អ្នកមានភ្នែកមីញ៉ូប ឆ្លាតជាងអ្នកមិនពាក់វែនតា ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:០១
សុភាពរាបសារ ពាក់អាវខ្ចប់ដៃ តឺនុយស្អាត សក់សិតយ៉ាងមានសណ្តាប់ធ្នាប់ ហើយជាពិសេសមានពាក់វែនតាតែម្តង ... នេះជារូបថតតំណាងសិស្សពូកែជាប់ចំណាត់លេខមួយក្នុងថ្នាក់ ដែលគេតែងតែមានទម្លាប់បង្ហាញ។ នៅពេលចង់អួតអំពីភាពឆ្លាត របស់សត្វសំណព្វចិត្ត គេក៏ច្រើនតែបំពាក់វែនតាឱ្យសត្វនោះដែរ។ ពាក់វែនតាជាសញ្ញានៃភាពឆ្លាតវៀងវៃមែនឬ? ដោយសារតែជំនឿនេះ អ្នកវិទ្យាសាស្ត្របានសាកល្បងស្រាវជ្រាវស្វែងរកការពិត។
មានភ្នែកមីញ៉ូប ពាក់វែនតាមានអ្វីមិនល្អ ! អាចជួយឱ្យបានមើលឃើញច្បាស់ហើយ ឡូយទៀត។ នៅប្រទេសខ្លះគេមានជំនឿថា អ្នកពាក់វែនតា សុទ្ធតែជាអ្នកចេះដឹង រៀនសូត្របានជ្រៅជ្រះ ជាបញ្ញាជន និយាយរួមគឺជាមនុស្សឆ្លាតវៃតែម្តង ! ជំនឿ និងគំនិតបែបនេះ បានហូរហៀដល់ត្រចៀកអ្នកវិទ្យាសាស្ត្រ ដែលចាប់អារម្មណ៍នាំគ្នាសិក្សាថា តើ អ្នកមីញ៉ូប ពិតជាឆ្លាតជាងអ្នកមិនមីញ៉ូប មែនឬយ៉ាងណា ?
តើមីញ៉ូបជាអ្វី ?
មុននឹងបកស្រាយអំពីលទ្ធផលស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ សូមលោកអ្នកជ្រាបថាមីញ៉ូម មិនមែនជាជំងឺទេ តែជាអាការៈសម្គាល់សមត្ថភាពមើលនិងគំឃើញរបស់ភ្នែក ដែលមើលឆ្ងាយមិនច្បាស់ ច្បាស់តែពេលមើលជិតៗ។
មីញ៉ូប អាចលេចឡើងតាំងពីកុមារ តាំងពីវ័យចូលសាលាដំបូង ក្នុងវ័យជំទង់ ឬនៅពេលវ័យដំបូង។ ពេលពេញវ័យមែនទែន ចាប់ពីម្តុំអាយុ២៥ឆ្នាំទៅ អាការៈមីញ៉ូបចាប់ផ្តើម នឹង លែងសូវឡើងដឺក្រេទៀតហើយ។ ប៉ុន្តែមានមីញ៉ូបខ្លះ ដឺក្រេខ្ពស់ ហើយបន្តវិវឌ្ឍជានិច្ច រហូតអស់មួយជីវិត។ មីញ៉ូបបែបនេះ គេហៅថាជាជំងឺមីញ៉ូប។
មីញ៉ូបជាអាការៈជំងឺភ្នែកដែលមានកើតឡើងច្រើនជាងគេនៅលើពិភពលោក និងមានកំណើនជារៀងរាល់ថ្ងៃ។ មួយភាគបីនៃមនុស្សធំពេញវ័យរស់នៅទ្វីបអឺរ៉ុប និងអាមេរិកខាងជើង មានភ្នែកមីញ៉ូប។ នៅទ្វីបអាស៊ី ចិន តៃវ៉ាន់ ហុងកុង ជប៉ុន ជាប្រទេសដែលមានអត្រាក្មេងមីញ៉ូបខ្ពស់ជាងគេ ដល់ទៅ ៨០-៩០% ក្នុងនោះ១០ទៅ២០% ជាជំងឺមីញ៉ូបផង។ អំបូរស្បែកស និងស្បែកលឿងអាស៊ី ងាយមានអាការៈមីញ៉ូបណាស់ ចំណែកជនជាតិអាហ្វ្រិក មានករណីមីញ៉ូបតិចជាងគេ។
មីញ៉ូបមានពូជ ! បើម្តាយឬឪពុក មានភ្នែកមីញ៉ូប កូនជំនាន់ក្រោយក៏កាន់ងាយមានមីញ៉ូបភ្នែក។ ក្រៅពីកត្តាពូជសាសន៍ និងពូជ មានកត្តារួមផ្សំជាច្រើនទៀត ដែលជំរុញឱ្យក្មេងមានសុខភាពភ្នែកមិនល្អ ធ្លាក់ខ្លួនមីញ៉ូប គឺ ពេលនៅក្នុងវ័យកុមារ មិនសូវបានចេញក្រៅផ្ទះ ទទួលពន្លឺព្រះអាទិត្យ មិនគ្រប់គ្រាន់។ ពេលវ័យកុមារ និងជំទង់ ប្រឹងមើលវត្ថុជិតៗកៀកភ្នែក។ ប្រើភ្នែកឱ្យធ្វើសកម្មភាពជ្រុលហួសហេតុនិងខុសទំនង ដោយប្រឹងសំឡឹងមើលជិតខ្លាំង (ប្រឹងអានពេក ប្រឹងចាក់ដេរពេក ប្រឹងមើលអេក្រង់ពេក ...)
មីញ៉ូបភ្នែកអាចពិបាកនឹងធ្វើឱ្យជាសះស្បើយ តែមានវិធីព្យាបាលដ៏ងាយបំផុត គឺ ពាក់វែនតា។ សម្រាប់មនុស្សធំ គេអាចមានជម្រើសបន្ថែមដោយប្រើកែវបិតលើភ្នែក និងការព្យាបាលដោយវះកាត់ឬដោយកាំរស្មី ដែលតម្រូវឱ្យមានការពិគ្រោះយោបល់យ៉ាងល្អិតល្អន់ជាមួយគ្រូពេទ្យជំនាញខាងភ្នែក។
សូមជ្រាបថា ថ្វីបើមីញ៉ូបភ្នែក ជាទូទៅមិនមែនជាជំងឺមែន ប៉ុន្តែជំងឺមីញ៉ូបក៏អាចបង្កហានិភ័យខ្លះដែរដល់សុខភាពភ្នែក ដោយអាចនាំឱ្យមានជំងឺភ្នែកធ្ងន់ធ្ងរ ដូចជា ជំងឺរបើកបាតភ្នែក ខូចសរសៃភ្នែកGlaucome ឬជំងឺភ្នែកឡើងបាយ។
មីញ៉ូប និងភាពឆ្លាត
តើអ្នកមានភ្នែកមីញ៉ូប ច្រើនតែឆ្លាតឬ ? អ្នកវិទ្យាសាស្ត្របានសិក្សាស្រាវជ្រាវច្រើន អំពីចំណោទនេះ។ អ្នកវិទ្យាសាស្ត្របានសាកល្បងធ្វើតេស្តវាស់IQកំរិតភាពឆ្លាតវៃរបស់កុមារ។ ជាលទ្ធផល ក្មេងមានភ្នែកមីញ៉ូប មានកំរិតមធ្យមភាគនៃភាពឆ្លាតវាងវៃ ខ្ពស់ ជាងក្មេងដែលមិនពាក់វែនតា (គ្មានបញ្ហាភ្នែកមីញ៉ូប)។ ពិតជាចម្លែកមែន និងកាន់តែដូចអ្វីដែលគេធ្លាប់គិតធ្លាប់ជឿមែនហើយ?! ចុះតើអ្នកវិទ្យាសាស្ត្រមានអំណះអំណាងអ្វីសម្រាប់មកពន្យល់អំពីលទ្ធផលដ៏គួរឱ្យចម្លែកនេះទេ ?
អ្នកវិទ្យាសាស្ត្រ មានតម្រ៉ុយពីរបី សម្រាប់មកបំភ្លឺប្រស្នានេះ។
ទីមួយ ភ្នែករបស់អ្នកមីញ៉ូប ជាភ្នែកដែលទម្រង់វែងជាភ្នែកធម្មតា (ហេតុដូច្នេះហើយបានគេមើលឆ្ងាយមិនសូវច្បាស់ និងជាមូលហេតុធម្មជាតិដែលនាំឱ្យមីញ៉ូប)។ ហើយហ្សែនមួយដែលជាភ្នាក់ងារមានទំនួលខុសត្រូវលើទំហំភ្នែក ទំនងជាមានពាក់ព័ន្ធនឹងទំហំ និងការលូតលាស់របស់ខួរក្បាល។ មានន័យថាបើភ្នែកមានអ័ក្សវែង ខួរក្បាលក៏ធំ។ ហើយបើតាមការវិភាគ ហ្សែនដដែលនេះ មានឥទ្ធិពលលើមីញ៉ូបផង លើភាពឆ្លាតផង។ សមត្ថភាពចងចាំ សមត្ថភាពនិយាយស្តី ឬពិចារណា មានជាប់នឹងភាពមីញ៉ូបផង។ អ៊ីចឹងហើយបានជាក្មេងមីញ៉ូប មានលទ្ធផល IQ ខ្ពស់ជាងក្មេងមិនមីញ៉ូប។
ការសិក្សាថ្មីចុងក្រោយ របស់អ្នកស្រាវជ្រាវមួយក្រុមផ្សេង បានមកបំភ្លឺប្រស្នាឱ្យកាន់ច្បាស់បន្ថែម។ អ្នកស្រាវជ្រាវបានសិក្សាវិភាគបណ្តុំហ្សែន (អាដេអិន) របស់មនុស្សជាងបីសែននាក់។ នៅក្នុងដំណាក់កាលដំបូង ពួកគេគាត់បានកំណត់រកឃើញហ្សែនឯករាជ្យចំនួន១៤៨ ដែលមានពាក់ព័ន្ធនឹងភាពវ័យឆ្លាត នឹងសមត្ថភាពរបស់ខួរក្បាល។ បន្ទាប់មក អ្នកស្រាវជ្រាវបានសាកល្បងស្វែងរកនិងភ្ជាប់ទំនាក់ទំនងនៃកំរិតភាពវ័យឆ្លាត ទៅនឹងទម្រង់អ្វី ផ្សេង។ ជាលទ្ធផល អ្នកមានកំរិតបញ្ញាខ្ពស់ ត្រូវការជំនួយ(ការមើល)ភ្នែក ដល់ទៅ២៨%លើសអ្នកធម្មតា។ ប៉ុន្តែអ្នកស្រាវជ្រាវក្រុមដដែលនេះ ទទួលស្គាល់ថាការសិក្សារបស់ពួកគេនៅមិនគ្រប់គ្រាន់នឹងចេញសេចក្តីសន្និដ្ឋានជាសា្ថពរថាមានទំនាក់ទំនងផ្ទាល់រវាងភាពឆ្លាតវ័យនឹងភ្នែកមីញ៉ូបបានទេ។
ជាចុងក្រោយ ការអាន អំណាន ជាកត្តាមួយសម្រួលឱ្យមានអាការៈមីញ៉ូបដែរ។ មិនដឹងថាជាចៃដន្យឬមិនចៃដន្យទេ តែបើតាមអ្នកវិទ្យាសាស្ត្រ ការអានច្រើន ជាទម្រង់មួយភាពឆ្លាតវៀងវៃរបស់មនុស្ស។ បើអានច្រើន ការយល់ដឹងនិងចំណោះក៏កើនច្រើន បញ្ញាក៏កើនទៅតាមនោះដែរ។
គ្រប់សម្មតិកម្មដែលបានរៀបរាប់មកនេះ ត្រូវការសិក្សាបញ្ជាក់បន្ថែមទៀតសិន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ