អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

តើ​គេ​អាច​សម្គាល់​រោគសញ្ញាដំបូង​នៃ​ជំងឺ​រលាក​ស្រោម​ខួរ​ក្បាល​បាន​យ៉ាង​ដូចម្តេច ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ដូច​ឈ្មោះ​ដែល​បាន​ហៅ ​រលាក​ស្រោម​ខួរក្បាល ជា​ជំងឺ​ដែល​វាយប្រហារ​លើ​ស្រោម​ខួរក្បាល និង​ខួរ​ឆ្អឹង​ ​យ៉ាង​លឿន​រហ័ស​ ហើយ​អាច​សម្លាប់​និង​ធ្វើ​ឱ្យ​អ្នក​ជំងឺជាពិសេស​ក្មេង​និង​កុមារ ​មាន​ពិការភាព​ជាប់​នឹង​ខ្លួន​អស់​មួយ​ជីវិត។ សំណាង​អាច​ជួយ​សង្គ្រោះ​អ្នក​ជំងឺ​រលាកស្រោម​ខួរក្បាល អាស្រ័យ​ទាំង​ស្រុង​ទៅលើ​ល្បឿន​នៃការ​ព្យាបាល​។ ដូច្នេះ​សួរ​ថា​តើមាន​អាការៈ​សញ្ញា​ដំបូងៗ ​សម្រាប់​សម្គាល់ដែរឬទេ ?

បាក់តេរី méningocoque ដែល​អាច​បង្ក​ជំងឺ​រលាក​ស្រោម​ខួរក្បាល​ធ្ងន់ធ្ងរ
បាក់តេរី méningocoque ដែល​អាច​បង្ក​ជំងឺ​រលាក​ស្រោម​ខួរក្បាល​ធ្ងន់ធ្ងរ © Shutterstock / Tatiana Shepeleva
ផ្សាយពាណិជ្ជកម្ម

រលាក​ស្រោម​ខួរ​ក្បាល​ជា​បញ្ហា​សុខភាព​សាធារណៈ​ សម្រាប់​ពិភពលោក​ទាំង​មូល​ ព្រោះ​ជំងឺ​នេះ​មាន​កើត​នៅគ្រប់ទិស​ទី។ ជំងឺ​រលាកស្រោម​ខួរ​ក្បាល​អាច​បណ្តាលមក​ពី​មក​ភ្នាក់ងារ​ចម្លង​ច្រើន ដោយ​អាច​ជា​ ពួក​បាក់តេរី វីរុស ផ្សិត និង​ប៉ារ៉ាស៊ីត​។ រលាកស្រោមខួរ​ក្បាល​បង្ក​ឡើង​ដោយ​បាក់តេរី កំណាច​គួរ​ឱ្យ​ព្រួយ​បារម្ភ​ជាង​គេ ដោយ​អាច​នឹង​ធ្វើ​អ្នក​ជំងឺ​ម្នាក់​ក្នុង​ចំណោម​១០នាក់​ស្លាប់​ និង​ម្នាក់​ក្នុង​ចំណោម​៥​នាក់​មានពិការភាព​ជាប់​នឹង​ខ្លួន ឬ​មាន​ជំងឺ​ធ្ងន់ផ្សេង​ទៀត ដូច​ជា​​ប្រភេទជំងឺ​​រលាក​សួត។ បាក់តេរី​នាំ​ឱ្យ​មាន​ជំងឺ​រលាកស្រោម​ខួរ​ក្បាល​ស្រួចស្រាវ សំខាន់​ជាង​គេបួន​គឺ ៖

Neisseria meningitidis (méningocoque)

Streptococcus pneumoniae (pneumocoque)

Haemophilus influenzae

Streptococcus agalactiae (streptocoque du groupe B)

ជា​ប្រភេទ​ជំងឺ​ធ្ងន់ ​មាន​អត្រា​មរណៈ​ខ្ពស់​ខ្លាំង​ និង​បន្សល់​ទុក្ខ​នូវ​ផលរំខាន​ធ្ងន់ធ្ងរណាស់។ ការ​ជួយ​សង្គ្រោះ​ជីវិត​​អ្នក​ជំងឺអាស្រ័យ​ទាំង​ស្រុង​ទៅ​លើ​ល្បឿន​នៃ​ការ​ព្យាបាល​។ ដូច្នេះ​យើង​ត្រូវ​ចេះ​សម្គាល់​រោគ​សញ្ញា​ជំងឺ​ ដែល​បញ្ជាក់​អំពី​ភាព​បន្ទាន់​​ថា​ត្រូវ​នាំ​អ្នក​ឈឺ​ទៅ​មន្ទីរ​ពេទ្យ​។ សូម​ស្តាប់​ប្រសាសន៍​របស់​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គ្រីស្តុហ្វ រ៉ាប់ Pr Christophe Rapp គ្រូពេទ្យ​ជំនាញ​មេរោគ​វិទ្យា​នៅមន្ទីរ​ពេទ្យ​អាមេរិក ក្រុង​ប៉ារីស។

“គំរូ​រោគ​សញ្ញា​ជា​ទូទៅ​បំផុតនៃ​ជំងឺ​រលាក​ស្រោម​ខួរ​ក្បាល គឺ​ការ​ក្តៅ​ខ្លួន​ខ្លាំងភ្លាមៗ អម​ដោយ​អាការៈ​ឈឺក្បាល​ និងក្អួត។ តែ​ចំពោះ​ទារក​ទើប​នឹង​កើត និង​មនុស្ស​ចាស់​វិញ រោគ​សញ្ញា​អាច​ប្រែប្រួល និង​ខុស​ប្លែក​ពី​នេះ ៖ ទារក អាច​នឹង​កិកកុក ​ងិកងក់ រក​រឿង​ យំថ្ងូរ ហើយមាន​វិបត្តិ​ស្មារតី។ ចំពោះ​មនុស្ស​ចាស់ គាត់​អាចបាត់​បង់​ស្មារតី ឬប្រកាច់​។ ដូច្នេះ​គេ​ពិត​ជា​ពិបាក​កំណត់​រោគ​វិនិច្ឆ័យ​ណាស់។

ប៉ុន្តែ​ដោយហេតុ​ថា​ជំងឺ​នេះ​ច្រើន​តែ​កើត​ឡើង​លើ​ក្មេង ​សូម​អ្នក​ជា​ឪពុកម្តាយ​ទារក​និង​ក្មេង​តូច ចង​ចាំ​និង​ចេះ​សម្គាល់​មើល​កូន​ ជាពិសេស​គឺ​សម្គាល់​មើល​ស្បែក​។ បើ​ឃើញ​មាន​ស្នាម​អុជ​ក្រហមៗ​ ឬ​ស្វាយ​ លេច​ឡើងយ៉ាង​លឿន​ ប្លែក​ខុស​ប្រក្រតី នៅលើ​ទ្រូង លើ​ដៃ​ លើ​ជើង លើ​ខ្លួន របស់​កូនៗ​ ត្រូវប្រញាប់​រួសរាន់​នាំ​កូន​ទៅ​ពេទ្យ ដើម្បី​បាន​ទទួល​ការ​ព្យាបាល​ទាន់​ពេលវេលា​ ព្រោះនេះ​​សញ្ញា​បែប​បន្ទាន់​ខ្លាំង​ដែល​អាច​ប៉ះពាល់​ជីវិត​ហើយ​។ នេះ​ជា​សារ​ដ៏​សំខាន់​សម្រាប់​ឱ្យ​ឪពុក​ម្តាយ​ចេះ​សម្គាល់​ពី​សញ្ញា​គ្រោះថ្នាក់។ ស្នាមក្រហម​ឬ​ស្វាយ​លើ​ស្បែក​បែប​នេះ ជា​សញ្ញា​ប្រាប់​ថាមាន​បាក់តេរី​ឆ្លង​ចូល​ដល់​ក្នុង​ឈាម។ ការ​លេច​ស្នាមកកឈាម​លើ​ស្បែក​ ជា​ទម្រង់នៃ​ការ​បង្ក​រោគធ្ងន់ធ្ងរ​បំផុតនៅលើពិភពលោក ដែល​តម្រូវ​ឱ្យ​មាន​ការ​ព្យាបាលជា​បន្ទាន់ ដូច​ជំងឺ​គ្រុន​ចាញ់​ដែរ ​ដោយ​ប្រើ​ថ្នាំ​អង់ទីប៊ីយូទិក (ថ្នាំផ្សះ) ឱ្យ​បាន​ឆាប់​​បំផុត នៅ​រវាង​ពីរ​ម៉ោងក្រោយ​លេច​រោគសញ្ញា។

ជំងឺ​រលាក​ស្រោម​ខួរក្បាល អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ ប៉ុន្តែ​ក្មេង​តូច​ងាយ​រងគ្រោះ​ខ្លាំង​ជាង​គេ។

ទារក​ទើប​នឹង​កើត​ច្រើន​តែ​មាន​ជំងឺ​រលាក​ស្រោម​ខួរ​ក្បាល​បង្ក​ឡើង​ដោយ​បាក់តេរី  streptocoques ក្រុមB។ ចំណែក​កុមារ​ជា​ក្មេងតូច​ ច្រើន​តែ​ប្រឈម​នឹង​ពពួក​បាក់តេរី méningocoques, aux pneumocoques និង​ l’Haemophilus influenzae ។ រីឯ​ក្មេង​ជំទង់​ និង​ក្មេង​ទើប​ពេញ​វ័យ​ប្រឈម​ជា​ពិសេ​សនឹង​គ្រោះ​កើត​ជំងឺ​រលាក​ស្រោម​ខួរ​ក្បាល​ នៃ​បាក់តេរី méningococcie។ ជា​ចុងក្រោយ​ ចំពោះ​ក្រុមមនុស្ស​វ័យ​ចំណាស់ ហានិភ័យ​មាន​ខ្ពស់​ខ្លាំង​នឹង​ pneumococcie ។

តំបន់​​អាហ្វ្រិក​សាហារ៉ា មាន​ករណី​រលាក​ស្រោម​ខួរក្បាល​ច្រើន​ជា​ពិសេស​ជាង​គេ។ ហើយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​នេះ ត្រូវ​បាន​បូក​បន្ថែម​ដោយ​លក្ខខណ្ឌ​ជីវិតមិន​ល្អ ដូច​ជា​ រស់​នៅ​ផ្តុំ​គ្នា​ច្រើន ក្នុង​ជំរំជនភៀសខ្លួន ក្នុង​ទីស្នាក់​តូច​ចង្អៀត​ខ្លាំង ក្នុង​សាលា​រៀន​ ក្នុង​បន្ទាយ​យោធា និងក្នុង​កន្លែង​ធ្វើការ​ខ្លះ។ ​មាន​ប្រព័ន្ធការ​ពារ​ខ្លួន​ទន់​ខ្សោយ មាន​ជំងឺ​អេដស៍ សុទ្ធ​សឹង​ជា​​កត្តា​បង្កើន​ហានិភ័យ​កើត​ជំងឺ​រលាក​ស្រោម​ខួរ​គ្រប់​ប្រភេទ​ទាំងអស់។

របៀប​ចម្លង​វិញ​ ក៏​ប្រែប្រួល​ទៅ​តាម​ប្រភេទ​នៃ​ភ្នាក់ងារ​បង្ក​រោគ​ដែរ។ ប៉ុន្តែ​បើ​ជា​ជំងឺ​រលាកស្រោម​ខួរក្បាល​បង្ក​ឡើង​ដោយ​បាក់តេរី ជំងឺ​នេះ​អាច​ចម្លង​ទៅ​មនុស្ស​នៅ​កៀក​គ្នា​បំផុត គ្រាន់​តែ​ថា​រាល់​គ្រប់​ការ​ចម្លង​មិន​ប្រាកដ​ថា​អាច​បង្ក​ឱ្យ​មាន​ជំងឺ​ទេ។ បាក់តេរី​ដែល​ឆ្ល​ងចូល​ទៅ​តាម​ទឹក​មាត់ តាម​ទឹក​សំបោរ​ ឬ​នៅ​ពេល​ឆ្លង​ទន្លេ ជា​ទូទៅ​មិន​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ឡើយ តែ​ជា​ការ​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​ខ្លួន​ទៅ​វិញ​ទេ។ ​បាក់តេរី​អាច​បង្ក​ជា​ជំងឺ​ ​បាន នៅពេល​ណាដែល​​បាក់តេរីនោះ​ ជួនកាល​អាច​ឈ្លានពាន​សរីរាង្គ​កាយ​បាន។

រលាក​ស្រោម​ខួរក្បាលបង្កឡើង​ដោយ​បាក់តេរី ជា​​​ជំងឺដែល​អាច​ធ្វើ​ផ្តាច់​ជីវិ​តមនុស្ស​បាន​យ៉ាង​ឆាប់​រហ័ស ប្រសិន​បើ​គ្មាន​ការ​សង្គ្រោះ​ទាន់​ពេលវេលា។ ដូច​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គ្រីស្តុហ្វ​ រ៉ាប់ បាន​លើក​ឡើង​អំបាញ់​មិញ​ស្រាប់ ជំងឺ​រលាកស្រោម​ខួរ​ក្បាល​ទាមទារ​ការព្យាបាល​បន្ទាន់ និង​ដោយ​ប្រើថ្នាំ​ផ្សះ។ ប៉ុន្តែ​មិនមែន​គ្រប់​ថ្នាំផ្សះ​សុទ្ធ​តែអាច​សម្លាប់​បាក់តេរី​បាន​ទេ។ សូម​ស្តាប់​ប្រសាសន៍​របស់​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ជា​ថ្មី ៖​

តើ​ថ្នាំ​ផ្សះ​មានប្រសិទ្ធភាព​យ៉ាងណា ?

“ថ្នាំផ្សះ​មាន​ប្រសិទ្ធភាព​ខ្លាំងណាស់ ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថាត្រូវ​ជ្រើសរើស​​ប្រើ​ថ្នាំ​អង់ទីប៊ីយូទិក​ដែល​ត្រូវ​ចំប្រភេទ​បាក់តេរី​ ជា​ភ្នាក់ងារ​បង្ក​ជំងឺ​រលាក​ស្រោម​ខួរក្បាលនោះ​ទើប​បាន។ ជំងឺ​រលាកស្រោម​ខួរក្បាល​បង្ក​ឡើង​ដោយ​បាក់តេរី​ច្រើន​ប្រភេទ​ណាស់ តែ​បាក់តេរីដែល​គេ​ស្គាល់​ច្រើន​ជាង​​គេ​គឺ​បាក់តេរី méningocoque មេណាំងហ្កូកុក តែ​​ក៏​មាន​ដែរ​បាក់តេរី​ប្រភេទ ស្លិបតូកុក Streptocoque ឬអេម៉ូហ្វីលូ Haemophilus ។ល។ និង​។ល។ ការ​កំណត់​ថាតើ​ជំងឺបង្ក​មកពី​បាក់តេរី​មួយ​ណា​នេះ​ហើយ​ដែល​ជា​ការ​លំបាក​ខ្លាំង​បំផុត​នោះ​។ ដើម្បី​បាន​ដឹង​អំពី​ប្រភេទ​បាក់តេរី គេ​ត្រូវ​​បូម​យក​ទឹក​ក្នុងក្បាល​មក​វិភាគ​។ អ៊ីចឹង​ហើយ​ទើប​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ជួ​បការ​លំបាក​ខ្លាំង​។”

អរគុណ​លោកសាស្ត្រាចារ្យ ! មធ្យោបាយ​ដ៏​ប្រសើរ​ជាង​បំផុត គឺ​ការ​ការពារ។ ចាក់​ថ្នាំបង្ការ​ ជា​មធ្យោបាយ​​ដែល​មាន​ប្រសិទ្ធភាព​ជាង​គេ​ក្នុង​ការ​កាត់​បន្ថយ​ជំងឺ​រលាកស្រោម​ខួរក្បាល​ និង​ផលវិបាក​នៃ​ជំងឺ។

វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ស្រោម​ខួរក្បាល​​ប្រឆាំង​នឹង​ពពួក​បាក់តេរី​កំណាចៗ​ខ្លាំង មាន​ជា​អាទិ៍​​បាក់តេរី  méningocoque, pneumocoque និងHaemophilus influenzae  មាន​តាំង​ពី​ជា​ច្រើន​ឆ្នាំមក​ហើយ​។ ប្រទេស​ខ្លះ​បាន​បញ្ចូល​វ៉ាក់សាំង​ខាង​លើ​នេះ​ក្នុង​កម្មវិធី​ចាក់​ថ្នាំ​បង្ការ​ជាតិ​ផង។ ប៉ុន្តែ​រហូត​មក​ទល់​នេះ​ ពិភពលោក​នៅមិនទាន់​មាន​ ថ្នាំបង្ការ សម្រាប់​ប្រឆាំង​នឹង​ជំងឺ​រលាកស្រោម​ខួរក្បាល​ ជា​លក្ខណៈ​ទូទៅ ដែល​មាន​ច្រើន​ប្រភេទ​ ច្រើន​ទម្រង់​ និង​បង្ក​ឡើង​ដោយ​​បាក់តេរី  យ៉ាង​ច្រើន​ប្រភេទ​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ