អានតួអត្ថបទ
ថៃ-កញ្ឆា

ថៃចង់ធ្វើច្បាប់​​ ត្រលប់​មក​​ហាម​ឃាត់ការប្រើប្រាស់កញ្ឆា ​ដែល​គ្មានកម្មវត្ថុសុខភាពនិងវេជ្ជសាស្ត្រ

ជិត២ឆ្នាំ បន្ទាប់ពីបានអនុញ្ញាតការ​​​ប្រើប្រាស់កញ្ឆាដោយស្របច្បាប់ រដ្ឋាភិបាលថ្មី​របស់​​ថៃ បានបង្ហាញ​អត្ថបទគម្រោង​ច្បាប់​ថ្មីមួយ នៅថ្ងៃពុធទី​១០មករា ដើម្បីឈានជើងដកថយវិញ។ អត្ថបទថ្មីនេះ​​ នឹង​ហាមឃាត់ការប្រើប្រាស់​កញ្ឆា ក្នុងលក្ខណៈកម្សាន្តសប្បាយ ហើយអនុញ្ញាតការប្រើប្រាស់កញ្ឆា បានតែក្នុងករណីចាំបាច់ដើម្បី​ព្យាបាលជម្ងឺ ឬពេលមាន​បញ្ហាសុខភាពតែប៉ុណ្ណោះ។ ការដាំដំណាំកញ្ឆា ក៏នឹងត្រូវ​ស្ថិតនៅក្នុងការគ្រប់គ្រង​តាមដានយ៉ាងម៉ដ្ឋចត់ផងដែរ​។

Workers tend to cannabis plants at a farm in Chonburi province, eastern Thailand on June 5, 2022. Marijuana cultivation and possession in Thailand was decriminalized as of Thursday, June 9, 2022, like
បុគ្គលិកចំការកញ្ឆា នៅខេត្ត ឈុនបុរី ថ្ងៃទី​ ៥មិថុនា២០២២ AP - Sakchai Lalit
ផ្សាយពាណិជ្ជកម្ម

តាមរយៈអត្ថបទគម្រោងច្បាប់ថ្មីនេះ​​ លោកនាយករដ្ឋមន្ត្រីសេដ្ឋា ថៈវីស៊ីន មានបំណងប្រាប់ប្រជាជនថៃ ថាលោកគោរពការសន្យា កាល​ក្នុងពេលឃោសនាបោះឆ្នោត ដែលលោក​តែងតែអះអាងថា លោក​មិនគាំទ្រឲ្យថៃមានច្បាប់អនុញ្ញាតការប្រើប្រាស់កញ្ឆា ដោយសេរីនោះឡើយ។ លោក​គាំទ្រ ឲ្យ​មានការប្រើប្រាស់កញ្ឆាដោយស្របច្បាប់បាន តែក្នុងករណីចាំបាច់ ផ្នែក​​វេជ្ជសាស្ត្រ​តែប៉ុណ្ណោះ។

សូមរំលឹកថា កាលពីខែកក្កដា ឆ្នាំ​២០២២ ថៃបានក្លាយជាប្រទេសអាស៊ីអាគ្នេយ៍ដំបូងគេបង្អស់ ដែលលែងផ្តន្ទាទោសព្រហ្មទណ្ឌ ទៅលើ​ការប្រើ​ប្រាស់ និងការដាំដំណាំ​កញ្ឆា។ ការបើកចំហរធូររលុងផ្នែកច្បាប់នេះ​ បានញ៉ាំងឲ្យ​វិស័យដំណាំកញ្ឆា ក្លាយ​ជាឧស្សាហកម្ម​​មួយ​ដ៏មានសន្ទុះខ្លាំង​នៅថៃ។ យោងតាម​ការប៉ាន់ស្មាន ឧស្សាហកម្ម​ដំណាំកញ្ឆានៅថៃ អាចមានទំហំទឹកប្រាក់​ប្រមាណ ​១២០០លានដុល្លារ ក្នុងរវាង​ប៉ុន្មានឆ្នាំខាងមុខ។ ជិត២ឆ្នាំមកនេះ ចំការ​ដំណាំកញ្ឆារីកកាន់តែធំ ខណៈហាងលក់ទំនិញធ្វើពីកញ្ឆា រីកដូចផ្សិតនៅតាមទីក្រុងធំៗនានា​របស់ថៃ។​

គឺដោយសង្កេតឃើញ​ គ្រោះថ្នាក់នៃភាពធូរលុងខ្លាំង​​ពេកនេះហើយ ទើបរដ្ឋាភិបាលថ្មីរបស់​លោក សេដ្ឋា ថៈវីស៊ីន បានសម្រេចស្នើច្បាប់ថ្មី ដកថយមួយជំហានវិញ ដើម្បីគ្រប់គ្រងនឹងរិតបន្តឹងវិស័យនេះ​។ យោងតាមគម្រោងច្បាប់ថ្មី គេអាច​ប្រើ​ប្រាស់កញ្ឆាបាន តែក្នុងករណីវេជ្ជសាស្ត្រ ពោលគឺដើម្បីព្យាបាលជំងឺតែប៉ុណ្ណោះ។

អ្នកប្រើប្រាស់កញ្ឆាក្នុងកម្មវត្ថុដើម្បីគ្រាន់តែ​​កម្សាន្តសប្បាយ អាចប្រឈមទោស​ពិន័យជាប្រាក់ ៦ម៉ឺនបាត។ ចំណែក​អ្នក​លក់ចែកចាយ ឬអ្នក​​ផ្សព្វផ្សាយ​ពាណិជ្ជកម្មកញ្ឆាវិញ អាចប្រឈមទោសជាប់ពន្ធនាគារ​ដល់១ឆ្នាំ និងពិន័យជាប្រាក់ ១សែន​បាត។ការដាំដំណាំកញ្ឆា នឹងលែងសេរីទៀតហើយ គឺត្រូវតែទទួល​បានការអនុញ្ញាតពីអាជ្ញាធរ។ អ្នកដាំដោយ​គ្មានការអនុញ្ញាត អាចប្រឈមទោសជាប់ពន្ធនាគារពី ១ទី​៣ឆ្នាំ និងពិន័យជាប្រាក់ ពី​២ម៉ឺន​ ទៅ៣សែន​បាត។

អត្ថបទគម្រោងច្បាប់ថ្មីនេហ​ ត្រូវបាន​បង្ហោះផ្សាយ​នៅលើ​គេ​ហទំព័រ របស់​ក្រសួងសុខាភិបាលថៃ ដើម្បី​ឲ្យ​ប្រជាជនថៃទូទៅ ចូលរួមបញ្ចេញមតិ តាមរយៈសារប្រតិកម្ម គាំទ្រ ឬរិះគន់កែលម្អ ចាប់ពីពេលនេះ រហូតដល់ថ្ងៃ​២៣មករា។ បន្ទាប់មកទៀត ទើបរដ្ឋាភិបាលថៃ ប្រមូលយកមតិទាំងអស់មកពិចារណា មុននឹង​រុញបញ្ជូនគម្រោងច្បាប់របស់ខ្លួន ទៅកាន់រដ្ឋសភា​ប្រជុំពិភាក្សាអនុម័ត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ