អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

Endométriose ឬ ជំងឺ​ចុក​ពោះ​ពេល​ធ្លាក់​រដូវ ជា​ការ​ធម្មតា របស់​ស្ត្រី ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុង​កម្មវិធី​សុខភាព​នា​ថ្ងៃ​ពុធ​ទី ៨ មីនា ទិវា​នារី​អន្តរជាតិ​ថ្ងៃ​នេះ អៀង​សុខម៉ិញ សូម​ណែនាំ​ឱ្យ​អស់​លោក​អ្នក​នាង​បាន​ស្គាល់​អំពី​ជំងឺ​ស្ត្រី​មួយ​ប្រភេទ ដែល​ពិភពវេជ្ជសាស្ត្រ​នៅ​មិន​ទាន់​ស្គាល់​ច្បាស់​នៅឡើយ។ នោះ​គឺ​ជំងឺ​ចុកពោះ ពេល​ធ្លាក់​រដូវ​ អង់ដូមេទ្រីយូស្ស។

L'endométriose est une maladie gynécologique fréquente qui touche près d'une femme sur dix. (Image d'illustration)
L'endométriose est une maladie gynécologique fréquente qui touche près d'une femme sur dix. (Image d'illustration) Getty Images - Kinga Krzeminska
ផ្សាយពាណិជ្ជកម្ម

កាលពី​ថ្ងៃទី ១៦ កុម្ភៈ​២០២៣ អេស្ប៉ាញ​បានក្លាយ​ជា​ប្រទេស​ដំបូង​គេ​បង្អង់​នៅអឺរ៉ុប ដែលបាន​បោះឆ្នោត​អនុម័ត​ច្បាប់​ផ្តល់​ការ​ឈប់​សម្រាកពេល​ធ្លាក់​រដូវ ​ដល់​ស្រ្តី​ដែល​​មាន​ខែ​អម​ដោយ​ការ​ឈឺ​ចុក​ចាប់។ ជា​វិធានការជា​ប្រវត្តិសាស្ត្រ​សម្រាប់​ស្ត្រី​​ដែល​ពុំ​ធ្លាប់​មាន​ទេ​នៅ​អឺរ៉ុប ហេតុ​ដូច្នេះ​ហើយ​បាន​ជា​រដ្ឋាភិបាល​អេស្ប៉ាញចង់​ធ្វើ​ជា​គំរូ​ចាប់​ផ្តើម​ទម្លាយ​រឿង​ដែល​គេ​ធ្លាប់​តែ​លាក់​​មិន​ហ៊ាន​និយាយ​កន្លង​មក។

ក្រៅ​អំពី​អេស្ប៉ាញ ច្បាប់​ផ្តល់​សិទ្ធិ​ឱ្យ​ស្ត្រី​បាន​ឈប់​សម្រាក​ពេល​មក​​រដូវ​ មាន​អនុវត្ត​នៅក្នុង​បណ្តា​ប្រទេស​មួយ​ចំនួន​ផ្សេង​ទៀត​នៅលើ​ពិភពលោក មាន​ជាអាទិ៍ និង​ដំបូងគេ​បង្អង់​ នៅ​ប្រទេស​ជប៉ុន។

តាំងពី​ឆ្នាំ​១៩៤៧មក ច្បាប់​ជប៉ុន​បានចែង​មិន​ឱ្យ​ក្រុមហ៊ុន​សហគ្រាស​បង្ខំ​ស្ត្រី​ឱ្យ​មក​ធ្វើ​​ការទេ បើ​ស្ត្រី​គាត់​សុំ​ឈប់​ព្រោះ​មូល​ហេតុ​ដល់​ថ្ងៃ​ធ្លាក់​រដូវ។ ស្ត្រី​អាច​ឈប់​ប៉ុន្មាន​ថ្ងៃ​ក៏​បាន ប៉ុន្តែ​ជា​ទូទៅ​ស្ត្រី​ទាំង​នោះ​​មិន​បាន​ទទួល​កម្រៃ​ទេ។ បើ​តាម​ស្ថិតិ​របស់​ក្រសួងការងារ​ជប៉ុន​ នៅ​ឆ្នាំ​២០២០ ក្នុង​ចំណោម​ក្រុមហ៊ុន​ប្រមាណ​៦០០០​ មាន​មួយ​ភាគ​បី (៣០%) ព្រម​ឱ្យ​ប្រាក់​ខែ​ពេញ​ធម្មតា ឬ​កាត់​ប្រាក់​ខែ​ខ្លះ​ដល់​ស្ត្រី​ដែលអវត្តមាន​ពី​កន្លែង​ធ្វើការ​ដោយ​មូលហេតុ​​មក​ខែ។ ការ​សិក្សា​បាន​បង្ហាញ​ឱ្យ​ឃើញ​ទៀត​ថា មាន​ស្រ្តី​ជប៉ុន​តែ​ប្រមាណ​០,៩%​ផង​បាន​ប្រើ​សិទ្ធិរបស់​ខ្លួន។

នៅកូរ៉េខាង​ត្បូង ក្រុមហ៊ុន​អនុញ្ញាត​ឱ្យ​បុគ្គលិក​ស្រី​បាន​ឈប់​សម្រាករដូវ​មួយ​ថ្ងៃ​ក្នុង​ខែ​ តែ​ត្រូវ​កាត់​ប្រាក់​ខែ​មួយ​ថ្ងៃ​នោះ​ដែរ។ ហើយ​បើ​​​ក្រុមហ៊ុនណា​​មិន​គោរព​ច្បាប់ នឹង​មាន​ការ​ពិន័យ​ជា​ប្រាក់​ចំនួន ៥លាន​វ៉ុន។ តាំងពី​ឆ្នាំ​២០០៣​មក ឥណ្ឌូណេស៊ី​ ក៏​បាន​អនុម័ត​ច្បាប់​ គ្រោង​ផ្តល់​សិទ្ធិ​ដល់​ស្ត្រី​មាន​រដូវ​ឈឺចុកចាប់​ខ្លាំង អាច​ឈប់​សម្រាកពីការងារ​បាន​មួយឬ​ពីរ​ថ្ងៃ​ក្នុង​ខែ អាស្រ័យ​ទៅលើការ​កំណត់​របស់​​ក្រុមហ៊ុននិង​​បុគ្គលិក​។ ប៉ុន្តែក្នុង​​ដំណើរការ​អនុវត្ត ​ជាក់ស្តែង ក្រុមហ៊ុន​អនុញ្ញាត​ឱ្យ​តែមួយ​ថ្ងៃ ឬ​គ្មាន​សោះ ហើយ​ខ្លះ​ទៀត​ថែម​ទាំង​ធ្វើ​មិន​ដឹង​មិន​ខ្វល់​នឹង​ច្បាប់​នោះ​តែ​ម្តង។ ច្បាប់​តៃវ៉ាន់​ បាន​ផ្តល់​បី​ថ្ងៃ​ដល់​ស្ត្រី​សម្រាប់​ហេតុផល​មក​រដូវ​ឈឺ​ខ្លាំង ហើយ​អាច​ឈប់​លើស​នេះ​បាន​ទៀត តែ​ត្រូវ​បាន​ចាត់​ទុក​ជា​ពេល​ឈប់​ព្រោះ​មូលហេតុ​មាន​ជំងឺ និង​ទទួល​បាន​ប្រាក់​បៀរវត្សរ៍​ធម្មតា។ ជាប់​ឈ្មោះ​ជា​ប្រទេស​បុណ្យ​ម្តាយ តាំង​ពីឆ្នាំ​២០១៥មក ហ្សំប៊ី​បាន​អនុម័ត​ច្បាប់​ផ្តល់​សិទ្ធិ​ឈប់​មួយ​ថ្ងៃ​ក្នុង​មួយ​ខែ​ ដល់​ស្ត្រី​ពេល​ធ្លាក់​រដូវ ដោយ​មិន​បាច់​ប្រាប់​មុន ឬ​មាន​លិខិត​បញ្ជាក់​ពី​គ្រូពេទ្យ​ទេ។

តើ​ការ​ឈឺ​ចុកចាប់​ពេល​ធ្លាក់​រដូវ ជា​ប្រការ​ធម្មតា​សម្រាប់​ស្ត្រី ?

ការ​ឈឺចា​ប់ខ្លាំង​ពេល​ឆ្លង​ទន្លេ ប្រសូត​បុត្រ ជា​ករណី​ធម្មតា និង​សម្រាប់​គ្រប់​ស្ត្រី​ទាំង​អស់។ ឯការ​ឈឺ​ចាប់​​ពេល​មកខែ​អាច​មាន​បង្កប់​ជំងឺ​ និង​ហេតុផល​ផ្សេង​ ! ​ពេល​មក​រដូវ​ម្តងៗ សាច់ដុំ​របស់​ស្បូន​នឹង​ត្រូវ​កន្ត្រាក់​លាៗ​ដើម្បី​ជម្រុះ​ភ្នាស់​របស់​វា​ចេញ​។ ដោយ​គ្មាន​ការ​បង្ក​ជីវិត​ សរីរាង្គ​នៃ​ស្បូន​ បាន​បញ្ឈប់​ងក់​​ការ​ផលិត​អ័រមូន​ Oestrogènes និង Progestérone។ ​តួ​ស្បូនចាប់​រីកឡើង និង​ចាប់​កន្ទ្រាក់ ដើម្បី​ធាក់​បញ្ចេញរដូវ​ ជា​​ឈាម និង​ជា​ភ្នាស​ស្បែក​ស្តើងៗ​លើ​ជញ្ជាំងស្បូន​​ ឱ្យ​ធ្លាក់​ចេញ​មកក្រៅ ។ ស្បួន​កន្ទ្រាក់​ព្រោះ​តែ​​ស​ម្ពាធ​ខ្ពស់​រវាង​ឈាម​ដែល​ហូរ​ចេញ​ទៅក្នុ​ង​ស្បូន​ និង​ប៉ះ​ជា​មួយ​ជញ្ជាំង​ស្បូន​ ធាក់​ខ្ទប់​ គ្នា​ទៅ​វិញ​ទៅ​មក​ផង។ ​ជញ្ជាំង​ស្បូន​ខ្លួន​ឯង​ក៏​ត្រូវ​ដាច់​ចេញ​ផង​ ហើយ​កា​រ​ដាច់​ចេញ​នៃ​ភ្នាស​នៅ​ជញ្ជាំង​ស្បូន​នេះក៏​ជា​កត្តា​ធ្វើ​ឱ្យ​ស្បូន​កន្ទ្រាក់​ដែរ និង​អាច​មាន​ឥទ្ធិពល​លើ​សាច់​ដុំ​ផ្សេង​ទៀត ក្រៅ​អំពី​ស្បូន ហេតុ​ដូច្នេះ​ហើយ​ បាន​ជា​ពេល​ខ្លះ​ស្ត្រី​មាន​អាការៈ​ឈឺក្បាល​ ចង់​ក្អួត ចង្អោរ។ និយាយ​​ជា​រួម ការ​ធ្លាក់​រដូវ ​មាន​ដំណើរ​ការ​ដូច​គ្នា​នឹង​​ឆ្លង​ទន្លេ​យ៉ាង​ដូច្នោះ គឺ​ស្បូន​ត្រូវ​កន្ទ្រាក់​ដើម្បីមានសម្ពាធ​ធាក់​​បញ្ចេញទារក​ឱ្យ​ចេញ​​មក​ចាប់​កំណើត ទើប​មាន​ការ​ឈឺ​ចុកចាប់​ខ្លាំង។ ឯ​ការ​កន្ទ្រាក់​ស្បួន​ពេល​ដល់​វដ្ត​រដូវ មិន​ប្រាកដ​ថា​ធ្វើ​ឱ្យ​ឈឺ​ពោះ​ខ្លាំង​ទេ។

ការ​ឈឺ​ចាប់​ពេល​មក​រដូវ​របស់​ស្ដ្រី​អាច​តិច​ឬ​ខ្លាំង​ខុស​ៗ​​គ្នា​​ពី​ មនុស្ស​ស្រី​ម្នាក់​ទៅ​មនុស្ស​ស្រី​ម្នាក់​ទៀត​។​ ស្ត្រី​ខ្លះ​ដូច​បុរស​ ការ​មករដូវ​គ្រាន់​តែ​ជា​សញ្ញា​មួយ​ប៉ុណ្ណោះ។ ​បើ​តាម​ចំណាំ ការ​ឈឺ​ចាប់​មាន​កាន់​តែ​ខ្លាំង នៅ​ពេល​មាន​ឈាម​រដូវ​ធ្លាក់​ច្រើន ព្រោះ​ស្បួន​ត្រូវ​កន្ទ្រាក់​ខ្លាំង ដើម្បីអាច​បញ្ចេញ​ឈាម​រដូវ​នោះ​អស់​ពី​ស្បូន​។

ផលវិបាក​ជា​យថាហេតុ​នៃ​ការ​ឈឺចាប់​ពេល​មក​រដូវ

ការ​ឈឺចាប់​នេះ​ជា​ទូទៅ គ្មាន​​លាក់​សញ្ញា​រោគ​អ្វី​គួរ​ឱ្យ​ព្រួយ​បារម្ភ​ និង​ប៉ះពាល់​ដល់​សុខភាព​​ទេ មិន​ថា​ជា​សុខភាព​ក្នុង​ន័យ​ទូទៅ ឬ​សុខភាព​ផ្លូវ​ភេទ​ឡើយ។ ការ​ឈឺចាប់​ពេល​ធ្លាក់​រដូវ​ច្រើន​កើត​ឡើង​ ចំពោះ​ក្មេង ទើប​​ឡើង​ខ្លួន​និង​មាន​រដូវ​ឆ្នាំ​ៗដំបូង និង​នៅ​ពេលអំឡុង​​ពេល​ជិត​អស់​រដូវ ព្រោះ​រយៈ​កាល​​នេះ សរីរាង្គ​កាយ​មនុស្ស​ស្រី​មាន​អ័រមូន​ចុះ​ឡើង​ខ្លាំង។ ចំពោះ​យុវតី អាការៈ​ឈឺ​ចុកចាប់​​ពេលធ្លាក់​រដូវ នឹង​ចុះ​ថយ​ទៅៗ និង​បាត់​ទាំង​ស្រុង​តែ​ម្តង​ផង នៅ​ពេល​ចាប់​មាន​គភ៌ជា​លើក​ទីមួយ​។ ​

ប៉ុន្តែ​សូម​កុំ​ភ្លេច​រូត​រះ​ទៅ​ជួប​គ្រូពេទ្យ​ឯកទេស ប្រសិន​បើ​ការ​ឈឺចាប់​​ពេល​ធ្លាក់​រដូវ មាន​កំរិត​ខ្លាំង​ហួស​ហេតុ​ទ្រាំ​លែង​បាន។ ស្ត្រី​មាន​រដូវ​យូរឆ្នាំ​​ហើយ ស្រាប់តែ​​ស្ងៀមៗ​មាន​លេច​អាការៈ​ឈឺចាប់​ពេល​ធ្លាក់​រដូវ  ហើយ​បរិមាណ​នៃឈាម​រដូវ​មាន​កំរិត​ច្រើន​ហួស​ពីធម្មតា រដូវ​លែង​ទៀង មក​មួយ​ខែ​ពីរ​ដង​ជា​ដើម​។ល។ ធ្លាក់​រដូវ​ចុក​រមួល​​ពោះ​ហើយ​ អម​ដោយ​អាការៈ​ក្តៅ​ខ្លួន​... សុទ្ធ​សឹង​ជា​សញ្ញា​មិន​ធម្មតា ដែល​ស្ត្រី​ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ។

ផលវិបាក​ដ៏​ធ្ងន់ធ្ងរ និង​ដ៏​កម្រ​មួយទៀតនៃ​ការ​ឈឺ​ចាប់​ខ្លាំងនេះ​​​ គឺ​អាច​ជា​សញ្ញា​ប្រាប់ថា​អ្នក​អាច​មាន​​ជំងឺ​មួយ​ឈ្មោះ​ថា endométrioses ដែល​មាន​កើត​លើ​ស្ត្រី ម្នាក់​ក្នុង​ចំណោម​១០​នាក់។ តើ​អ្វី​ទៅ​ជា​ជំងឺ​អង់ដូមេទ្រី​យូស្ស ? ជា​ធម្មតា ឈាម​រដូវ​ត្រូវ​ហូរ​ធ្លាក់​ចេញ​មក​ក្រៅ តែ​ក្នុង​ករណី​មាន​​អង់ដូមេទ្រីយូស្ស្ស​​នេះ កោសិកា​​ភ្នាស​ស្បួន​ចេញ​ខុស​ផ្លូវ (មិនហូរ​​ធ្លាក់​មក​ក្រៅ​តាម​ទ្វារ​មាស​ទេ) និង​មិន​ត្រូវ​បាន​សម្អាត​រំលាយ​​អស់ឡើយ បែរ​ជា​ទៅ​តោងកក​លើ​សរីរាង្គ​​ផ្សេង​ទៀត ដូច​ជា​ផ្លោក​នោម ស្បែក​ពោះ ពោះ​វៀន​ធំ​ ហើយ​រីក​ធំ​លូត​លាស់​ទៅ​តាម​ចង្វាក់​និង​វដ្ត​នៃអ័រមូន រាល់​ខែ ជា​ហេតុ​បង្ក​ឱ្យ​មាន​ការ​ឈឺ​ចាប់​ខ្លាំង ពិបាក​មាន​​កូន ឬ​ត្រូវ​កាត់​ស្បូន​ចេញ​តែ​ម្តង​ទើប​បាន។

តើ​ធ្វើ​ដូចម្តេច​ទើប​អាច​ដឹង​បាន​ថា​យើង​កំពុង​មាន​ជំងឺ​រោគ​ស្ត្រី​អង់ដូមេទ្រីយ៉ូស​នេះ និង​មិនមែន​ជា​ឈឺ​ធ្លាក់​រដូវ​ធម្មតា ? សូម​ស្តាប់​ការ​ពន្យល់​លម្អិត​បន្ថែម​របស់​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Pierre François Ceccaldi ប្រធាន​ផ្នែក​ជំងឺ​រោគ​ស្រ្តី​នៅមន្ទីរ​ពេទ្យ Beaujon  ជាយ​ទីក្រុង​ប៉ារីស ៖

“ជា​ដំបូង​ ជំងឺ​អង់ដូមេទ្រីយូស្ស មាន​ច្រើន​ប្រភេទ ដូច្នេះ​ការ​សម្តែងអាការៈ​ជំងឺ​ក៏​មាន​ច្រើន​បែប​យ៉ាងខុសៗ​គ្នា​​ដែរ។ ការ​វិនិច្ឆ័យ​រក​ជំងឺនេះ ជួន​ជា​ការ​លំបាក​ខ្លាំង ជួន​ក៏​ស្រួល ព្រោះ​តែ​យន្តការ​នៃ​ជំងឺ​មាន​លក្ខណៈ​ដូច​គ្នា​នឹង​យន្តការ​នៃការធ្លាក់​រដូវ ពោលគឺ​នៅពេល​ភ្នាស​រដូវ ត្រូវ​រំលាយ​ដោយ​រដ្ត​រដូវ ភ្នាស​អង់ដូមេទ្រីយូស្សចាប់​ផ្តើម​ចេញ​ឈាម​ដែរ ទើប​ធ្វើ​ឱ្យ​ស្ត្រី​មានការ​ឈឺ​ចុកចាប់​ខ្លាំង។ ជា​ការ​ឈឺ​ចាប់​ពីរ​ដោយ​ហេតុ​ពីរ​កើត​ក្នុង​ពេល​តែ​មួយ​ ទើប​ពិបាក​បែងចែង​។ ​ប៉ុន្តែ​ដោយ​សារ​ភាព​ជឿន​លឿន​នៃ​បច្ចេវិទ្យាពេទ្យ ដូច​ជា​មាន​ប្រដាប់​ថត​ឆ្លុះ​ អេកូ អ៊ឹមរ៉ាយ គេ​អាច​រក​មើល​ឃើញ​ជំងឺ​រោគ​ស្ត្រី​មួយនេះ ដោយ​មិន​ចាំបាច់​ត្រូវ​ធ្វើការ​វះកាត់​ចូល​ទៅ​មើល​ស្បូន​ផ្ទាល់​ដូច​មុន ទើប​ដឹង​ថា​ពួកគាត់​មាន​បញ្ហា​អង់ដូមេទ្រីយូស្សទេ។ គេ​ត្រូវ​ការ​វិនិច្ឆ័យ​រក​ឃើញ​ថា​មាន​ជំងឺ​អង់ដូមេទ្រីយូស្ស ឱ្យ​បាន​ឆាប់​ ព្រោះត្រូវ​តាម​ដាន​​ជំងឺ​នេះ​ទៅ​តាម​ដំណាក់កាល​នៃ​ជីវិត​របស់​ស្ត្រី។ បើកើត​នៅវ័យ​ក្មេង វា​ជាការ​ឈឺ​ចាប់​ដែល​រំខាន​ដល់​ការ​រស់​នៅ​​ប្រចាំ​ថ្ងៃ​របស់​យុវតី។ បើ​ជា​ស្ត្រី​ ពេញ​វ័យ​បង្ក​កំណើត​ វា​អាច​ធ្វើ​ឱ្យ​គ្មាន​កូន​។ ដូច្នេះ​ពេទ្យ​ពិនិត្យ​តាមដាន​ដើម្បី​បញ្ចៀសស្ត្រី​មិន​ឱ្យរង​ការ​​ឈឺ​ចាប់​ផង និង​ដើម្បី​លុប​​ផលរំខាន​ដែល​​មិន​ឱ្យស្រ្តី​មាន​​កូន​ផង។”

អង់ដូមេទ្រីយូស្ស ជំងឺចាស់ តែ​ទើប​ចាប់​រៀន

សូម​បញ្ជាក់​ថា​ ​ជំងឺ​អង់ដូមេទ្រីយូស្ស​នេះ​មិនមែន​ជា​ជំងឺ​ថ្មី​ទេ។ វេជ្ជសាស្ត្រ​ចាប់​ផ្តើមកត់ត្រា​សម្គាល់​ឃើញ​​ជំងឺ​នេះ តាំង​ពី​សម័យ​អេហ្ស៊ីបបុរាណ ក្នុង​អំឡុង​ឆ្នាំ​១៨៥៥​មុន​គ្រិស្តសករាជ​ទៅ​ទៀត។ កាលណោះ​គ្រូពេទ្យ​អេហ្ស៊ីប ប្រើ​ពាក្យ​ថា​ ការ​​ឈឺ​នៅផ្នែក​ខាង​ក្រោម​នៃពោះ។ គ្រូពេទ្យ​ក្រិក​ បាន​ថែម​ទាំង​ចាត់ទុក​អាការៈ​ចុកពោះ​នេះ​ថា​ជា​ជំងឺ​របស់​សរីរាង្គ ស្បូន នៅពេល​មាន​វដ្ត​រដូវ។

ប៉ុន្តែ​សេចក្តី​សន្និដ្ឋាន​ដំបូង​​របស់​គ្រូពេទ្យ​​ក្រិកនេះត្រូវ​បាន​គេ​កាយ​កប់​បំភ្លេច​ចោល​បន្តិចម្តងៗ ស្ទើរ​រលុប​បាត់​ទាំង​ស្រុង ... ឯ​ស្ត្រី​បន្ត​ឈឺ​ចាប់​ពេល​មក​ខែ​ដោយ​ពុំ​ដឹង​និង​ពុំ​យល់​អំពី​យន្ត​ការ​ជា​រហូត​មក។ នៅយុគសម័យកណ្តាល​ ស្ត្រី​ឈឺ​ពោះ​ពេល​ធ្លាក់​រដូវ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ស្រី​ធ្មប់  រង​អំពើ​ ... មានពុត... និយាយ​​ឱ្យ​ចំ គឺ​មិនមែន​ជា​ការ​ឈឺ​ដោយពិតៗ​ទេ។ បន្ទាប់​មក​ ក្នុង​រយៈ​ពេល​ដ៏​យូរ ដែល​ជំងឺ​ឈឺពោះ​អង់ដូមេទ្រីយ៉ូស្ស ត្រូវ​បាន​គេ​រាប់​បញ្ចូល​​ក្នុង​ចង្កោមនៃ​​​ជំងឺ​វិកលចរិក។​

ទាល់​តែ​ចូល​​ដល់​សតវត្សរ៍​ទី​១៩ ទើបពិភពលោក​អ្នក​វេជ្ជសាស្ត្រ​ចាប់​អារម្មណ៍​នឹង​ជំងឺ​អង់ដូមេទ្រីយ៉ូស​ជា​ថ្មី។ វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​រោគស្ត្រី​ជាតិ​អូទ្រីស Carl von Rokitansky បាន​ពិពរណា​​នៅឆ្នាំ​១៨៦០​ថា ជា​ជំងឺ​ដែល​មាន​​លេច​វត្តមាន​ស្រទាប់​ភ្នាស​ស្បូន នៅខាង​ក្រៅ​ស្បូន។ ឈ្មោះជំងឺ​ អង់ដូមេទ្រីយ៉ូស ត្រូវ​បាន​គេ​ហៅ​​ជា​លើក​ដំបូង នៅ​ឆ្នាំ​ ១៩២៧ ដោយ​គ្រូពេទ្យ​រោគស្ត្រី​អាមេរិក John Albertson Sampson។

ដូច្នេះ អង់ដូមេទ្រីយ៉ូស្ស មិនមែន​ជា​ជំងឺរោគស្ត្រី​ ទើប​លេច​ឡើង​ថ្មីថ្មោង​ទេ ប៉ុន្តែ​ជា​ជំងឺ​ដែល​នៅ​មាន​បង្កប់​ចម្ងល់​ខ្លាំង ហើយ​ទើប​ក្លាយ​ជា​មេរៀនក្នុង​កម្មវិធី​សិក្សា​​វេជ្ជសាស្ត្រ​ សម្រាប់​សិស្សនិស្សិត​ពេទ្យ ចាប់​ពី​ឆ្នាំ​២០២០​មក​នេះ​ តែ​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ