អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អូស្ត្រាលី​ ប្រកាស​ចូល​រួម​ជាមួយ​អាមេរិក​ ជប៉ុន​ និង​ឥណ្ឌា​ក្នុង​សមយុទ្ធ​ដ៏​ធំ​មួយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ខណៈ​កំពុង​មាន​ភាពតានតឹងខ្លាំង​ជាមួយចិន​ ប្រទេស​អូស្ត្រាលី​បាន​ប្រកាស​ចូលរួម​សមយុទ្ធ​ទ័ពជើងទឹក​រួមគ្នា​មួយ​ជាមួយ​អាមេរិក​ ជប៉ុន​ និង​ឥណ្ឌា​។ វត្តមាន​របស់​អូស្ត្រាលីនេះ​ បានទៅ​បង្គ្រប់​ជា​ ៤ ប្រទេស​ក្នុង​បក្ស​សម័្ពន្ធ​ចតុភាគី​ដែល​គេហៅជា​ភាសា​អង់គ្លេស​ថា​ “Quad” និង​ដែល​គេមើលឃើញថា​ជាបក្សសម័្ពន្ធ​បង្កើត​ឡើង​ដើម្បីប្រឆាំង​ទល់នឹងចិន​ដែល​កំពុង​មានឥទ្ធិពល​កើនឡើង​ជាលំដាប់​។

ខណៈមានទំនាក់ទំនងមិនល្អជាមួយចិន អូស្ត្រាលីប្រកាសចូលរួមជាមួយអាមេរិក ជប៉ុន និងឥណ្ឌាក្នុងសមយុទ្ធកងទ័ពជើងទឹកដ៏ធំមួយនាខែវិច្ឆិកា ឆ្នាំ២០២០។
ខណៈមានទំនាក់ទំនងមិនល្អជាមួយចិន អូស្ត្រាលីប្រកាសចូលរួមជាមួយអាមេរិក ជប៉ុន និងឥណ្ឌាក្នុងសមយុទ្ធកងទ័ពជើងទឹកដ៏ធំមួយនាខែវិច្ឆិកា ឆ្នាំ២០២០។ AFP - MCS CHAD M. TRUDEAU
ផ្សាយពាណិជ្ជកម្ម

អ្វីជា​សមយុទ្ធ​បក្សសម្ព័ន្ធ​ចតុភាគី?

សមយុទ្ធ​បក្ស​សម្ព័ន្ធចតុភាគី​ គឺជា​ការធ្វើ​សមយុទ្ធ​ជើងទឹក​រួមគ្នា​រវាង​ប្រទេស​ជាដៃគូ​យុទ្ធសាស្ត្រ​ចំនួនបួន​រួមមាន​៖ សហរដ្ឋអាមេរិក​ ជប៉ុន​ ឥណ្ឌា​ និង​ចុងក្រោយ​គេ​គឺប្រទេស​អូស្ត្រាលី។ អូស្ត្រាលី​ ដែលយើងដឹងស្រាប់ហើយ​ថាជាប្រទេសមួយ​ដែល​កំពុងតែ​មាន​បញ្ហា​រកាំរកូស​ខ្លាំង​ជាមួយ​ប្រទេស​ចិននៅ​ប៉ុន្មានខែ​ថ្មីៗនេះ​។

សមយុទ្ធ​ទ័ពជើងទឹក​រវាង​ប្រទេសទាំង៤​ខាងលើ​ Quadត្រូវ​បាន​គេឲ្យ​ឈ្មោះថា​ “សមយុទ្ធម៉ាឡាបា​” (Exercise Malabar)។ ដើមឡើយ​សមយុទ្ធ​ម៉ាឡាបា​នេះជា​សមយុទ្ធ​ទ្វេភាគី​តែ​រវាង​សហរដ្ឋអាមេរិក​និងឥណ្ឌា​តែ​ប៉ុណ្ណោះ​ និង​បាន​ប្រព្រឹត្ត​ធ្វើ​ជា​រៀងរាល់ឆ្នាំ​ចាប់​ពីឆ្នាំ​ ១៩៩២ មកម្ល៉េះ​។

ក្រោយ​មកទៀត​ នៅក្នុងឆ្នាំ​ ២០១៥​ ជប៉ុន​បាន​ក្លាយ​ជាសមាជិកថ្មី​ និង​ជាដៃ​គូ​យុទ្ធសាស្ត្រ​អចិន្ត្រៃយ៍​ម្នាក់​បន្ថែមទៀត​។ ចំណែក​ អ្នក​ដែល​ចូលរួម​ក្នុង​បក្សសម្ព័ន្ធ​នេះ​មិន​អចិន្ត្រៃយ៍​មាន​ប្រទេស​ចំនួនពីរ​គឺ​អូស្ត្រាលី​ និងសិង្ហបុរី​។

សមយុទ្ធទ័ពជើង​ទឹកប្រចាំឆ្នាំ​ “ម៉ាឡាបា​” ដែលបានផ្តើម​សកម្មភាពតាំង​ពីឆ្នាំ ១៩៩២ នេះ​ ជាទូទៅ​ រួមមាន​សកម្មភាពយោធា​ចម្រុះ​តែម្តង​ រាប់ចាប់ពី​ប្រតិបត្តិការ​ប្រយុទ្ធ​ពីនាវា​ដឹកយន្តហោះ​តាមរយៈ​លំហាត់​រួមគ្នា​នៃ​ប្រតិបត្តិការ​ដែនសមុទ្រ​។

សមយុទ្ធ​លើកមុនៗ​របស់​បក្សសម្ព័ន្ធ​នេះ​ ត្រូវបាន​រៀបចំ​ធ្វើឡើង​នៅ​មហា​សមុទ្រឥណ្ឌា ​ក៏ដូចជានៅ​ឯឆ្នេរសមុទ្រជប៉ុន ​ តំបន់ជុំវិញ​ដែនដីកោះប៉ាស៊ីហ្វិក​ដែលគ្រប់គ្រង​ដោយ​អាមេរិកគឺ​នៅកោះហ្គាម និងនៅ​សមុទ្រហ្វីលីពីន​។

សមយុទ្ធ​ទ័ពជើងទឹក​របស់​បក្សសម្ព័ន្ធ​ចតុភាគី​ឆ្នាំ២០២០

សម្រាប់ឆ្នាំ២០២០​នេះ​ ប្រទេសដៃ​គូ​យុទ្ធសាស្ត្រ​ទាំងបួន​នឹង​ធ្វើសមយុទ្ធ​ទ័ព​ជើងទឹក​រួមគ្នា​នៅ​មហា​សមុទ្រឥណ្ឌា​ និង​នៅតែវិច្ឆិកា​ក្រោយ។ យ៉ាងណាក៏ដោយ​ មកទល់ពេល​នេះ​ គេ​នៅមិនទាន់ដឹងនោះទេ​ថា​សមយុទ្ធ​ខាងលើ​នឹង​ធ្វើ​នៅ​ថ្ងៃណា​ឲ្យប្រាកដ​នោះ​។

ដោយឡែក​ បើតាម​ដំណឹង​ដែលទើប​ធ្លាក់​មកថ្មីៗ​ សមយុទ្ធ​នា​ខែវិច្ឆិកា​ក្រោយ​ នឹង​មាន​ទំហំ​ធំ​ជាង​លើកមុនៗ​។​ ជាក់ស្តែង​ ក្រសួង​ការពារជាតិ​អូស្ត្រាលី​និងឥណ្ឌា​ បានប្រកាស​កាលពីល្ងាច​ថ្ងៃចន្ទ ទី ១៩ តុលាម្សិលមិញនេះ​រួចហើយ​អំពីការ​ពង្រីកនូវ​សមយុទ្ធ​រួមគ្នា​ ហើយនេះ​គឺជាអ្វី​ដែល​ប្រទេសជា​សមាជិក​បាន​រំពឹងទុក​ជាយូរមកហើយ​។

ជុំវិញរឿងនេះដែរ ​ក្រសួងការពារ​ជាតិឥណ្ឌា​បានបញ្ជាក់​ប្រាប់​បន្ថែមទៀតថា​ សមយុទ្ធ​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ​សមុទ្រអារ៉ាប់ ​និងឈូង​សមុទ្រ​បេងហ្គាល់​ដែលជាចំណុចក្តៅ​ សម្រាប់​ការ​ប្រកួតប្រជែង​ក្រោម​យុទ្ធសាស្ត្រ​ឥណ្ឌូប៉ាស៊ីហ្វិក​។

ក្នុងរយៈពេល​ប៉ុន្មានទសវត្សរ៍​ចុងក្រោយនេះ​ ប្រទេសចិន​បាន​ព្យាយាម​បង្កើន​ឥទ្ធិពល​យ៉ាងខ្លាំង​ នៅក្នុង​ប្រទេសភូមា​ ស្រីលង្កា ​ប៉ាគីស្ថាន​និងបង់ក្លាដែស​។ និន្នាការនេះ​បានបំផុសឲ្យ​មានការព្រួយបារម្ភ​យ៉ាងខ្លាំង​នៅទីក្រុង​ញូវដែលី​។

ទាក់ទងរឿងនេះដែរ​ គួរ​បញ្ជាក់ជូន​បន្តិចថា ការ​ចូលរួមរបស់​អូស្ត្រាលីនាឆ្នាំនេះ​ មានន័យថា​សមាជិកទាំងបួន​នៃប្រទេស​ បក្សសម្ព័ន្ធ​ចតុភាគី ឬដែល​គេ​ហៅថាភាសា​អង់គ្លេសថា​ “Quad” នឹង​ពួតដៃគ្នា​ ចូលរួម​ក្នុង​សមយុទ្ធ​ទ័ពជើងទឹក​ ជាលើក​ដំបូងហើយ​ រាប់ចាប់តាំងពីឆ្នាំ​ ២០០៧ មក​។

កាលពីឆ្នាំ ២០០៧​ ទ័ពជើងទឹក​អូស្ត្រាលី​ ធ្លាប់បាន​ចូលរួម​ធ្វើសមយុទ្ធ​ក្នុងបក្ស​សម្ព័ន្ធ​ចតុភាគី​ម្តងដែរ​ ហើយ​វត្តមាន​របស់អូស្ត្រាលី​កាលណោះ​បានបញ្ឆេះកំហឹងចិន​ជាខ្លាំង ​និងក៏បានធ្វើ​ឲ្យទំនាក់ទំនង​នៃប្រទេសទាំងពីរ​ធ្លាក់ដុនដាប​ខ្លាំងម្តង​រួចមក​ហើយដែរ​។

ចិនកើតទុក្ខមិនសុខចិត្ត

ជាការពិត​ក្នុង​ចំណោម​ប្រទេស​ទាំង​៤មាន សហរដ្ឋអាមេរិក​ ជប៉ុន​ ឥណ្ឌា​ និងអូស្ត្រាលី​ គ្មាន​ប្រទេស​ណាមួយ​ ដែលថា​មិនមាន​បញ្ហា​ជាមួយចិន​ ឬក៏​មាន​ទំនាក់ទំនង​ល្អូកល្អឺន​ជាមួយ​ចិន​ឡើយ​។

ដូចដឹង​ស្រាប់​ហើយ​ថា អូស្ត្រាលី​នាពេល​ប៉ុន្មានខែ​ថ្មីៗនេះ​ កំពុង​ជួប​ភាពតានតឹង​ខ្លាំង​ជាមួយចិន​ដោយសារ​រឿង​ដោះដូរ​ពាណិជ្ជកម្ម​។ ឯកងទ័ពឥណ្ឌា​ និងចិន ​បាន​ប៉ះ​ទង្គិចគ្នា​នៅតាមបណ្តោយ​ព្រំដែនរវាងប្រទេស​ទាំងពីរ​នៅ​ហិម៉ាឡៃយ៉ាកាលពីខែមិថុនា​កន្លងទៅ​។

រីឯ​ ជប៉ុន​ និងចិន​វិញ ពួកគ​នៅតែមាន​ជំលោះ​ជុំវិញ​ប្រជុំកោះ ​សេនកាគូ ឬ ទាវយូ​ ដោយ​ប្រទេសចិន​បានបង្កើន​វត្តមាននាវាយាមល្បាត​របស់ខ្លួន​នៅទីនោះ​។ ទន្ទឹមនឹងនេះដែរ​ អាមេរិក​ បានបង្កើន​បេសកកម្ម​កងទ័ពជើងទឹក​និង​អាកាស​របស់ខ្លួន​នៅក្នុង​តំបន់សមុទ្រចិន​ខាងត្បូង​ដែលធ្វើឲ្យចិន​ខឹងសម្បាយ៉ាងខ្លាំង​។

បកត្រលប់មកវិញ សម្រាប់​បក្សសម្ព័ន្ធ​ចតុភាគី​ សមយុទ្ធរួមគ្នា​របស់ពួកគេ​គឺជា​គន្លឹះដើម្បី​ពង្រឹង​សមត្ថភាព​យោធា​ខាងដែន​សមុទ្រ និង​ដើម្បី​រួមគ្នា​ការពារ​ផលប្រយោជន៍​សន្តិសុខ​រួមតែ​ប៉ុណ្ណោះ​។

តែទោះជាបែបនេះក្តី​ អ្នកវិភាគជាច្រើន​យល់ឃើញថា​កិច្ចសហប្រតិបត្តិការ​រវាងបក្ស​សម្ព័ន្ធ​ចតុភាគី​ អាមេរិក​ ជប៉ុន​ ឥណ្ឌា ​និង​អូស្ត្រាលី​ គឺជា​កិច្ចខិតខំប្រឹងប្រែង​ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​ដែលកំពុងកើនឡើង​របស់ចិន​។ នៅពេល​មានការធ្វើសមយុទ្ធរួមគ្នា​រវាង​កងទ័ពជើងទឹក​នៃ​ប្រទេសដៃ​គូយុទ្ធសាស្ត្រ​ទាំង៤ម្តងៗ​ ចិន​មានចិត្តព្រួយបារម្ភជាលំដាប់​។

ដោយឡែក​ ទាក់ទងនឹង​ការប្រកាស​របស់​អូស្ត្រាលី​ចូលរួម​ក្នុងសមយុទ្ធ​ទ័ព​បង្គ្រប់ជា​ ៤ ប្រទេស​ ក្នុងបក្សសម័្ពន្ធ​ចតុភាគី​នាឆ្នាំ​នេះ​ គេ​នៅមិនទាន់ឃើញ​ប្រតិកម្ម​តប​របស់​ចិន​យ៉ាងណា​ នៅឡើយនោះទេ​។ ក៏ប៉ុន្តែ​ដូចសព្វមួយដងចឹង​ ចិនច្បាស់ណាស់នឹង​ខឹង​ក្តៅស្លឹកត្រជាក់​ ហើយ​ប្រឆាំងដាច់​ខាត​ចំពោះការធ្វើ​សមយុទ្ធ ​ដែល​ចិន​ចាត់ទុកថា​ជាសកម្មភាព​គំរាមកំហែង​ដល់សន្តិសុខជាតិ​របស់​ខ្លួន​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ