អានតួអត្ថបទ
ចិន-ស្បៀងអាហារ

ចិន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ស្តុក​ស្បៀងអាហារ

រដ្ឋាភិបាល​ចិន​បាន​ចេញ​សារ​ណែនាំ នៅ​ល្ងាច​ថ្ងៃ​ចន្ទ​ទី ១ វិច្ឆិកា ២០២១ ឱ្យ​ប្រជាពលរដ្ឋ​ចិន​ទាំង​អស់ ត្រៀម​ស្តុក​ស្បៀង​អាហារ​​ ដែល​​ចាំបាច់បំផុត​ ដើម្បី​ឆ្លើយ​តប​នឹង​សេចក្តី​ត្រូវ​ការ​ប្រចាំ​ថ្ងៃ និង​ក្នុង​ករណី​មាន​ភាព​អាសន្ន​បន្ទាន់​អ្វី​កើត​ឡើង។ សេចក្តីអំពាវនាវធ្វើ​ឡើង​ក្នុង​ខណៈ​ដែល​ប្រទេស​​កំពុង​សាកល្បង​ប្រយុទ្ធ​ប្រឆាំង​នឹងស្ទុះ​ឡើង​ជា​ថ្មី​នៃ​ជំងឺ​រាតត្បាត​សកល​កូវីដ​១៩។

ចិន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ស្តុក​ស្បៀងអាហារ​
ចិន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ស្តុក​ស្បៀងអាហារ​ AFP - PETER PARKS
ផ្សាយពាណិជ្ជកម្ម

ក្រៅ​អំពី​​អំពាវនាវ​ឱ្យ​ស្តុក​ស្បៀង​ចាំបាច់​ដើម្បី​ប្រឈម​នឹង​សេចក្តីត្រូវ​ការ​ប្រចាំ​ថ្ងៃ និង​ក្នុង​ករណីមានអាសន្ន ក្រសួង​ពាណិជ្ជកម្ម​ចិន បានណែនាំ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ សម្រួល​ការ​ធ្វើ​កសិកម្ម​ សម្រួល​ចរន្ត​ផ្គត់ផ្គង់​ស្បៀង ព្រមទាំង​ឃ្លាំ​មើល​ឃ្លាំង​ស្តុក​បន្លែ ​សាច់ និង​ត្រូវ​រក្សា​សិ្ថរភាព​តម្លៃ​ស្បៀងអាហារ។

នៅក្នុង​សេចក្តី​អំពាវនាវ​របស់​ក្រសួង​ពាណិជ្ជកម្ម​ ចុះ​ផ្សាយ​តាម​ទំព័រ​វេបសាយ​ គ្មាន​​បញ្ជាក់​អំពី​មូលហេតុ​ដែល​រដ្ឋាភិបាល​ចិន​ជំរុញ​ឱ្យប្រជាពលរដ្ឋ​ត្រៀម​គិត​គូរ​បំរុង​ទុក​ស្បៀង​អាហារ​ចាំបាច់​ទេ ហើយ​ក៏គ្មាន​បញ្ជាក់​ថា​ប្រទេស​កំពុង​រង​ការ​គំរាម​កំហែង​ខ្វះ​ស្បៀងអាហារ​ដែរ។

ប៉ុន្តែក្នុង​ខណៈ​ដែល​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​រងារ​កាន់​តែ​ខិត​ម​ក​ដល់ ​រដ្ឋាភិបាល​ចិន​ខ្លាច​ក្រែង​តែប្រទេស​ត្រូវ​ប្រឈម​នឹង​រលក​​ចម្លងរាតត្បាត​​កូវីដ​១៩ ជា​ថ្មី ទើប​ត្រូវសម្រេច​​ចាត់​វិធានការ​យ៉ាង​តឹង​តែង​និង​ទាន់​ហន់​បំផុត។ គ្រាន់​តែ​មាន​លេច​ករណី​ឆ្លង​កើន​ឡើង​ជិត​១០០ករណី​ក្នុង​មួយ​ថ្ងៃ (៧១នាក់ នៅ​ថ្ងៃអង្គារ​និង​៩២​នាក់​កាលពី​ថ្ងៃចន្ទ) ចិន​បាន​សម្រេច​បិទ​ខ្ទប់​ខេត្ត​ភាគ​ខាង​ជើងជាមួយ​ប្រជាជន​យ៉ាង​ហោច​៦លាន​នាក់។

គេ​នៅ​ចង​ចាំ​បាន​ថា​ កាលពី​ដើម​ឆ្នាំ ២០២០ ក្នុង​ពេល​កំពុង​ផ្ទុះ​កូវីដ​១៩​ខ្លាំងដំបូង បណ្តាញ​ផ្គត់ផ្គង់​ស្បៀង​អាហារ​ចិន​ជួប​ការ​រអាក់រអួល​យ៉ាង​ខ្លាំង ដោយ​ហេតុ​តែចិន​បាន​បិទ​ខ្ទប់​​ប្រទេស​អស់​មួយ​ភាគ​ធំ ឯបណ្តាញ​ផ្លូវ​សំខាន់ៗ​ក៏​ត្រូវកាត់​ផ្តាច់​មួយ​រយៈ។ កាលណោះ លោកប្រធានាធិបតី​ចិន ស៊ីនជីនពីង បាន​អំពាវនាវ​​ឱ្យ​ប្រជាពលរដ្ឋ​ចេះ​សន្សំសំចៃ​ និ​ងកុំ​ខ្ជះខ្ជាយ​អាហារ។ ម្យ៉ាង​ទៀត ដោយ​ហេតុ​អាកាសធាតុ​ប្រែប្រួល នៅ​រដូវ​វស្សា​ថ្មីៗ​នេះ ចិន​រងគ្រោះ​ទឹក​ជំនន់​យ៉ាង​ធ្ងន់ធ្ងរ ដែល​បង្ក​ឱ្យ​មានការ​ខូត​ខាត​ផល​ដំណាំ​កសិកម្ម​ និង​ធ្វើ​ទំនិញ​ឡើង​ថ្លៃ​យ៉ាង​ខ្លាំង។

ជា​ចុងក្រោយ ក្នុង​នាមជា​ប្រទេស​នាំចូល​ផលិត​ផល​ស្បៀងអាហារ​លំដាប់​លេខ​មួយ​ពិភពលោក​ ស្ថានភាព​ស្បៀង​អាហារ​ចិន​​កាន់​តែ​ផុយស្រួយ ដោយហេតុតែ​​វិបត្តិការទូត​និង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយអាមេរិក កាណាដា ឬ​អូស្ត្រាលី។ កាលពី​ខែ​មុន​ ស្បៀងអាហារ​ចាំបាច់​ចំនួន​២៨​មុខ បាន​ឡើង​ថ្លៃ​១៦% បើ​ប្រៀប​ទៅ​នឹង​ខែ​មុន។

ក្នុង​ប្រវត្តិសាស្ត្រ ចិន​ធ្លាប់​ជួប​គ្រោះ​ទុរ្ភិក្ស​ ជា​ញយ​ដង ជាពិសេសគ្រោះ​ទុរ្ភិក្ស​​នៅ​ចុង​ឆ្នាំ​១៩៥០ និង​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៦០ នៅ​ពេល​រដ្ឋាភិបាល​​របប​កុម្មុយនិស្ត ប្រមូល​ដី​ដាក់​ជា​របស់​សមូហភាព បណ្តាល​ឱ្យ​ប្រជាជន​អស់​រាប់​សិប​លាន​នាក់ស្លាប់​បាត់​បង់​ជីវិត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ