អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីបានចិនអាចប្រឈមនឹងការខ្វះសាច់ដើម្បីចិញ្ចឹមពលរដ្ឋទាំង ១ ៤០០លាននាក់នាប៉ុន្មានឆ្នាំខាងមុខ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្មីៗ​នេះ អង្គការ​ស្បៀង និង​កសិកម្ម​ហៅកាត់ FAO និង​អង្គការ​នៃ​កិច្ចសហប្រតិបត្តិការ និង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ហៅកាត់ OCDE បាន​ចេញ​ផ្សាយ​របាយការណ៍​ស្តីពី​ទស្សនវិស័យ​កសិកម្ម​នៅ​ក្នុង​លោក​ចន្លោះ​ឆ្នាំ ២០២៣ និង​ឆ្នាំ ២០៣២។ របាយការណ៍​បាន​ផ្តល់​ចំណាប់អារម្មណ៍​ខ្លាំង​លើ​ប្រទេស​ចិន​ដោយ​បញ្ជាក់​ថា ចិន​នឹង​ត្រូវ​ប្រឈម​នឹង​បញ្ហា​ចម្បង​មួយ​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ។ បញ្ហា​ចម្បង​នោះ គឺ​ការ​ខ្វះ​សាច់ ពិសេស​សាច់ជ្រូក​ដើម្បី​ចិញ្ចឹម​ពលរដ្ឋ​ទាំង ១ ៤០០លាននាក់​របស់​ខ្លួន។

ហេតុអ្វីបានចិនអាចប្រឈមនឹងការខ្វះសាច់ដើម្បីចិញ្ចឹមពលរដ្ឋទាំង ១ ៤០០លាននាក់នាប៉ុន្មានឆ្នាំខាងមុខ?
ហេតុអ្វីបានចិនអាចប្រឈមនឹងការខ្វះសាច់ដើម្បីចិញ្ចឹមពលរដ្ឋទាំង ១ ៤០០លាននាក់នាប៉ុន្មានឆ្នាំខាងមុខ? Reuters//Kacper Pempel
ផ្សាយពាណិជ្ជកម្ម

ចាប់​ពី​ពេល​នេះ​ត​ទៅ ពិភពលោក​ហាក់​លែង​និយាយ ឬ​មួយ​ក៏​ហាក់​បាន​បំភ្លេច​ចោល​នូវ​ជំងឺ​កូវីដ១៩ នោះ​បើ​ទោះ​បី​ជា​ជំងឺ​ឆ្លង​រាតត្បាត​សកល​មួយ​នេះ​នៅ​មិន​ទាន់​រលាយ​បាត់​ទាំង​ស្រុង​ក៏​ដោយ។ អ្វីៗ​ហាក់​បាន​ត្រឡប់​ទៅ​រក​ភាព​ដើម​ដូច​នៅ​មុន​ផ្ទុះ​ជំងឺ​កូវីដ១៩។ ចិន​បាន​ចាកចេញ​ជា​ស្ថាពរ ហើយ​បាន​បង្ហាញ​ពី​ភាព​ធន​របស់​ខ្លួន ទោះ​បី​ជា​តម្លៃ​ទំនិញ​បាន​ឡើង​ថ្លៃ​ក៏​ដោយ នេះ​ជា​ការ​គូសបញ្ជាក់​របស់​អង្គការ​ស្បៀង និង​កសិកម្ម FAO និង​អង្គការ​នៃ​កិច្ចសហប្រតិបត្តិការ និង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច OCDEនៅ​ក្នុង​របាយការណ៍​ចេញ​ផ្សាយ​ថ្មីៗ​នេះ។ តាម FAO និង OCDE នគរោបនីយកម្ម​ឆាប់​រហ័ស​របស់​ចិន​នឹង​បន្ត​មាន​ជា​បន្ត​ទៀត។

កត្តា​នេះ​នាំ​ឱ្យ​មាន​កំណើន​កាន់​ច្រើន​ឡើង​នូវ​ការ​ប្រើ​អាហារកែច្នៃ​ដូច​ជា​ខ្លាញ់ ស្ករ រួម​ទាំង​សាច់។ នៅ​អាស៊ីអាគ្នេយ៍ ការ​ប្រើ​សាច់​នឹង​កើន​ចំនួន ១២% ពី​ពេល​នេះ​ទៅ​ឆ្នាំ ២០៣២ ហើយ​ចិន​ជា​ប្រភព​នៃ​កំណើន​នេះ ឬ​និយាយ​ឲ្យ​ស្រួល​យល់ ចិន​ជា​ប្រទេស​ដែល​ត្រូវ​ការ​សាច់​ច្រើន​ជាង​គេ​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ ពិសេស​គឺ​សាច់ជ្រូក។ ដើម្បី​អាច​មាន​សាច់ជ្រូក​គ្រប់គ្រាន់​សម្រាប់​ចិញ្ចឹម​ពលរដ្ឋ​ទាំង ១ ៤០០លាននាក់ ចិន​បាន​ពង្រឹង​គំរូកសិកម្ម​របស់​ខ្លួន។ ជាក់ស្តែង​ក្នុង​ឆ្នាំ ២០២២ ចិន​បាន​ដាក់​សម្ពោធ​អគារ​មួយ​កម្ពស់ ២៦ជាន់​ដោយ​មាន​ចិញ្ចឹម​ជ្រូក​ចំនួន ៦៥០ ០០០ក្បាល​ដើម្បី​យក​សាច់។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​បរិមាណ​ផលិតកម្ម​សាច់ជ្រូក​សរុប​ក្នុង​លោក ចិន​មាន​ចំណែក​ជាង​ពាក់កណ្តាល។ តែ​បញ្ហា​នៅ​ត្រង់​ថា បរិមាណ​សាច់ជ្រូក​របស់​ចិន​ខ្លួន​ឯង​នេះ​ក៏​នៅ​មិន​គ្រប់គ្រាន់​ដើម្បី​អាច​ឆ្លើយ​តប​នឹង​តម្រូវការ​សាច់​របស់​ពលរដ្ឋ​ដែល​កំពុង​កើន​ឡើង​ផង។ នៅ​ក្នុង​ករណី​នេះ ចិន​នៅ​បន្ត​ពឹង​លើ​ការ​នាំ​ចូល​សាច់​ពី​បរទេស​នា​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ ពិសេស​សាច់គោ។ ចូរ​កុំ​ភ្លេច​ថា នគរោបនីយកម្ម​បាន​ហុច​ចេញ​នូវ​ផលវិបាក​ដែល​គេ​មិន​អាច​មើល​រំលង​បាន នោះ​គឺ​ការ​រួម​តូច​នូវ​ផ្ទៃដី​កសិកម្ម និង​ការ​បំពុលដី។ គួរ​បញ្ជាក់​ថា​សព្វថ្ងៃ​នេះ ចិន​ទើប​បាន​ផ្តើម​បង្កើន​ការ​ចិញ្ចឹម​ជ្រូក​ឡើង​វិញ ក្រោយ​ពី​មាន​ផ្ទុះ​ជំងឺ​ប៉េស្តជ្រូកអាហ្វ្រិក​ដែល​ហាក់​នៅ​មិន​បាន​កំចាត់​បាត់​ទាំង​ស្រុង​នៅ​ឡើយ​ទេ។

ក្រៅ​ពី​ចិន ជំងឺប៉េស្តជ្រូកអាហ្រ្វិក​ដដែល​មួយ​នេះ​ក៏​បាន​ឆ្លង​រាល​ដាល​ចូល​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​នៅ​អាស៊ីអាគ្នេយ៍​ដែរ។ សព្វថ្ងៃ​នេះ ចិន​បាន​នាំ​សាច់ជ្រូក​ចូល​ជាង ១លានតោន​ក្នុង​មួយ​ឆ្នាំ។ ចំណែក​សាច់គោ​វិញ​ត្រូវ​បាន​ចិន​នាំ​ចូល​ច្រើន​ពី​ប្រទេស​ប្រេស៊ីល អាហ្សង់ទីន និង​អ៊ុយរូហ្កាយ។ ប្រទេស​នៅ​អាមេរិកឡាទីន​ទាំង ៣នេះ​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​សាច់គោ​ចិន​ចំនួន ៣ភាគ៤។ ដូច្នេះ​ខុស​ពី​ការ​លើក​ឡើង ការ​ទទួលទាន​សាច់​ក្នុង​ពិភពលោក​មិន​មាន​ការ​ថយ​ចុះ​ទេ នោះ​បើ​ទោះ​បី​ជា​មាន​ការ​ទទួល​ស្គាល់​ពី​ផលវិបាក​របស់​វា​ចំពោះ​បរិស្ថាន​ក៏​ដោយ។ តាម​អង្គការ​ស្បៀង និង​កសិកម្មFAO ការ​ប្រើ​សាច់​បាន​រួម​ចំណែក​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​ជិត ១៥%។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ការ​ប្រើ​សាច់​នៅ​ក្នុង​លោក​នឹង​កើន​ថែម​ទៀត​ពី ១០% ទៅ ១៥% ពី​ពេល​នេះ​ទៅ​ឆ្នាំ ២០៣២ ក្រោយ​ពី​បាន​ឡើង ៦ដង​នា​រយៈពេល ៦០ឆ្នាំ​ចុង​ក្រោយ​នេះ។ នៅ​ក្នុង​ប្រទេស​ចិន ការ​ប្រើ​សាច់​បាន​គុណ ១ នឹង ២០ដង​គិត​តាំង​ពី​ឆ្នាំ ១៩៦០។ ចិន​ត្រូវ​ការ​ស្បៀង​ដើម្បី​ចិញ្ចឹម​ពលរដ្ឋ​របស់​ខ្លួន​ទាំង ១ ៤០០លាននាក់​ជា​រឿង​មួយ​ធម្មតា។ តែ​ចំណោត​នៅ​ត្រង់​ថា កំណើន​តម្រូវការ​ស្បៀង​របស់​ចិន មិន​ថា​សាច់ ឬ​ជា​អាហារ​អ្វី​ទេ​បាន​ធ្វើ​ឲ្យ​តម្លៃ​របស់​វា​នៅ​លើ​ទីផ្សារពិភពលោក​ឡើង​ថ្លៃ​ខ្ពស់។ នេះ​អាច​ជា​ផលវិបាក​ជះ​ទៅ​លើ​ប្រទេស​មួយ​ចំនួន​ដែល​មាន​តម្រូវការ​ដូច​ចិន តែ​គ្មាន​សមត្ថភាព​ដើម្បី​ទិញ។

សរុប​មក ចិន​កំពុង​ពឹង​ខ្លាំង​លើ​ការ​នាំ​ចូល​សាច់ មិន​ថា​សាច់ជ្រូក ឬ​សាច់​គោ​ពី​បរទេស​ដើម្បី​បំពេញ​តម្រូវការ​ក្នុង​ស្រុក​ដែល​កំពុង​កើន​ឡើង​ជាមួយ​នឹង​កំណើន​របស់​ប្រជាពលរដ្ឋ។ តែ​ក្នុង​ពេល​ជាមួយ​គ្នា និង​ដើម្បី​បង្ការ​លើ​ការ​ពឹងពាក់​លើ​អ្នក​ដទៃ ចិន​បាន​ផ្តើម​ស្វែង​រក​បច្ចេកវិទ្យា​ដើម្បី​បង្កើត​សាច់​សិប្បនិម្មិត​ដែល​មាន​រស់ជាតិ និង​ក្លិន​ដូច​សាច់មែនទែន មិន​ថា​សាច់ជ្រូក សាច់គោ ឬ​សាច់មាន់​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ