទៀត អ៊ុយក្រែន និង​អូតង់ មិនបាន​គំរាមកំហែង​រុស្ស៊ី ដូចការលើកឡើង​របស់​ថ្នាក់ដឹកនាំ​រុស្ស៊ី។

សម្រាប់​រដ្ឋមន្រ្តីការបរទេស ការប្រេះស្រាំ​នៃ​អំណាច​របស់​លោកពូទីន​នឹងអាច​ជះ​ឥទ្ធិពល​មួយផ្នែក​ទៅលើ​សតិអារម្មណ៍​របស់​កងទ័ព​រុស្ស៊ី ដែលធុញទ្រាន់ លែងជឿទុកចិត្ត និង​លែងចង់ដើរតាម​ថ្នាក់ដឹកនាំ ក្នុងការធ្វើសង្រ្គាមនៅអ៊ុយក្រែន។ វានឹងជួយអ៊ុយក្រែន​ទាញផលប្រយោជន៍បានខ្លះ ប៉ុន្តែ ប្រមុខការបរទេស​អាមេរិក​ប្រយ័ត្នប្រយែង មិនទាន់​ហ៊ាន​និយាយ​ថា ជម្លោះផ្ទៃក្នុង​នៅ​រុស្ស៊ី នឹង​អាច​ជះឥទ្ធិពល ធ្វើ​ឲ្យ​មាន​ការប្រែប្រួល​ធំដុំ នៅ​ក្នុង​សង្រ្គាមអ៊ុយក្រែន។

ក្រសួង​ការបរទេស​រុស្ស៊ី តាំងពីថ្ងៃ​សៅរ៍​បាន​ព្រមាន​ប្រទេស​លោកខាងលិច កុំឲ្យកេងចំណេញ ពីបញ្ហាផ្ទៃក្នុងរបស់រុស្ស៊ី។ ចំណែក​អ្នកនាំពាក្យ​របស់​វិមានក្រេមឡាំងថា ហេតុការណ៍​នៅ​ចុងសប្តាហ៍​មិន​ប៉ះពាល់​ដល់​ប្រតិបត្តិការពិសេស​របស់​រុស្ស៊ី នៅអ៊ុយក្រែន។ នៅចុងសប្តាហ៍នេះ កងទ័ពរុស្ស៊ី​នៅបាន​វាយរុញច្រានទាហាន​អ៊ុយក្រែន នៅភាគកើត និង​ខាងត្បូងអ៊ុយក្រែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ