អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

ជក់​នឹង​​បណ្តាញ​សង្គម អាច​ប៉ះពាល់​ដល់​សុខភាព​យ៉ាងណា ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

“Instagram ជួយ​ក្មេង​ដែល​កំពុង​ជួប​ការ​លំបាក និង​ធ្វើ​ឱ្យ​ក្មេង​ជំទង់់មានអារម្មណ៍​ប្រសើរ​ឡើង” នេះ​ជា​អ្វី​ដែល​ស្ថាបនិក​ប្រព័ន្ធ​សង្គម​ លោក Adam Mosseri បាន​អះអាង​នៅ​ចំពោះ​មុខ​សភា​អាមេរិក​ កាលពីខែធ្នូ​ឆ្នាំ​២០២១។ សេចក្តី​ប្រកាស​នេះធ្លាក់​មកជួន​ចំពេលដែល​កាសែត​អាមេរិក Wall Street Journal បាន​ទម្លាយ​​របាយការណ៍​ផ្ទៃក្នុង​របស់ក្រុមហ៊ុន​​ហ្វេសប៊ុកដែល​សន្និដ្ឋាន​​ថា ​ប្រព័ន្ធ​សង្គម​Instagram ជា​សាខារបស់​ខ្លួន ផះ​ផលវិបាក​​មិនល្អ​ដល់​សុខភាព​របស់​យុវជន។តើ​ចាប់​ពី​ពេល​ណា និង​កំរិត​ណា ដែល​ការ​ប្រើប្រាស់​ប្រព័ន្ធ​សង្គម​ក្លាយ​ជា​ថ្នាំ​ពុល និង​ជា​គ្រឿង​​ញៀន ? តើគេ​អាច​ស្វ័យ​ត្រួត​ពិនិត្យ​ការលេង​ប្រព័ន្ធសង្គមបាន​ដោយ​របៀបណា ?

​បណ្តាញ​សង្គម ប៉ះពាល់​ដល់​សុខភាព​យ៉ាងណា ?
​បណ្តាញ​សង្គម ប៉ះពាល់​ដល់​សុខភាព​យ៉ាងណា ? © Shutterstock / Rawpixel.com
ផ្សាយពាណិជ្ជកម្ម

ប្រព័ន្ធ​សង្គម​អាច​ប៉ះពាល់​ដល់​សុខភាព​ និង​អាកប្បកិរិយា​របស់​ក្មេង​និង​ក្មេង​ជំទង់ខ្លាំងណាស់ គឺ​ជា​គ្រោះ​ថ្នាក់​ដែលមានប្រហាក់​ប្រហែល​នឹង​ផលវិបាក​បង្ក​ឡើង​ដោយ​​សុរា (ជាតិ​អាល់កុល) ​ដែរ។ ប៉ុន្តែ​ល្បែង​មួយ​នេះ​មិន​ត្រូវ​បានហាម​ឃាត់​ដោយ​ច្បាប់​ ដើម្បី​ការពារ​កុមារ​និង​ក្មេង​ទេ។ សំឡេង​ព្រួយ​បារម្ភ នៅ​ចំពោះ​សង្គម​ងប់​នឹង​ការតាមដាន​​ប្រព័ន្ធ​សង្គម​បាន​លាន់​ឡើង​ នៅ​សហរដ្ឋ​អាមេរិក បារាំង។

កាលពី​ថ្ងៃទី ១៧​កញ្ញា​២០២១ អ្នក​ជំនាញ​អាមេរិក​ខាង​បច្ចេកវិទ្យា​និង​ប្រព័ន្ធឃោសនា​ ដេរិក ធំសុំ Derek Thompson បាន​ចេញផ្សាយ​អត្ថបទ​មួយ ក្នុង​កាសែត​ ក្រោមចំណង​ជើង​ថា ប្រព័ន្ធសង្គម​ជាគ្រឿង​ស្រវឹង​ស្មារតី​។ បន្ទាប់​ពីលោក ទស្សនវិទូ​បារាំង​ លោក បាន​ចេញ​ផ្សាយ​អត្ថបទ​របស់​លោក​ស្តី​ពី​ជំងឺ​​ប្រព័ន្ធសង្គម ថា ការ​ញៀនបណ្តាញ​សង្គម​បានក្លាយ​ជា​បញ្ហា​បុគ្គល​ទៅ​បញ្ហាគ្រួសារ និង​ជា​បញ្ហា​សង្គមហើយ។

តើ​ការ​ជក់​ញៀន​បណ្តាញ​សង្គម ប៉ះពាល់​ដល់​សុខភាព​យ៉ាងណា ? សូម​ស្តាប់​ប្រសាសន៍​របស់​អ្នក​ស្រីវេជ្ជបណ្ឌិត Sabine Duflo សាប៊ីន ឌុយហ្លូ គ្រូពេទ្យជំនាញ​​ចិត្ត​វិទ្យា​គ្រួសារ ធ្វើ​ការ​នៅ​ផ្នែក​សង្គ្រោះបន្ទាន់ក្មេង​ជំទង់មាន​វិបត្តិ​ផ្លូវ​ចិត្ត នៃ​​មណ្ឌល​សុខភាព​សាធារណៈ ​Georges Daumezon ក្នុង​ស្រុក​ Fleury les Aubraisប្រទេស​បារាំង។

តើ​ការជក់មើល ឬលេង​ហ្វេសប៊ុក ឬបណ្តាញ​​សង្គមទូទៅ​ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ខួរក្បាល ?

Sabine Duflo ៖ “មិនមែន​ត្រឹម​តែ​ជា​ការ​សម្គាល់​របស់​ខ្ញុំ​នៅ​មន្ទីរ​ពេទ្យ​មួយ​ទេ ការ​សិក្សា​វិភាគ​ជា​លក្ខណៈវិទ្យាសាស្ត្រ​ក៏​បានបង្ហាញ​ថា  ការ​លេង​ប្រព័ន្ធ​សង្គម នឹង​ធ្វើ​ឱ្យ​ក្មេង​កាន់​តែមានអារម្មណ៍ឯកា។ ហើយ​បើ​ក្មេង​មាន​និស្ស័យ​ ឬ​អាការៈ​ថប់​បារម្ភ​ស្រាប់ អារម្មណ៍​នេះ​នឹង​កាន់​តែ​លេចធ្លោ​ខ្លាំង​និង​ធ្ងន់ធ្ងរឡើង។ បើ​ជា​អ្នក​ធ្លាប់​មានវិបត្តិ​ផ្លូវ​ចិត្ត ជំងឺ​ធ្លាក់​ទឹក​ចិត្ត អាការៈ​ជំងឺ​នោះ​នឹង​កាន់​តែធ្ងន់។ បាន​ន័យ​ថា ធ្លាប់​ឈឺ​អ្វី​ជំងឺនោះ​កាន់​តែធ្ងន់ធ្ងរ។ ​​ប្រព័ន្ធ​សង្គម​ជា​ល្បែង​ងាយ​ស្រួល ចូល​លេង​ពេលណាក៏​បាន​ អផ្សុក​ ធុនទ្រាញ់ ក៏ចូល​លេង​​ដើម្បី​ឱ្យ​ពេល​វេលា​ទៅលឿន​។ ​ហេតុ​ដូច្នេះហើយបាន​ជាល្បែង​នេះ​ ផ្តល់​ផល​ល្អ​ នៅ​ពេលភ្លាម​ដំបូង ព្រោះ​វា​បាន​ធ្វើ​ឱ្យ​យើង​ភ្លេច​ទុក​កង្វល់ ឬ​បង្វែរអារម្មណ៍​ទៅ​ណា​ផ្សេង ប៉ុន្តែសម្រាប់​ពេល​យូរ​និងវែងឆ្ងាយ​ទៅ ល្បែង​ប្រព័ន្ធសង្គម​នឹង​ផ្តល់​ឥទ្ធិពល​បញ្ច្រាស​វិញ។​ នៅពេលបានចូល​​លេង​​យូរ គេ​នឹង​ជក់​លេង​យូរ​ជាង​ការ​គិត​ពី​ដំបូង។ ពេលឈប់​លេង​អារម្មណ៍​កណ្តោចកណ្តែង មួរហ្មង នឿយហត់​​ទាំង​អម្បាល​ម៉ានដែល​មាន​ពី​ពេល​មុន ​ ​នឹង​វិល​ត្រលប់​មកវិញ​ទាំង​អស់។ ហើយ​យើង​នឹង​​មានអារម្មណ៍​កាន់​តែមិន​ល្អ កាន់​តែឯកា”។

គ្រោះ​ថ្នាក់​នៃ​ការ​លេង​និងញៀន​ប្រព័ន្ធសង្គម​​ចំពោះ​សុខភាព​ខួរ​ក្បាល​ អាច​មាន​ពាក់​ព័ន្ធ​នឹង​អាយុ​របស់​អ្នកប្រើប្រាស់​ដែរ​ឬទេ​ ?

Sabine Duflo ៖ “ចាស​ច្បាស់​ណាស់ ! នៅក្នុង​ខួរ​ក្បាលរបស់​មនុស្ស មាន​ផ្នែកមួយ​មាន​តួនាទី​ជា​អ្នកសម្រេច​បំណង​របស់​ខ្លួន។​ ខួរក្បាលអាច​បំពេញ​តួនាទី​បាន​ត្រឹមត្រូវ​និង​ពេញ​លេញ​នៅ​ពេល​ចូល​ដល់​វ័យ ២០-២៥​ឆ្នាំ​។ ដូច្នេះ​នៅ​ក្នុង​វ័យ​ក្មេង វ័យ​ជំទង់​ ការគិត​របស់ក្មេង​នៅ ទន់​ទ្រាយ​ណាស់​ ដូចពាក្យ​ចាស់​លោកពោល​ថា​ នៅ​ក្មេងសេចក្តី​ពុំទាន់​ចេះ​គិត​យ៉ាង​ដូច្នោះ។ ខួរ​ក្បាលក្មេង​ពិត​ជា​មិនអាច​បំពេញ​តួនាទី​ប្រតិបត្តិ​បាន​ល្អ​ទេ​ នៅ​ចំពោះ​ចំណង់​ និងតុណ្ហា​​ដ៏​ច្រើនសន្ធឹក​សន្ធាប់​នោះ”។

តើ​អ្វី​ទៅ​រោគ​សញ្ញា​បញ្ជាក់​ថា​អ្នក​ប្រើប្រាស់​ប្រព័ន្ធសង្គមជ្រុលហួសហេតុ ?

Sabine Duflo ៖ “ងាយ​ទេសម្គាល់​ទេ ! គឺ​នៅពេល​ណា​ដែលយើង​លែង​ធ្វើ​អ្វី​ដែល​​ធ្លាប់​ធ្វើ​មុន​ មួយភាគ ឬ​ទាំង​ស្រុង។ លែង​សូវ​ចេញ​ក្រៅ​ ហើយ​ចំណាយ​ពេលវេលា​កាន់​តែ​តិច​ទៅៗ ជាមួយ​ក្រុមគ្រួសារ ជាពិសេស​ជាមួយ​ កូន​ចៅ​ប្តីប្រពន្ធ​។ មាន​វិបត្តិ​ដំណេក (គេង​មិន​សូវ​លក់)។ មានវិបត្តិ​អារម្មណ៍ ឆាប់​មួរម៉ៅ ឆាប់​ខឹង លែង​សូវ​ចូលសង្គម អឿខ្លាំង​ គិត​ថា​ខ្លួន​គ្រាន់​បើ​ជាងគេ ... ទាំង​អស់​នេះហើយ​ ជា​អាការៈ​សញ្ញា​ដែល​អាច​ដាស់​ប្រាប់​យើង​ថា បុគ្គល​នោះ​​កំពុង​ពុល​/ញៀន​ជំងឺ​ប្រព័ន្ធ​សង្គម ឬ​និយាយយ៉ាង​សាមញ្ញ​ថា ងប់ប្រព័ន្ធ​សង្គមជ្រុល​ហួស​ហេតុ​។”

ជា​ទូទៅ​បុគ្គល​អ្នក​ជក់​ប្រព័ន្ធ​សង្គម​មិន​បាន​ដឹង​ខ្លួន​ដោយ​ខ្លួន​ឯង បើ​គ្មាន​​អ្នក​នៅ​ជិត​ជា​អ្នកសម្គាល់​ និង​ដាស់​តឿន​នោះ។ តើ​មានទិកនិក​អ្វី​ សម្រាប់​ ស្វ័យគ្រប់ខ្លួន នៅ​ពេល​លេង​ប្រព័ន្ធ​សង្គម ដើម្បី​កុំ​ឱ្យ​លង់​ជ្រុលហួសហេតុ​ ទេ ?

Sabine Duflo ៖ “ប្រព័ន្ធ​សង្គម​ត្រូវ​បាន​បង្កើត​ឡើង​ ដោយ​មាន​កម្មវត្ថុ​ជំរុញ​ឱ្យ​អ្នកប្រើប្រាស់ តាមដាន​ និងនៅ​អនឡាញ​ យូរ​បំផុត​តាមដែល​អាច​ធ្វើ​ទៅ​បាន។ គ្រប់​ប្រព័ន្ធ​សង្គម​លើ​អ៊ីនធ័រនែត មានគោលការណ៍​​តែមួយដូចគ្នា គឺ សន្សំសំចៃ​អារម្មណ៍ មានន័យ​ថា​ គេមាន​បញ្ចូល​កម្មវិធី​ទាក់​អារម្មណ៍​ ធ្វើ​មិន​ឱ្យ​អ្នកប្រើប្រាស់​ធុន ហើយ​នៅ​បន្ត​តាមដាន​លើ​ប្រព័ន្ធ​សង្គម​ណាមួយ បាន​យូរ​ម៉ោង។ ជា​ការ​ពង្វក់​អារម្មណ៍​ឱ្យ​ជក់ ឱ្យ​ញៀន​ ហេតុ​ដូច្នេះ​គេពិត​ជាពិបាកគ្រប់គ្រង​ខ្លួនឯង​ណាស់​ និង​តម្រូវ​ឱ្យ​មាន​ជំនួយ​ដាស់សតិ​ពី​អ្នក​ផ្សេង​នោះ។ ហើយ​នៅពេល​យើង​ចាប់​ដឹង​ថា​យើង​លេង​ប្រព័ន្ធសង្គម​ច្រើនជ្រុល នោះ​មាន​ន័យ​ថា​យើង​កំពុង​ជា​ពី​ភាពងប់​​ញៀនហើយ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ