អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំង​ប្រឈម​នឹង​វិបត្តិ​កូវីដ​ផង​និង​ការ​វាយ​ប្រហារ​ភេរវកម្ម​អ៊ីស្លាម​ជ្រុល​និយម​ផង

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅមួយ​រយៈពេល​ចុងក្រោយ​នេះ​ ប្រទេស​បារាំង​បាននិងកំពុង​ពើប​ប្រទះ​បញ្ហា​ច្រើន​ជាបន្ត​បន្ទាប់​គ្នា​។ ក្រៅពី​រងគ្រោះខ្លាំង​ពី​វិបត្តិ​កូវីដ១៩​ និង​ត្រូវ​បិទ​ខ្ទប់​ប្រទេស​ឡើងវិញ​នៅថ្ងៃ​សុក្រ​នេះ​ បារាំង​កំពុង​ជួប​វិបត្តិធំ​មួយថ្មីបន្ថែមទៀត​ គឺអំពើ​វាយប្រហារភេរវកម្ម​។ ក្រោយការ​វាយប្រហារ​សម្លាប់​មនុស្សបីនាក់នៅឯវិហារ​កាតូលិក​ក្នុងទីក្រុងនីស​នាថ្ងៃព្រហស្បតិ៍​ម្សិលមិញ​រួចមក​ រដ្ឋាភិបាលបារាំង​បាន​បង្កើនការ​ប្រុងប្រយ័ត្ន​ក៏ដូចជាបាន​ដំឡើង​កម្រិត​អាសន្ន​ភេរវកម្ម​ខ្ពស់​បំផុតនៅក្នុង​ប្រទេស​។

ទាហានបារាំងឈរយាមល្បាតនៅក្បែរព្រះវិហារកាតូលិក មួយថ្ងៃបន្ទាប់ពីការវាយប្រហារដោយកាំបិតដ៏សាហាវនៅទីក្រុងនីសប្រទេសបារាំងនាថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២០។
ទាហានបារាំងឈរយាមល្បាតនៅក្បែរព្រះវិហារកាតូលិក មួយថ្ងៃបន្ទាប់ពីការវាយប្រហារដោយកាំបិតដ៏សាហាវនៅទីក្រុងនីសប្រទេសបារាំងនាថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២០។ © REUTERS - ERIC GAILLARD
ផ្សាយពាណិជ្ជកម្ម

បារាំង​ប្រឈមទៅនឹង​វិបត្តិ​ធំៗពីរ​គឺ​វិបត្តិកូវីដ​និងអំពើវាយ​ប្រហារ​​ភេរវកម្ម​អ៊ីស្លាម​ជ្រុល​និយម

បច្ចុប្បន្ននេះប្រទេសបារាំង កំពុងជួបបញ្ហាច្រើន។ ម្យ៉ាងដោយសារតែ​ជំងឺ​រាតត្បាត​កូវីដ១៩ នៅ​បន្តវាយលុកលុយ​ប្រទេសបារាំង​ខ្លាំង​ រដ្ឋាភិបាល​របស់​លោកម៉ាក្រុង​ បាន​ដាក់​ចេញ​នូវវិធានការ​បិទខ្ទប់​ប្រទេស​ជាថ្មី ​រយៈពេលមួយខែ​ចាប់ពីថ្ងៃ​សុក្រ ទី ៣០​ តុលា​នេះ​ ដល់ថ្ងៃទី​១​ ធ្នូ ឆ្នាំ២០២០​។

នៅខណៈពេល​ដែលបារាំង​កំពុងប្រឈមទៅនឹង​រលក​ឆ្លង​ជំងឺ​កូវីដ១៩ ​ខ្លាំងជាលើកទី២​ បារាំង​ក៏ត្រូវ​ប្រឈមនឹង​បញ្ហាធំ​ថ្មីមួយបន្ថែមទៀត​នោះគឺ​អំពើ​ភេរវកម្ម​ដែល​រដ្ឋ​បារាំង​ឲ្យឈ្មោះថា​ជា​វិបត្តិ​នៃ​ការ​វាយប្រហារ​ភេរវកម្ម​អ៊ីស្លាមជ្រុលនិយម​។

ក្រោយ​ភេរវកម្ម​សម្លាប់​មនុស្ស​ ៣​នាក់​ក្នុង​ទីក្រុង​នីស​នា​ថ្ងៃ​ព្រហស្បតិ៍​ ទី២៩​ តុលា​ម្សិល​មិញនេះ​ អាជ្ញា​ធរបារាំងបាន​បើកការ​ស៊ើប​អង្កេតភ្លាមៗ​ និង​ឈានដល់​កំណត់​អត្តសញ្ញាណ​ជន​សង្ស័យ​ និង​បាន​ចាប់ខ្លួន​អ្នក​ជាប់ពាក់ព័ន្ធ​ម្នាក់ទៀត​។

ជន​សង្ស័យ​បានប្រាប់​ថា​ខ្លួន​មាន​ឈ្មោះ​ហៅថា​ ប្រាហ៊ីម​ "Brahim Aouissaoui" ហើយបើ​តាម​ការណ៍ឲ្យ​ដឹងពីប៉ូលិសបារាំង​ ជនសង្ស័យ​គឺជា​បុរស​មានអាយុ​ ២១ ឆ្នាំ​ ជា​ជាតិ​ទុយនីស៊ី​ និង​ដែល​ទើបតែ​បានមកដល់​ប្រទេសបារាំង​កាលពី​ដើម​ខែ​តុលានេះ​ ពោល​គឺ​នៅថ្ងៃទី​ ៩ តុលា​។

ជនសង្ស័យ​ប្រាហ៊ីម​ បានធ្វើដំណើរ​មកអឺរ៉ុប​តាមរយៈ​ទូកដឹក​ជនភៀសខ្លួន​ដោយ​ឆ្លងកាត់ កោះឡាំ​ពេដុស្យា​ (Lampedusa) របស់អ៊ីតាលី​មុននឹង​មកដល់​ទឹកដី​បារាំង​។ រដ្ឋអាជ្ញា​ប្រឆាំង​អំពើភេរវកម្ម​បារាំង​លោកហ្សង់​- ហ្វ្រង់ស័រ​រីឆាត​បានឲ្យដឹងថា​ជន​វាយ​ប្រហារ​ខាងលើនេះ​មាន​ច្បាប់​ចម្លង​កម្ពីរ​កូរ៉ាន​មួយ​ ទូរសព្ទ ២ ​ និង​កាំបិត​ចំនួន​ ៣​ នៅពេល​គេដើរ​ចូល​ព្រះវិហារ​កាតូលិក​នៅ​កណ្តាលទី​ក្រុងនីស​នាវេលាម៉ោង​ប្រមាណ​ ៨ និង ៣០​ នាទីព្រឹក​ម៉ោង​នៅក្នុងស្រុកបារាំង​។

ជនមានចិត្តសាហាវនេះ​បាន​កាត់​បំពង់ក​របស់​ស្ត្រីអាយុ​ ៦០​ឆ្នាំ​ និង​បុរស​អាយុ​ ៥៥​ ឆ្នាំ​ម្នាក់​ដែល​ធ្វើការ​នៅព្រះវិហារ​ និង​បន្ទាប់មកទៀត​បាន​ចាក់ស្ត្រីម្នាក់ទៀត​អាយុ​ ៤៤ ឆ្នាំ​ ដែល​បាន​រត់គេចរកជំនួយដែរ​តែ​ក្រោយមក​បាន​ស្លាប់​ដោយសារ​របួស​របស់​គាត់​ធ្ងន់ធ្ងរ​ពេក​។

ក្រៅពីនេះ​ប៉ូលិសបារាំង​បានចាប់ឃុំខ្លួន​បុរស​វ័យ​ ៤៧ ម្នាក់​ផងដែរ​កាលពី​យប់​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ​។ គេជឿថា​បុរសវ័យ​ ៤៧ ឆ្នាំរូបនេះ​ បាន​ទាក់ទង​ជាមួយ​នឹង​ជនសង្ស័យ​ និងត្រូវបាន​ចាប់ឃុំខ្លួន​ដើម្បី​សាកសួរ​ជុំវិញ​អំពើភេរវកម្ម​ខាងលើនេះ​។

តើបារាំង​បាន​ចាត់វិធានការអ្វីខ្លះ​ដើម្បីការពារ​ខ្លួនពីការ​វាយប្រហារ​ភេរវកម្ម​ជាថ្មីទៀត​?

ប៉ុន្មានម៉ោង​ក្រោយហេតុការណ៍​ចាក់សម្លាប់​ លោក​ប្រធានាធិបតី​បារាំង​អេម៉ានុយអែល​ ម៉ាក្រុង​បាន​អញ្ជើញទៅដល់​កន្លែងកើតហេតុ​ដើម្បី​បង្ហាញពី​ការយកចិត្តទុកដាក់​របស់​រដ្ឋាភិបាល​ចំពោះ​សុខទុក្ខ​របស់​ប្រជាជនបារាំង​។

នៅពេលផ្តល់​បទសម្ភាសន៍​ទៅកាន់​អ្នកយក​សារព័ត៌មាន​ លោកប្រមុខរដ្ឋបារាំង​បានចាត់ទុក​ការប្រហារ​ខាងលើ​ថាជាអំពើ​វាយប្រហារភេរវកម្ម​អ៊ីស្លាម​ជ្រុលនិយម​ និង​បាន​ដំឡើង​កម្រិត​អាសន្ន​ភេរវកម្ម​ក៏ដូចជា​បាន​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់បំផុត​នៅក្នុង​ប្រទេស​នៅមុនថ្ងៃឈប់​សម្រាក​បុណ្យសាសនា​ Toussaint នាថ្ងៃ​អាទិត្យនេះផងដែរ​។

លោកម៉ាក្រុង បាន​ប្តេជ្ញាថា​ប្រទេសបារាំង​នឹងប្រកាន់ជំហរ​រឹងមាំ​ប្រយុទ្ធ​ប្រឆាំង​ទល់នឹង​ក្រុមអ៊ីស្លាមជ្រុល​និយម​។ មួយវិញទៀត​ ដើម្បីការពារសុខ​សុវត្ថិភាព​របស់ប្រជាជាតិ​បារាំង​ លោក​ម៉ាក្រុង​ បាននិយាយ​ដែរថា​ទាហាន​រាប់ពាន់​នាក់​បន្ថែមទៀត​នឹងត្រូវ​ដាក់ពង្រាយ​ដើម្បីការពារ​សន្តិសុខនៅតាម​ទីតាំងសំខាន់ៗ​ជាច្រើន​រួមមាន​ជាអាទិ៍ ទី​សក្ការៈ​បូជា​ និង​សាលារៀន​ជាដើម​។ល។

លើសពីនេះ​ ដើម្បីឆ្លើយតបទៅនឹង​វិបត្តិថ្មី​មួយនេះ​ឲ្យកាន់​តែមាន​ប្រសិទ្ធភាព​ លោកម៉ាក្រុង​ក៏​បាន​បើក​កិច្ចប្រជុំបន្ទាន់មួយ​ស្តីពី​ការវាយ​ប្រហារភេរវកម្ម​ជាមួយ​រដ្ឋមន្រ្តីជាន់ខ្ពស់​បារាំង​ជាច្រើនរូប​នៅព្រឹក​ថ្ងៃសុក្រ​ម៉ោងនៅប្រទេសបារាំង​នេះដែរ​។

សហគមន៍​អន្តរជាតិ​បង្ហាញ​ជំហរ​ប្រឆាំង​ទៅនឹង​អំពើ​វាយ​ប្រហារ​ភេរវកម្ម​មកលើ​បារាំង

ក្រោយទទួលបាន​ដំណឹង​អំពី​ហេតុការណ៍​វាយប្រហារ​ដោយកាំបិត​ដែល​បណ្តាល​ឲ្យ​មនុស្ស​បី​នាក់ស្លាប់​នៅក្នុងទីក្រុងនីស​នៃប្រទេស​បារាំង​រួចមក​ បណ្តា​ប្រទេស​ជាច្រើន​មាន​ដូចជា​សរហរដ្ឋអាមេរិក​ អាល្លឺម៉ង់​ អង់គ្លេស​ រុស្ស៊ី​ និង​អង្គការ​សហប្រជាជាតិ​ជាដើម​ បាន​ចូលរួម​រំលែក​ទុក​ជាមួយ​ប្រទេសបារាំង​ ក៏ដូចជា​ប្រជាជាតិ​បារាំងទាំងមូលដែរ​។

ជាក់ស្តែង​ អគ្គលេខាធិកា​អង្គការ​សហប្រជាជាតិ​លោកអង់តូនីញ៉ូ ហ្គូទែរស៍​ តាមរយៈ​អ្នកនាំពាក្យ​របស់​លោកបាន​លើកឡើងពី​ជំហរ​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​ការ​វាយ​ប្រហារ​ដ៏​សាហាវ​នៅទីក្រុងនីស​។

ពីទីក្រុងឡុងដ៍នៃ​ប្រទេស​អង់គ្លេស​ឯណោះវិញ​ លោកនាយករដ្ឋមន្រ្តី​បូរីស​ ចនសុន​បាន​សម្តែង​នូវ​ការភ្ញាក់ផ្អើល​ចំពោះ​ “អំពើ​វាយប្រហារ​ដ៏សាហាវ​” នៅក្នុង​សារមួយ​ដែល​លោក​បាន​សរសេរ​ជាភាសាបារាំង​។ លោកចនសុន​បាន​សរសេរ​ថា​ “ ចក្រភព​អង់គ្លេស​ ឈរ​នៅ​ខាង​បារាំង​ដើម្បី​ប្រយុទ្ធប្រឆាំងនឹង​អំពើភេរវកម្ម​ និង​អំពើ​ព្រៃផ្សៃ​ដែល​មិនគួរឲ្យ​អត់ឱនបាន​”។

ក្រៅពីនេះ​ មាន​មេដឹកនាំ​នៅតាម​ស្ថាប័នធំៗ​ជាច្រើនទៀត​ក៏បាន​ចូលរួម​តាមរយៈ​បណ្តាញ​សង្គម​ផងដែរ​ដើម្បី​បង្ហាញពី​សាមគ្គីភាព​របស់ពួកគេ​ជាមួយ​ប្រទេសបារាំង​រួមមាន​ទាំង​ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោកស្រី​អួរស៊ូឡា​ វ៉ុនឌែរ​ ឡេយែន​ (Ursula von der Leyen) ដែលបាន​និយាយ​ថា​ “ អឺរ៉ុប​ទាំងអស់​គឺ​មានសាមគ្គីភាព​ជាមួយ​បារាំង​”។

ពី​សហរដ្ឋអាមេរិក​ឯណោះវិញ​ ទោះបីជា​ជាប់ដៃ​រវល់ខ្លាំង​ជាមួយនឹងការ​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​យ៉ាងណាក្តី​ ក៏លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ បាន​ឆ្លៀត​បង្ហាញពី​សាមគ្គីភាព​ជាមួយបារាំង​ដោយបានហៅថា​ការវាយប្រហារ​ភេរវកម្ម​ ថាជារឿង​មិនអាច​ទទួល​យកបានឡើយ​ និងថា​អាមេរិក​នៅឈរជាមួយ​បារាំង​ ដែល​ជាសម្ព័ន្ធមិត្ត​ដ៏យូរ​អង្វែង​របស់​ខ្លួន​ក្នុងការ​ប្រយុទ្ធប្រឆាំងនឹង​អំពើវាយប្រហារភេរវកម្ម​អ៊ីស្លាមជ្រុលនិយម​។

យ៉ាងណាក៏ដោយ​ កាលពីម្សិលមិញនេះ​ក្រោយការ​វាយប្រហារ​នៅទីក្រុងនីស​ គេ​មាន​ការ​ភ្ញាក់​ផ្អើល​ដោយឃើញ​លោក​មហាធៀរ​ មហាម៉ាត់ ​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ បង្ហោះសារ​ដែល​បង្កប់ដោយ​កំហឹង​នៅលើ​គណនី​ធ្វីតទ័​របស់លោក​ថា​ “ ប្រជាជន​អ៊ីស្លាម​មាន​សិទ្ធិ​ខឹង​ និង​សម្លាប់​ប្រជាជន​បារាំង​រាប់លាននាក់​ ចំពោះ​បាបកម្ម​-អំពើ​ដែល​បារាំង​បាន​ធ្វើនៅ​អតីតកាល​”។ តែក្រោយបន្តិច​ភ្លាមៗនោះ​ ក្រុមហ៊ុន​ធ្វីតទ័រ​បាន​លុបសារ​របស់​លោកចេញ​។

មានមតិជាច្រើន​បានលើកឡើងថា​ សារ​ដែល​បង្កប់កំហឹង​និង​មាន​ទម្ងន់​ជំរុញ​ឲ្យ​ស្ថានការណ៍​ពិភពលោក​ធ្លាក់​អាក្រក់​បែបនេះ​ មិនគួរ​ចេញពីមាត់​មេដឹកនាំ​ ឬ​អតីត​មេដឹក​ម្នាក់នោះទេ​ ពីព្រោះថា​សន្តិភាព​កើតចេញពី​ការចេះយោគយល់​អធ្យាស្រ័យ​ ការអត់ឱន​ និង​ការគោរពសិទ្ធិ​គ្នាទៅវិញទៅមក​។

ជាមួយគ្នានេះដែរ​ ដើម្បីកុំឲ្យ​មានការយល់ច្រឡំ​ កាលពីយប់​ម្សិលមិញនេះ​ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​បារាំងលោក​ហ្សង់- អ៊ីវ៉េឡឺឌ្រីយង់ (Jean-Yves Le Drian) ​បានផ្ញើសារ​សន្តិភាព​ទៅ​កាន់​ប្រជាជន​អ្នកកាន់​សាសនាអ៊ីស្លាម​ទាំងអស់​ដោយអះអាង​ថា​បារាំង​ គឺជា​ប្រទេស​ដែល​មាន​ការអត់ឱន គោរពសិទ្ធិ​សេរីភាព​ជាទីបំផុត​។ លោកបាន​បន្ថែមទៀតថា​សូម​កុំឲ្យ​អ្នកកាន់​​សាសនា​អ៊ីស្លាម​ជឿ​ពាក្យ​ឃោសនា​បង្កាច់​បង្ខូចបារាំង​ឲ្យសោះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ